អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​ពលករ​ខ្មែរ​ជិត​២០​នាក់​​ឆ្លង​​ដែន​​ទៅ​​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ខុសច្បាប់

ដោយ ជាតិ ចំណាន
2021-10-25
Share
អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​ពលករ​ខ្មែរ​ជិត​២០​នាក់​​ឆ្លង​​ដែន​​ទៅ​​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ខុសច្បាប់ ពលករ​ខ្មែរឆ្លង​ដែន​ខុស​ច្បាប់​ចំនួន ៦ នាក់​ដែល​យោធាថៃ​ចាប់​ឃាត់​ខ្លួន​ពេល​ឆ្លងដែន​ខុសច្បាប់​ទៅ​រក​ការងារ​ធ្វើ​នៅក្នុង​ប្រទេសថៃ​កាលពី​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១។
រូប៖ សារព័ត៌មានថៃ

អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​ពលករ​ខ្មែរ​ជិត​ ២០ ​នាក់​ក្នុង​ពេល​ដែល​ពួកគេ​លួច​ឆ្លង​ដែន​ទៅ​​រក​ការងារ​ធ្វើ​​នៅ​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់។ មន្ត្រី​សង្គម​ស៊ីវិល​ សង្កេត​ឃើញ​ថា ​​ពលករ​ឆ្លង​ដែន​អំឡុង​ពេល​នេះ​ ដោយសារ​ពួកគេ​មាន​ជីវភាព​ក្រីក្រ​ និង​អត់​ការងារ​ធ្វើ​នៅ​ក្នុង​ស្រុក​។

ទាហាន​ថៃ​បាន​ចាប់​ពលករ​ខ្មែរ​ចំនួន ​១៧​ នាក់​ក្នុង​ពេល​ពួកគេ​​ធ្វើ​ដំណើរ​នៅ​ស្រុក​តាផាក់យ៉ា​ (Taphaya)​​ ខេត្ត​ស្រះកែវ ជាប់​ព្រំដែន​ស្រុក​ស្វាយចេក​ ខេត្ត​បន្ទាយមានជ័យ​ នៅ​យប់​ថ្ងៃ​ទី​២៣​ ខែតុលា​។ ​សារព័ត៌មាន​ថៃ​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី២៤​ ខែតុលា ​ឱ្យ​ដឹង​ថា ពលករ​ទាំង​នោះ​​​ ត្រូវ​បាន​មេ​ខ្យល់​ជនជាតិ​ខ្មែរ​នាំ​ទៅ​រក​ការងារ​ធ្វើ​នៅ​​ខេត្ត​ជាប់​ទីក្រុង​បាងកក​(Bangkok)​

ស្នងការ​រង​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ទទួល​បន្ទុក​ការពារ​ព្រំដែនលោក អ៊ុំ សុផល​ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ​អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ពលករ​ខ្មែរ​ទាំង ​១៧ ​នាក់​នោះ​​​​​និង​​មេ​ខ្យល់​ម្នាក់​ប្រគល់​ឱ្យ​អាជ្ញាធរ​កម្ពុជា​​នៅ​ព្រឹក​ថ្ងៃ​​ទី​២៤​ ខែតុលា។ លោក​បញ្ជាក់​ថា ​​​ក្រុម​ពលករ​ត្រូវ​បាន​អាជ្ញាធរ​ខ្មែរ​បញ្ជូន​​ទៅ​ធ្វើ​ចត្តាឡឺស័ក​នៅ​ទីរួម​ខេត្ត​បន្ទាយមានជ័យ​​ភ្លាមៗ​ក្រោយ​ពេល​​អាជ្ញាធរ​បញ្ជូន​​មក​ដល់​កម្ពុជា។​ ចំពោះ​មេខ្យល់​វិញលោក​ថា ​លោក​បាន​បញ្ជូន​​​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​​​ចាត់​ការ​​តាម​ច្បាប់​៖ «គេ​ចាប់​យប់​មិញ ខ្ញុំ​សុំ​គាត់​ឱ្យ​បញ្ជូន​មក​កម្ពុជា ដើម្បី​យើង​សួរ​នាំ​រក​មេខ្យល់។ មេខ្យល់​ចាប់​បាន​ហើយ​ តែ​សួរ​ទៅ​ជំនាញ​ ព្រោះ​ខ្ញុំ​បាន​ចាប់​បញ្ជូន​ទៅ​ជំនាញ​ហើយ​ សួរ​លោក​ឧត្ដមសេនីយ៍​ស្នងការ។ គេ​បញ្ជូន​មក​ដល់​ខ្មែរ​អស់​ហើយ​ ទាំង​ខាង​ម៉ាឡៃ​១១​នាក់​ក៏​បញ្ជូន​មក​អស់​ហើយ​បញ្ជូន​មក​ដល់​មិញ​នេះ​​»

