រោងចក្រមួយចំនួន បានចាប់ផ្ដើមជូនដំណឹង អំពីការព្យួរកិច្ចសន្យាការងាររបស់កម្មករ និងផ្អាកសកម្មភាពរោងចក្រ រយៈពេលខ្លី ជាបណ្ដើរៗហើយ ដោយមូលហេតុមិនអាចនាំចូលវត្ថុធាតុដើម ពីប្រទេសចិនមកទាន់ពេល។ កម្មករថា ពួកគេបារម្ភពីជីវភាពណាស់ នៅពេលលឺដំណឹង រោងចក្រផ្អាកការងារបែបនេះ។
កម្មករ និងសហជីព នៅរោងចក្រខ្លះ ឱ្យដឹងថា ភាគីថៅកែបានហៅតំណាងកម្មករ ប្រជុំប្រាប់រួចអស់ហើយ ពីគម្រោងផ្អាកសកម្មភាព និងព្យួរការងារកម្មករ រយៈពេលខ្លី។
កម្មការិនីផ្នែកអូសក្រណាត់ នៅរោងចក្រ ស៊ិចផ្លាស (Six Plus) នៅខេត្តកណ្ដាល លោកស្រី ប៉ក់ សេងហ៊ាង ឱ្យដឹងថា នៅរោងចក្រស៊ិចផ្លាស ថៅកែសម្រេចព្យួរការងារកម្មករទាំងអស់ គឺជិតបីពាន់ (២ ៧០០)នាក់ ចំនួន៥ថ្ងៃ ដោយហេតុថា គ្មានវត្ថុធាតុដើម កាត់ដេរ។
កម្មការិនីរូបនេះ ប្រាប់ថា នៅខែបន្តបន្ទាប់ ថៅកែនឹងប្រកាសប្រាប់ អំពីលទ្ធភាពវិសាលភាពការងារ ឬត្រូវព្យួរការងារបន្ថែមទៀត គឺអាស្រ័យថា មានក្រណាត់ ឬវត្ថុធាតុដើម ឬអត់។ លោកស្រីថា រោងចក្រស៊ិចផ្លាស ចាប់ផ្ដើមអស់អីវ៉ាន់ដេរខ្លាំង តាំងពីដើមឆ្នាំ២០២០មក៖ «ចា ! អីវ៉ាន់មកអត់ទាន់ ផ្គត់ផ្គង់អត់ទាន់ អត់មានឥវ៉ាន់ធ្វើផង ឥឡូវនេះ រង្វើលៗ មែនទែនហ្មងណា។ យូរៗ បានធ្វើមួយបន្តិច មួយចប (Job) ៗ អ៊ីចឹងណា អត់មានអីវ៉ាន់ធ្វើផង។ អើយ ! ខ្ញុំជាកម្មករនេះ ប៉ះពាល់ខ្លាំងហ្មង ជីវភាពអត់គ្រប់គ្រាន់ ហូបចុក អត់គ្រប់គ្រាន់ លុយកូនទៅរៀន អត់គ្រប់គ្រាន់។ និយាយទៅ ពិបាកមួយចប់តែម្ដងណា ពេលមានបញ្ហាអ៊ីចឹង»។
ចំណែកនៅតាមរោងចក្រខ្លះទៀត មិនប្រកាសផ្អាកសកម្មភាព និងព្យួរកិច្ចសន្យាកម្មករទាំងស្រុងទេ តែព្យួរកិច្ចសន្យាពាក់កណ្ដាល ធ្វើការងារពាក់កណ្ដាល (ស៊ី៥០%) និងរោងចក្រខ្លះ ផ្លាស់វេនគ្នាធ្វើការ។
កម្មការិនីម្នាក់ ធ្វើការនៅរោងចក្រកាត់ដេរសំលៀកបំពាក់ កាលីស្ដូ អែបភីរែល (Callisto Apparel) នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ លោកស្រី ហល់ ស្រីម៉ៅ ឱ្យដឹងថា ថៅកែនៅរោងចក្រដែលលោកស្រី ចាប់ផ្ដើមបែងចែកឱ្យកម្មករផ្លាស់វេនគ្នា ឈប់សម្រាកបន្ថែម ដោយសារ គ្មានវត្ថុធាតុដើមសម្រាប់ដេរ។ រោងចក្រនេះ មានកម្មករ ជាងមួយពាន់នាក់។ តែយ៉ាងណា លោកស្រី ថា ថៅកែ សន្យាផ្ដល់ប្រាក់ឈ្នួលឱ្យ៥០ភាគរយ សម្រាប់ការព្យួរការងារ មួយសប្ដាហ៍២ថ្ងៃ៖ «អត់សូវមានអីវ៉ាន់ចូលអ៊ីចឹង គេដូរឈប់ជាក្រុម ដូចថា មួយអាទិត្យអ៊ីចឹង ឈប់៣ក្រុម ឈប់រយៈពេល២ថ្ងៃ ចូលធ្វើការវិញ ហើយដូរទៅក្រុមផ្សេងទៀត វាចល័តក្រុមរហូតអ៊ីចឹងណាបង។ គេអត់ឱ្យឈប់ម្ដងទាំងអស់ទេ គេខ្លាចកម្មករក្នុងរោងចក្រហ្នឹងឈប់។ ដល់ពេលអ៊ីចឹងទៅ គេឱ្យឈប់ម្នាក់ម្ដងៗ អ៊ីចឹងណា។ មួយអាទិត្យ មានបីក្រុម មួយក្រុមមាន២៨នាក់ ទៅ៣០នាក់ អ៊ីចឹងណាបង។ វាតាមក្រុម មានគ្នាតិច មានគ្នាច្រើន។ ខ្ញុំឈប់ស្អែកហ្នឹងហើយ ឈប់ថ្ងៃសុក្រ ថ្ងៃសៅរ៍។ ទើបតែ ( ចាប់ផ្ដើមអនុវត្ត ) ឈប់ អាទិត្យហ្នឹងតើបង»។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា កម្មករធ្វើការនៅតាមរោងចក្រ នឹងប្រឈមបញ្ហាគ្មានការងារធ្វើរយៈពេលខ្លី ដោយសារតែរោងចក្រផលិតវត្ថុធាតុដើម នៅក្នុងប្រទេសចិន ផ្អាកដំណើរការបណ្ដោះអាសន្ន ព្រោះប្រឈម ជំងឺរលាកផ្លូវដង្ហើមកូវិត១៩ (Covid-19)។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ប្រកាសព័ត៌មានថា វត្ថុធាតុដើម ក្នុងស្ដុកសម្រាប់ផលិតកម្ម ក្នុងវិស័យកាត់ដេរ នឹងត្រូវប្រើអស់នៅសប្ដាហ៍ក្រោយ គឺចុងខែកុម្ភៈ ឬសប្ដាហ៍បន្តបន្ទាប់។ ហេតុនេះ រោងចក្រមួយចំនួន នឹងគ្មានវត្ថុធាតុដើម សម្រាប់ផលិតកម្ម នៅចុងខែកុម្ភៈ និងខែមេសា។
ទោះយ៉ាងណា សមាគមថៅកែរោងចក្រ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសអះអាងដូចគ្នាថា ការផ្អាកសកម្មភាពរោងចក្របណ្ដោះអាសន្ននេះ មិនពាក់ព័ន្ធនឹងការដកប្រព័ន្ធអនុគ្រោះពន្ធ EBA (២០%) របស់សហភាពអឺរ៉ុបឡើយ៖ «ប្រសិនបើមានការបិទរោងចក្រណាមួយ មិនមែនមកពីបញ្ហា អា EBA ហ្នឹងទេ។ នៅពេលខាងមុខ ចាំមើលទៅ បើទោះបីជាមាន ឬគ្មាន អា EBA ព្រោះអាចនឹងវត្ថុធាតុដើម មួយចំនួន ដែលកំពុងតែយកមកដេរនៅស្រុកខ្មែរ រួចហើយបន្តនាំចេញទៅ។ យើងអត់សាច់ក្រណាត់ តើយើងបានអ្វីដេរ ? ដូច្នេះកម្មករ ច្បាស់ជាជួបប្រទះបញ្ហា ខ្វះការងារធ្វើ»។
ប្រធានសហជីពរោងចក្រឯករាជ្យកម្លាំងសាមគ្គីកម្មករ ប្រចាំរោងចក្រស៊ិកផ្លាស (Six Plus) លោក ម៉ៃ ប៊ុនហៃ អះអាងថា រោងចក្រស៊ិចផ្លាស គ្មានវត្ថុធាតុដើម ឱ្យកម្មករដេរយូរខែមកហើយ ដោយកម្មករនៅតាមអគារខ្លះ ធ្វើការក្នុងក្របខ័ណ្ឌកិច្ចសន្យាការងារពាក់កណ្ដាល គឺទទួលបានប្រាក់ឈ្នួល៥០ភាគរយ ច្រើនខែហើយ៖ «អត់មានអ្វីធ្វើមែន ដោយសារតែរាល់ថ្ងៃហ្នឹង យើងចេញម៉ោង៤កន្លះហ្នឹងមួយខែហើយ។ មានន័យថា យើងធ្វើម៉ោង៧ព្រឹក ចេញម៉ោង៤កន្លះល្ងាច ហើយឥឡូវហ្នឹង អត់មានអ្វីធ្វើមែន ដោយសារមានអគារខ្លះ គាត់ស៊ី៥០ភាគរយ ពីមុនមក គឺមាន២បីថ្ងៃ មានរហូតដល់កន្លះខែអ្វីនោះ អគារខ្លះដែលអត់មានការងារធ្វើអ៊ីចឹងណា។ តែឥឡូវនេះ ក្រុមហ៊ុនជជែកហ្នឹង គឺទាំងអស់គ្នា។ ក្រុមហ៊ុនគាត់ថា គាត់អត់មានលទ្ធភាពក្នុងការជូន៥០ភាគរយ អ៊ីចឹងណាបង»។
