អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ​បង្កើត​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​ជំនាញ​កសិកម្ម​ជួយ​ពលករ

0:00 / 0:00

ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្លះ​ដែល​ធ្វើ​ការ​ផ្នែក​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ នៅ​ខេត្ត​ឧត្តរមានជ័យ ឱ្យ​ដឹង​ថា កម្មករ​ខ្មែរ​ជាច្រើន​នាក់​ដែល​ថៃ បាន​បញ្ជូន​ត្រឡប់​មក​វិញ កំពុង​ជួប​ប្រទះ​ភាព​គ្មាន​ការងារ​ធ្វើ ហើយ​ប្រឈម​មុខ​នឹង​ជីវភាព​ខ្វះខាត​ប្រចាំ​ថ្ងៃ។

ដោយសារ​បញ្ហា​នេះ កម្មករ​ភាគ​ច្រើន​នៅ​តែ​មាន​បំណង​ចូល​ទៅ​ប្រទេស​ថៃ ដើម្បី​រក​ការងារ​ធ្វើ​ជា​ថ្មី ដោយ​ពួក​គេ​មិន​អាច​ទ្រាំ​រស់នៅ​ក្នុង​ស្ថានភាព​ខ្វះខាត​បែប​នេះ​ឡើយ។

អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ ដែល​មាន​ព្រំដែន​ជាប់​ខេត្ត​សុរិន្ទ និង​ខេត្ត​បូរីរ៉ាំ របស់​ថៃ ឱ្យ​ដឹង​ថា គេ​កំពុង​ប្រឹងប្រែង​បង្កើត​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​ជំនាញ​កសិកម្ម​មួយ ដើម្បី​ជួយ​ដល់​កម្មករ​ខ្មែរ​ដែល​បាន​បញ្ជូន​ត្រឡប់​ពី​ប្រទេស​ថៃ ទាំង​ឡាយ​ណា​ដែល​មិន​ចង់​ចូល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ត​ទៅ​ទៀត​នោះ។

មជ្ឈមណ្ឌល​មួយ​កំពុង​ចាប់​ផ្ដើម​សាងសង់ ដើម្បី​រៀបចំ​បណ្ដុះបណ្ដាល​ជំនាញ​ដល់​អ្នក​ភូមិ​ខ្មែរ ឱ្យ​មាន​ជំនាញ​ផ្នែក​ដាំ​ដុះ និង​ចិញ្ចឹម​សត្វ ហើយ​អាច​រក​កម្រៃ​បាន​ប្រសើរ ដោយ​មិន​ចាំបាច់​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ដូច​កាល​ពី​មុន​ទៀត​ឡើយ។

នាយក​រដ្ឋបាល​សាលា​ខេត្ត​ឧត្តរមានជ័យ គឺ​លោក ហោ ជិនវិរៈយុទ្ធ។ លោក​មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​ឧត្ដរមានជ័យ បាន​បង្កើត​ក្រុម​ការងារ​មួយ ដើម្បី​ចុះ​ពិនិត្យ​មើល​ស្ថានភាព​កម្មករ​ខ្មែរ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ វិញ។ ការ​ចុះ​ពិនិត្យ​នោះ គឺ​អាជ្ញាធរ​ក៏​ចង់​ជួយ​លើក​ស្ទួយ​ដល់​ប្រជាពលរដ្ឋ​ណា​ដែល​មិន​ចង់​ចំណាក​ស្រុក ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ជា​ថ្មី​ទៀត តាម​រយៈ​ការ​ជួយ​បង្ហាត់​បង្រៀន​ជំនាញ​កសិកម្ម។ លោក ហោ ជិនវិរៈយុទ្ធ បញ្ជាក់​ទៀត​ថា បច្ចុប្បន្ន អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ កំពុង​សហការ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាច្រើន ដើម្បី​ធ្វើ​ការងារ​ផ្នែក​ជំនាញ​កសិកម្ម​នេះ៖ «ខេត្ត​យើង​បាន​យក​ចិត្ត​ទុក​ដាក់ មាន​ក្រុម​ការងារ​ចុះ​តាម​ក្រុង​ស្រុក​ណែនាំ​គាត់ រហូត​ដល់​ឥឡូវ យើង​ជំរុញ​ឱ្យ​មាន​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នៅ​នឹង​ខេត្ត​តែ​ម្ដង។ សំដៅ​ទៅ​លើ​វិជ្ជាជីវៈ​ផ្នែក​កសិកម្ម ហើយ​នៅ​ក្នុង​ហ្នឹង យើង​មាន​អង្គការ​មួយ​ចំនួន​កំពុង​តែ​ធ្វើ​កិច្ចការ​ហ្នឹង​ហើយ»

