គ្រូបង្រៀនអះអាងថា បច្ចុប្បន្នសិស្សសាលាហាក់ពេញនិយមក្នុងការប្រើប្រាស់ ទូរស័ព្ទស្ទើរគ្រប់គ្នា។ បញ្ហានេះគ្រូបង្រៀនមើលឃើញថា សិស្សដែលចាប់យករឿង រ៉ាវមិនល្អពីទូរស័ព្ទកំពុងរៀនខ្សោយ និងធ្លាក់ចុះសីលធម៌គួរឱ្យព្រួយបារម្ភ។
គ្រូបង្រៀនមួយចំនួនលើកឡើងថា សីលធម៌សិស្សសាលាមានការធ្លាក់ចុះគួរឱ្យព្រួយ បារម្ភ ដោយសារតែវក់ប្រើប្រាស់ទូរស័ព្ទមើលវីដេអូ និងរូបភាពមិនល្អផ្សេងៗ។
គ្រូបង្រៀនសិស្សវិទ្យាល័យមួយក្នុងខេត្តស្វាយរៀងលោក ប៊ុត កុសល សង្កេតឃើញ ថា សិស្សសាលាដែលប្រើប្រាស់ទូរស័ព្ទគឺមើលតែរឿងរ៉ាវមិនល្អហើយយកមកធ្វើតាម។
លោក ប៊ុត កុសល៖ «ខ្ញុំគិតថា វាមានផលប៉ះពាល់ច្រើន។ ក្មេងកាលណាវាប្រើប្រាស់ទូរស័ព្ទវាអត់យកចិត្តទុកដាក់ក្នុងការរៀនសូត្រទេទី១។ ទី២យើងដឹងហើយវាប្រើទូរស័ព្ទវា អាចមើលរឿងមិនល្អមួយចំនួនដូចជារឿងអាសអាភាសជាដើមអ៊ីចឹង វាអាចថា ធ្វើឱ្យក្មេងអនុវត្តន៍តាមឬប្រតិបត្តិតាម»។
លោក ប៊ុត កុសល បន្តថា វីដេអូដែលប្រើប្រាស់ពាក្យសម្តី និងកាយវិការ មិនល្អកើត ឡើងកាន់តែច្រើន ហើយសិស្សចូលចិត្តប្រភេទវីដេអូទាំងអស់នេះ។
ប្រធានសមាគមគ្រូបង្រៀននៅខេត្តតាកែវ លោក នី ចន្ទតារាវុធ មានប្រសាសន៍ថា គ្រូបង្រៀនបានប្រឹងប្រែងក្នុងការអប់រំ ប៉ុន្តែសិស្សហាក់មិនសូវចាប់អារម្មណ៍យកចិត្តទុកដាក់។ លោកបន្តថា សិស្សហាក់ចាប់អារម្មណ៍លើការផ្សព្វផ្សាយតាមបណ្ដាញសង្គម រហូតដល់អនុវត្តតាម ធ្វើឱ្យបាត់បង់ឥរិយាបថជាសិស្ស។
លោក នី ចន្ទតារាវុធ៖ «ការសិក្សាក៏ធ្លាក់ចុះហើយសីលធម៌ក៏ធ្លាក់ចុះដែរ ប៉ុន្តែមិនមែនថា គ្រូយើងមិនបានអប់រំពួកគាត់ទេ។ គ្រូយើងបានអប់រំពួកគាត់គ្រប់ម៉ោងទាំងអស់ប៉ុន្តែហេតុផល ពួកគាត់ស្តាប់ឱ្យតែរួចៗជួនកាលអង្គុយហើយមិនស្តាប់ក៏ថាបាន ហើយនៅពេលចេញទៅក្រៅថ្នាក់អ៊ីចឹងទៅ សកម្មភាពរបស់ពួកគាត់ដូចជាមិនមែនជាសិស្សហាក់បីដូចជាក្មេងដែលមិនបានចូលរៀនទទួលការអប់រំអ៊ីចឹង»។
ចំណែកគ្រូបង្រៀននៅវិទ្យាល័យនៅខេត្តកំពង់ចាម លោក ជា ធារ៉ា ថ្លែងថា ករណី ប្រើប្រាស់ទូរស័ព្ទមិនទាន់ក្លាយជាបញ្ហាធ្ងន់ធ្ងរទេនៅតំបន់លោក។ ប៉ុន្តែលោកថា នេះជាចំណុចដែលត្រូវយកចិត្តទុកដាក់ ព្រោះក្នុងចំណោម សិស្សសាលាកំពុងតែពេញនិយមក្នុងការលេងហ្គេមជាក្រុមដោយមិនចូលរៀន។
