មន្ត្រី​សង្គម​ស៊ីវិល និង​អ្នក​បរិស្ថាន​ជំរុញ​ទៅ​រដ្ឋាភិបាល​ពន្លឿន​នាំ​យក​ប្រេង​ឆៅ​មក​កម្ពុជា​វិញ

0:00 / 0:00

អ្នក​ធ្វើការងារ​ផ្នែក​បរិស្ថាន និង​មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ទៅ​រដ្ឋាភិបាល​ពន្លឿន​ការ​ចរចា​នាំ​យក​ប្រេង​ឆៅ​មក​កម្ពុជា​វិញ ខណៈ​សំណុំរឿង​បាន​អូស​បន្លាយ​ជិត​៣​ខែ​មក​ហើយ ។ ឆ្លើយតប​ការ​លើកឡើង​នេះ មន្ត្រី​រដ្ឋាភិបាល​និយាយ​ថា សំណុំ​រឿង​នេះ​មាន​ភាពស្មុគស្មាញ​ដែល​អាច​ប្រើ​ពេល​យូរ​ដើម្បី​អាច​យក​ប្រេង​នោះ​មក​កម្ពុជា​វិញ​បាន។

គិត​មក​ដល់​ពេល​នេះ​ប្រេង​ឆៅ​កម្ពុជា​ជិត ៣០ ម៉ឺន​ធុង មានតម្លៃ​លើស​ពី​២០​លាន​ដុល្លារ ដែល​ត្រូវ​បាន​នាវា​ឈ្មោះ ស្ត្រូវ៉ូឡូស (Strovolos) ដឹក​ចេញពី​កម្ពុជា​នោះ មិនទាន់​មាន​តម្រុយ​ណាមួយ​ថា​នឹង​អាច​បញ្ជូន​មក​កម្ពុជា​ក្នុង​ពេលណា​ឲ្យ​ប្រាកដ​នៅឡើយ​ទេ​។ ចំណែក​ព័ត៌មាន​នៃ​ការ​វិវឌ្ឍ​ឬ​ការចរចា​រវាង​រដ្ឋាភិបាល​កម្ពុជា និង​ឥណ្ឌូណេស៊ី នោះ ក៏​មិនទាន់​ត្រូវ​បាន​រដ្ឋាភិបាល​បង្ហាញ​ឲ្យ​ដឹង​នោះ​ដែរ​។​

សកម្មជន​បរិស្ថាន​កញ្ញា ភួន កែវ​រស្មី ដែល​ធ្លាប់​ជាប់ពន្ធនាគារ​ព្រោះ​កិច្ចការ​ពារបរិស្ថាន យល់ថា បញ្ហា​ដែល​កើតឡើង​ដូច​សព្វថ្ងៃ​នេះ បណ្ដាល​មក​ពី​ការគ្រប់គ្រង​ធនធាន​មិនល្អ​របស់​រដ្ឋាភិបាល​។ សកម្មជន​បរិស្ថាន​រូប​នេះ សង្ឃឹមថា រដ្ឋាភិបាល​នឹង​ប្រឹងប្រែង​ទាមទារ​យក​ប្រេង​ឆៅ​ទាំង​នោះ​មក​កម្ពុជា​វិញ​ក្នុង​ពេល​ឆាប់ៗ​នេះ​ដើម្បី​បំរើ​ប្រយោជន៍​ជាតិ៖ « មើល​ថែរក្សា​វា​ (​ ប្រេង​ឆៅ​ )​ ឲ្យ​បាន​ល្អ​ឬក៏​យក​វា​មក​អភិវឌ្ឍន៍​ឲ្យ​បាន​ល្អ​ទេ បែរជា​មានការ​ធ្វេសប្រហែស ឲ្យ​គេ​លួច​យក​ទៅ​បាត់​រហូតមកដល់​ឥឡូវ​អត់​ទាន់​ឃើញ​មានការ​ចរចា​ណាមួយ​មាន​ប្រសិទ្ធភាព​អាច​យក​ប្រេង​នោះ​វិញ​សម្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរ»។

