សហភាព​​អឺរ៉ុប និង​​អង្គការ​​អន្តរជាតិ​​ចំនួន​៣ កំពុង​​ជួយ​​រដ្ឋាភិបាល​​ពង្រឹង​​ប្រព័ន្ធ​គាំពារ​​សង្គម

សហភាព​អឺរ៉ុប និង​អង្គការ​អន្តរជាតិ​ចំនួន៣ កំពុង​ជួយ​រដ្ឋាភិបាល​ពង្រឹង​ប្រព័ន្ធ​គាំពារ​សង្គម​នៅ​កម្ពុជា។ អង្គការ​ទាំង​៣​នោះ​រួមមាន​អង្គការ​អន្តរជាតិ​ខាង​ការងារ ​(ILO) អង្គការ​អុកស្វាម​ (Oxfam) និង​​មូលនិធិ​សហប្រជាជាតិ​សម្រាប់​កុមារ ឬយូនីសេហ្វ (UNICEF)។

សហភាព​អឺរ៉ុប និង​អង្គការ​ទាំង​៣​នេះ​កំពុង​អនុវត្ត​គម្រោង​គាំទ្រ​ដល់​រដ្ឋាភិបាល ក្នុង​ការកែទម្រង់​ប្រព័ន្ធ​គាំពារ​សង្គម ដែល​មាន​គោលបំណង​រួមចំណែក​ដល់​ការឆ្លើយ​​តប​​ភ្លាមៗ​​ចំពោះ​ជំងឺ​កូវីដ-១៩ និង​គាំទ្រ​ការអនុវត្ត​ក្របខណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម។

ការគាំទ្រ​នេះ​ផ្ដល់​តាមរយៈ​គម្រោង​ចំនួន​២ ដែល​រួមមាន គម្រោង​លើក​កម្ពស់​ប្រព័ន្ធ​គាំពារ​សង្គម​ និង​ឆ្លើយ​តប​គ្រោះអាសន្នដល់មនុស្សគ្រប់គ្នា ហៅកាត់​ថា​ហ្វើសតិ៍​(First)​ និង​​គម្រោង​​លើក​​កម្ពស់​សេវា​គាំពារ​សង្គម​នៅ​កម្ពុជា។

គម្រោង​ហ្វើសតិ៍​នេះ អង្គការ​អុកហ្វាម ដែល​ទទួល​បាន​ជំនួយ​ឥត​សំណង​ពី​សហភាព​អឺរ៉ុប​ចំនួន ១លាន ៨សែនអឺរ៉ូ (១,៨ លាន) កំពុង​ធ្វើការជាមួយ​ដៃគូចំនួន​១១ មាន​​អង្គការ​សង្គម​ស៊ីវិល សហជីព និង​សមាគម​ក្នុងស្រុក និង​បន្ត​រហូត​ដល់​ឆ្នាំ២០២៣។ ចំណែក​គម្រោង​ទី២​វិញ ទទួល​បាន​ទឹក​ប្រាក់ជិត​ ៥លាន ៦សែនអឺរ៉ូ​ (៥,៦លាន)​​ ដឹកនាំ​ដោយ​ក្រុមប្រឹក្សាជាតិ​គាំពារ​សង្គម អនុវត្ត​ដោយ​អង្គការ​ ILO និង​យូនីសេហ្វ រហូត​ដល់​ឆ្នាំ២០២៤។

សហភាព​អឺរ៉ុប សន្យាថា ​នឹងបន្តផ្តល់ការគាំទ្រ​របស់ខ្លួន​ដើម្បីជួយដល់​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​សម្រេច​បាន​នូវ​វត្ថុបំណង​យូរអង្វែង​នៃការពង្រីក​ការផ្តល់​ប្រព័ន្ធគាំពារ​សង្គម​ដល់មនុស្សគ្រប់គ្នា ជា​ពិសេស​ក្នុងចំណោម​កម្មករ​និយោជិតនិង​ពលរដ្ឋងាយ​រងគ្រោះដែល​ជា​ផ្នែក​មួយ​នៃការ​​ចូល​រួម​​ចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រនិង​​វិសមភាព​ក្នុងសង្គម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។