បន្ថែម​លើ​ការ​បង្កើត​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ជំនាញ​កសិកម្ម​នេះ អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ ក៏​កំពុង​ជំរុញ​ឱ្យ​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ប្រឹងប្រែង​រៀបចំ​ឯកសារ​នានា សម្រាប់​ឱ្យ​កម្មករ​ជាច្រើន​ទៀត​ដែល​ត្រូវ​ការ​ចូល​ទៅ​រក​ការងារ​ធ្វើ ឯ​ប្រទេស​ថៃ ជា​ថ្មី​ដែរ។

អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ ឱ្យ​ដឹង​ថា ចាប់​តាំង​ពី​ប្រទេស​ថៃ បញ្ជូន​កម្មករ​ខ្មែរ​ត្រឡប់​មក​វិញ​កាល​ពី​ដើម​ខែ​មិថុនា គឺ​មាន​កម្មករ​ខ្មែរ​ជាង ១​ម៉ឺន ២​ពាន់​នាក់ ត្រូវ​បាន​បញ្ជូន​តាម​ច្រក​ទ្វារ​ព្រំដែន​អូស្មាច់ ក៏ប៉ុន្តែ​ចំនួន​នេះ​មិន​មែន​សុទ្ធតែ​ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ ទាំងអស់​ទេ។ អាជ្ញាធរ​មូលដ្ឋាន និង​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្លះ រក​ឃើញ​ថា ចាប់​តាំង​តែ​ពី​ប្រទេស​ថៃ ចាប់​បញ្ជូន​កម្មករ​ខ្មែរ​ត្រឡប់​មក​វិញ គឺ​កម្មករ​ខ្លះ​ដែល​មក​រស់នៅ​តាម​ភូមិ​នា​ខេត្ត​ឧត្តរមានជ័យ មាន​ស្ថានភាព​គ្រួសារ​យ៉ាប់យ៉ឺន ដោយសារ​តែ​ជំពាក់​បំណុល និង​គ្មាន​ការងារ​ធ្វើ។

មេ​ឃុំ​គោកមន នៃ​ស្រុក​បន្ទាយអំពិល លោក អួន វី មាន​ប្រសាសន៍​ថា អ្នក​ភូមិ​របស់​លោក​ដែល​ជា​កម្មករ​ចំនួន​ប្រមាណ ៣០០​នាក់ ត្រូវ​ប្រទេស​ថៃ បញ្ជូន​ត្រឡប់​មក​វិញ។ ក្នុង​ចំណោម​កម្មករ​ទាំង​នោះ ភាគ​ច្រើន គឺ​ជា​អ្នក​មាន​ដី​ស្រែ និង​ចម្ការ ប៉ុន្តែ​ពួក​គេ​ចូល​ទៅ​ធ្វើ​ការ​ក្នុង​ប្រទេស​ថៃ គ្រាន់​តែ​រក​ប្រាក់​កម្រៃ​បន្ថែម។ ទោះ​យ៉ាង​ណា លោក​មេ​ឃុំ​ទទួល​ស្គាល់​ថា ក្នុង​ចំណោម​កម្មករ​ទាំង​នោះ​ក៏​មាន​ខ្លះ​ជា​គ្រួសារ​ទីទ័លក្រ​មែន​ទែន។ ក្រុម​អ្នក​ទីទ័ល​គ្មាន​ដី​ស្រែ និង​ចម្ការ​ទាំង​នោះ នឹង​មិន​អាច​ទ្រាំ​រស់នៅ​ដោយ​គ្មាន​ការងារ​ធ្វើ​បាន​ទេ គឺ​ពួក​គេ​កំពុង​ធ្វើ​បែបបទ​ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ជា​ថ្មី​ជា​បន្តបន្ទាប់៖ «អ្នក​អត់​មាន​គាត់​ត្រឡប់​ទៅ​វិញ​អស់​ហើយ ក៏ប៉ុន្តែ​អត់​ច្រើន​ទេ។ គាត់​បាន​លិខិត​ឆ្លង​ដែន​គាត់​ទៅ​វិញ​ខ្លះ ក៏ប៉ុន្តែ​អ្នក​ខ្លះ​មិន​ទាន់​បាន​ទៅ ភាគ​តិច​ណាស់​ដែល​ត្រឡប់​ទៅ​វិញ គាត់​រង់ចាំ​លិខិត​ឆ្លង​ដែន​ធ្លាក់​មក​សិន»

អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន ឱ្យ​ដឹង​ថា កម្មករ​ខ្មែរ​ខ្លះ​ដែល​រដ្ឋាភិបាល​ថៃ បញ្ជូន​ត្រឡប់​មក​វិញ គឺ​កំពុង​រស់នៅ​ក្នុង​ជីវភាព​ក្រីក្រ និង​លំបាក។ លោក ស្រី ណារ៉េន បញ្ជាក់​ថា នៅ​ជិត​ផ្ទះ​របស់​លោក​មាន​ប្ដី​ប្រពន្ធ​១​គ្រួសារ ទើប​តែ​វិល​ត្រឡប់​ពី​ប្រទេស​ថៃ គឺ​មិន​មាន​ការងារ​ធ្វើ​ទេ។ ជា​រៀង​រាល់​ថ្ងៃ ប្ដី​ប្រពន្ធ​នោះ​តែង​នាំ​គ្នា​ដើរ​ទិញ​អេតចាយ​ដើម្បី​បាន​ប្រាក់​កម្រៃ​ចិញ្ចឹម​ជីវិត៖ «ពី​មុន​មក​គាត់​ទៅ​ថៃ តែ​ឥឡូវ​ទំនេរ គាត់​ទៅ​រក​ទិញ​អេតចាយ​ទិញ​អី។ គាត់​មិន​ទាន់​ធ្វើ​លិខិត​ឆ្លង​ដែន​បាន ដល់​អ៊ីចឹង​គាត់​មាន​មុខ​របរ​គាត់​ចេះ​តែ​រក​តិតក់​នៅ​ស្រុក​ខ្មែរ​ទៅ»

អង្គការ​អភិវឌ្ឍន៍​កុមារ ដែល​ហៅ​កាត់​ថា ស៊ី.ឌី.អេ (CDA) ក្នុង​ខេត្ត​ឧត្តរមានជ័យ គឺ​ជា​ផ្នែក​មួយ​នៃ​គម្រោង​ជួយ​ដល់​ជីវភាព​កម្មករ​ក្រីក្រ​ខ្លះ ដែល​បញ្ជូន​ត្រឡប់​មក​ពី​ប្រទេស​ថៃ ដែរ។ ប្រធាន​អង្គការ​អភិវឌ្ឍន៍​កុមារ លោក ជី បូរ៉េត មាន​ប្រសាសន៍​ថា កន្លង​ទៅ​អង្គការ​របស់​លោក​បាន​ចុះ​ពិនិត្យ​នៅ​តាម​ភូមិ​មួយ​ចំនួន​ដែល​នៅ​ជុំវិញ​ទីក្រុង ហើយ​បាន​រក​ឃើញ​ថា ក្នុង​ចំណោម​កម្មករ​ជាច្រើន​ដែល​ប្រទេស​ថៃ បញ្ជូន​ត្រឡប់​មក​វិញ គឺ​មាន​ខ្លះ​បាន​ខ្ចី​បុល​ប្រាក់​ធនាគារ ដើម្បី​ទៅ​រក​ការងារ​ធ្វើ ក៏ប៉ុន្តែ​ទើប​តែ​ធ្វើ​ការ​បាន​កន្លះ​ខែ មិន​ទាន់​បាន​ប្រាក់​ឈ្នួល​ផង​ក៏​ត្រូវ​រដ្ឋាភិបាល​ថៃ ចាប់​បញ្ជូន​ត្រឡប់​មក​វិញ។ បញ្ហា​នេះ ធ្វើ​ឱ្យ​បន្ទុក​គ្រួសារ​របស់​គេ​ទទួល​អម្រែក​កាន់​តែ​ធ្ងន់ធ្ងរ ដោយសារ​តែ​ម្ចាស់​បំណុល​តាម​ទារ ហើយ​រក​ប្រាក់​ឱ្យ​គេ​មិន​បាន។