ស្រដៀង​គ្នា​នេះ​ដែរ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​ការអភិវឌ្ឍន៍​និង​សន្តិភាព លោក យង់ គិមអេង ព្រួយបារម្ភ​ថា ប្រេង​ឆៅ​នេះ​អាច​នឹង​ត្រូវ​បាត់បង់ បើ​នៅ​មាន​ការ​អូស​បន្លាយ​ពេល​វេលា​រាប់​ខែ​បែប​នេះ​ទៀត​។ លោក​ជំរុញ​ទៅ​រដ្ឋាភិបាល បង្ហាញ​ពី​កិច្ចប្រឹងប្រែង​របស់​ខ្លួន​ក្នុង​ការ​ទាមទារ​ប្រេង​នេះ៖ «ជា​ការ​ព្រួយបារម្ភ​ថា​តើ​មាន​ករណី​លួច​អ៊ីចឹង​យើង​មិន​ចេះ​តាមដាន​ត្រឹមត្រូវ​យើង​មិនបាន​ស្នើសុំ​យក​មក​វិញ​ទេ ជា​រឿង​មួយ​យើង​មានការ​ព្រួយបារម្ភ​សម្រាប់​ការបាត់បង់​ជា​បន្តបន្ទាប់​ថ្លៃ​ក្រោយ​ទៀត»។

ជុំវិញ​បញ្ហា​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន និយាយ​ថា លោក​ស្វាគមន៍​ការ​លើកឡើង​របស់​មន្ត្រី​សង្គម​ស៊ីវិល ព្រោះ​រដ្ឋាភិបាល​ក៏​មាន​ជំហរ​នាំ​យក​ប្រេង​ឆៅ​ទាំង​នោះ​មក​កម្ពុជា​ឲ្យ​បាន​លឿន​ដែរ​។ ទោះ​យ៉ាងណា លោក​ថា សំណុំ​រឿង​នេះ​អាច​នឹងត្រូវ​ប្រើពេល​យូរ​បន្តិច​ព្រោះ​ជា​ករណី​​ស្មុគស្មាញ និង​ជាប់​ទាក់ទង​នឹង​ការសម្រេច​របស់​តុលាការ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ផង៖ «ស្ថិត​ក្នុង​ការ​ប្ដឹងប្ដល់​របស់​តុលាការ​ទឹកដៃ​កប៉ាល់​ហ្នឹង​ចត​ដែល​គេ​ចាប់​នៅ​ប្រព័ន្ធ​តុលាការ​ឥណ្ឌូណេស៊ី​ម្ល៉ោះហើយ​យើង​អត់​សិទ្ធិ​អូស​កប៉ាល់​មកវិញ​នៅឡើយ​ទេ»។

ទោះ​មានការ​លើកឡើង​បែបនេះ​ក្ដី ក្រុម​អ្នកឃ្លាំមើល​សង្ស័យ​ថា រឿង​ករណី​កប៉ាល់​លួច​ប្រេង​ឆៅ​កម្ពុជា​នេះ អាច​ជាប់​ទាក់ទង​នឹង​អំពើពុករលួយ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ទើប​ភាគី​កម្ពុជា​បង្ហាញ​ព័ត៌មាន​តិចតួច និង​ពេលខ្លះ​ផ្ដល់​ដំណឹង​មិន​ច្បាស់លាស់​ថែមទៀត​ផង។ អាជ្ញាធរ​ឥណ្ឌូណេស៊ី​ធ្លាប់​អះអាង​ថា ការ​ប្រគល់​ប្រេង​ឆៅ​ឱ្យ​កម្ពុជា​វិញ​នោះ គឺ​ត្រូវ​មាន​ការ​សម្រេច​ដោយ​ដោយ​តុលាការ​ប្រទេស​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។