ថៅកែសណ្ឋាគារ ដឺ ហ្ក្រេត ឌ្យូក ភ្នំពេញ (THE GREAT DUKE PHNOM PENH) បានបើកប្រាក់ឈ្នួល ឲ្យបុគ្គលិកសណ្ឋាគារវិញហើយ ក្រោយមានការតវ៉ា ច្រើនម៉ោងនៅព្រឹកថ្ងៃទី៤ វិច្ឆិកា។ ក្រុមកម្មករ និយាយថា ពួកគេ ផ្ទុះការតវ៉ា ជាថ្មីនេះ ដោយសារ ថៅកែមិនជូនដំណឹងពីភាពយឺតយ៉ាវនៃការបើកប្រាក់ឈ្នួលប្រចាំខែតុលា។
កម្មករប្រាប់ថា ពួកគេទទួលបានប្រាក់ឈ្នួលតាមការទាមទារហើយ ក្រោយមានការតវ៉ា និងការចុះមកសម្របសម្រួលពីក្រុមអធិការកិច្ច ច្រើនម៉ោងមក។
កម្មករផ្នែកកក់បន្ទប់ម្នាក់ នៃសណ្ឋាគារ ដឺ ហ្ក្រេត ឌ្យូក ភ្នំពេញ លោក កង ច័ន្ទសាវ៉ាឌី និយាយថា ក្រុមកម្មករបានទទួលប្រាក់ឈ្នួល សម្រាប់ខែតុលា គ្រប់ចំនួនហើយ ក្រោយពេលមានការចរចា រវាងភាគីថៅកែ និងសហជីព រួចមក។ លោក ថា មូលហេតុនៃការតវ៉ា ដោយសារ ភាគីថៅកែសណ្ឋាគារ ដឺ ហ្ក្រេត ឌ្យូក បើកប្រាក់ឈ្នួលឲ្យយឺតយ៉ាវ ដោយមិនជូនដំណឹងប្រាប់បុគ្គលិក និងកម្មករ។ លោក ថា ប្រាក់ឈ្នួលបើកលើកនេះ ជាប្រាក់ឈ្នួលសម្រាប់ពាក់កណ្ដាលខែតុលា និងបញ្ចូលលុយធ្វើការថ្ងៃភ្ជុំបិណ្ឌ និងថែមម៉ោង៖ « ផ្ទុះការតវ៉ាហ្នឹង ដោយសារវា ( បើកលុយយឺត ) ញឹកញាប់ពេក។ និយាយទៅ សរុបមក៤ដងហើយ។ គេមិនបង្ហាញការយកចិត្តទុកដាក់ បង្ហាញការគោរពមកយើងជានិយោជិតណា។ អ្វីៗគួរតែជូនដំណឹងមុន ប្រាក់ខែហ្នឹង មិនមែនដល់ថ្ងៃ ស្ងាត់ឈឹង ដល់តែយើង follow up ទេ។ គាត់ត្រូវជូនដំណឹងមុន ព្រោះគាត់ជានិយោជក។ ប៉ុន្តែអត់ជូនដំណឹងម្ដង ជាពីរដង បីដង បួនដង ដល់យើងផ្ទុះការតវ៉ា ដូចព្រឹកមិញហ្នឹង»។
បុគ្គលិកនៃសណ្ឋាគារ ដឺ ហ្ក្រេត ឌ្យូក ភ្នំពេញ ជាង១រយ (១១៥)នាក់ នៅព្រឹកថ្ងៃទី០៤ វិច្ឆិកា បានប្រមូលផ្ដុំគ្នាតវ៉ា លើផ្លូវចូលសណ្ឋាគារ ដើម្បីទាមទារឲ្យថៅកែបើកប្រាក់ឈ្នួល និងប្រាក់ថែមម៉ោងឲ្យពួកគេ។ ក្រោយការតវ៉ា ច្រើនម៉ោង មន្ត្រីអធិការកិច្ចនៃក្រសួងការងារ បានចុះទៅសម្របសម្រួលដើម្បីឲ្យកម្មករចូលធ្វើការវិញ។