លោក ជី បូរ៉េត បញ្ជាក់​ទៀត​ថា អង្គការ​របស់​លោក​ក៏​បាន​ចូល​វិភាគទាន​ខ្លះ​ទៅ​ឱ្យ​គម្រោង​ជួយ​បណ្ដុះបណ្ដាល​ជំនាញ​កសិកម្ម ដល់​កម្មករ​ទាំង​នោះ និង​ម្យ៉ាង​ទៀត អង្គការ​របស់​លោក​ក៏​ជា​អ្នក​ជួយ​បង្ហាត់​បង្រៀន​ដល់​គ្រួសារ​កម្មករ​មួយ​ចំនួន​ទៀត​ដែរ៖ «នៅ​តាម​តំបន់​គោលដៅ​ដែល​យើង​ធ្វើ​ការ​ការងារ​ជន​ចំណាក​ស្រុក​វិល​ត្រឡប់​មក​វិញ ក្នុង​ឃុំ​បន្សាយរក្ស និង​សំរោង យើង​មាន​ការ​បណ្ដុះបណ្ដាល​មួយ​ចំនួន​ដែរ។ យើង​មាន​បង្រៀន​អំពី​ការ​ចិញ្ចឹម​សត្វ ចិញ្ចឹម​ជ្រូក ប៉ុន្តែ​នៅ​កន្លែង​ខ្លះ​យើង​មាន​បណ្ដុះបណ្ដាល​ដាំ​ដំណាំ យើង​មាន​ផ្ដល់​ពូជ​ឱ្យ​គាត់​ដាំ​សម្រាប់​គ្រួសារ​របស់​គាត់»

អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​កំពុង​ធ្វើ​ការងារ​នៅ​ខេត្ត​ឧត្តរមានជ័យ ឱ្យ​ដឹង​ថា ពេល​បច្ចុប្បន្ន​កម្មករ​ខ្មែរ​ជាច្រើន​ដែល​រដ្ឋាភិបាល​ថៃ បាន​បញ្ជូន​មក​វិញ គឺ​នៅ​តែ​មាន​បំណង​ចូល​ទៅ​រក​ការងារ​ធ្វើ​ក្នុង​ប្រទេស​ថៃ ទៀត ដោយ​ពួក​គេ​កំពុង​ប្រឹងប្រែង​រៀបចំ​ឯកសារ ដើម្បី​ទទួល​បាន​លិខិត​ឆ្លង​ដែន​ស្រប​ច្បាប់​មួយ។ ក៏ប៉ុន្តែ ក្រុម​កម្មករ​ខ្លះ​ទៀត​មិន​អាច​រង់ចាំ​ទទួល​លិខិត​ឆ្លង​ដែន​ស្រប​ច្បាប់​ទេ ដោយសារ​តែ​បញ្ហា​ជីវភាព​ខ្វះខាត ពួក​គេ​បាន​នាំ​គ្នា​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​ប្រទេស​ថៃ បាត់​ទៅ​ហើយ។

កាល​ពី​ថ្ងៃ​ទី​៤ ខែ​កក្កដា កន្លង​ទៅ អាជ្ញាធរ​ថៃ ខេត្ត​សុរិន្ទ ធ្លាប់​បាន​រិះគន់​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ ថា​មិន​បាន​ផ្ដល់ Border Pass ឱ្យ​កម្មករ​ខ្មែរ​ដែល​ចង់​ចូល​ទៅ​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ថៃ ទាន់​ពេល​វេលា​ទេ។ ការ​រិះគន់​នេះ ធ្វើ​ឡើង​នៅ​ពេល​ដែល​អាជ្ញាធរ​ថៃ បាន​បង្កើត​មណ្ឌល​មួយ​ចំនួន​ជិតៗ​ព្រំដែន ចាំ​ទទួល​យក​កម្មករ​ខ្មែរ​ទៅ​ធ្វើ​ការងារ​ឡើង​វិញ។

អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ បាន​បដិសេធ​ចោល​ការ​រិះគន់​នេះ ដោយ​ថា គឺ​អាជ្ញាធរ​ថៃ ទៅ​វិញ​ទេ​ដែល​មិន​យល់​អំពី​បែបបទ ពីព្រោះ​ពាក្យ​ថា Border Pass មិន​មែន​សម្រាប់​ចេញ​ឱ្យ​កម្មករ​ខ្មែរ​ទូទៅ​ដែល​ចង់​ទៅ​ធ្វើ​ការ​នៅ​ឯ​ប្រទេស​ថៃ ឡើយ គឺ border Pass សម្រាប់​តែ​ចេញ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ថៃ ដែល​នៅ​ជាប់​ព្រំដែន​គ្នា ចេញ​ចូល​ធ្វើ​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត មិន​អាច​ស្នាក់នៅ​បាន​យូរ​ថ្ងៃ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។