រដ្ឋបាលខេត្តព្រះសីហនុ ប្រកាសបិទបញ្ចប់ការយកទីតាំងកាស៊ីណូអនឡាញ (Online) ដឺសេនជូរី (The Century) ជាមណ្ឌលចត្តាឡីស័ក និងកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ រួមទាំងផ្អាកអាជីវកម្មកាស៊ីណូនេះបណ្ដោះអាសន្ន។
សេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី ២២ ខែតុលា ឲ្យដឹងថា អាជ្ញាធរសម្រេចបិទបណ្ដោះអាសន្នទីតាំងកាស៊ីណូដឺសេនជូរីរបស់ចិន ស្ថិតនៅភូមិ ៥ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ដែលធ្លាប់ជាមណ្ឌលចត្តាឡីស័ក កន្លែងព្យាបាលជំងឺកូវីដ-១៩ និងជាកន្លែងធ្វើចត្តាឡីស័កបន្តចំពោះអ្នកដែលបានជាសះស្បើយ នេះ ដើម្បីសមត្ថកិច្ចស្រាវជ្រាវ និងបន្តនីតិវិធី។
បុគ្គលិកកម្មករធ្លាប់ឲ្យដឹងថា ពួកគេជាង ៤រយនាក់ បានឆ្លងរាលដាលជំងឺកូវីដ-១៩ ប៉ុន្តែថៅកែមិនយកចិត្តទុកដាក់ មិនផ្ដល់ការព្យាបាលជំងឺ នាំឲ្យមានបុគ្គលិកម្នាក់ស្លាប់ ហើយលួងលោមឲ្យពួកគេធ្វើការទាំងឈឺ។ យ៉ាងហោចណាស់ក៍មាន បុគ្គលិកបានស្លាប់ក្រោយក្រុមគ្រួសារអះអាងថា នាងបានកើតជំងឺកូវីដ-១៩។ បច្ចុប្បន្ន ក្រុមគ្រួសារបានទាមទារឲ្យខាងក្រុមហ៊ុន សងជំងឺចិត្តចំពោះការស្លាប់បុគ្គលិកម្នាក់នេះ។
ជុំវិញរឿងរាវនេះ មន្ត្រីសហជីពឯករាជ្យសង្ស័យថា បនល្បែងស៊ីសងអនឡាញរបស់ចិនមួយនេះ មានចេតនាចង់ដោះដៃពីការទទួលខុសត្រូវរបស់ខ្លួនចំពោះបុគ្គលិកដែលបានឆ្លងជំងឺកូវីដ-១៩ និងស្លាប់នៅកន្លែងធ្វើការ ទើបតម្រូវឲ្យបុគ្គលិកដាក់ពាក្យលាឈប់ពីការងារដោយសន្យាថាមិនតវ៉ា ឬបង្កបញ្ហាអ្វីដល់ក្រុមហ៊ុននេះឡើយ។ ខណៈបនល្បែងស៊ីសងអនឡាញ ត្រូវបានរដ្ឋាភិបាលប្រកាសបិទមិនឲ្យដំណើរការតាំងពីឆ្នាំ ២០១៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។