កម្មករ​​ណាហ្គាវើលដ៍​ទទូច​ឱ្យ​ក្រសួងការងារ​ដោះស្រាយ​ឱ្យ​ភាគី​ក្រុមហ៊ុនទទួល​យក​បុគ្គលិកនិង​សហជីព​ចូល​ធ្វើការ​វិញ

0:00 / 0:00

បុគ្គលិក​កម្មករ​នៅ​ក្រុមហ៊ុន​បនល្បែង​ណាហ្គាវើលដ៍ (Naga World) ទទូច​ជាថ្មី​ទៀត​ឱ្យ​ក្រសួងការងារ និង​បណ្ដុះបណ្ដាលវិជ្ជាជីវៈ ផ្ដល់​ដំណោះស្រាយ​តាម​ការ​ទាមទារ​របស់ពួកគេ ​ឱ្យ​ភាគី​ក្រុមហ៊ុនទទួល​យក​បុគ្គលិក និង​សហជីព​ចូល​ធ្វើការ​វិញ។ ការ​លើកឡើង​របស់​កម្មករ​បែប​នេះធ្វើឡើង​នៅ​ក្រោយ​ពេល​ដែល​ក្រសួង​ការងារ បាន​ចេញ​សេចក្ដី​ជូនដំណឹង​មួយ​កាល​ពីថ្ងៃទី១០ ខែ​មីនា ​ណែនាំ​ជា​ថ្មី​ទៀត​ឱ្យ​ក្រុម​បុគ្គលិកដែល​ត្រូវ​ភាគី​ក្រុមហ៊ុន​បញ្ឈប់​ពី​ការងារ និង​មិនទាន់​ទទួល​សំណង​ឱ្យ​ទៅ​យក​សំណង ដើម្បី​បញ្ចប់​វិវាទ​ការងារ​នេះ និង​បញ្ចប់​ការ​តវ៉ា។

សេចក្ដីជូនដំណឹង​​នេះ​ចេញ​នៅ​មួយ​ថ្ងៃ​បន្ទាប់​ពី​មាន​កិច្ចប្រជុំ​កម្រិត​រដ្ឋមន្ត្រី​បិទទ្វារ​មួយ ​នៅ​សាលា​រាជធានី​ភ្នំពេញ​ ស្ដីពី ​ការដោះស្រាយវិវាទ​ការងារ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ដឹក​នាំ​ដោយ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ។

ប៉ុន្តែកម្មករ​នៅ​ណាហ្គាវើលដ៍​ចាត់ទុក​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ការងារ​ថា ​នៅ​តែ​បង្ហាញ​ពី​ចេតនា​របស់​ក្រសួង ដែល​មិន​ចង់​ផ្ដល់​ដំណោះស្រាយ​ទៅតាម​ការ​ទាមទារ​របស់​កម្មករ និង​នៅតែ​ការពារ​ផលប្រយោជន៍​របស់​ភាគី​ក្រុមហ៊ុន។

កម្មករ​ម្នាក់អ្នកនាង វ៉ាន់ រីណា ប្រាប់​វិទ្យុ​អាស៊ី​សេរី​កាលពីយប់ថ្ងៃទី១០ ខែមីនា​ថា ​ប្រសិន​បើ​ក្រសួង​ចង់​បញ្ចប់​វិវាទ​នេះ​មែន​ ក្រសួង​គួរតែ​សម្របសម្រួល​ឱ្យ​ភាគី​ក្រុម​ហ៊ុន​​ទទួល​យកសហជីព និង​កម្មករ​ជាង​៣រយនាក់ ដែល​ត្រូវ​បញ្ឈប់​ពី​ការងារ​ឱ្យ​ចូល​ធ្វើការ​វិញ ដោះលែង​ក្រុម​មេដឹកនាំ​សហជីព៨​នាក់ និង​កម្មករ​៣​នាក់ ដែល​កំពុង​ជាប់ឃុំ។ រីណា​បន្ត​ថា ​ក្រសួង​ត្រូវ​តែ​ធ្វើ​អធិការកិច្ច​តាម​ស្ថានភាព​ជាក់​ស្ដែង ដើម្បី​រក​ឱ្យ​ឃើញ​ថា ​ក្រុមហ៊ុន​បញ្ឈប់​កម្មករ​ពី​ការងារ​មិនមែន​ដោយសារ​បាត់បង់​ប្រាក់​ចំណូល​ទេ តែ​ដោយសារ​ក្រុមហ៊ុន​រើសអើង​សហជីព ទើប​យក​លេស​វិបត្តិ​កូវីដ-១៩​ ​បញ្ឈប់​សហជីព​ពី​ការងារ។ ម្យ៉ាងទៀត​មកដល់ពេលនេះ​ការ​ចាប់​ខ្លួន​សហជីព និង​កម្មករ​ទាំង​១១​នាក់​ដាក់ពន្ធនាគារ ​គឺ​ជា​ការ​ចោទ​ប្រកាន់​ទាំង​បំពាន​ទាំង​ពួកគេ​គ្មាន​កំហុស៖ «យើងមើលឃើញច្បាស់​ គឺ​ក្រសួង​កំពុង​ចូលដៃជាមួយ​ក្រុមហ៊ុនណាហ្គា ដើម្បី​រំលាយ​សំឡេងសហជីព បង្វែរស្ថានការណ៍​ពីមួយស្ថានការណ៍​ទៅ​មួយស្ថានការណ៍។​ ក្នុង​នាមជាក្រសួង ដែល​សម្របសម្រួល​​ទទួល​បន្ទុក​ផ្នែក​​ការងារ គាត់ត្រូវ​ត្រួតពិនិត្យ​ម្ដងទៀត​លើច្បាប់ ​ស្ដី​ពី ការងារ ច្បាប់​ស្ដីពី​សហជីព អង្គការវិជ្ជាជីវៈ​​ នីតិបុគ្គល តើ​ក្រសួង​អាច​បញ្ឈប់​បាន​ដែរឬទេ? គាត់​មាន​បាន​ឃ្លាំមើល​ទេ​ថា​ តើ​ក្រុមហ៊ុន​ណាហ្គាបាន​យកច្បាប់ជាតិ និង​ច្បាប់​អន្តរជាតិ​មក​អនុវត្ត​បាន​ត្រឹមត្រូវ​ដែរ ឬទេ»

