ឈ្មួញ​ដឹក​ដំឡូង​ទៅ​លក់​នៅ​វៀតណាម​ត្អូញ​ពី​ការ​លំបាក​ពេល​អាជ្ញាធរ​បិទ​​​ច្រក​របៀង

0:00 / 0:00

អាជីវករ​​ដឹក​ដំឡូង​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ត្អូញត្អែរ​ពី​ការ​លំបាក​នៅ​ពេល​អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ តម្រូវ​ឱ្យ​បិទ​ច្រក​របៀង​ស្ទើរ​តែ​ទាំង​អស់​មិន​ឱ្យ​ឡាន​ដឹក​ទំនិញ​អាច​ឆ្លង​កាត់​ដូច​មុន​បាន។ យ៉ាងណា​អាជ្ញាធរ​បញ្ជាក់​ថា​ ច្រក​របៀង​គឺ​ជា​ច្រក​ខុស​ច្បាប់ ដូចនេះ​គឺ​តម្រូវ​ឱ្យ​​ចេញ​ចូល​តាម​​អន្តរជាតិ​តែ​មួយ​ប៉ុណ្ណោះ។

ឡាន​ដឹក​ដំឡូង​ជា​ច្រើន​របស់​ក្រុម​អាជីវករ​ត្រូវ​កកស្ទះ​នៅ​តាម​ច្រក​ព្រំដែន បន្ទាប់ពី​អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ ចេញ​គោលការណ៍​ឱ្យ​បិទ​ច្រក​ព្រំដែន​តូចៗ ឬ​ច្រក​របៀង​នៅ​ជាប់​ប្រទេស​វៀតណាម ដោយ​មិន​អនុញ្ញាត​ឱ្យ​ឈ្មួញ​ដឹកទំនិញ​អាច​ចេញ​ចូល​ដូច​ពេល​មុន​ទេ។ សកម្មភាព​នេះ ​គឺ​កើត​ឡើង​ប្រមាណ​ជិត​មួយ​ខែ​មក​ហើយ ដែល​ធ្វើ​ឱ្យ​អ្នក​រក​ស៊ី​ទាំង​នោះ​​ត្រូវ​ជួប​ផល​ប៉ះ​ពាល់​មួយ​កម្រិត​ទៀត។

ឈ្មួញ​កណ្ដាល​ដែល​ទទួល​ទិញ​ដំឡូង​មក​ពី​ខេត្ត​ក្រចេះ ទៅ​លក់​នៅ​ប្រទេស​វៀតណាម លោក វ៉ាន់ ​ភារិទ្ធិ ឱ្យ​ដឹង​ថា ការ​បិទ​ច្រក​តូចៗ គឺ​ធ្វើ​ឱ្យ​ពួក​គាត់​ត្រូវ​កកស្ទះ​រថយន្ត​រាប់​រយ​ឡាន​ជា​រឿង​រាល់ថ្ងៃ​ដោយ​ត្រូវ​រង់ចាំ​ចេញ​ច្រក​តែ​មួយ​គឺ​ច្រក​អន្តរជាតិ ដូង ៧​ដើម ក្នុង​ស្រុក​មេមត់។ លោក​ថា ការ​កក​ស្ទះ​គឺ​ធ្វើ​ឱ្យ​គុណភាព​ដំឡូង​របស់​លោក​ត្រូវ​ថយ​ចុះ ដែល​នាំ​ឱ្យ​ឈ្មួញ​ទទួល​ទិញ​ដំឡូង​ធំ​នៅ​វៀតណាម កាន់​តែ​បន្ថោក​​តម្លៃ​ផលិត​ផល​របស់​ពួក​គាត់៖ «វា​ខូច​ដែរ​បង! ឡើង​ពីរ​ថ្ងៃ​វា​ខូច​ហើយ ឡើង​ខ្មៅ គេ​ឱ្យ​ថោក​ទៀត។ ចង់​សំណូមពរ​ថា ឱ្យ​បាន​លឿន​ជាង​នេះ​បន្តិច»

ប្រភព​ដដែល​បន្ថែម​ថា ក្រៅ​កកស្ទះ​តម្លៃ​ក្បាល​ឡាន​សម្រាប់​ចេញ​មួយ​លើកៗ ក៏​ខុស​គ្នា​ពី​ច្រក​របៀង​ដែរ ពោល​គឺ​ច្រក​របៀង​​ឡាន​ដឹក​ដំឡូង​ចេញ មួយ​ជើង​គឺ​ត្រូវ​បង់​ថ្លៃ ៥​ម៉ឺន​រៀល ចំណែក​ច្រក​អន្តរជាតិ​គឺ​ត្រូវ​បង់​ពី ៧​ម៉ឺន ទៅ ៨​ម៉ឺន​រៀល។

រី​ឯ​ឈ្មួញ​​នៅ​ស្រុក​ចម្ការលើ ម្នាក់​ទៀត លោក ជា ម៉េង ឱ្យ​ដឹង​ដែរ​ថា កាល​ពី​មិន​ទាន់​បិទ​ច្រក​រណប ឬ​ច្រក​របៀង​លោក​អាច​ដឹក​ដំឡូង​ទៅ​លក់​នៅ​ប្រទេស​វៀតណាម មួយ​ថ្ងៃ​មួយ​ជើង ប៉ុន្តែ​ក្រោយ​ពេល​បិទ​ច្រក​តូចៗ​នោះ​មក គឺ​លោក​អាច​ដឹក​បាន ២​ថ្ងៃ ឬ​បី​ថ្ងៃ តែ​មួយ​ជើង​ប៉ុណ្ណោះ៖ «អ៊ីចឹង​ខ្ញុំ​ចង់​ឱ្យ​ចៅហ្វាយ​ខេត្ត​ហ្នឹង​​ទាក់ទង​ជាមួយ​វៀតណាម ឱ្យ​ធ្វើ​ម៉េច​បើក​ច្រក​ដូច​មុនៗ ដើម្បី​បាន​ប្រើ​ពេល​វេលា​បាន​ទៅ​ដឹក​ជញ្ជូន​ដូច​មុន»

