សង្គមស៊ីវិលនិងអ្នកដំណើរថា ការអំពាវនាវកុំឱ្យរថយន្តតាក់ស៊ីឡើងថ្លៃពេលចូលឆ្នាំគ្មានប្រសិទ្ធភាព
2019.04.14

មន្ត្រីអង្គការសង្គមស៊ីវិល ក្រុមយុវជន និងអ្នកធ្វើដំណើរត្អូញត្អែរ ពីតម្លៃឈ្នួលឡានតាក់ស៊ី និង សេវាកម្មដឹកអ្នកដំណើររបស់ក្រុមហ៊ុនឯកជនមួយចំនួន ហក់ឡើងខ្ពស់ទ្វេដង។ ពួកគេកត់សម្គាល់ថាលោក ហ៊ុន សែន បានអំពាវនាវឱ្យអ្នករត់តាក់ស៊ី និងក្រុមហ៊ុនដឹកអ្នកដំណើរទាំងអស់ មិនឱ្យឡើងថ្លៃឈ្នួលដឹកអ្នកដំណើរ មុនបុណ្យចូលឆ្នាំខ្មែរ គឺគ្មានប្រសិទ្ធភាព។
មន្ត្រីអង្គការសង្គមស៊ីវិល ក្រុមយុវជន និងអ្នកដំណើររិះគន់ថា ប្រព័ន្ធគ្រប់គ្រងរថយន្តផ្ដល់សេវាកម្មដឹកអ្នកដំណើរ របស់របបក្រុងភ្នំពេញនៅមានកម្រិតទាប ឬខ្សោយនៅឡើយ។ ពួកគេសង្កេតឃើញថា ពិធីបុណ្យជាតិ ឬបុណ្យចូលឆ្នាំខ្មែរម្តងៗ រថយន្តតាក់ស៊ីឯកជនភាគច្រើន ដឹកមនុស្សលើសចំណុះ ចាប់ម៉ូយរញ៉េរញ៉ៃ និងការយកថ្លៃឈ្នួល ខ្ពស់ទ្វេដងជាដើម។ បាតុភាពនេះ បានកើតមានជាច្រើនឆ្នាំមកហើយ មិនត្រូវបានរដ្ឋាភិបាលដោះស្រាយនោះទេ។
ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក មួង សូនី ឱ្យដឹងនៅថ្ងៃទី១៣ មេសាថា រដ្ឋាភិបាលនៅមិនទាន់មានគោលនយោបាយច្បាស់លាស់ កែតម្រូវប្រព័ន្ធគ្រប់គ្រង ក្រុមហ៊ុនផ្ដល់សេវាកម្មដឹកអ្នកដំណើរ និងរថយន្តតាក់ស៊ីទាំងអស់ ឱ្យល្អប្រសើរនៅឡើយទេ ដែលជាហេតុធ្វើឱ្យប៉ះពាល់ជីវភាពពលរដ្ឋក្រីក្រ ខ្វះសណ្ដាប់ធ្នាប់ និងងាយនាំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ជាដើម។ លោកបន្ថែមថា ជារៀងរាល់ឆ្នាំ នៅមុនពេលបុណ្យជាតិសំខាន់ៗដូចជា បុណ្យចូលឆ្នាំខ្មែរ និងបុណ្យភ្ជុំបិណ្ឌ គ្រប់អ្នកប្រកបរបរដឹកជញ្ជូនសេវាឯកជន ដោយរួមទាំងរថយន្តក្រុង រថយន្តឈ្នួល និងកង់បី ម៉ូតូឌុបផង បានដំឡើងថ្លៃភ្លាមៗពីអ្នកដំណើរ៖ «យើងឃើញប្រព័ន្ធនៃការធ្វើដំណើរ ចរាចរស្រុកខ្មែរយើងគឺ នៅមានកម្រិតខ្សោយណាស់ បើយើងប្រៀបធៀបជាមួយថៃ អត្តចរិតប្រជាជននៅមិនទាន់មានការផ្លាស់ប្ដូរល្អ ហើយរដ្ឋាភិបាល ក៏ខ្ញុំឃើញថា មិនទាន់មានវិធានការ ឬគោលនយោបាយរៀបចំឱ្យប្រព័ន្ធនៃការធ្វើដំណើរសេវាសាធារណៈ មានភាពល្អប្រសើរនៅឡើយទេ»។
ថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឱ្យក្រុមហ៊ុនឯកជនផ្ដល់សេវាកម្មដឹកនាំអ្នកដំណើរ និងរថយន្តឈ្នួលតាក់ស៊ី ដឹកនាំអ្នកដំណើរទាំងអស់ កុំដំឡើងថ្លៃ មុនចូលឆ្នាំខ្មែរ និងក្រោយចូលឆ្នាំ។ លើសពីនេះ សាលារាជធានីភ្នំពេញ បានផ្ដល់រថយន្តក្រុងជាង ១រយគ្រឿង(១២០) ដឹកពលរដ្ឋ និងកម្មករកម្មការិនីដោយមិនគិតថ្លៃ មុនចូលឆ្នាំ។
អ្នកដំណើរម្នាក់ គឺអ្នកនាង ជីង កន្និកា ឱ្យដឹងថា សំបុត្រឡានក្រុង របស់ក្រុមហ៊ុន អង្គរអ៊ីប៊ុកឃីង (Angkor e-booking) ផ្ដល់សេវាកម្មដឹកនាំអ្នកដំណើរ ពីភ្នំពេញ ទៅខេត្តសៀមរាប បានឡើងថ្លៃជាង ២ម៉ឺនរៀល ក្នុងរដូវបុណ្យចូលឆ្នាំ។ អ្នកនាងបញ្ជាក់ថា តម្លៃធម្មតាដែលពុំមែនមានបុណ្យទាន គឺ ៣ម៉ឺន ៧ពាន់រៀល (៣៧០០០) សម្រាប់មនុស្សម្នាក់ៗ។ លើសពីនេះក្រុមហ៊ុនដឹកអ្នកដំណើរផ្សេងទៀត និងរថយន្តតាក់ស៊ីភាគច្រើនក៏ឡើងថ្លៃដូចគ្នានេះដែរ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង យល់ថា រដ្ឋាភិបាលគួរមានវិធានការ និងគោលនយោបាយច្បាស់លាស់ ដើម្បីចាត់វិធានការដោះស្រាយបញ្ហានេះ ជាជាងត្រឹមតែការអំពាវនាវ និងចេញសេចក្ដីប្រកាស គឺគ្មានប្រសិទ្ធភាពនោះទេ។ លោកចាត់ទុកហេតុផលដែលនាំឱ្យរថយន្តតាក់ស៊ីហក់ឡើងហួសហេតុ គឺរដ្ឋគ្មានសមត្ថភាព និងឆន្ទៈត្រួតពិនិត្យសេវាកម្មដឹកជញ្ជូនអ្នកដំណើរ របស់ក្រុមហ៊ុនឯកជន ពេលមានបុណ្យទានម្ដងៗ។ លោកថា ការបណ្ដោយឱ្យក្រុមហ៊ុនឯកជន ដឹកនាំអ្នកដំណើរ និងអ្នកមានមុខរបបដឹកអ្នកដំណើរអាជីពធ្វើព្យុះភ្លៀង ឬជិះសេះលែងដៃ គឺជាដើមហេតុ ធ្វើឱ្យតម្លៃឈ្នួលរថយន្តហក់ឡើងខ្ពស់តាមអំពើចិត្ត ជះឥទ្ធិពលអាក្រក់ដល់ជីវភាពពលរដ្ឋក្រីក្រ៖ «រដ្ឋត្រូវមានវិធានការពិនិត្យមើល ការអនុវត្តក្រុមហ៊ុនឡានក្រុងជាដើម កុំឱ្យឡើងថ្លៃ បើមិនអ៊ីចឹងទេ ពួកគាត់ឡើងថ្លៃស្រេចតែអំពើចិត្ត។ អីចឹងការអំពាវនាវឱ្យរដ្ឋាភិបាល គឺគេមិនស្ដាប់ទេ ហើយអ្នកដែលយកថ្លៃហួសនៅតែយកអីចឹង»។
នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ ពលរដ្ឋខ្មែរដែលរស់នៅរាជធានីភ្នំពេញ និងខេត្តនានា ជាពិសេសកម្មករកម្មការិនី បានសម្រុកធ្វើដំណើរមកលេងស្រុកកំណើត តែងតែធ្វើដំណើរ តាមរថយន្តតាក់ស៊ី និងក្រុមហ៊ុនដឹកអ្នកដំណើរជាដើម៕