គ្រូ​កំណែ​វិញ្ញាសា​ប្រឡង​ឌីប្លូម​ខ្លះ​ត្អូញត្អែរ​ពី​ប្រាក់​ឧបត្ថម្ភ​តិច​ជាង​ឆ្នាំ​មុន

0:00 / 0:00

ក្រុម​គ្រូបង្រៀន​នៅ​តាម​សាលា​ខ្លះ បាន​រអ៊ូរទាំ​ថា ប្រាក់​ឧបត្ថម្ភ​ដែល​ក្រសួង​អប់រំ ផ្តល់​ជូន​គ្រូ​កំណែ ឬ​គ្រូ​ទទួល​ខុស​ត្រូវ​នៅ​តាម​មណ្ឌល​ប្រឡង​នានា ក្នុង​សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឬ​ឌីប្លូម ឆ្នាំ​នេះ ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ទាប​ជាង​ឆ្នាំ​មុន។ បញ្ហា​នេះ មន្ត្រី​ក្រសួង​អប់រំ ថ្លែង​ថា ដោយសារ​តែ​ការ​ប្រឡង​ឌីប្លូម ឆ្នាំ​នេះ ក្រសួង​មិន​ចល័ត​គ្រូ​ចេញ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​ផ្សេង​ទេ។

គ្រូបង្រៀន​នៅ​តាម​រាជធានី​ខេត្ត​មួយ​ចំនួន បាន​រិះគន់​ថ្នាក់​ដឹក​នាំ​ក្រសួង​អប់រំ ដែល​ប្រកាស​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​ក្នុង​វិស័យ​អប់រំ ដោយ​បាន​កាត់​ប្រាក់​ឧបត្ថម្ភ​ពី​គ្រូ​កែ​វិញ្ញាសា​ប្រឡង ឬ​អ្នក​ទទួល​ខុស​ត្រូវ​នៅ​តាម​មណ្ឌល​ផ្សេងៗ​ក្នុង​សម័យ​ប្រឡង​ឌីប្លូម ឆ្នាំ​នេះ។

សម័យ​ប្រឡង​មធ្យមសិក្សា​បឋមភូមិ ឬ​ប្រឡង​ឌីប្លូម ឆ្នាំ​២០១៤ នេះ បាន​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១៤ និង​បញ្ចប់​នៅ​ថ្ងៃ​អង្គារ ទី​១៥ ខែ​កក្កដា។

លោក បាន វុធ តំណាង​ឲ្យ​គ្រូបង្រៀន​មួយ​ចំនួន​នៅ​វិទ្យាល័យ​បឹងត្របែក បាន​អះអាង​ថា មាន​គ្រូ​កំណែ​វិញ្ញាសា​ប្រឡង ឬ​ប្រធាន​មណ្ឌល​ខ្លះ​មាន​សតិ​អារម្មណ៍​មិន​ល្អ ដែល​ក្រសួង​អប់រំ បាន​កាត់​ប្រាក់​ឧបត្ថម្ភ​ពី​បុគ្គលិក​អប់រំ​ក្នុង​ពេល​ប្រឡង​ឌីប្លូម​ឆ្នាំ​នេះ​ទាប​ជាង​ឆ្នាំ​មុន។

លោក​បន្ត​ថា សម្រាប់​គ្រូ​កំណែ​វិញ្ញាសា​ប្រឡង​ឆ្នាំ​មុនៗ គ្រូបង្រៀន​ម្នាក់ៗ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពេល​ប្រឡង​ឌីប្លូម​ចំនួន ១៩​ម៉ឺន​រៀល ប៉ុន្តែ​ឆ្នាំ​នេះ​ទទួល​តែ​ជាង ១១​ម៉ឺន​រៀល​ទេ៖ «លុយ​វា​ខុស​ពី​គ្នា​ដាច់​ពេក។ ឧបមា​ថា អ្នក​កែ​វិញ្ញាសា​ពី​មុន​គេ​ឲ្យ ១៩​ម៉ឺន​រៀល ឥឡូវ​គេ​ឲ្យ​តែ ១១​ម៉ឺន ៤​ពាន់​រៀល វា​ខុស​គ្នា​ប៉ុន្មាន? ហើយ​ធ្វើ​ការ​តែ ៣​ថ្ងៃ​ដូច​គ្នា ហើយ​ឆ្នាំ​មុន​ក៏​ធ្វើ​ការ ៣​ថ្ងៃ​ដូច​គ្នា ហេតុ​អី​ក៏​គេ​ឲ្យ​ខុស​គ្នា។ កែ​ទម្រង់​សុទ្ធតែ​គុណ​នឹង​ទ្វេដង។ តើ​បង​ឯង​ដែល​មើល​ទូរទស្សន៍​ទេ ប៉ុស្តិ៍​បាយ័ន និង​ទូរទស្សន៍​ជាតិ ជាដើម គេ​និយាយ​ថា​គុណ​នឹង​២​ដង។ ឲ្យ​តែ​ផ្តល់​ជូន​ដូច​ឆ្នាំ​មុន​ទៅ យើ​មិន​បាច់​ដល់​បាន ២​ដង​ទេ? វា​ដូច​មើល​ងាយ​ដល់​គ្រូបង្រៀន​ពេក»

