អាជ្ញាធរថៃបន្តចាប់បញ្ជូនពលករខ្មែរជាច្រើននាក់ត្រឡប់ទៅកម្ពុជាតាមច្រកព្រំដែនខេត្តបន្ទាយមានជ័យ

អាជ្ញាធរថៃបន្តចាប់បញ្ជូនពលករខ្មែររាប់រយនាក់ត្រឡប់ទៅកម្ពុជាវិញតាមច្រករបៀងព្រំដែនក្នុងខេត្តបន្ទាយមានជ័យ ខណៈប្រទេសទាំងពីរកំពុងរឹតបន្តឹងនៅតំបន់ព្រំដែន ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩។ មន្ត្រីសង្គមស៊ីវិលយល់ថា ពលករត្រឡប់មកកម្ពុជាអំឡុងពេលនេះ អាចនឹងជួបការលំបាក ប្រសិនបើរដ្ឋាភិបាលមិនជួយរកការងារដល់ពួកគាត់។
អាជ្ញាធរខ្មែរបានបញ្ជូនពលករទាំងនោះទៅធ្វើចត្តាឡឺស័កភ្លាមៗ បន្ទាប់ពីអាជ្ញាធរថៃបញ្ជូនពួកគាត់មកដល់ព្រំដែនកម្ពុជា។
ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យទទួលបន្ទុកផ្នែកការពារព្រំដែន លោក អ៊ុំ សុផល ប្រាប់អាស៊ីសេរីនៅព្រឹកថ្ងៃទី២២ កុម្ភៈថា អាជ្ញាធរថៃបានបញ្ជូនពលករខ្មែរជាង ២០០នាក់ប្រគល់ឱ្យអាជ្ញាធរកម្ពុជាតាមច្រករបៀងព្រំដែនក្នុងឃុំអូរបីជាន់ និងច្រករបៀងព្រំដែននៅក្នុងស្រុកម៉ាឡៃនៅព្រឹកថ្ងៃទី២២កុម្ភៈ។ បន្ថែមពីនេះ ពលករមិនអាចលួចចូលមកកម្ពុជាដោយមិនបានធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃអំឡុងពេលនេះបានឡើយ៖ «គេដឹកទៅធ្វើចត្តាឡឺស័កតាមស្រុក និងខេត្តទាំងអស់ហ្នឹងឯង។ នៅពេលពលករមកដល់គេដឹកយកទៅទាំងអស់ហ្មង គេអត់ទុកទេ»។
អាជ្ញាធរខេត្តបន្ទាយមានជ័យធ្វើមណ្ឌលចត្តាឡឺស័កដល់ពលករត្រឡប់មកពីប្រទេសថៃនៅតាមស្រុកជាប់ព្រំដែន និងនៅក្រុងសិរីសោភ័ណ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ធគារ យល់ថា មូលហេតុដែលពលករត្រឡប់មកកម្ពុជាអំឡុងពេលមានការរាតត្បាតជំងឺកូវីដ១៩ នេះ ដោយសារតែពួកគាត់មានជីវភាពខ្វះខាតបណ្ដាលមកពីអត់ការងារធ្វើជាច្រើនខែនៅប្រទេសថៃ៖ «អ្វីដែលសំខាន់យើងឃើញថា ពលករមានលក្ខណៈ២យ៉ាងដែរ ទីមួយពួកគាត់អត់ការងារធ្វើអីចឹងបើអត់ការងារធ្វើ ពួកគាត់ត្រូវត្រូវត្រឡប់មកវិញ ។បើត្រឡប់មកវិញគាត់ឱ្យគេជូនមកមានតម្លៃថ្លៃ បើសិនជាឱ្យប៉ូលិសចាប់ទៅគេបញ្ជូនមកគាត់អត់អស់លុយអីច្រើនទេ ។អីចឹងគាត់មកចូលធ្វើចត្តាឡឺស័កនៅកម្ពុជាអត់មានយកលុយយកកាក់អីចឹងពួកគាត់អាចត្រឡប់មកស្រុកវិញបាន។អានេះតាមយើងបានសាកសួរពលករកន្លងមក»។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាតាមរយៈសំឡេងសារបែកធ្លាយជាថ្មីថា អាជ្ញាធរខេត្តឧត្ដរមានជ័យត្រូវទប់ស្កាត់ក្រុមមេខ្យល់លួចនាំពលរដ្ឋខ្មែរឆ្លងដែនចូលទៅប្រទេសថៃខុសច្បាប់ ក្នុងអំឡុងពេលនេះ។ លោកហ៊ុន សែន