លោក​គ្រូ​អនុវិទ្យាល័យ​មួយ​នៅ​កំពង់​ត្រាច​តវ៉ា​ការ​តែងតាំង​​នាយក​ថ្មី​ខុស​ច្បាប់

0:00 / 0:00

លោក​គ្រួ​​អ្នកគ្រូ​នៅ​សាលា​រៀន​ដាច់​ស្រយាល​មួយ​ឈ្មោះ​ថា អនុ​វិទ្យាល័យ អង្គរជុំ​ត្រពាំង​ឈូក ក្នុង​ខេត្ត​កំពត ព្រមាន​ធ្វើ​បាតុកម្ម​មិន​បង្រៀន​សិស្ស បើ​សិន​មិន​មាន​ការ​តែងតាំង​នាយក​ថ្មី​ដោយ​មាន​ការបោះឆ្នោត​ត្រឹមត្រូវ នា​ពេល​ឆាប់ៗ ទេ​នោះ។

ក្រុម​លោក​គ្រូៗ​អនុ​វិទ្យាល័យ អង្គរជុំ​ត្រពាំង​ឈូក ក្នុង​ស្រុក​កំពង់ត្រាច តវ៉ា​នៅ​ថ្ងៃ​ទី​១៦ វិច្ឆិកា ដោយ​ចោទ​ថា ការ​តែងតាំង​នាយក​ថ្មី​របស់​អនុវិទ្យាល័យ​នេះ ធ្វើឡើង​មាន​បក្ស​ពួក​និយម ដោយ​នាយក​ចាស់ លោក ហ៊ុន ប្រុស ​ដែល​បាន​ចាក​ចេញពី​ដំណែង​ទៅ​ហើយ​នោះ បាន​សម្រេច​តែងតាំង​លេខា​របស់​គាត់​គឺ​លោក សំ ធី ឡើង​ធ្វើ​ជា​នាយក​ជំនួស ដោយ​មិន​មាន​ការ​យល់​ព្រម​ពី​លោក​គ្រូ​អ្នកគ្រូ នៅ​ក្នុង​សាលា។

លោក​គ្រូ​ៗ​ដែល​តវ៉ា និង​​សុំ​មិន​បញ្ចេញ​ឈ្មោះ​នោះ បញ្ជាក់​ថា មូលហេតុ​ដែល​ពួកគាត់​មិន​ព្រម​ទទួល​យក​លោក​នាយក​ថ្មី​នោះ គឺ​មាន​មូល​ហេតុ​បីសំខាន់។ គឺ​លោក សំ ធី ដែល​ជា​នាយក​ថ្មី​ មាន​ផ្ទះ​នៅ​ឆ្ងាយ​ពី​សាលា ជាគ្រូសាលាផ្សេង ​តែង​មក​សាលារៀន​យឺត​ពេល ជួនកាល​​បិទ​ទ្វារ​ការិយាល័យ​មិន​មក​ធ្វើការ​ ធ្វើ​ឲ្យ​លោក​គ្រូ​អ្នកគ្រូ​មិន​អាច​ចូល​យក​សម្ភារៈ ឬ​ឯកសារ​ក្នុង​ការិយាល័យ​បង្រៀន​សិស្ស​បាន ជាញឹកញាប់។

ក្រុម​លោក​គ្រូ​អ្នកគ្រូ​តវ៉ា​ថា ការ​តែងតាំង​នាយក​សាលា​ថ្មី ត្រូវតែ​ជ្រើសរើស​លោកគ្រូ​អ្នកគ្រូ​ណា​ដែល​រស់​នៅ​ក្បែរ​សាលារៀន ព្រោះថា នាយក​សាលា​ដែល​រស់នៅ​ជិត​សាលា​រៀន​អាច​បើកទ្វារ​សាលា​ទាន់​ពេល និង​ធ្វើ​ការ​ងារ​សាលា​បាន​ដិតដល់​ជាង​នាយក​មក​ពី​ចម្ងាយ៖ « មើល​អត់​ឃើញ​ពី​ចំណេះ​ដឹង ពី​សារៈសំខាន់​របស់​បុគ្គលិក​នៅ​សាលា​ផ្ទាល់ បែរ​ជា​ទៅ​សម្លឹង​ឃើញ​គ្រូ​ដែល​ជា​បុគ្គលិក​នៅ​សាលា​ផ្សេង​យក​មក​ធ្វើ​ជា​គណៈ​គ្រប់​គ្រង​វិញ អ៊ីចឹង​ពួក​ខ្ញុំ​ដាច់​ខាត​មិន​ទទួល​យក សុំ​ធ្វើការ​បដិសេធ​ »។ លោក​គ្រូ​ម្នាក់​ទៀត៖ « គឺ​ថា​កន្លងមក​យើង​ឃើញ​ថា ការតែងតាំង​នាយក​ដែល​មកពី​កន្លែង​ឆ្ងាយ មាន​ផលវិបាក​ដោយសារ​សាលា​នេះ​នៅ​ឆ្ងាយ​ពី​ទី​ប្រជុំ​ជន អ៊ីចឹង​ការ​តែងតាំង​មក​បង្ក​ផលវិបាក​ជាច្រើន​នៅ​ក្នុង​សាលា »