មេ​ប៉ូលិស​ផ្កាយ​មួយ​រូប​នេះ​បន្ត​ថា នៅ​ថ្ងៃ​ដដែល​​អាជ្ញាធរ​ថៃ​បាន​ចាប់​បញ្ជូន​ពលករ​ខ្មែរ​​ជាង ​៤០ ​នាក់​ត្រឡប់​មក​កម្ពុជា​វិញ​តាម​ច្រក​របៀង​ព្រំដែន​​ក្នុង​ស្រុក​ម៉ាឡៃ​​និង​​ស្រុក​អូរជ្រៅ​ខេត្ត​បន្ទាយមានជ័យ។​ លោក​ថា ពលករ​​ភាគ​ច្រើន​ត្រូវ​បាន​​ថៃ​ចាប់​ខ្លួន​នៅ​តំបន់​ព្រំដែន​​ជាប់​កម្ពុជា ក្នុង​ពេល​ដែល​ពួកគេ​លួច​ឆ្លង​ដែន​ទៅ​រក​ការ​ងារ​ធ្វើ​នៅ​ប្រទេស​ថៃ​​ខុស​ច្បាប់។

ចាប់​តាំង​ពី​ចប់​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​មក​មាន​ពលករ​ខ្មែរ​ជា​ច្រើន​នាក់​​បាន​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ​​ជា​បន្ត​បន្ទាប់។ ក្នុង​នោះ​​យ៉ាង​ហោច​ណាស់​មាន​ពលករ​​ប្រមាណ​ពី​ ១០ ​ទៅ​ជាង ​៥០ ​នាក់ ​ត្រូវ​បាន​​អាជ្ញាធរ​ខ្មែរ​ចាប់​ខ្លួន​ក្នុង​ពេល​ពួកគេ​បម្រុង​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ។​​​​​​​​