បញ្ជាក់ថា ប្រសិនបើអាជ្ញាធរចាប់បានមេខ្យល់ ត្រូវបញ្ជូនពួកគេទៅដាក់ក្នុងពន្ធនាគារ រួមចាំបញ្ជូនទៅតុលាការកាត់ទោសតាមក្រោយ៖ «អានេះជាប្រភេទជួញដូរមនុស្សកិបកេងកម្លាំងពលកម្មយកទៅធ្វើការនៅស្រុកគេហើយមិនបានប្រាក់ខែគ្រប់គ្រាន់ ត្រូវគេប្រមាណ ត្រូវគេចាប់ដាក់គុកសព្វបែបយ៉ាង។ ដូច្នេះត្រូវធ្វើកិច្ចការងារហ្នឹងឱ្យបានល្អជាមួយហ្នឹងប្រមូលជាពួកក្រុមហ្នឹងឱ្យអស់ អាហ្នឹងនាំឱ្យកាត់បន្ថយ ហើយនេះគឺជាការគោរពសិទ្ធិរស់មានជីវិតគោរពសិទ្ធិរបស់ប្រជាជនទូទាំងប្រទេសហើយ។ អីចឹងវាប៉ះពាល់ដល់អាអ្នកដែលវាមិន! ទុកឱ្យពួកអ្នកសិទ្ធិមនុស្សទៅការពារអាមនុស្សខូចម្នាក់ពីរហ្នឹងទៅ»។
បន្ថែមពីនេះមេដឹកនាំរបបក្រុងភ្នំពេញ ក៏បញ្ជាឱ្យអាជ្ញាធរខេត្តជាប់ព្រំដែនថៃ ទប់ស្កាត់មិនឱ្យពលករខ្មែរចេញ និងចូលមកកម្ពុជាដោយមិនបានធ្វើចត្តាឡឺស័កចំនួន ១៤ថ្ងៃនោះឡើយ។
អាជ្ញាធរខេត្តជាប់ព្រំដែនប្រទេសថៃ រួមមាន ខេត្តប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ និង ខេត្តឧត្ដរមានជ័យជាដើម នៅតែបន្តដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធជាច្រើននាក់យាមការពារតឹងតែងនៅតំបន់ព្រំដែន ដើម្បីទប់ស្កាត់ពលករខ្មែរលួចឆ្លងដែនទៅលេងស្រុកកំណើត ដោយមិនបានធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ។
ចាប់តាំងពីចុងឆ្នាំ២០២០ ដល់ថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០២១ នេះ មានពលករខ្មែរជាង ៣ម៉ឺន ៥ពាន់នាក់ហើយ (៣៥.៦៦៥) ហើយបានត្រឡប់មកពីធ្វើការនៅប្រទេសថៃ។ ក្នុងនោះក្រសួងសុខាភិបាល រកឃើញពលករប្រមាណ ៩០នាក់ បានឆ្លងជំងឺកូវីដ១៩។
ទោះជាយ៉ាងណាពលករខ្មែរនៅក្នុងប្រទេសថៃភាគច្រើន ជាពិសេសអ្នកធ្វើការខុសច្បាប់ កំពុងជួបវិបត្តិទ្វេគ្រោះ គឺនៅក្នុងប្រទេសថៃអត់ការងារធ្វើដោយសារការរាតត្បាតនៃជំងឺកូវីដផង និងមិនអាចត្រឡប់មកកម្ពុជាវិញបានផង។
មន្ត្រីសិទ្ធិមនុស្សលោក ស៊ុំ ច័ន្ធគារ និយាយថា វិធានការរបស់លោក ហ៊ុន សែន នេះ អាចនឹងធ្វើឱ្យពលរដ្ឋជួបការលំបាកកាន់តែខ្លាំង ដោយសារពួកគាត់អត់ការងារធ្វើនៅក្នុងស្រុក។ មន្ត្រីសង្គមស៊ីវិលរូបនេះបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហានេះរដ្ឋាភិបាលគួរតែបញ្ជូនមន្ត្រីជំនាញពាក់ព័ន្ធចុះបង្រៀនប្រជាពលរដ្ឋធ្វើកសិកម្ម និងជួយរកទីផ្សារលក់កសិផលក្នុងតម្លៃសមរម្យជូនដល់កសិករ ដើម្បីឱ្យពួកគាត់មានការងារធ្វើរកប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។