ក្រសួងការងារ​កាល​ពី​ល្ងាច​ថ្ងៃទី១០ ខែ​មីនា ​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ចំនួន​៤​ទំព័រ ស្ដីពី​វឌ្ឍនភាព​នៃ​ការ​ដោះស្រាយ​វិវាទ​ការងារ​រួម​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ដោយ​អំពាវ​នាវ​ជាថ្មី​ឱ្យ​កម្មករ​ណាហ្គាវើលដ៍​បញ្ចប់​ការ​តវ៉ា​របស់​ខ្លួន ហើយ​ភាគី​ក្រសួង​នឹង​បន្ត​ដោះស្រាយ​បញ្ហា​នេះ​ជាមួយ​ភាគី​ពាក់​ព័ន្ធ​បន្ត​ទៀត ដើម្បី​រក្សា​ផលប្រយោជន៍​សម្រាប់​កម្មករ​ផង និង​ប្រយោជន៍​វិនិយោគិន​ផង។ ក្រសួង​បញ្ជាក់​ថា ​មក​ដល់​ត្រឹម​ថ្ងៃ​ទី៩ ខែមីនា មាន​បុគ្គលិក​ដែល​ត្រូវ​កាត់​ឈ្មោះ​ចំនួន​១៤៧​នាក់ ក្នុង​​ចំណោម​៣៧៣​នាក់​បាន​ទទួល​យក​ការទូរទាត់ ដូច្នេះ​នៅ​មាន​បុគ្គលិក​ចំនួន២២៦​នាក់​មិន​ព្រម​ទទួល​សំណង។ ក្រសួង​ការងារ​ក៏​មិន​ភ្លេច​បញ្ជាក់​ដែរ​ពី​ការ​លំបាក​របស់​ភាគី​ក្រុមហ៊ុន ដែល​ថា ​វិវាទ​ការងារ​រួម​នៅ​ក្រុមហ៊ុន ណាហ្គាវើលដ៍ នេះ​ផ្ដើម​ចេញ​ពី​វិបត្តិ​នៃ​ការ​រីក​រាលដាល​ជំងឺ​កូវីដ-១៩ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​ជាច្រើន​នៅ​លើ​ពិភព​លោក​រួម​ទាំង​វិស័យ​កាស៊ីណូ​ផង​ ដែល​តម្រូវ​ឱ្យ​ផ្អាក​អាជីវកម្ម ឬ​ត្រូវ​រៀបចំ​​ដំណើរការ​ឡើងវិញ ដោយ​ត្រូវ​កាត់​បន្ថយ​បុគ្គលិក។ ក្នុង​បុគ្គលិក​ណាហ្គាវើលដ៍​ចំនួន​ជាង​១ពាន់​៣រយនាក់​ (១ ៣២៩) ​ត្រូវ​បញ្ឈប់​ពី​ការងារ កាលពី​ខែ​មេសា​ឆ្នាំ​២០២១។

តែ​ទោះ​ជា​យ៉ាងណា អ្នកនាង វ៉ាន់ រីណា មើលឃើញ​ថា ណាហ្គាវើល​ដ៍មិនបាន​បង់ខាត​ដោយ​សារវិបត្តិ​កូវីដ-១៩​ទេ ព្រោះ​អាជីវកម្ម​នៅ​តែ​ពង្រីក៖ «ឥឡូវ​បើ​យើង​មើល​ថា​ គាត់​រងផលប៉ះពាល់ គាត់ខាតបង់ តើ​ណាហ្គា៣នៅ​ដំណើរការ​ដែរឬទេ? ណាហ្គា៣ នៅ​បុកគ្រឹះ​រាល់ថ្ងៃបង។ ប្រសិន​បើ​រងផលប៉ះពាល់​ក្រុមហ៊ុន​មាន​បិទ​អាជីវកម្មដែរ ឬទេ? យើង​រក​ចំណុច​ហ្នឹង​ទៀត ថាផលប៉ះពាល់​ហ្នឹង​ប៉ះពាល់​ទៅ​លើ​អី? ប៉ះពាល់​ផលចំណេញ ឬ​ប៉ះពាល់​ដល់​អាជិវកម្ម? ក្រសួងត្រូវ​ពិនិត្យ​មើល​កន្លែង​​ហ្នឹង​​ម្ដង​ទៀត»

