គ្រូបង្រៀន​នៅ​សាលា​បឋម​សិក្សា​សុខសាន្ត​នៃ​សង្កាត់​កោះរ៉ុង​ខ្វះ​កន្លែង​ស្នាក់នៅ

ដោយ ដែន អយុធ្យា
2017.04.20
ថាន់ ហ៊ុល កោះរ៉ុង ២០១៧ ១៤៤០ គ្រូបង្រៀន​នៅ​សាលា​បឋម​សិក្សា​សុខសាន្ត នៃ​សង្កាត់​កោះរ៉ុង ខេត្ត​ព្រះសីហនុ លោក ថាន់ ហ៊ុល ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៧។
RFA/Den Ayuthyea

គ្រូបង្រៀន​នៅ​សាលា​បឋម​សិក្សា​សុខសាន្ត នៃ​សង្កាត់​កោះរ៉ុង ខេត្ត​ព្រះសីហនុ ស្នើ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​សង់​ទីស្នាក់ការ ឬ​ទីកន្លែង​ស្នាក់នៅ​ជូន​គ្រូបង្រៀន​ដែល​មក​ពី​តំបន់​ឆ្ងាយ ហើយ​ត្រូវ​មក​បង្រៀន​កុមារ​តូចៗ​នៅ​សាលា​នេះ។

ក្រុម​គ្រូបង្រៀន​នៅ​សាលា​បឋម​សិក្សា​សុខសាន្ត នៃ​សង្កាត់​កោះរ៉ុង ខេត្ត​ព្រះសីហនុ បង្ហាញ​ពី​ផលវិបាក​ខ្វះ​ជម្រក​ស្នាក់នៅ​ប្រចាំ​ថ្ងៃ បន្ទាប់​ពី​ត្រូវ​ស្ថាប័ន​អប់រំ​បញ្ជូន​ពី​តំបន់​ផ្សេងៗ​មក​ប្រចាំ​ការ​បង្រៀន​សិស្ស​នៅ​លើ​កោះរ៉ុង​រួច​មក។

គ្រូបង្រៀន​នៅ​សាលា​បឋម​សិក្សា​សុខសាន្ត លោក ថាន់ ហ៊ុល បាន​អំពាវនាវ​តាម​រយៈ​អាស៊ីសេរី ស្នើ​ដល់​រដ្ឋាភិបាល ឬ​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​សង់​ទី​ជម្រក​ជូន​គ្រូបង្រៀន​ប្រចាំ​ការ​នៅ​លើ​កោះរ៉ុង ដើម្បី​អាច​បន្ត​ការ​បង្រៀន​កុមារ​តូចៗ​នៅ​លើ​កោះ​មួយ​នេះ​ស្រប​តាម​ក្រសួង​អប់រំ ព្រោះ​ទីកន្លែង​ធ្លាប់​ស្នាក់នៅ​បណ្ដោះអាសន្ន​ក្នុង​ភូមិ​សុខសាន្ត ត្រូវ​បាន​គេ​រុះរើ​ចេញ​ដើម្បី​អភិវឌ្ឍ​មូលដ្ឋាន។

គ្រូបង្រៀន​រូប​នេះ​ឲ្យ​ដឹង​ថា មាន​គ្រូបង្រៀន​ចំនួន ៤​នាក់​បាន​មក​ប្រចាំ​ការ​បង្រៀន​នៅ​សាលា​បឋម​សិក្សា​សុខសាន្ត នៃ​សង្កាត់​កោះរ៉ុង នេះ៖ «គ្រូបង្រៀន​ពួក​ខ្ញុំ​នៅ​សាលាបឋមសិក្សា​សុខសាន្ត​នេះ គឺ​ខ្វះ​ផ្ទះ​សម្រាប់​ផ្តល់​ជូន​គ្រូ​ស្នាក់នៅ ព្រោះ​កន្លង​មក​បាន​ស្នាក់នៅ​បណ្ដោះអាសន្ន​នៅ​ក្នុង​ទីស្នាក់ការ​ភូមិ តែ​ពេល​នេះ​ត្រូវ​រុះរើ​ចេញ»

