អាជ្ញាធរថៃបានចាប់ខ្លួនពលករខ្មែរ ២១នាក់ ដែលបានឆ្លងដែនខុសច្បាប់ចូលប្រទេសថៃ ដើម្បីរកការងារធ្វើ ខណៈប្រទេសនេះកំពុងបន្តបិទច្រកព្រំដែនជាមួយកម្ពុជា ដើម្បីបង្ការករណីឆ្លងរាលដាលជំងឺកូវីដ១៩។
សារព័ត៌មានថៃផ្សាយថា អាជ្ញាធរស្រុកអារញ្ញ ខេត្តស្រះកែវ បានឃាត់ខ្លួន ពលករទាំងនោះកាលពីថ្ងៃទី១០ មិថុនា នៅពេលដែលពួកគេបានឆ្លងដែនខុសច្បាប់តាមច្រកមួយនៃខេត្តនេះ ដើម្បីត្រឡប់ទៅធ្វើការងាររបស់ពួកគេក្នុងទឹកដីថៃវិញ។ ប្រភពដដែលឱ្យដឹងទៀតថា ពលករខ្មែរទាំងនោះ បានប្រាប់អាជ្ញាធរថៃថា ពួកគេមិនមានការងារធ្វើនៅក្នុងប្រទេសកំណើតរបស់ខ្លួន ហើយប្រឈមនឹង ការខ្វះខាតខ្លាំង ព្រោះមិនមានចំណូល ទើបលួចឆ្លងដែនចូលប្រទេសថៃ បំណងទៅកាន់ទីក្រុងបាងកក និងខេត្តឈុនបុរី ដើម្បីរកការងារធ្វើ ដូចជាការងារសំណង់ជាដើម។
អាស៊ីសេរីមិនអាចទាក់ទងប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជាថៃ លោក ពេជ្រ វណ្ណា ដើម្បីសាកសួរអំពីករណីនេះបានទេ នៅថ្ងៃទី១១ មិថុនា ដោយទូរស័ព្ទចូល ពុំមានអ្នកទទួល។
ទោះជាយ៉ាងណា មន្ត្រីអង្គការសង់ត្រាល់ (CENTRAL) ប្រចាំប្រទេសថៃ លោក លឹង សុផុន ឱ្យអាស៊ីសេរីដឹងថា អាជ្ញាធរថៃបានបញ្ជូនពលករខ្មែរទាំង ២១នាក់នោះ ត្រឡប់មកកម្ពុជាវិញហើយ នៅថ្ងៃទី១១ មិថុនានេះ។ មន្ត្រីសង្គមស៊ីវិលរូបនេះ ថ្លែងទៀតថា ពលករខ្មែរជាច្រើននាក់បានលួចចេញចូលប្រទេសថៃ ហើយត្រូវអាជ្ញាធរថៃចាប់ខ្លួនបានស្ទើររាល់ថ្ងៃ ព្រោះអាជ្ញាធរថៃបានដាក់ប្រទេសក្នុងគ្រាអាសន្នតាំងពីខែមីនាមកម្ល៉េះ។ លោកអះអាងថា កាលពីខែឧសភា កន្លងទៅ មានពលករខ្មែរ ជាង ២ម៉ឺននាក់ បានចេញចូលប្រទេសថៃ ដោយខុសច្បាប់។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។