កម្មការិនី ៣នាក់​នៅ​ខេត្ត​ព្រៃវែង​រង​បួស​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍

0:00 / 0:00

កម្មការិនី ៣នាក់​នៅ​ខេត្ត​ព្រៃវែង រង​បួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ កាល​ពី​ព្រឹក​ថ្ងៃ​ទី២៧ ខែ​សីហា នៅ​ពេល​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​បំពេញ​ការងារ​នៅ​រោងចក្រ ថប ស៊ីលវើរ (Top Silver) ដែល​ស្ថិត​នៅ​ស្រុក​អូររាំង​ឪ ខេត្ត​ត្បូង​ឃ្មុំ។

ប្រធាន​សហ​ភាព​ចលនា​កម្មករ​កម្ពុជា ​លោក ​ប៉ាវ ​ស៊ីណា ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្ក​ឡើង​ដោយ​រថយន្ត​ដឹក​ដី បើក​ទៅ​បុក​រថយន្ត​ដឹក​កម្មករ​ផ្ទុក​មនុស្ស​ចំនួន ៦៧នាក់ ចំ​ពី​ក្រោយ​ក្នុង​ពេល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​នៅ​ចំណុច​ភូមិ​ព្រងើយ ឃុំ​ក្តឿងរាយ ស្រុក​កញ្ជ្រៀច ខេត្ត​ព្រៃវែង។ ហេតុការណ៍​នេះ​បណ្តាល​ឲ្យ​កម្មករ ៣នាក់​រង​របួស ហើយ​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ នៅ​ទី រួម​ស្រុក​កញ្ជ្រៀច ប៉ុន្តែ​ស្ថានភាព​ពួក​គេ​មិន​សូវ​ធ្ងន់ធ្ងរ​នោះ​ទេ។

លោក ប៉ាវ ស៊ីណា ស្នើសុំ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍។ ក្រៅ​ពី​នេះ​លោក ជំរុញ​ឱ្យ​រដ្ឋាភិបាល ​សហការ​ជាមួយ​ភាគី​ពាក់​ព័ន្ធ​រក​វិធានការ​ចាំបាច់​នានា​ ដើម្បី​ទប់​ស្កាត់​គ្រោះ​ថ្នាក់​ចរាចរណ៍ ពី​ព្រោះ​លោក​សង្កេត​ឃើញ​ថា រថយន្ត​ដឹក​កម្មករ​តែង​តែ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់ ជាពិសេស​នៅ​ខេត្ត​ព្រៃវែង និង​ស្វាយរៀង។ ជា​ឧទាហរណ៍ ​កាល​ពី​ចុង​ខែ​កក្កដា​កន្លង​ទៅ​នេះ ​ឡាន​ដឹក​កម្មករ​រោង​ចក្រ​ក្នុង​ខេត្ត​ស្វាយ​រៀង ​បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ពីរ​ថ្ងៃ​ផ្ទួនៗ គ្នា​បណ្ដាល​ឲ្យ​ស្លាប់​កម្មករ ២នាក់​ និង​របួស​ធ្ងន់​ស្រាល​ជិត ១០០​នាក់៖ « បន្ទាប់​ពី​កើត​ហេតុការណ៍​នេះ ក្រសួង​ការងារ​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ចូល​រួម​សោក​ស្ដាយ​ និង​ប្រកាស​បន្ត​ជួយ​ដោះ​ស្រាយ​ទុក្ខ​លំបាក​របស់​កម្មការិនី​រង​គ្រោះ​ទាំង ៣នាក់ និង​ក្រុម​គ្រួសារ​ទៅ​តាម​គោលការណ៍​នៃ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម»

របាយការណ៍​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ហៅ​កាត់​ថា ប.ស.ស បង្ហាញ​ថា ក្នុង​ឆ្នាំ២០១៨ មាន​គ្រោះថ្នាក់​ចរាចរណ៍ ១.៧១០​ករណី បាន​កើត​មាន​លើ​ក្រុម​កម្មករ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្ដាល​ឱ្យ​មាន​ជន​រងគ្រោះ​សរុប ១.៨៦៣​នាក់ ក្នុង​នោះ​ស្លាប់ ៤២នាក់។ ក្រុម​ការងារ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម រក​ឃើញ​មូលហេតុ​បួន ដែល​ឡាន​ដឹក​កម្មករ​ជួប​គ្រោះថ្នាក់​​ញឹកញាប់ គឺ​ដោយ​សារ ការ​បើក​បរ​លឿន បើកបរ​ក្រោម​ឥទ្ធិពល​ស្រវឹង មិន​គោរព​សិទ្ធិ​អាទិភាព និង​បណ្ដាល​មក​ពី​កត្តា​យានយន្ត។ ក្រោយ​រក​ឃើញ​មូលហេតុ​ទាំងនេះ មន្ត្រី​ជំនាញ​បាន​ចេញ​វិធានការ​រដ្ឋបាល និង​វិធានការ​ផ្សព្វផ្សាយ​អប់រំ ដើម្បី​បង្ការ និង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ចំពោះ​កម្មករ​ដែរ ប៉ុន្តែ​សង្គម​ស៊ីវិល និង​សហជីព​មើល​ឃើញ​ថា វិធាន​ការ​ទាំងនេះ​មាន​ប្រសិទ្ធភាព​តិចតួច​នៅ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។