សម្រាប់ការព្យួរកិច្ចសន្យាការងារ៥ថ្ងៃ នៅរោងចក្រ ស៊ិចផ្លាស លោក ម៉ៃ ប៊ុនហៃ និយាយថា បានប្រជុំជាមួយភាគីថៅកែ ៤ដងហើយ ដោយថៅកែសម្រេចថា នឹងផ្ដល់ប្រាក់ឈ្នួល៥០ភាគរយ សម្រាប់ការព្យួរការងារ២ថ្ងៃកន្លះ ឯ២ថ្ងៃកន្លះទៀត កម្មករជាអ្នកខាត ព្រោះថៅកែ ឱ្យចាត់ចូលក្នុងថ្ងៃឈប់សម្រាក ប្រចាំឆ្នាំរបស់កម្មករ។
តាំងពីមានការប្រកាសរបស់រដ្ឋាភិបាល និងសមាគមរោងចក្រកាត់ដេរមក មិនមានរបាយការណ៍ ឬតួលេខជាក់លាក់ណា បង្ហាញថា មានរោងចក្រចំនួនប៉ុន្មានហើយ បានជូនដំណឹងពីការផ្អាកសកម្មភាព រយៈពេលខ្លី ដោយសារបញ្ហាគ្មានវត្ថុធាតុដើម។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានទេ នៅថ្ងៃទី១៣ កុម្ភៈ ដោយសារទូរស័ព្ទរោទ៍ច្រើនដង គ្មានអ្នកទទួល។
អ្នកគ្រប់គ្រងកម្មវិធីសិទ្ធិការងារ នៃមជ្ឈមណ្ឌលសម្ពន្ធភាពសិទ្ធិមនុស្ស និងការងារ លោក ឃុន ថារ៉ូ ឱ្យដឹងថា ខាងលោកទទួលបានដំណឹងថា មានរោងចក្រជាង១០ហើយ មានគម្រោងប្រកាសផ្អាកសកម្មភាព រយៈពេលខ្លី ហើយក្នុងនោះ មាន៣រោងចក្រ បានជូនដំណឹងប្រាប់កម្មកររួចហើយ។ លោកពន្យល់ថា ការសម្រេចផ្អាកបណ្ដោះអាសន្ន និងព្យួរកិច្ចសន្យាការងារកម្មករ លុះត្រាតែមានការយល់ព្រមពីក្រុមអធិការកិច្ចនៃក្រសួងការងារ ទើបអាចធ្វើទៅបាន ហើយថៅកែមានកាតព្វកិច្ច បើកប្រាក់ឈ្នួល៥០ភាគរយ ឱ្យកម្មករ និយោជិក សម្រាប់រយៈពេលនៃការព្យួរការងារ។
លោក ឃុន ថារ៉ូ ថា មានមូលហេតុ២ បណ្ដាលឱ្យមានការព្យួរការងាររបស់កម្មករ គឺបញ្ហាការដកប្រព័ន្ធអនុគ្រោះពន្ធ នាំចេញទៅអឺរ៉ុប (EBA) សម្រាប់វិស័យកាត់ដេរ និងបញ្ហាខ្វះវត្ថុធាតុដើម។ លោក ឃុន ថារ៉ូ អះអាងថា រោងចក្រតូចៗ ឬរោងចក្រប្រភេទម៉ៅការបន្តខ្លះ បានប្រឈមការបិទទ្វារ ឬ ប្រឈមការផ្អាកសកម្មភាព តាំងពីចុងឆ្នាំ២០១៨មកម្ល៉េះ ហើយវាគាប់ជួន ខ្វះវត្ថុធាតុដើមនៅពេលនេះ៖ «អាហ្នឹងរឿងទី១ អ៊ីចឹងនៅពេលដែលគណៈកម្មការអឺរ៉ុប ហ្នឹងបានសម្រេចនីតិវិធីនៅក្នុងការឈានទៅដល់ការសម្រេចព្យួរហ្នឹង គឺមានតាំងពីដើមឆ្នាំ២០១៨មកម្ល៉េះ។ ចំណុចទី២ ដោយសារវាមានភាពចៃដន្យ វិបត្តិសង្គម វីរុសកូរ៉ូណា ហ្នឹងទៅ យើងឃើញថា វិស័យកាត់ដេរនៅក្នុងប្រទេសកម្ពុជាហ្នឹង គឺវាពឹងផ្អែកទៅលើរូបធាតុដើម»។
កម្មការិនី រោងចក្រ និយាយថា បើទោះការព្យួរការងារ រយៈពេលខ្លី ឬរយៈពេលវែង សុទ្ធតែប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ។ ពួកគេព្រួយចិត្តថា ប្រសិនបើ ការព្យួរការងារ អូសបន្លាយពេលវែង នឹងធ្វើឱ្យពួកគាត់ កាន់តែលំបាក គ្មានផ្ញើទៅឱ្យគ្រួសារ នៅស្រុកកំណើត ថ្លៃបន្ទប់ជួល ទឹកភ្លើង និងជំពាក់បំណុលធនាគារ៕