ប្រធានមន្ទីរខេត្តកំពង់ចាម ធ្លាប់មានប្រសាសន៍ថា ប្រាក់បម្រុងនៅមន្ទីរត្រូវប្រើការអស់ ហើយខាងមន្ទីរបានស្នើរសុំទៅខាងក្រសួងហិរញ្ញវត្ថុ ប៉ុន្តែមិនទាន់មានការឆ្លើយតប។ ចំណែកខាងសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានលើកឡើងថា ករណីយឺតយ៉ាវនេះ គឺមកពីភាពគ្មានទំនួលខុសត្រូវរបស់មន្ទីរក្រសួង និងអំពើពុករលួយ។
គ្រូបង្រៀននៅតាមវិទ្យាល័យមួយចំនួននៅក្នុងខេត្តកំពង់ចាម នៅតែត្អូញត្អែរពីបញ្ហាយឺតយ៉ាវរបស់មន្ទីរក្នុងការបើកប្រាក់ម៉ោងជូនពួកគាត់។ លោកគ្រូទាំងនោះបានលើកឡើងថា ពួកគាត់មិនបានទទួលប្រាក់ម៉ោងជិតមួយឆ្នាំមកហើយ ហើយខាងមន្ទីរក៏មិនបានបញ្ជាក់ពីមូលហេតុនៃការយឺតយ៉ាវនោះបា្រប់ពួកគាត់ដែរ។
គ្រូបង្រៀននៅអនុវិទ្យាល័យព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម លោក អោ មឿន បានមានប្រសាសន៍ថា លោកមិនបានទទួលបា្រក់បន្ថែមម៉ោងតាំងពីខែមករា មក ប៉ុន្តែលោកនិងគ្រូបង្រៀនឯទៀតនៅតែមិនមានដំណឹងអ្វីពីខាងមន្ទីរ។
លោកមានការងឿងឆ្ងល់ពីរឿងប្រាក់របស់មន្ទីរ ពីព្រោះជាធម្មតាខាងមន្ទីរមានប្រាក់កញ្ចប់សម្រាប់ចាយវាយក្នុងមួយឆ្នាំៗ រួចជាស្រេចហើយ ប៉ុន្តែហេតុអ្វីបានជាមានការយឺតយ៉ាវបែបនេះទៅវិញ? មិនតែប៉ុណ្ណោះ ប្រាក់ម៉ោងដែលលោកបើកនោះ គឺត្រូវកាត់ ២០ភាគរយទៀតផង៖ «រួចបើកមកកាត់ទៀត កាត់ ២០ភាគរយទៀត ប្រាក់ម៉ោងហ្នឹងសាលាខ្ញុំ រួចសួរទៅថាពីលើៗ ហើងចង់ដឹងថា ពីលើហ្នឹងដល់ហើយ!»។
ចំណែកឯគ្រូបង្រៀនមួយរូបទៀត ដែលបង្រៀននៅវិទ្យាល័យមួយនៅស្រុកកោះសូទិន ដោយសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ជីវិតជាគ្រូបង្រៀនមានការលំបាក ដោយសារប្រាក់ខែមានកម្រិត ដូចនេះប្រាក់បន្ថែមម៉ោងគឺវាចាំបាច់សម្រាប់ពួកគាត់ក្នុងការដោះទាល់បញ្ហាក្នុងគ្រួសារ៖ «បាទ! ប្រាក់ម៉ោងហ្នឹងវាមានសារសំខាន់ណាស់ ពេលបង្រៀនហ្នឹងលើសតិចតួច ព្រោះថា ពេលបើកទៅគ្រាន់ថា ពេលប្រាក់ខែយើងរាងយូរទៅ ប្រាក់ម៉ោងយើងបើកទៅគ្រាន់ថា យើងបានចាយតទៅមុខទៀតអ៊ីចឹង! គ្រាន់ដោះស្រាយក្នុងជីវភាពក្នុងគ្រួសារ ក្នុងការរស់នៅរាល់ថ្ងៃហ្នឹងណាបង! ពីព្រោះបានប្រាក់ម៉ោងទៅ អាមនុស្សពេលវ៉ាកង ពេលដែលទឹកលិចលង់ អាខែទឹកលិចលង់យើងហ្នឹងវាដាច់ដែរ ដាច់ដុំៗដែរហ្នឹង»។
វិទ្យុអាស៊ីសេរីមិនអាចសុំការបំភ្លឺពីសំណាក់ប្រធាននាយកដ្ឋានផ្នែកហិរញ្ញវត្ថុនៃមន្ទីរអប់រំខេត្តកំពង់ចាម លោក លី សុធិ បានទេ នៅថ្ងៃ៣០ វិច្ឆិកា។ ចំណែកឯប្រធានមន្ទីរអប់រំខេត្តកំពង់ចាម លោក ស្វាយ ផល្លា ក៏សុំមិនបកស្រាយជុំវិញការយឺតយ៉ាវ និងការកាត់ប្រាក់ម៉ោងពីគ្រូបង្រៀននោះ។ ប៉ុន្តែកន្លងមកលោក ស្វាយ ផល្លា ធ្លាប់បានមានប្រសាសន៍ថា ប្រាក់ឥណទានសម្រាប់ចាយវាយក្នុងមួយឆ្នាំនោះត្រូវបានប្រើប្រាស់អស់ ហើយខាងមន្ទីរធ្លាប់បានស្នើសុំទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរួចហើយ ប៉ុន្តែមិនទាន់មានការឆ្លើយតបណាមួយត្រឡប់មកវិញឡើយ។
ចំពោះបញ្ហានេះ ត្រូវបានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន មានប្រសាសន៍ថា ករណីយឺតយ៉ាវក្នុងការបើកប្រាក់ម៉ោងជូនលោកគ្រូអ្នកគ្រូនេះ មិនមែនមានតែខេត្តកំពង់ចាម នោះទេ ក៏ប៉ុន្តែមានស្ទើរទូទាំងប្រទេសកម្ពុជា។ ចំពោះមូលហេតុនៃការយឺតយ៉ាវនោះ គឺដោយសារតែការបំពេញការងារដោយគ្មានទំនួលខុសត្រូវនិងមានអំពើពុករលួយ៖ «មូលហេតុទី១ គ្មានការទទួលខុសត្រូវច្បាស់លាស់ ទី២ ករណីបង្វិលលុយមកហើយជួនកាលទៅមានជនឆ្លៀតឱកាសហ្នឹងបង្វិលលុយហ្នឹងទៅលើទីផ្សារអ៊ីចឹងទៅ ទើបឱ្យប្រាក់ម៉ោងបន្ថែមហ្នឹងមានភាពយឺតយ៉ាវ»។
លោកបន្តថា ដោយសារប្រាក់ខែគ្រូបង្រៀននៅមានកម្រិត ដូចនេះការទទួលបានប្រាក់បន្ថែមម៉ោងគឺជាចំណែកមួយក្នុងការសម្រួលនូវភាពខ្វះខាតនៅក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគាត់។ ប្រសិនបើបញ្ហានេះមិនអាចដោះស្រាយឱ្យបានឆាប់រហ័សវានឹងអាចបណ្ដាលឱ្យប៉ះពាល់ដល់ការបង្រៀនរបស់ពួកគាត់ ដែលជាហេតុធ្វើឱ្យគុណភាពនៃការអប់រំត្រូវប្រឈមមុខនឹងការធ្លាក់ចុះជាក់ជាមិនខាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។