សិស្សជាង ៣០០នាក់ រៀននៅសាលាភាសាអង់គ្លេស អន្តរជាតិឃីងស្លាយធ៍ (The King slight International school) ក្នុងរាជធានីភ្នំពេញ ប្រតិកម្ម ចំពោះគណៈគ្រប់គ្រងសាលាមួយនេះថា មិនផ្ដល់សំណងសមរម្យ ក្រោយពីសាលាប្រកាសបិទទ្វារ កាលពីពេលថ្មីៗនេះ។ ពួកគេអះអាងថា គណៈគ្រប់គ្រងសាលាមួយនេះ មិនបានបង្ហាញមុខបកស្រាយ ឱ្យច្បាស់លាស់នោះទេ។
សិស្សជាង ៣០០នាក់ រស់នៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា ឱ្យដឹងនៅថ្ងៃទី៨ សីហាថា ពួកគេកំពុងនាំគ្នាផ្ដិតមេដៃ ប្ដឹងនាយកសាលាឯកជនមួយនេះឈ្មោះ ហ៊ូ ចំរើន ទៅមន្ទីរអប់រំ រាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធ ឱ្យជួយរកយុត្តិធម៌ បន្ទាប់ពីសាលាបានប្រកាសបិទទ្វារ ដោយមិនផ្ដល់សំណងត្រឹមត្រូវ តាមសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន។ ក្រុមសិស្សានុសិស្សទាមទារឱ្យនាយកសាលា ចេញមុខបកស្រាយឱ្យច្បាស់ និងទទួលខុសត្រូវ ក្នុងការផ្ដល់ប្រាក់ដែលពួកគេបានបង់ថ្លៃសាលាជូនពួកគេវិញ។
តំណាងសិស្ស កញ្ញា ជី លីដា ឱ្យដឹងនៅថ្ងៃទី៩ សីហា ថា ពួកគេកំពុងកើតទុកមិនសុខចិត្ត ព្រោះគណៈគ្រប់គ្រងសាលា បានគេចវេះមិនបង្ហាញខ្លួន ដោះស្រាយបញ្ហានេះ។ កញ្ញាអះអាងថា បានបង់ប្រាក់ចំនួន ៣២៤ដុល្លារ ទៅសាលាដើម្បីសិក្សា ៤ត្រីមាស តែកញ្ញាសិក្សាបានតែរយៈពេល ១ ខែប៉ុណ្ណោះ សាលាបានបិទទ្វារ ហើយសាលាបានប្រគល់ប្រាក់ជូនកញ្ញាវិញ ត្រឹមតែ១០ដុល្លារប៉ុណ្ណោះ។ កញ្ញាបន្តថា សិស្សភាគច្រើនបង្ហាញការខឹងសម្បារ និងត្រៀមប្តឹង ទៅស្ថាប័នពាក់ព័ន្ធឱ្យជួយអន្តរាគមន៍ដោះស្រាយ៖ «ខាងសាលាអត់ចេញមុខបកស្រាយឱ្យច្បាស់លាស់ ជាផ្លូវការទេ គាត់ខលមកម្តងម្នាក់ ហើយព័ត៌មានអត់ច្បាស់ សម្រាប់ខ្ញុំផ្ទាល់គាត់តេ ( ខល ) មក ថា ឱ្យខ្ញុំហ្នឹងយក ១០ដុល្លារ។ និយាយទៅ ធ្វើម៉េចឱ្យខ្ញុំព្រមទទួលយក ១០ដុល្លារ។ តែខ្ញុំអត់ទទួលទេ ខ្ញុំអត់សុខចិត្ត ខ្ញុំចង់ឱ្យនាយកសាលា ចេញមុខបកស្រាយជាផ្លូវការ»។
សិស្សម្នាក់ទៀត រស់នៅខេត្តកំពង់ស្ពឺ គឺលោក ហួន តុងហៀង ប្រាប់អាស៊ីសេរីថា សិស្សជាង ៣០០នាក់ ភាគច្រើន បង់លុយចំនួន ៣២៤ដុល្លារ សិក្សា ៤ត្រីមាស ក៏ប៉ុន្តែពួកគេភាគច្រើន មិនបានសិក្សាតាមកាលកំណត់នោះទេ ដោយសិស្សខ្លះមិនបានរៀន ខ្លះទៀតរៀនបានមួយខែ រហូតដល់ ៣ខែ សាលាបិទទ្វារប្រកាសក្ស័យធន កាលពីថ្ងៃទី៣ ខែសីហា នេះ។ លោកសង្ស័យថា សាលាឯកជនមួយនេះ មានចេតនាឆបោកពួកគេ ក្រោមលេសផ្ទុះជំងឺកូវីដ-១៩ ខណៈដែលបុគ្គលិកសាលានេះ មិនបានអនុវត្តដូចការសន្យានៅចំពោះមុខសិស្សនោះទេ៖ «ទង្វើរបស់សាលាគឺ បោកប្រាស់សិស្សហើយបង ព្រោះអី និយាយទៅពេលដំបូង សាលាបាននិយាយថា នៅពេលយើងចុះឈ្មោះចូលរៀន យើងអត់មានលុយ ខ្វះលុយអ៊ីចឹង គាត់និយាយថា យើងអាចរកបងប្អូន ឱ្យខ្ចីលុយ ធ្វើម៉េចឱ្យបានលុយឱ្យគាត់។ នៅពេលគាត់បិទសាលា គាត់និយាយថា ចុះប្អូនឯងមិនយល់ពីសាលា ? សាលាក្ស័យធន។ សិស្សទាំងអស់កើតទុក្ខមិនសុខចិត្ត សាលាផ្ដល់សំណងមិនសមរម្យ គឺលក្ខណបោកបញ្ឆោតសិស្សហ្មង»។
សាលាបង្រៀនភាសាអង់គ្លេស អន្តរជាតិ ឃីង ស្លាយធ៍ មានទីតាំងឋិតនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សិស្សានុសិស្សអះអាងថា នាយកគ្រប់គ្រងសាលានេះ ឈ្មោះ ហ៊ូ ចំរើន ធ្វើការនៅក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ សាលានេះ ប្រកាសបិទទ្វារ កាលថ្ងៃទី៣ សីហា និងបានផ្ដល់ដំណឹងឱ្យសិស្សានុសិស្ស មកការិយាល័យ ភ្ជាប់វិក្កយបត្របង់ប្រាក់ ដើម្បីឱ្យសាលាផ្ដល់សំណងជាក់ស្ដែង។ ក្រុមសិស្សានុសិស្សអះអាងថា លុយដែលសាលាប្រមូលបាន ពីពួកគេ សរុប ប្រមាណ ១០ម៉ឺនដុល្លារ។
អាស៊ីសេរីមិនអាចទាក់ទង នាយកសាលា លោក ហ៊ូ ចំរើន ដើម្បីសុំការបំភ្លឺរឿងនេះ បាននៅឡើយទេ នៅថ្ងៃទី៨ សីហា ព្រោះទូរស័ព្ទមិនអាចទាក់ទងបាន។
ឯអ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សុវាចា មានប្រសាសន៍ថា ក្រសួងមិនទាន់ទទួលដំណឹងនេះនៅឡើយទេ។ លោកថា ករណីនេះ អាណាព្យាបាលសិស្ស អាចពិភាក្សាដោយ ទ្វេភាគី ជាមួយតំណាងគ្រឹះស្ថាប័នសិក្សាឯកជន ហើយមន្ទីរអប់រំ មានភារកិច្ចចូលរួមសម្របសម្រួល ដោះស្រាយបញ្ហានេះ៖ «ទាក់ទងហ្នឹង ការងារខាងលើនេះ គួរមានការសម្របសម្រួលទ្វេភាគី រវាងគ្រឹះស្ថានសិក្សាឯកជន និងមាតាបិតា ប្រកបដោយសន្តិវិធីជាពិសេសក្នុងបរិបទកូវីដ១៩ ចំពោះមុខនេះ»។
នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គម លោក សន ជ័យ ពន្យល់ថា គ្រឹះស្ថានសិក្សាឯកជន គឺជាស្ថាប័នឯកជន មុននឹងដំណើរការអាជីវកម្មរបស់ខ្លួន រដ្ឋតម្រូវឱ្យតម្កល់ប្រាក់ទុក សម្រាប់ត្រៀមបង្ការហានិភ័យនានា។ ហេតុនេះលោកថា ការប្រកាសបិទទ្វាររបស់សាលាមួយនេះ គួរតែដោះស្រាយបញ្ហាដែលនៅសេសសល់ ឱ្យចប់សព្វគ្រប់ ហើយក្រសួងអប់រំ មានតួនាទីចូលរួមដោះស្រាយឱ្យបានត្រឹមត្រូវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។