ជុំ​វិញ​រឿង​នេះ​មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​(Adhoc)​ខេត្ត​បន្ទាយមានជ័យ​លោក ស៊ុំ ច័ន្ទគា ​​សង្កេត​ឃើញ​ថា ​មូលហេតុ​ដែល​ប្រជាពលរដ្ឋ​ឆ្លង​ដែង​ដោយ​ប្រថុយប្រថាន​អំឡុង​ពេល​នេះ​ ដោយសារ​​​ពួកគេ​មាន​ជីវភាព​ក្រីក្រ ​និង​គ្មាន​ការងារ​ធ្វើ​នៅ​​ក្នុង​​ស្រុក​។ ​​លោក​ថា ​ពលករ​មិន​គួរ​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ​​អំឡុង​ពេល​នេះ​​ទេ ពីព្រោះ​​សកម្មភាព​បែប​នេះ​​ប្រឈម​នឹង​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​ ​ឆ្លង​ជំងឺ​កូវីដ​១៩ និង​ប្រឈម​ទាហាន​ថៃ​បាញ់​សម្លាប់ជា​ដើម៖ «ទៅ​តាម​ភូមិ​ស្រុក​នីមួយៗ​ថា​ តើ​ពួក​គាត់​ហ្នឹង​មាន​ការងារ​អី​ធ្វើ​ឥឡូវ​ហ្នឹង​ ហើយ​ដំឡូង​ស្រូវ​ ភាគ​ច្រើន​លិច​ទឹក​អស់​។ អីចឹង​ ហើយ​មាន​តែ​បណ្ដែត​បណ្ដោយ​​ខ្លួន​ទៅ​រក​ធ្វើ​ជា​កម្មករ​​ធ្វើ​ជា​ពលករ​នៅ​ប្រទេស​ថៃ​ដើម្បី​យក​ប្រាក់​យក​មក​ ដោះស្រាយ​ជីវភាព​ផង​ សង​ធនាគារ​ផង​។ ​ព្រោះ​ថា ​សព្វ​ថ្ងៃ​ហ្នឹង​​កូវីដ​ៗ​ហើយ​ ប៉ុន្តែ​ធនាគារ​​នៅ​តែ​ដើរ​​ទារ​លុយ​ធម្មតា​ហ្នឹង​ មិន​មែន​​ការ​រស់​នៅ​សព្វ​ថ្ងៃ​អ្នក​ជំពាក់​លុយ​​ហ្នឹង​ធនាគារ​គេ​ប្រាប់​ថា អីចឹង​ឯង​រក​លុយ​អត់​បាន​​អី​គេ​ឈប់​ទារ​​ឈប់​អី​អត់​ទេ​នៅ​ទាំង​អស់​»

របាយការណ៍​អង្គការ​សង់ត្រាល់ឲ្យ​ដឹង​ថា ចាប់​​ពី​ខែ​មករា រហូត​ដល់​ខែ​កក្កដា ឆ្នាំ​២០២១ មាន​​ពលរដ្ឋ​ខ្មែរ​ជាង៧រយនាក់ (៧៤១​ត្រូវ​បាន​ឃាត់​ខ្លួន​ ពាក់ព័ន្ធ​នឹង​ការ​លួច​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ក្នុង​នោះ​មនុស្ស​ជិត​៤រយនាក់ (៣៦០​) ​ត្រូវ​បាន​អាជ្ញាធរ​​​កម្ពុជា​និង​ថៃ​​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​ចាត់ការ​តាម​ច្បាប់។ របាយការណ៍​ដដែល​រក​ឃើញ​ថា មាន​ពលរដ្ឋខ្មែរ​រាប់ពាន់​នាក់​បាន​ចាញ់​បោក​មេខ្យល់​នាំ​ឆ្លង​ដែន​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ អំឡុង​ពេល​​មាន​ការ​រាតត្បាត​ជំងឺ​​ខ្លាំង​។

មន្ត្រី​សង្គម​ស៊ីវិលលោក ស៊ុំ ច័ន្ទគា ​​យល់​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​​រដ្ឋាភិបាល​គួរតែ​​បង្កើត​​ការងារ​ក្នុងស្រុក​ឱ្យ​បាន​ច្រើន ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​រក​ប្រាក់​ចំណូល​​ដោះស្រាយ​ជីវភាព​គ្រួសារ។ បន្ថែម​ពី​នេះ​​រដ្ឋាភិបាល​ត្រូវ​ជួយ​រក​ទីផ្សារ​លក់​កសិផល​ក្នុង​តម្លៃ​សមរម្យ​ជូន​ដល់​កសិករ។ លោក​​ជឿ​ជាក់​ថា ប្រសិន​បើ​រដ្ឋាភិបាល​​នៅ​តែ​មិន​ដោះស្រាយ​បញ្ហា​នេះ​ទេ​ នោះ​ប្រជាពលរដ្ឋ​នឹង​ធ្វើ​ចំណាក​ស្រុក​កាន់​តែ​ច្រើន​៕​​​​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល