ពលករខ្មែរ ធ្វើការនៅប្រទេសថៃប្រមាណជាបីពាន់ (៣.០០០) នាក់ ប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ នៅវត្តមួយក្នុងទីក្រុងបាងកក ប្រទេសថៃ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា។ ពលករគ្រប់គ្នា មានទឹកមុខរីករាយ ដោយបានមកវត្តធ្វើបុណ្យ ឧទ្ទិសមគ្គផលទៅដល់ជីដូនជីតា និងវីរជនដែលបានពលីជីវិតការពារមាតុភូមិ។
ពលករខ្មែរ ដែលភាគច្រើនជាកម្មករសំណង់ធ្វើការនៅប្រទេសថៃប្រមាណ៣ពាន់នាក់ដោយម្នាក់ៗ ស្លៀកពាក់តែងខ្លួនស្អាតបាត ជាពិសេសយុវជន យុវនារី មានស្លៀកសំលៀកបំពាក់តាមបែបប្រពៃណីខ្មែរ ដែលជាការបង្ហាញនូវអត្តសញ្ញាណជាតិ ឲ្យជនបរទេសបានស្គាល់នូវវប្បធម៌ខ្មែរ។
ពិធីបុណ្យភ្ជុំបិណ្ឌនេះ រៀបចំឡើងដោយព្រះសង្ឃខ្មែរ មានការចូលរួមពីពលករខ្មែរគ្រប់ទិសទី ជាពិសេសជនជាតិថៃមួយចំនួនក៏បានចូលរួមធ្វើបុណ្យភ្ជុំបិណ្ឌនេះដែរ មានទាំងមនុស្សចាស់ យុវជន យុវតី កុមារាកុមារី ដើរជាក្រុមៗ អ្នកខ្លះមកទាំងគ្រួសារ មានស្ត្រីមានផ្ទៃពោះ មានស្ត្រីបីកូនតូចនៅនឹងដៃ ក៏បានមកចូលរួមធ្វើបុណ្យប្រពៃណីជាតិ នៅថ្ងៃបុណ្យភ្ជុំបិណ្ឌនេះដែរ។
ពួកគាត់អុជធូបទៀននៅមុខព្រះពុទ្ធរូប អ្នកខ្លះថ្វាយបង្គំព្រះ អ្នកខ្លះស្ដាប់ព្រះសង្ឃសូត្រធម៌ អ្នកខ្លះរាប់បាត្រ និងសមាទានសីល ដើម្បីបានកុសលផលបុណ្យឧទ្ទិសជូនបុព្វការីជន មានមាតាបិតា និងអ្នកស្នេហាជាតិគ្រប់ជំនាន់ ដូចពលរដ្ឋនៅខាងប្រទេសកម្ពុជាដែរ។
ពលករខ្មែរ ធ្វើការក្នុងប្រទេសថៃជិត៣០ឆ្នាំ មានស្រុកកំណើតនៅខេត្តស្វាយរៀង លោក ពៅ សុផន ប្រាប់វិទ្យុអាស៊ីសេរី នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ថា លោកមានចិត្តត្រេកអរ ពេលឃើញបងប្អូនខ្មែរ ចេះមកធ្វើបុណ្យរួមគ្នា ដើម្បីថែរក្សាប្រពៃណីពីដូនតា។ លោកបន្តថា ទំនៀមទម្លាប់ វប្បធម៌ខ្មែរ ជាអរិយធម៌ល្អផូរផង់មួយ ក្នុងតំបន់អាស៊ីភាគអាគ្នេយ៍នេះ ព្រោះផ្សព្វផ្សាយរុងរឿងតាំងពីនៅទឹកដីខ្មែរក្រោម ខ្មែរកណ្ដាល និងខ្មែរលើ។ លោកស្នើឲ្យកូនចៅជំនាន់ក្រោយត្រូវតែ ខំរក្សាប្រពៃណីដ៏ល្អនេះ កុំឲ្យបាត់បង់ បើទោះជាយើងទៅនៅប្រទេសណាក៏ដោយ៖ «គឺល្អបំផុតហើយប្រពៃណីខ្មែរយើងតាំងពីបរមបុរាណមក ខ្មែរយើងមិនដែលបោះចោលទេ ទោះបីមិនថានៅខ្មែរក្រោម ខ្មែរលើ ខ្មែរកម្ពុជាក្រោមក្ដី ខ្មែរកណ្ដាលក្ដី ខ្មែរសុរិន្ទ ខ្មែរអីក៏ធ្វើបុណ្យប្រពៃណីនេះដូចគ្នា »។
ស្រដៀងគ្នានេះដែរ ពលករខ្មែរម្នាក់ទៀត ធ្វើការសំណង់នៅថៃ មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ លោក យុទ្ធ ច្រាច់ ប្រាប់ថា ឆ្នាំនេះលោកមិនបានទៅស្រុកកំណើត ទើបលោកបបួលមិត្តភ័ក្ដិ ដែលធ្វើការជាមួយគ្នាមកវត្តធ្វើបុណ្យឧទ្ទិសកុសលដល់អ្នកមានគុណ ដែលបានចែកឋានទៅលោកខាងមុខ។ លោកបន្តថា នេះជាលើកដំបូងហើយ ដែលលោកបានឃើញពលករខ្មែរមកជួបជុំគ្នាច្រើនកុះករដូច្នេះ ហើយគ្រប់គ្នាសប្បាយពេលបានធ្វើបុណ្យទាន ក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌលោកតែងនឹករលឹកដល់ស្រុកខ្មែរ។ លោកចង់ឃើញរដ្ឋាភិបាលដឹកនាំប្រទេសឲ្យបានជឿនលឿនដូចប្រទេសជិតខាង ដើម្បីពលរដ្ឋខ្មែរមានការងារធ្វើក្នុងស្រុកបាននៅក្បែរក្រុមគ្រួសារ៖ « បាទគាត់នៅតែរក្សាបានមក និយាយរួមទៅនៅតែរក្សាបានមិនថាគាត់ទៅធ្វើការនៅប្រទេសណាក៏ដោយ ដល់ បុណ្យ ដល់ខែទានយើងនៅតែរក្សាប្រពៃណីខ្មែរយើងបាន »។
ជុំវិញពិធីបុណ្យភ្ជុំបិណ្ឌនេះដែរ ព្រះសង្ឃខ្មែរដែលគង់ក្នុងវត្តមួយនៅទីក្រុងបាងកក ភិក្ខុ វណ្ណ សំបាន់ មានថេរដីកាថា ការដែលពលរដ្ឋខ្មែរ ដែលធ្វើការនិងរស់នៅក្រៅប្រទេស ចេះនាំគ្នាមកធ្វើបុណ្យភ្ជុំបិណ្ឌប្រពៃណីដូនតានោះ ជាការប្រសើរ ដើម្បីរក្សាវប្បធម៌ខ្លួនឲ្យគង់វង្សផង និងដើម្បីឲ្យសាសន៍ដទៃស្គាល់ខ្មែរកាន់តែច្បាស់ផង។ ព្រះអង្គមានថេរដីកាបន្ថែមថា បុណ្យភ្ជុំបិណ្ឌនេះគឺមានមកតាំងពីសម័យលង្វែក មានប្រវត្តិទាក់ទងនឹងកងទ័ពស្នេហាជាតិនាសម័យនោះ ហើយក្រោយមកមនុស្សជំនាន់ក្រោយចេះតែប្រារព្ធធ្វើតគ្នាដរាបមក។ ព្រះអង្គបន្តថា ការដែលមនុស្សជំនាន់ក្រោយចេះដឹងគុណបុព្វបុរស ហើយបានធ្វើបុណ្យកុសលឧទ្ទិសជូនអ្នកដែលបានចែកឋានទៅលោកខាងមុខនោះជាអំពើល្អរបស់ពួកគេ ហើយពួកគេនឹងរស់នៅប្រកបដោយសេចក្ដីសុខ ចម្រើនក្នុងជីវិត៖ « ជឿនូវទង្វើអំពើល្អរបស់បុព្វបុរស ឬ របស់មនុស្សអ៊ីចឹង ការដែលធ្វើបុណ្យឧទ្ទិសគឺដើម្បីហៅថាខ្លាចបុព្វការីជននោះគាត់មានការភ្លាំងភ្លាត់ធ្វើខុសសីល ខុសធម៌ ឬប្រ ព្រឹត្តប្រតិបត្តិដែលរំលងនូវធម៌វិន័យឬនៅសាសនា។ អ៊ីចឹងខ្លាចគាត់បានធ្លាក់ទៅភពឋានទីកន្លែងដែលមិនសមគួរ ក៏យើងទើបធ្វើបុណ្យឧទ្ទិសដើម្បីបញ្ជូនបុណ្យកុសលទៅដល់ពួកគាត់ ដែលហៅថាបានផុតរួចចាកទុក្ខទោសដោយប្រការណាមួយ អ៊ីចឹងការធ្វើបុណ្យបានន័យតាមបែបពុទ្ធសាសនាផង តាមជំនឿខ្មែរយើងផង តាមព្រហ្មញ្ញសាសនាផង »។
ពិធីបុណ្យភ្ជុំបិណ្ឌ ឬហៅថាបុណ្យសែនដូនតា គឺមានប្រារព្ធធ្វើឡើងនៅគ្រប់តំបន់ដែលមានប្រជាពលរដ្ឋខ្មែររស់នៅ ក្នុងនោះមានខ្មែរកម្ពុជាក្រោម ពលរដ្ឋខ្មែរនៅក្នុងប្រទេស និងនៅក្រៅប្រទេសនៅលើពិភពលោក។ ពិធីបុណ្យប្រពៃណីខ្មែរមួយនេះ គឺប្រារព្ធធ្វើឡើងចំនួន១៥ថ្ងៃ ពីថ្ងៃ១រោច ខែភទ្របទ ដល់ថ្ងៃ១៤រោច ខែភទ្របទ លោកហៅថាបុណ្យកាន់បិណ្ឌ និងថ្ងៃ១៥រោច ខែភទ្របទ លោកហៅថាបុណ្យភ្ជុំបិណ្ឌ ដែលឆ្នាំនេះត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។