សណ្ឋាគារ ដឺ ហ្ក្រេត ឌ្យូក ភ្នំពេញ ស្ថិតតាមបណ្ដោយផ្លូវមុនីរ៉េត ក្បែរភ្លើងស្តុបផ្សារដើមគ រាជធានីភ្នំពេញ ជាអតីតសណ្ឋាគារ អ៊ីនធ័រខន់ធីណិនថល (Intercontinental)។ សណ្ឋាគារនេះ បានប្ដូរឈ្មោះ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ក្រោយពេលបានផ្លាស់ប្ដូរថៅកែ។ ប៉ុន្តែ បុគ្គលិកសណ្ឋាគារនេះភាគច្រើន ដែលមានអតីតភាពការងារយូរឆ្នាំ នៅបន្តធ្វើការដដែល។
ប្រធានសហព័ន្ធសហជីពកម្មករ និយោជិកវិស័យទេសចរណ៍កម្ពុជា លោក ទូច កុសល ប្រាប់ថា ក្រុមបុគ្គលិក បានតវ៉ាលើកបដា នៅក្នុងបរិវេណសណ្ឋាគារ ដោយមិនបានទៅឈរនៅលើផ្លូវមុនីរ៉េត ដូចកាល តវ៉ាលើកមុនទេ ដោយសារខ្លាចរងការចោទ លាបពណ៌ ថា រឿងនយោបាយ។ តែយ៉ាងណា លោក ថា ក្រុមបុគ្គលិក ក៏មានបំណងតវ៉ាមុខសណ្ឋាគារដែរ ប្រសិនបើ គ្មានដំណោះស្រាយទេនោះ។ លោក ទូច កុសល អះអាងថា មួយរយៈចុងក្រោយនេះ ក្រុមបុគ្គលិកសណ្ឋាគារ បានតវ៉ា៤ដងហើយ លើករណី បើកប្រាក់ឈ្នួលយឺតយ៉ាវ ដោយគ្មានជូនដំណឹងជាមុននេះ៖ « ដោយសារ វាខ្លាចប៉ះពាល់ដល់បញ្ហានយោបាយអ្វីអ៊ីចឹងណា។ ខ្លាចគេគិតថា យើងមានបញ្ហាពាក់ព័ន្ធរឿងនយោបាយអ្វី យើងអត់ចង់ឲ្យមានបញ្ហាអ្វី។ យើងគិតថា កុំឲ្យមានការចោទប្រកាន់ ឬក៏គេថា យើងធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ ជាដើមអ្វី។ អ៊ីចឹង បានយើងសម្រេចចិត្តធ្វើនៅហ្នឹង។ ប៉ុន្តែបើអត់មានដំណោះស្រាយកម្មករបានសំណូមពរមកខ្ញុំថា គាត់អាចនឹងធ្វើនៅខាងក្រៅ បើសិនថ្ងៃនេះ អត់ដោះស្រាយឲ្យ»។
ពាក់ព័ន្ធករណីក្រុមបុគ្គលិកនាំគ្នាតវ៉ានេះ ប្រធានផ្នែកគ្រប់គ្រងធនធានមនុស្សនៃសណ្ឋាគារ ដឺ ហ្ក្រេត ឌ្យូក ភ្នំពេញ លោក ជា ប៊ុនថន បដិសេធការធ្វើអត្ថាធិប្បាយ ដោយសារប្រាប់ថា ជាប់រវល់ប្រជុំ។ កម្មករ និងសហជីព ប្រាប់ថា ចាប់តាំងពីប្ដូរថៅកែ និងប្ដូរឈ្មោះសណ្ឋាគារមក ភ្ញៀវធ្លាក់ចុះខ្លាំង ដោយសារសណ្ឋាគារនេះ បានដំឡើងថ្លៃបន្ទប់ និងហ៊ុំព័ទ្ធរបងស័ង្កសី នៅមុខសណ្ឋាគារ ដោយ គ្មានការជួសជុលអ្វីឡើយ ដែលជាមូលហេតុធ្វើឲ្យមានការធ្លាក់ចុះភ្ញៀវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។