មន្ត្រីសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ យល់ថា បេក្ខជនប្រឡងបាក់ឌុបជាប់និទ្ទេសអេ (A) ច្រើន ក្នុងឆ្នាំនេះ ដោយសារវិញ្ញាសាប្រឡងមានការបន្ធូរបន្ថយច្រើន។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA) អ្នកស្រី អ៊ុក ឆាយ៉ាវី មានប្រសាសន៍នៅថ្ងៃទី១៤ មករាថា ចំនួនសិស្សប្រឡងជាប់និទ្ទេសអេ មានច្រើនជាងឆ្នាំ២០១៩ គឺដោយសារតែក្រសួងបានបន្ធូរកម្រិតលំបាកនៃវិញ្ញាសាប្រឡង។ អ្នកស្រី យល់ថា លទ្ធផលជារួមនៅពេលនេះ ហាក់មិនទាន់ឆ្លើយតបនៅការធ្វើកំណែរបស់លោកគ្រូអ្នកគ្រូ ដែលយល់ថា អាចមានបេក្ខជនជាប់ដល់ទៅ ៩០% នោះ។ ប៉ុន្តែយ៉ាងណា ការរៀបចំឲ្យមានការប្រឡង ប្រសើរជាជាងគ្មានការប្រឡង ក្រោមហេតុផលទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ នោះ៖« អ្វីដែលខ្ញុំបានទទួលពីអ្នកគ្រូលោកគ្រូយើងគាត់ថា សិស្សជាប់ប្រហែល ៩០ % ព្រោះអីលំហាត់ស្រួលមែនទែន។ ប្រៀបធៀបនឹងលទ្ធផលចេញមកមែនទែននេះ ឃើញថា ខុសគ្នាជាច្រើន។ ខ្ញុំមើលឃើញថា អ្វីដែលថ្នាក់ដឹកនាំចង់បានប៉ុន្មានភាគរយ គឺត្រូវតាមអ្វីដែលគាត់ទស្សន៍ទាយហើយ ព្រោះគាត់ជាបណ្ឌិតគាត់ទស្សន៍ទាយត្រូវ » ។
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសថា នៅថ្ងៃទី១៤ មករា ថា បេក្ខជនបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប មានជាង ៧ម៉ឺន ២ពាន់នាក់ (៧២.០១៦) គឺជាង ៦៥% (៦៥,៦៥)។ ចំនួននេះ ថយចុះជាងឆ្នាំ២០១៩ ដែលមានជាង ៦៨% (៦៨,៦២)។ ប៉ុន្តែបេក្ខជនដែលទទួលបាននិទ្ទេសអេ (A) មានចំនួន ១.៧៥៣នាក់ ជាចំនួនច្រើនជាងលទ្ធផលឆ្នាំ២០១៩ ដែលមានអ្នកជាប់និទ្ទេសអេ (A) តែ ៤៤៣នាក់។ ដោយឡែកសម្រាប់មណ្ឌលប្រឡងតាមខេត្តនានា ក្រសួងនឹងប្រកាសលទ្ធផលលម្អិត នៅថ្ងៃសៅរ៍ ទី១៥ មករានេះ។
ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ មានបេក្ខជនសរុប ចំនួនជាង ១១ម៉ឺននាក់ (១១៤.១៨៧)។
ទោះបីយ៉ាងណា លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ឲ្យដឹងថា ការកើនឡើងនិទ្ទេសរបស់បេក្ខជននៅឆ្នាំនេះ គឺមកពីការខិតខំរៀនសូត្រ និងការគាំទ្រពីអ្នកពាក់ព័ន្ធ។ លើសពីនេះ លោកអះអាងថា ដោយសារក្រសួងបានបន្ធូរកម្រិតលំបាកនៃវិញ្ញាសាប្រឡងប្រមាណ ២០%។
កាលពីឆ្នាំ២០២០ កន្លងទៅ ក្រសួងអប់រំយុវជននិងកីឡា បានបិទមិនមានការប្រឡងទេ ដោយយកហេតុផលដើម្បីបង្ការការឆ្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។ ក្រសួងអប់រំ បានសម្រេចឱ្យសិស្សថ្នាក់ទី៩ និងទី១២ ក្នុងឆ្នាំសិក្សា ឆ្នាំ២០១៩-២០២០ ទាំងអស់ ជាប់ដោយមិនកំណត់និទ្ទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។