ក្រៅ​ពី​ឈ្មួញ​ទាំង​នេះ ក៏​មាន​ឈ្មួញ​មក​ខេត្ត​ឆ្ងាយៗ រួម​មាន​ខេត្ត​កំពង់ធំ ព្រះវិហារ ជា​ដើម ក៏​បាន​​ត្អូញត្អែរ​ស្រដៀង​គ្នា​នេះ​​ដែរ។

ទាក់ទង​បញ្ហា​នេះ​អភិបាល​ខេត្ត​ត្បូងឃ្មុំ លោក ប្រាជ្ញ ចន្ទ មាន​ប្រសាសន៍​មុន​ដាច់​ខ្សែ​ទូរស័ព្ទ​ថា ច្រក​តូចៗ​ទាំង​នោះ​ជា​ច្រក​មិន​ផ្លូវការ​ ហើយ​វា​មិន​សូវ​សំខាន់​ឡើយ​ តែ​ក៏​ដាច់​ទូរស័ព្ទ​ទៅ។ យ៉ាងណា​អភិបាល​ស្រុក​​មេមត់ លោក ចេង ប៊ុណ្ណារ៉ា មាន​ប្រសាសន៍​ថា ច្រក​របៀង​តូចៗ​ទាំង​នោះ​ជា​ច្រក​ខុស​ច្បាប់ ដូចនេះ​អាជ្ញាធរ​តម្រូវ​ឱ្យ​ឈ្មួញ​ទាំង​អស់​ត្រូវ​ចេញ​ចូល​តាម​ច្រក​​​អន្តរជាតិ​តែ​មួយ ជៀស​វាង​មាន​បទល្មើស​ផ្សេងៗ​កើត​ឡើង៖ «ជា​ច្រក​មិន​ផ្លូវការ​ទេ ជា​ច្រក​ខុស​ច្បាប់ អ៊ីចឹង​គោលការណ៍​អភិបាល​ខេត្ត​គឺ​ថា មិន​ឱ្យ​មាន​ការ​ធ្វើ​ចរាចរណ៍​អី​តាម​ហ្នឹង​ទេ គឺ​ត្រូវ​មក​តាម​ច្រក​ផ្លូវការ​ដែល​ជា​ច្រក​ត្រឹម​ត្រូវ​តាម​ច្បាប់​វិញ»

លោក​ថា​ ការ​កក​ស្ទះ​ខ្លះ​អាច​មាន​មែន គឺ​បណ្ដាល​មក​ពី​ភាគី​វៀតណាម​ ពីព្រោះ​​នៅ​ប្រទេស​វៀតណាម គេ​មាន​ពេល​វេលា​កំណត់​សម្រាប់​ការ​ដឹក​ទំនិញ​ចេញ​ចូល​ច្បាស់​លាស់។ លោក​បន្ថែម​ថា ប្រសិន​​បើ​ច្រក​ណា​អាច​បើក​ជា​ច្រក​សម្រាប់​ដឹក​ទំនិញ​​ចេញ​ចូល​ថ្នាក់​តំបន់​បាន​​អាជ្ញាធរ​នឹង​ស្នើ​ទៅ​រដ្ឋាភិបាល​​ដើម្បី​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ តែ​យ៉ាងណា​លោក​ថា ពលរដ្ឋ​ក៏​ត្រូវ​យោគ​យល់​​វិញ​ដែរ។

ចំណែក​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ត្បូងឃ្មុំ មក​ពី​បក្ស​សង្គ្រោះ​ជាតិ​ លោក ស៊ូ យាន មាន​ប្រសាសន៍​ថា ការ​បិទ​ច្រក​របៀង ឬ​ច្រក​តូចៗ គឺ​មិន​អាច​ទប់​ស្កាត់​បទល្មើស​បាន​ទាំង​ស្រុង​ឡើយ ប៉ុន្តែ​គឺ​អាស្រ័យ​លើ​មន្ត្រី​ដែល​អនុវត្ត​ច្បាប់​នៅ​តាម​ព្រំដែន​ទៅ​វិញ​ទេ៖ «បញ្ហា​សំខាន់​នៅ​លើ​មន្ត្រី​នៅ​តាម​ច្រក​ទ្វារ​ហ្នឹង គាត់​អនុវត្ត​ច្បាប់​ឱ្យ​បាន​ទៅ​វា​អត់​មាន​អី​ទៅ​បញ្ហា​ទេ។ ប៉ុន្តែ​ធ្វើ​អ៊ីចឹង គឺ​ប៉ះពាល់​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​គាត់​ដឹក​ទំនិញ​ទៅ​លក់​នៅ​វៀតណាម»

ដោយ​ឃើញ​​ពលរដ្ឋ​ជា​ច្រើន​ជួប​បញ្ហា​ដោយសារ​ការ​បិទ​ច្រក​តូចៗ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​រូប​នោះ​នឹង​លើក​ពី​បញ្ហា​នេះ​សម្រាប់​កិច្ច​ប្រជុំ​​នៅ​ថ្នាក់​ខេត្ត​ដើម្បី​ធ្វើ​យ៉ាង​ណា​ស្នើ​ឱ្យ​ភ្នាក់ងារ​រាជរដ្ឋាភិបាល​សម្រួល​ការ​លំបាក​របស់​ប្រជាពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។