លោក ជា ធារ៉ា៖ «ការប្រើប្រាស់បណ្ដាញសង្គមរបស់សិស្សានុសិស្សហ្នឹងពិតជាប៉ះ ពាល់ដល់ការរៀនសូត្រ គឺធ្វើឱ្យពួកគាត់ចំណាយពេលច្រើនក្នុងការប្រើប្រាស់បណ្ដាញសង្គម។ ការប្រើប្រាស់មានរូបភាពផ្សេងៗទៀត អ្នកខ្លះលេងហ្វេសប៊ុកផុសតែរូបបង្អួតគ្នាអ៊ីចឹងទៅ អ្នកខ្លះគាត់លេងហ្គេមលេងអ៊ីចឹងទៅ ហើយខ្លះទៀតគាត់ប្រើទុកមើលរឿងក៏មានដែរ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងអប់រំលោក រស់ សុវាចា ដើម្បីសុំការ អត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី៥មេសា ដោយទូរស័ព្ទចូល តែពុំមានអ្នក ទទួល។
ជុំវិញរឿងនេះ សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រ និងជាទីប្រឹក្សារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក សំបូរ មាណ្ណារ៉ា លើកឡើងថា អសីលធម៌សង្គមគឺជាបញ្ហា ស្ថិត ក្នុងបង្គោលអប់រំចំនួន៣ ដែលត្រូវយកចិត្តទុកដាក់គឺការអប់រំនៅក្នុងគ្រួសារ សាលារៀន និងសង្គម។ ចំណែកការផ្សព្វផ្សាយរឿងរ៉ាវអសីលធម៌នៅក្នុងបណ្ដាញ ទំនាក់ទំនងសង្គម ក៏ជាបញ្ហាធំមួយដែលលោកមើលឃើញថា ត្រូវចាត់វិធានការដែរ។
ក្រោយការតែងតែតាំងជាទីប្រឹក្សានាយករដ្ឋមន្ត្រីភ្លាមៗនៅក្នុងខែកុម្ភៈឆ្នាំ២០២៣ លោក សំបូរ មាណ្ណារ៉ា បង្ហាញគោលបំណងធំរបស់លោក គឺបង្កើតកម្មវិធីពង្រឹង សីលធម៌នៅក្នុងសាលាចាប់តាំងពីកុមារនៅតូចៗ។
លោក សំបូរ មាណ្ណារ៉ា៖ «ខ្ញុំកំពុងរៀបចំគំនិតមួយ ដើម្បីឱ្យសាលារៀនយកចិត្តទុកដាក់សិស្សតាំងពីតូច ដើម្បីឱ្យកូនៗទាំងអស់ហ្នឹងចេះឱ្យតម្លៃទៅលើសីលធម៌»។
ទោះជាយ៉ាងណាលោក នី ចន្ទតារាវុធ បញ្ជាក់ថា គំរូអសីលធម៌របស់មេដឹកនាំ ពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលតែងតែប្រើពាក្យអសុរោះនៅវេទិកា សាធារណៈ ប៉ះពាល់ខ្លាំងដល់ស្រទាប់យុវជន។
លោក នី ចន្ទតារាវុធ៖ «ពួកខ្ញុំក៏មើលឃើញដែរ តែមិនដឹងធ្វើយ៉ាងម៉េច។ មេដឹកនាំមួយទៅប្រគល់សញ្ញាបត្រដល់សិស្សរាប់ពាន់រាប់ម៉ឺននាក់អ៊ីចឹងដូចមិនសូវ ប្រើពាក្យល្អជាមួយសិស្សនិស្សិតទេ មិនដែលផ្តាំផ្ញើដល់សិស្សនិស្សិតហ្នឹងថា នៅពេលដែលទៅវិញទទួលបានសញ្ញាបត្រហើយទៅធ្វើការងារកន្លែងនេះកន្លែងនោះទេ គឺមានតែការគំរាមកំហែងជេរស្តីដល់អ្នកផ្សេងៗនេះ ជាគំរូអាក្រក់ដល់ជំនាន់ក្រោយ»។
មួយរយៈចុងក្រោយនេះ កើតមានបញ្ហាសីលធម៌របស់សិស្សបន្តបន្ទាប់ ដូចជា ឪពុក ម្តាយតាមទៅរកកូនស្រីនិងថតជាវីដេអូផ្សព្វផ្សាយ ករណីកូនគេចសាលា ទៅសេព គ្រឿងស្រវឹងជាមួយមិត្តរួមថ្នាក់ប្រុសស្រីផ្សេងទៀត។ ករណីធំមួយ នៅក្នុងខែកុម្ភៈឆ្នាំ ២០២៣ គឺសិស្សសាលាកាប់គ្នានៅស្រុកទ្រាំង ខេត្តតាកែវ បណ្តាលឱ្យយុវជនម្នាក់ស្លាប់ និងមួយចំនួនទៀតត្រូវបានចាប់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។