ក្រុមហ៊ុន​បនល្បែង​ណាហ្គាវើលដ៍ (Nagacorp) ​បាន​ប្រកាស​​នៅ​មុន​ពេល​ជូន​ដំណឹង​បញ្ឈប់​​បុគ្គលិក​​កាល​ពី​ខែ​មេសា​ឆ្នាំទៅ​ថា ខ្លួន​បាន​ប្រាក់​ចំណេញ​ជាង​១០០​លាន​ដុល្លារ បើ​ទោះ​ជា​មាន​វិបត្តិ​ជំងឺ​កូវីដ-១៩​ក្ដី។ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​បញ្ជាក់​ថា​ ប្រាក់​ចំណូល​បាន​ធ្លាក់​ចុះ​ខ្លាំង​ក្នុង​ឆ្នាំ២០២០​ ​បើ​ធៀប​នឹង​ឆ្នាំ២០១៩ ដែល​គ្មាន​ជំងឺ​កូវីដ-១៩។ ទោះជាយ៉ាងណា​មានសញ្ញា​នៃ​ការ​ងើប​ឡើង​វិញនៃ​អាជីវកម្ម​នេះ​នៅ​ចុង​ឆ្នាំ​២០២១។ បើ​ពិនិត្យ​មើល​សកម្មភាព​អាជីវកម្ម​របស់​ក្រុមហ៊ុន​យក្ស​នេះ​ទំនង​ជាមិនមាន​​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយ​វិបត្តិ​ជំងឺ​កូវីដ-១៩ ឡើយ ​ដ្បិត​ដំណើរ​ការសាងសង់​កាស៊ីណូ​នៅ​តាម​ប្រទេស​គោលដៅ​នៅ​តែ​បន្ត ដូច​ជា​នៅ​កម្ពុជា​បន្ត​សាង់​សង់​អគារ​ណាហ្គាវើលដ៍៣ និង​សំណង់​នៅ​ប្រទេស​រូស្សី ​​(Russia) ​ជា​ដើម ដែល​ទើប​នឹង​ប្រកាស​ផ្អាក​នៅ​ពេល​ផ្ទុះ​សង្រ្គាម​បង្ក​ដោយ​រូស្ស៊ី ​(Russia) ​នៅ​ប្រទេស​អ៊ុយ​ក្រែន (Ukraine) កាល​ពី​ពេ​ល​​ថ្មីៗ​​នេះ។

ទាក់ទង​នឹង​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួងការងារ​វិញ​ សេចក្ដី​ជូនដំណឹង​នេះ​ចេញ​នៅ​មួយ​ថ្ងៃ​បន្ទាប់​ពីលោក ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃ​បាន​ដឹកនាំ​កិច្ចប្រជុំ​ស្ដីពី​ការដោះស្រាយវិវាទ​ការងារ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ នៅ​សាលា​រាជធានី​ភ្នំពេញ ដោយ​មាន​ការចូលរួម​ពី​រដ្ឋមន្រ្តី​នៃ​ក្រសួង​មួយចំនួន​ដូច​ជា ​ក្រសួង​ការងារ ក្រសួង​យុត្តិធម៌ ក្រសួង​សុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធ​ក្នុង​រាជធានី​ភ្នំពេញ។ កិច្ចប្រជុំបិទទ្វារ​កាលពី​ល្ងាចថ្ងៃទី៩ ខែមីនា​ ​នោះ ​មិន​បាន​ប្រកាស​លទ្ធផល​ឱ្យ​សាធារណៈជន រួមទាំង​ភាគី​កម្មករ​នៅ​ណាហ្គាវើលដ៍​បាន​ដឹង​នៅ​ឡើយ។ សារព័ត៌មាន​ក្នុង​ស្រុក​ស្រង់សម្ដី​​ប្រភព ដែល​បាន​ទៅ​ចូលរួម​ប្រជុំ​មក​ចុះផ្សាយ​ថា លោក ស ខេង បាន​ស្តាប់​របាយការណ៍ និង​បាន​ពិភាក្សា​គ្នា ដើម្បី​បន្ត​នីតិវិធីដោះស្រាយ ដោយ​សន្តិវិធី និង​តាម​ច្បាប់។

ក្រុមអង្គការសង្គម​ស៊ីវិល ដែល​បាន​រួមគ្នា​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ពី​ក្រសួង ស្ថាប័ន​ពាក់​ព័ន្ធ​ទាំង​នេះ​មួយ​ចំនួន នៅ​តែ​មាន​សង្ឃឹម​ថា ​ក្រសួង​ពាក់​ព័ន្ធ​នឹង​ផ្ដល់​ដំណោះស្រាយ​តាម​ការទាមទារ​របស់​កូដករ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។