ចំណែក លោក ម៉ៃ សុភត្រា គ្រូបង្រៀន​នៅ​សាលា​អនុវិទ្យាល័យ​គគីរ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល មិន​រិះគន់​ចំពោះ​ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ជូន​គ្រូ​អនុរក្ស ឬ​គ្រូ​ទទួល​ខុស​ត្រូវ​នៅ​តាម​មណ្ឌល​ប្រឡង​នីមួយៗ​ទេ។ ប៉ុន្តែ​លោក​រិះគន់​ចំពោះ​វិញ្ញាសា​ប្រឡង​នៅ​តាម​សាលា​នីមួយៗ ថា​មាន​ភាព​សាមញ្ញ ឬ​មិន​សម​ជា​ការ​ប្រឡង​ថ្នាក់​ជាតិ​ដូច​ឆ្នាំ​មុនៗ​ទេ៖ «វិញ្ញាសា​ចេញ​មក​ជា​លក្ខណៈ​ធម្មតាៗ មិន​មែន​ជា​លក្ខណៈ​ប្រឡង​ខ្នាត​អន្តរជាតិ ឬ​ក៏​ថ្នាក់​ប្រទេស​នោះ​ទេ។ យើង​ឃើញ​ថា វិញ្ញាសា​ធម្មតា​តែ​ម្តង គឺ​គ្រូ​នៅ​តាម​សាលា​នីមួយៗ គាត់​ចេញ​វិញ្ញាសា​ទៅ​តាម​មុខ​វិជ្ជា​រៀងៗ​ខ្លួន»

ឆ្លើយ​តប​បញ្ហា​នេះ លោក រស់ សាលីន នាយក​ខុទ្ទកាល័យ និង​ជា​មន្ត្រី​នាំ​ពាក្យ​ក្រសួង​អប់រំ បាន​ទទួល​ស្គាល់​ថា សម័យ​ប្រឡង​ឌីប្លូម​ឆ្នាំ​នេះ ក្រសួង​អប់រំ បាន​កាត់​ប្រាក់​ឧបត្ថម្ភ​តិចតួច​ពី​អ្នក​ទទួល​ខុស​ត្រូវ​នៅ​តាម​មណ្ឌល​ប្រឡង ឬ​គ្រូ​កំណែ​ពិត​មែន។ លោក​បញ្ជាក់​ថា ដោយសារ​តែ​ការ​ប្រឡង​ឌីប្លូម​ឆ្នាំ​នេះ ក្រសួង​មិន​តម្រូវ​ឲ្យ​គ្រូ​ចល័ត​ចេញ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​ផ្សេង​ទេ គឺ​ធ្វើ​ការ​ប្រឡង​នៅ​តាម​សាលា​នីមួយៗ ទើប​មាន​កាត់​ប្រាក់​ឧបត្ថម្ភ​តិចតួច៖ «និយាយ​រួម​ទៅ​ទឹក​ប្រាក់​ហ្នឹង​វា​អាច​ធ្លាក់​ចុះ​ជាង​មុន​បន្តិច ដោយសារ​តែ​យើង​មិន​ចល័ត​គ្រូ​ទេ។ គ្រូ​នៅ​សាលា​ណា គឺ​គាត់​ធ្វើ​មេ​ប្រយោគ​នៅ​ទីនោះ។ ដូច្នេះ គាត់​ទៅ​ធ្វើ​មេ​ប្រយោគ​ហ្នឹង ដូចជា គាត់​ទៅ​បង្រៀន​ធម្មតា​អ៊ីចឹង? ពេល​ព្រឹក ដែល​គាត់​អញ្ជើញ​ទៅ គឺ​គាត់​ធ្វើ​មេ​ប្រយោគ​ទៅ​ថ្ងៃ​រសៀល គឺ​គាត់​ត្រឡប់​មក​ផ្ទះ​វិញ​ទៅ។ ដូច្នេះ​យើង​មិន​ចល័ត​គ្រូ​ពី​តំបន់​មួយ​ទៅ​កន្លែង​មួយ ឬ​ពី​សាលា​មួយ​ទៅ​សាលា​មួយ ហើយ​ប្រាក់​បេសកកម្ម​នេះ វា​ថយ​ជាង​ឆ្នាំ​មុន​បន្តិច គឺ​តិចតួច​ទេ មិន​ច្រើន​ទេ»

ទាក់ទិន​ការ​ប្រឡង​សញ្ញាបត្រ​ឌីប្លូម និង​បាក់​ឌុប​ឆ្នាំ​នេះ ក្រសួង​អប់រំ បាន​បង្កើត​ក្រុម​ការងារ​ដើម្បី​សម្រប​សម្រួល និង​ឆ្លើយ​តប​រាល់​សំណួរ ឬ​យោបល់​ផ្សេងៗ​ពី​មជ្ឈដ្ឋាន​នានា។ ការ​ប្រឡង​ទាំង​ពីរ​កម្រិត​នេះ សិស្សានុសិស្ស និង​សាធារណជន អាច​សួរ ឬ​បញ្ចេញ​មតិ​យោបល់​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ផ្លូវ​ការ​របស់​ក្រសួង​អប់រំ តាម​រយៈ​ទំព័រ​ហ្វេសប៊ុក (facebook) និង​តាម​រយៈ​សារ​អេឡិចត្រូនិក។ រាល់​ចម្ងល់ និង​សំណួរ​ផ្សេងៗ​របស់​សាធារណជន​ផ្ញើ​មក​ក្រសួង​អប់រំ ក្រសួង​អប់រំ នឹង​ឆ្លើយ​តប​ទៅ​ម្ចាស់​សំណួរ​វិញ​ទៅ​តាម​ពេល​វេលា​សមរម្យ​ជា​បន្តបន្ទាប់។

ការ​ប្រឡង​មធ្យមសិក្សា​បឋមភូមិ ឬ​ឌីប្លូម​ឆ្នាំ​នេះ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា និង​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០១៤។ បេក្ខជន​ប្រឡង​ឌីប្លូម​ឆ្នាំ​នេះ​សរុប​មាន​ចំនួន​ជាង ១៤​ម៉ឺន​នាក់ នៅ​ទូទាំង​ប្រទេស​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។