លិខិត​ចុះ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ផ្ញើ​ជូន​លោក សេង ហ៊ួលាង ចៅ​សង្កាត់​រង​ទី​២ នៃ​សង្កាត់​កោះរ៉ុង លោក ខាន់ ពិសិដ្ឋ នាយក​សាលា​បឋម​សិក្សា​សុខសាន្ត បាន​ស្នើ​ដល់​ស្ថាប័ន​ក្រសួង​អប់រំ និង​ផ្នែក​ពាក់ព័ន្ធ ជួយ​សង់​អគារ​ស្នាក់នៅ​ជូន​បុគ្គលិក​អប់រំ ឬ​ជូន​គ្រូបង្រៀន​នៅ​មូលដ្ឋាន​ភូមិ​សុខសាន្ត ចំនួន ១​ខ្នង​មាន ៣​បន្ទប់​ឲ្យ​បាន​ឆាប់។

លោក​បន្ត​ថា កន្លង​ទៅ ក្រុម​គ្រូបង្រៀន​នៅ​សាលា​បឋម​សិក្សា​នេះ​បាន​ស្នាក់នៅ​បណ្ដោះអាសន្ន​ក្នុង​ទីស្នាក់ការ​ភូមិ​សុខសាន្ត ប៉ុន្តែ​បច្ចុប្បន្ន​នេះ ទីស្នាក់ការ​នេះ​ត្រូវ​បាន​រុះរើ​ចេញ នាំ​ឲ្យ​គ្រូបង្រៀន​គ្មាន​ជម្រក។ លើស​ពី​នេះ ក្នុង​ឆ្នាំ​សិក្សា​២០១៦ – ២០១៧ នេះ មាន​ស្ត្រី​ជា​គ្រូបង្រៀន​ម្នាក់​ត្រូវ​បាន​មន្ទីរ​អប់រំ​ខេត្ត​ព្រះសីហនុ បញ្ជូន​ឲ្យ​ចុះ​មក​បង្រៀន​នៅ​សាលា​បឋម​សិក្សា​សុខសាន្ត នេះ ប៉ុន្តែ​ថ្នាក់​ដឹកនាំ​សាលា​នេះ​គ្មាន​លទ្ធភាព​សង់​ជម្រក​ជូន ដើម្បី​ស្នាក់នៅ​ឲ្យ​បាន​សមរម្យ​ទេ។

ចៅ​សង្កាត់​រង​ទី​២ នៃ​សង្កាត់​កោះរ៉ុង លោក សេង ហ៊ួលាង ទទួល​ស្គាល់​ថា គ្រូបង្រៀន​នៅ​សាលា​បឋម​សិក្សា​សុខសាន្ត ក្រុង​ព្រះសីហនុ ដែល​មក​ប្រចាំ​ការ​បង្រៀន​ជា​អចិន្ត្រៃយ៍​នៅ​លើ​កោះរ៉ុង នេះ មិន​មាន​ជម្រក​ស្នាក់នៅ​ឲ្យ​បាន​សមរម្យ​ពិត​មែន។ លោក​បាន​បញ្ជូន​សំណើ​សុំ​អគារ​សម្រាប់​គ្រូបង្រៀន​ស្នាក់នៅ ១​ខ្នង​មាន ៣​បន្ទប់​របស់​នាយក​សាលា​បឋម​សិក្សា​សុខសាន្ត ដាក់​ជូន​ថ្នាក់​ដឹកនាំ​ស្ថាប័ន​អប់រំ និង​ថ្នាក់​ដឹកនាំ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ។

អាណាព្យាបាល​កុមារ​តូចៗ​នៅ​ភូមិ​សុខសាន្ត នៃ​សង្កាត់​កោះរ៉ុង ក្រុង​ព្រះសីហនុ បាន​ឲ្យ​ដឹង​ដែរ​ថា គ្រូបង្រៀន​ដែល​មក​បង្រៀន​សិស្ស​ជា​អចិន្ត្រៃយ៍​នៅ​លើ​កោះ​នេះ ពិត​ជា​ខ្វះ​ជម្រក​សម្រាប់​ស្នាក់នៅ និង​សម្ភារ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ដូច​ការ​ត្អូញត្អែរ​ពិត​មែន។ អាណាព្យាបាល​សិស្ស​ឲ្យ​ដឹង​ថា កន្លង​ទៅ ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​មួយ​ផ្នែក​របស់​គ្រូបង្រៀន​នៅ​សាលា​បឋម​សិក្សា​សុខសាន្ត គឺ​បាន​ទទួល​ការ​ឧបត្ថម្ភ​បន្តិចបន្តួច​ពី​អាណាព្យាបាល​សិស្ស ដែល​មាន​លំនៅឋាន​នៅ​ជិត​របង​សាលា​បឋម​សិក្សា​សុខសាន្ត សម្រាប់​ទ្រទ្រង់​ជីវភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។