មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន ថ្លែងនៅថ្ងៃទី១៣ ខែមីនាថា កម្ពុជា និងថៃឯកភាពគ្នាបង្កើតរោងចក្រក្នុងទឹកដីកម្ពុជា ដើម្បីកាត់បន្ថយការធ្វើចំណាកស្រុកខុសច្បាប់របស់ពលរដ្ឋខ្មែរទៅធ្វើការនៅប្រទេសថៃ។
ការបញ្ជាក់របស់លោក ហ៊ុន សែន នេះធ្វើឡើងនៅពេលជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ១ម៉ឺននាក់ នៅខេត្តកោះកុង។ លោក ហ៊ុន សែន បញ្ជាក់ថា ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរនៅតាមបណ្ដោយព្រំដែននិងកាត់បន្ថយគ្រោះថ្នាក់នៃការធ្វើចំណាកស្រុកកម្ពុជានិងថៃសម្រេចបង្កើតរោងចក្រក្នុងទឹកដីកម្ពុជា៖ « យើងបានសិក្សារួមគ្នាថា ដើម្បីកាត់បន្ថយចំណាក់ស្រុកចូលទៅធ្វើការខុសច្បាប់ក្នុងប្រទេសថៃភាពចាំបាច់ត្រូវរួមគ្នាដើម្បីបង្កើតនូវរោងចក្រក្នុងទឹកដីកម្ពុជាជាតំបន់សេដ្ឋកិច្ចពិសេសតាមតំបន់បណ្ដោយព្រំដែនកម្ពុជា - ថៃ ដើម្បីឱ្យប្រជាជនកម្ពុជាមានការងារធ្វើនៅក្នុងទឹកដីរបស់ខ្លួនដោយមិនចាំបាច់ឆ្លងកាត់នៅក្នុងប្រទេសថៃនោះទេ » ។
លោកហ៊ុន សែន ថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះលោកបានធ្វើការជាមួយនាយករដ្ឋមន្ត្រីថៃ ដើម្បីពិភាក្សាស្ដីពីការបង្កើតតំបន់សេដ្ឋកិច្ចពិសេសតាមបណ្ដោយព្រំដែនក្នុងគោលដៅបង្កើនទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃឱ្យបានកើនដល់ ៧ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។
កាលពីឆ្នាំ២០១៨ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងថៃមានចំនួនទឹកប្រាក់ប្រមាណ ៦ពាន់លានដុល្លារអាមេរិក។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារអះអាងថា កាលពីឆ្នាំ២០១៨ របបក្រុងភ្នំពេញបានផ្ដល់ឱកាសការងារនៅក្រៅប្រទេសជូនប្រជាពលរដ្ឋចំនួនជាង ១លាន ២សែននាក់ ក្នុងនោះស្ត្រីមានជិត ៥០ម៉ឺននាក់។ ចំណែកនៅក្នុងប្រទេសថៃវិញ មានពលករខ្មែរធ្វើការប្រមាណ ១លាន ១សែននាក់ ដោយទទួលបានប្រាក់ឈ្នួល ៣០០ដុល្លារអាមេរិក ក្នុងមួយខែ។ ប៉ុន្តែប្រធានអង្គការសម្ពន្ធភាពការងារនិងសិទ្ធិមនុស្សលោក មឿន តុលា បញ្ជាក់ថាតាមការប៉ាន់ប្រមាណរបស់អង្គការលោកបច្ចុប្បន្ននៅប្រទេសថៃមានពលករខ្មែរចំណាកស្រុកជិត ២លាននាក់ ក្នុងនោះ ៨០% ជាពលករស្របច្បាប់។ ទោះបីយ៉ាងណា សង្គមស៊ីវិលអះអាងថា ប្រាក់ចំណូលដែលកម្មករខ្មែរនៅក្រៅប្រទេសរកបានភាគច្រើនមិនចំណេញដល់សេដ្ឋកិច្ចកម្ពុជានោះទេ ពីព្រោះលុយទាំងនោះភាគច្រើន កម្មករត្រូវផ្ញើមកសងបំណុលគេ ហើយកម្មករខ្លះ ក៏រងគ្រោះនៃការរំលោភបំពានសិទ្ធិ និងរាងកាយនៅបរទេសទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។