ប៉ូលិសថៃនៅខេត្តស្រះកែវចាប់ខ្លួននាយទាហានខ្មែរម្នាក់ ដែលកាន់អាវុធបើកឡានសម្រុកចូលប្រទេសថៃដោយខុសច្បាប់ ធ្វើឲ្យផ្អើលឆោឡោនៅច្រកព្រំដែនអន្តរជាតិស្រុកសំពៅលូន ខេត្តបាត់ដំបង។ មន្ត្រីសង្គមស៊ីវិលយល់ថា នាយទាហានខ្មែរ ដែលមានឋានន្តរសក្ដិគួរធ្វើខ្លួនឲ្យសមជាអ្នកអនុវត្តច្បាប់ មិនត្រូវអាងស័ក្ដិលើស្មា ហើយដើរបង្ករឿងតាមចិត្តនោះទេ។
អាជ្ញាធរថៃនៅខេត្តស្រះកែវ បានចាត់កងកម្លាំងពិសេសប្រមាណ ២០នាក់ ចូលទៅចាប់នាយទាហានស័ក្ដិ៥ ខ្មែរម្នាក់ស្រវឹងស្រា ដែលបានបើកឡានទំនើបទម្លុះចូលទឹកដីថៃ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ដោយមិនបានឆ្លងកាត់ការឆែកឆេរ ហើយកាន់កាំភ្លើងក្នុងទីសាធារណៈដោយខុសច្បាប់។
លោកវរសេនីយ៍ឯក សុខ បានផល ជានាយទាហានស័ក្ដិ៥ ប្រចាំតំបន់យោធភូមិភាគទី៥ ត្រូវប៉ូលិសថៃចាប់ខ្លួននៅពេលលោកចេញពីឡាន បន្ទាប់ពីសម្ងំក្នុងឡានអស់ ២៤ម៉ោង។ តាមការសន្និដ្ឋានរបស់ប៉ូលិសថៃ នាយទាហានរូបនេះ ទំនងជាមានបញ្ហាក្នុងគ្រួសារ ហើយផឹកស្រាស្រវឹង បន្ទាប់មកបើកឡានទម្លុះព្រំដែនពីខ្មែរចូលមកថៃ ដោយមិនព្រមឲ្យប៉ូលិសព្រំដែនត្រួតពិនិត្យ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំសេចក្ដីអត្ថាធិប្បាយរឿងនាយទាហានខ្មែរបើកឡានឆ្លងដែនចូលប្រទេសថៃនោះ ពីអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ អ្នកនាំពាក្យសាលាខេត្តបាត់ដំបង និងអង្គភាពយោធភូមិភាគទី៥ បានទេ នៅថ្ងៃទី៧ ខែវិច្ឆិកា។
ជុំវិញរឿងនេះដែរ អ្នកសម្របសម្រួលអង្គការលីកាដូប្រចាំខេត្តបាត់ដំបង លោក អ៊ិន គង់ជិត លើកឡើងថា នាយទាហានខ្មែរ ដែលបានប្រើអាកប្បកិរិយាមិនសមរម្យ បើកឡានចូលប្រទេសថៃទាំងបំពានបម្រាមប៉ូលិសព្រំដែន ហើយមិនឲ្យអាជ្ញាធរត្រួតពិនិត្យរថយន្ត ជាទង្វើមួយនាំឲ្យអាប់ឱនមុខមាត់ប្រទេសខ្មែរ ព្រោះអ្នកចេះច្បាប់បែរមិនគោរពច្បាប់។ លោកបន្តថា មន្ត្រីថ្នាក់លើគួរតែអប់រំនាយទាហានរបស់ខ្លួន ដើម្បីឲ្យពួកគេអនុវត្តច្បាប់បានខ្ជាប់ខ្ជួន ហើយបើទាហានទាំងនោះប្រព្រឹត្តខុស ថ្នាក់លើគួរតែដាក់ទោស ឬក៏ទម្លាក់ងារឲ្យក្លាយជាមនុស្សសាមញ្ញវិញ៖
« ក្នុងនាមគាត់ជាមន្ត្រីយោធាជាន់ខ្ពស់ម្នាក់គាត់គួរតែធ្វើជាគំរូ ព្រោះគាត់តំណាងឲ្យជាតិសាស្ត្រខ្មែរយើងមួយដែរ ដែលគាត់ទៅប្រព្រឹត្តអំពើល្មើសនៅស្រុកគេហ្នឹង វាធ្វើឲ្យប៉ះពាល់ខូចកិត្តិយសដល់មន្ត្រីយោធាជាន់ខ្ពស់ជាតិកម្ពុជាយើង។ មន្ត្រីខ្លះ គាត់មានឥរិយាបថល្អ ចេះគោរពវិន័យ និងច្បាប់ប្រទេសខ្លួនឯងផង និងច្បាប់ប្រទេសដទៃផង » ។
ប៉ូលិសថៃនៅខេត្តស្រះកែវ បានបញ្ជូននាយទាហានខ្មែរ ទៅមន្ទីរពេទ្យ ក្រោយពីបង្ក្រាបបាន ដោយដកហូតបានកាំភ្លើងខ្លីមួយដើម មានគ្រាប់ ១៧គ្រាប់។ អាជ្ញាធរថៃបានចោទនាយទាហានខ្មែរ លោកវរសេនីយ៍ឯក សុខ បានផល ចំនួន ៤ករណី គឺទី១ ពីបទឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់ ទី២ បទនាំចូលរថយន្តដោយគ្មានការត្រួតពិនិត្យពីអាជ្ញាធរគយ ទី៣ បទប្រឆាំងក្នុងការបង្ក្រាបរបស់សមត្ថកិច្ច នាំឲ្យខូចខាតទ្រព្យសម្បត្តិ និងទី៤ បទនាំអាវុធមកទីសាធារណៈដោយគ្មានការអនុញ្ញាត។
ប៉ូលិសថៃ កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីឲ្យចាត់វិធានការលើមន្ត្រីយោធាខ្មែរ ដែលស្រវឹងស្រា ហើយប្រព្រឹត្តល្មើសច្បាប់ក្នុងប្រទេសថៃ តាមបទចោទ ៤ករណីខាងលើ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។