វីដេអូ និងរូបភាពស្រើបស្រាលជាច្រើនប្រភេទ មានទាំងរូបអនីតិជនផងនោះ ត្រូវបានគេយកទៅធ្វើអាជីវកម្មចែកចាយនៅលើបណ្ដាញសង្គមតេឡេក្រាម (Telegram) និងភ្ជាប់ជាមួយពាណិជ្ជកម្មល្បែងអនឡាញ (Online) ខុសច្បាប់គ្រប់ប្រភេទ។ ការយករូបភាពអាសអាភាស មកធ្វើជាអាជីវកម្មនៅលើបណ្ដាញសង្គមបែបនេះ បានធ្វើឱ្យស្ត្រី និងកុមារមួយចំនួនក្លាយជាជនរងគ្រោះដោយសារជនទុច្ចរិតលួចថតវីដេអូ ឬបង្ខំពួកគេថតរឿងអាសអាភាស ដើម្បីយកទៅលក់នៅលើបណ្ដាញទំនាក់ទំនងសង្គម។
តេឡេក្រាម (Telegram) គឺជាបណ្ដាញទំនាក់ទំនងសង្គមមួយ ដែលប្រជាពលរដ្ឋខ្មែរនិយមប្រើប្រាស់សម្រាប់ការទាក់ទងក្នុងការងារ និងរបររកស៊ីជាដើម ដោយអ្នកប្រើប្រាស់មានទំនុកចិត្តថា បណ្ដាញទំនាក់ទំនងមួយនេះ មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ងាយស្រួល និងរក្សាបាននូវឯកជនភាព (Privacy) ជាដើម។
ក៏ប៉ុន្តែ ពេលនេះបណ្ដាញទំនាក់ទំនងតេឡេក្រាម បានក្លាយជាកម្មវិធី ដែលគេប្រើសម្រាប់ចែកចាយ និងលក់ដូរវីដេអូអាសអាភាស បម្រើសេវាកម្មផ្លូវភេទ និងផ្សព្វផ្សាយល្បែងអនឡាញដ៏ពេញនិយមទៅវិញ។
អ្នករត់តាក់ស៊ីនៅរាជធានីភ្នំពេញ លោក គង់ ឧត្ដម ថ្លែងប្រាប់វិទ្យុអាស៊ីសេរី ថា នៅក្នុងសហគមន៍របស់លោកមានបុរសជាច្រើន កំពុងងប់ងុលមើលវីដេអូ អាសអាភាស លើបណ្ដាញតេឡេក្រាម ដោយពួកគេបានទាញគណនីរបស់លោក ចូលទៅក្នុងក្រុមចែកចាយវីដេអូទាំងនោះទៀតផង។ លោក គង់ ឧត្ដម ប្រាប់ថា នៅក្នុងក្រុមនោះ មានវីដេអូជាច្រើន គឺជាស្ត្រីរកស៊ីផ្លូវភេទ ក្នុងនោះក៏មានកុមារតូចៗ ដែលលោកអះអាងថា ថតនៅកម្ពុជា ត្រូវបានគេបង្ខំឱ្យថត និងខ្លះទៀតជាវីដេអូស្ត្រីដែលគេលួចថតតាមបន្ទប់ទឹក និងផ្ទះសំណាក់ជាដើម។
លោក គង់ ឧត្ដម៖«ឃើញគេនិយមខ្លាំងមែន និយាយឱ្យត្រង់ទៅ ឃើញស្រីៗខ្មែរយើងអាចខលវីដេអូអីគេយ៉ាងម៉េចណានោះអាសអាភាស ហើយគេលក់វីដេអូអីអ៊ីចឹងទៅ។ និយាយទៅសុទ្ធតែពួករោគចិត្ត វីដេអូខ្លះលួចថតអីអ៊ីចឹងទៅ»។
ក្នុងក្រុមតេឡេក្រាម អាសអាភាសទាំងនោះ មានមេក្រុមម្នាក់ ឬច្រើននាក់ជាអ្នកចាំចែកចាយវីដេអូ ឬរូបភាពអាសអាភាសចូលក្នុងក្រុម ដែលក្រុមនីមួយៗ មានសមាជិកចាប់ពីខ្ទង់ពាន់ រហូតដល់ខ្ទង់ម៉ឺន។ ការចែកចាយវីដេអូ ទាំងនោះ ជួនកាលពួកគេបង្ហោះក្នុងក្រុមចែកគ្នាមើលដោយសេរី ហើយវីដេអូខ្លះទៀត តម្រូវឱ្យសមាជិកក្រុមបង់លុយទៅតាមតម្លៃដែលគេបានកំណត់ តាមរយៈគណនីធនាគារ។ វីដេអូដែលគេចាត់ទុកថាពិសេសទាំងនោះ មានដូចជាវីដេអូអាសអាភាសកុមារី និងសិស្សសាលា អាយុក្រោម ១៨ឆ្នាំ។
ការប្រើប្រាស់បណ្ដាញតេឡេក្រាម នៅកម្ពុជាមានចំនួនកើនឡើងបន្ទាប់ពីមានការរីករាលដាលជំងឺកូវីដ១៩ ក្នុងឆ្នាំ២០២០ ដោយកាលនោះស្ថាប័នរដ្ឋាភិបាលកម្ពុជា បានតម្រូវឱ្យពលរដ្ឋ និស្សិត សិស្សសាលា និងមន្ត្រីរាជការ បំពេញការងារ និងទំនាក់ទំនងគ្នាតាមអនឡាញ ដោយប្រើប្រាស់បណ្ដាញសង្គម មានដូចជា ហ្ស៊ូម(ZOOM) ហ្វេសប៊ុក(Facebook) និងតេឡេក្រាម ជាដើម ដើម្បីបង្ការការឆ្លង។ ដោយសារតែបទពិសោធន៍ធ្វើការតាមអនឡាញមួយរយៈនេះហើយ បានធ្វើឱ្យពលរដ្ឋកម្ពុជា បានស្គាល់ និងចេះប្រើប្រាស់បណ្ដាញសង្គមកាន់តែជំនាញ ដែលលឿនជាងការអប់រំពីសីលធម៌សង្គម និងយល់ដឹងពីផលប៉ះពាល់ពីបច្ចេកវិទ្យា។
គ្រូបង្រៀននៅក្រុងបាត់ដំបង កញ្ញា សា ឌីណា សង្កេតឃើញថា នៅក្នុងសហគមន៍របស់កញ្ញា បុរសវ័យចំណាស់ភាគច្រើនហាក់មានការផ្លាស់ប្ដូរអត្តចរិត និងការនិយាយស្ដីខុសប្លែកពីធម្មតា ដោយពួកគាត់ចូលចិត្តនិយាយបញ្ចើចបញ្ចើពីរឿងផ្លូវភេទ នៅពេលមាននារីវ័យក្មេងធ្វើដំណើរឆ្លងកាត់។ កញ្ញាអះអាងថា បុរសវ័យចំណាស់ទាំងនោះ បានទាញគណនី តេឡេក្រាម របស់កញ្ញាចូលទៅក្នុងក្រុមចែកចាយវីដេអូអាសអាភាសទៀតផង។
កញ្ញា សា ឌីណា៖«សុំឱ្យរដ្ឋាភិបាលមានចំណាត់ការណាមួយ ឬក៏ដាក់វិធានការ ឬក៏បន្ថែមទម្ងន់ទោសទៅកាន់អ្នកដែលបង្កើតក្រុមតេឡេក្រាមចែកចាយរឿងបែបហ្នឹង រកស៊ីបែបហ្នឹងផងដែរ ក៏ដូចជាប្រព័ន្ធមួយសម្រាប់ទប់ស្កាត់(banned)រឿងទាំងអស់ហ្នឹងនៅក្នុងប្រទេសនឹងរឹតតែល្អថែមទៀត»។
ពលរដ្ឋមួយចំនួនយល់ថា ការរីកដុះដាលនៃអាជីវកម្មចែកចាយវីដេអូអាសអាភាសក្នុងបណ្ដាញទំនាក់ទំនងសង្គម តេឡេក្រាម នេះគឺជាមូលហេតុសំខាន់ធ្វើឱ្យចំនួនករណីបទល្មើសរំលោភសេពសន្ថវៈ និងការបំពានលើរូបរាងកាយទៅលើកុមារកាន់តែកើនឡើង។
គ្រូបង្រៀននៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កញ្ញា ឡាំ ស្រីណាត បារម្ភថា ការប្រើប្រាស់បណ្ដាញសង្គមធ្វើជាកន្លែងជួញដូរផ្លូវភេទ នឹងជះឥទ្ធិពលអវិជ្ជមានដល់យុវជនជំនាន់ក្រោយ ដោយពង្វក់ឱ្យក្មេងបោះបង់ការសិក្សា ឆាប់រៀបការទាំងវ័យក្មេង ជាពិសេសវីដេអូស្រើបស្រាលទាំងនេះ នឹងជំរុញឱ្យមនុស្សវ័យចំណាស់ប្រព្រឹត្តបទល្មើសរំលោភសេពសន្ថវៈថែមទៀត។
កញ្ញា ឡាំ ស្រីណាត៖«ក្មេងត្រឹមកម្រិតវិទ្យាល័យ ឬក៏អនុវិទ្យាល័យប្រហែលជាអាច។ ពេលខ្លះឃើញក្មេងមួយចំនួនដែរ ប្រហែលជាអាប្រព័ន្ធអ៊ីចឹងៗបានគាត់ខូច ឈប់រៀនឈប់អី ទៅការប្ដីការប្រពន្ធអស់»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យនិយតករទូរគមនាគមន៍កម្ពុជា លោក សៀង សិទ្ធី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការ ប្រយុទ្ធប្រឆាំងការ ជួញដូរមនុស្ស នៃក្រសួងមហាផ្ទៃ អ្នកស្រី ជូ ប៊ុនអេង និងអ្នកនាំពាក្យក្រសួងកិច្ចការនារី អ្នកស្រី ប៊ុន ពុទ្ធី ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២៤ ខែធ្នូ។
ជុំវិញរឿងនេះ អ្នកសម្របសម្រួលកម្មវិធីអប់រំ និងយេនឌ័រនៃអង្គការខុមហ្វ្រែល (Comfrel) អ្នកស្រី សឺនកេត សិរីលក្ខណ៍ លើកឡើងថា ការធ្វើអាជីវកម្មរូបអាសអាភាសនៅលើបណ្ដាញទំនាក់ទំនងអនឡាញ បានគំរាមកំហែងដល់សុវត្ថិភាពផ្លូវចិត្ត និងផ្លូវកាយ និងនាំឱ្យប៉ះពាល់ដល់ការចូលរួមរបស់ស្ត្រី និងកុមារនៅក្នុងសង្គម។ អ្នកស្រីណែនាំឱ្យស្ត្រី និងកុមារគ្រប់រូបបង្កើនការប្រុងប្រយ័ត្ន និងស្នើឱ្យរដ្ឋាភិបាលបង្កើនការរឹតបន្តឹងការជួញដូរផ្លូវភេទតាមប្រព័ន្ធអនឡាញ ហើយ ដាក់ទោសទណ្ឌលើជនល្មើសដែលកេងចំណេញលើស្ត្រីនិងកុមារ។
អ្នកស្រី សឺនកេត សិរីលក្ខណ៍ ៖«ស្នើឱ្យរដ្ឋាភិបាល ជាពិសេសក្រសួងពាក់ព័ន្ធហ្នឹង ពង្រឹងការអនុវត្តច្បាប់ហើយនិងគ្មានការលើកលែងចំពោះជនល្មើស ហើយធ្វើយ៉ាងណាឱ្យស្ត្រីនិងក្មេងស្រីរស់នៅក្នុងសង្គមមួយប្រកបដោយសុវត្ថិភាព ហើយមានសន្តិសុខផ្លូវចិត្តនិងផ្លូវកាយផងដែរ ហើយដើម្បីបង្កើនការចូលរួមរបស់ស្ត្រីនិងក្មេងស្រី នៅក្នុងការសិក្សាក្ដី ការងារក្ដីនៅក្នុងគ្រប់វិស័យ»។
របាយការណ៍អង្គការ មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ ឬហៅកាត់ថា យូនីសេហ្វ (UNICEF) ឆ្នាំ២០២២ ដែលមានចំណងជើងថា «ការបញ្ឈប់គ្រោះថ្នាក់ក្នុងប្រទេសកម្ពុជា» បានបង្ហាញថា នៅកម្ពុជាកុមារអាយុចន្លោះពី១២ ទៅ ១៧ឆ្នាំ កំពុងប្រើប្រាស់អ៊ីនធឺណិត មាន ១១ភាគរយ ធ្លាប់ទទួលរងការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើអនឡាញ រួមមានការផ្ញើសារគំរាមកុមារឱ្យចូលរួមក្នុងសកម្មភាពផ្លូវភេទ និងការផ្ញើរូបភាពអាសអាភាស ដោយពុំមានការយល់ព្រមពីភាគីម្ខាងទៀត។
របាយការណ៍នេះក៏បង្ហាញទៀតថា មានកុមារ ១៦ភាគរយ បានក្លាយជាកម្មវត្ថុនៃការសរសេរមតិយោបល់ ដែលមានចរិតផ្លូវភេទអំពីពួកគេ ដែលធ្វើឱ្យពួកគេពុំមានអារម្មណ៍សប្បាយចិត្ត ដែលក្នុងចំនួននេះ មាន ៣១ភាគរយ បាននិយាយថា ការសរសេរបែបនេះកើតមានលើបណ្ដាញទំនាក់ទំនងសង្គម។
ពលរដ្ឋ និងសង្គមស៊ីវិលយល់ឃើញថា ការបណ្ដុះពលរដ្ឋឱ្យមានសីលធម៌តាំងពីក្មេងមក និងការអប់រំលើការប្រើប្រាស់ប្រព័ន្ធឌីជីថលឱ្យមានប្រយោជន៍ គឺជាការចូលរួមយ៉ាងមានប្រសិទ្ធភាពក្នុងការលុបបំបាត់ទង្វើអសីលធម៌ទាំងនេះ។ ទន្ទឹមគ្នានេះ រដ្ឋាភិបាលត្រូវចាត់វិធានការឱ្យធ្ងន់ធ្ងរ ចំពោះអ្នកដែលរំលោភបំពាន និងយកកុមារមកធ្វើអាជីវកម្មផ្លូវភេទ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។