លោក​គ្រួៗ​បន្ថែម​ថា ទំនាស់​ក្នុង​ការ​តែងតាំង​នាយក​ថ្មី​នេះ កើតមាន​ឡើង​អស់​រយៈ​ពេល​ជិត​មួយ​ឆ្នាំ ហើយ​ពូក​គាត់​បាន​ដាក់​លិខិត​តវ៉ា​ដល់​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ស្រុក​កំពង់​ត្រាច​តែ​មិន​មាន​ដំណោះស្រាយ ។ លោក​គ្រូ​ម្នាក់​ទៀត​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែរ​នោះ បាន​ព្រមាន​ថា ​លោកគ្រូ​អ្នកគ្រូ​ទាំង​អស់​នឹង​ធ្វើ​កូដកម្ម​ឈប់​បង្រៀន​សិស្ស ប្រសិន​បញ្ហា​នេះ​មិន​ត្រូវ​បាន​ដោះស្រាយ​ឆាប់ៗ​ទេ​នោះ ៖ «​ ព្រោះថា​កន្លង​ពី​មួយ​ខែ​ទៅ​មួយ​ខែ គឺ​អស់​អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​ទៅ​ហើយ​ គាត់​អត់​ដោះស្រាយ​សោះ ហើយ​គាត់​នៅតែ​ដាក់​មក​គ្រប់គ្រង ហើយ​អ្នក​ដែល​មក​នឹង​តាំង​នាម​ជា​នាយក​គ្មាន​លិខិត​ស្នាម​ច្បាស់លាស់ ហេតុ​ដូច្នេះ​ហើយ គឺ​សុំ​ឲ្យ​ការិយាល័យ​ក៏​ដូច​ជា​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ចុះ​មក​ដោះស្រាយ​ជូន​ពួក​ខ្ញុំ បើ​មិន​ចុះ​មក​ដោះស្រាយ​ពួក​ខ្ញុំ​មិន​បង្រៀន​ទេ »

ឆ្លើយតបទៅនឹង​អះអាង​នេះ អតីត​នាយក អនុ​វិទ្យាល័យ អង្គរជុំ​ត្រពាំង​ឈូក លោក ហ៊ុន ប្រុស បដិសេធ​ថា លោក​មិន​មាន​បក្សពួក​និយម​ទេ ចំណែក​ការ​តែងតាំង​លោក សំ ធី ជំនួស​ដំណែង​លោក​នេះ​គឺ​ដោយ​សារ លោក សំ ធី ជា​លេខា​របស់​លោក កាល​លោក​នៅ​ធ្វើ​នាយក​សាលា។

លោក ហ៊ុន ប្រុស ដែល​ឲ្យ​ដឹង​ថា​លោក​លា​ចេញ​ពី​ដំណែង​នាយក​ដោយសារ​ផ្ទះ​លោក​នៅ​ឆ្ងាយ​ពី​សាលា​នោះ បន្ថែម​ថា ការ​តែងតាំង​នាយក​ថ្មី​បណ្ដោះអាសន្ន​នេះ គឺ​ធ្វើឡើង​តាម​ក្រឹត្យក្រម​រដ្ឋបាល របស់​សាលា នៅ​ពេល​នាយក​ចាស់​លាលែង​ទៅ គឺ​លេខា​ត្រូវ​ឡើង​ជំនួស​ជា​ស្វ័យ​ប្រវត្តិ ដូច្នេះ​ហើយ។ តែ​ទោះ​យ៉ាងណា លោក​ថា នេះ​ជា​ការ​តែង​តាំង​ជា​បណ្ដោះ​អាសន្ន ទម្រាំ​សាលា​មាន​ពេល​ជ្រើសរើស​នាយក​ថ្មី ព្រោះថា​នៅ​ពេល​នេះ សាលា​កំពុង​មមាញឹក​និង​កិច្ចការ​សាលា​ពេល​ចូល​កង​ឆ្នាំ​សិក្សា​ថ្មី។

រីឯ​អនុ​ប្រធាន​ការិយាល័យ​អប់រំ​យុវជន និង​កីឡា​ស្រុក​កំពង់ត្រាច លោក ហេង រស្មី ក៏​បាន​បញ្ជាក់​ដូចគ្នា​ដែរ លោក​ថា ការ​តែងតាំង​នាយក​ថ្មី​នឹង​ធ្វើ​ឡើង​តាមវិធី​បោះឆ្នោត​ដែល​មាន​ការ​ចូលរួម​ពី​លោក​គ្រូ​អ្នកគ្រូ​នៅ​ក្នុង​សាលា​ទើប​យក​ជា​ការ​បាន ៖ «​ នេះ​គ្រាន់​តែ​ថា​បណ្ដោះ​អាសន្ន​ទេ​ ព្រោះ​ឥឡូវ​តាម​នីតិវិធី​តែងតាំង មាន​នីតិវិធី​តែងតាំង​មិនមែន​ចេះតែ​ធ្វើ​តាម​ការ​តែងតាំង​បាន​ទេ តាម​នីតិវិធី​ថ្មី ឥឡូវ​យើង​រង់ចាំ​នីតិវិធី​ថ្មី​នឹង មិន​ទាន់​តែងតាំង​ឯណា »

តែ​លោក ហេង រស្មី មិន​អាច​បញ្ជាក់​បាន​ថា ​តើ​ការ​តែង​តាំង​តាម​នីតិវិធី​ថ្មី​នេះ នឹង​ធ្វើឡើង​នៅ​ពេលណា​ទេ។

អនុ​វិទ្យាល័យ អង្គរជុំ​ត្រពាំង​ឈូក ​ដែល​មាន​សិស្សានុសិស្ស​ប្រមាណ​២​រយនាក់ ស្ថិត​ក្នុង​ភូមិ​កោះ​តាមូង ឃុំ​បឹងសាលា​ខាងជើង ស្រុក​កំពង់ត្រាច ខេត្ត​កំពត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។