មន្ត្រីមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឲ្យដឹងថា កំណើនភ្ញៀវទេសចរដែលចូលមកទស្សនាតំបន់ឆ្នេរ ឬចូលរួមអបអរឆ្លងឆ្នាំសកល ២០១៥-២០១៦ រយៈពេល ៣ថ្ងៃ នាមូលដ្ឋាននេះ បានកើនចំនួនច្រើនជាងឆ្នាំមុន។
ចំណែកបញ្ហា រក្សាសន្តិសុខជូនភ្ញៀវទេសចរវិញ កម្លាំងជំនាញគ្រប់ស្ថាប័នខេត្តព្រះសីហនុ បានអះអាងថា រក្សាសុវត្ថិភាពបានល្អដោយគ្មានបទល្មើសចោរឆក់ ប្លន់ និងបទល្មើសផ្សេងៗ កើតឡើងគួរឲ្យកត់សម្គាល់ទេ។
ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក នូ សុផល បង្ហាញស្ថិតិនៃចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចូលមកទស្សនាកម្សាន្តខេត្តព្រះសីហនុ ក្នុងឱកាសពិព័រណ៍ និងពិធីឆ្លងឆ្នាំសកលឆ្នាំ២០១៥-២០១៦ រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ សរុបមានចំនួន ១១៦.២៤០នាក់។ ចំនួននេះបានកើន ១,០៧ភាគរយ បើប្រៀបធៀបឆ្នាំ២០១៥។
លោកបន្តថា ភ្ញៀវជាតិមាន ៩៨,៧០១នាក់ គឺកើន 0,៩៧% និងភ្ញៀវទេសចរអន្តរជាតិ មាន ១៧,៥៣៩នាក់ កើន ១,៦៧%។ ក្នុងនោះភ្ញៀវទេសចរដែលធ្វើដំណើរទៅកម្សាន្តកោះរុង មាន ៤,២០៨នាក់។ មានភ្ញៀវជាតិ ១,២២៩នាក់ និងភ្ញៀវអន្តរជាតិ ២,៩៦៩នាក់។
ទាក់ទិនពិធីឆ្លងឆ្នាំនេះដែរ មន្ត្រីជំនាញស្ថាប័នប្រដាប់អាវុធ ខេត្តព្រះសីហនុ អះអាងថា មិនមានបទល្មើសព្រហ្មទណ្ឌកើតឡើង រំខានដល់កម្មវិធីអបអរឆ្លងឆ្នាំសកលឆ្នាំនេះនោះទេ។
មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ លោក ហេង ប៊ុនទី មានប្រសាសន៍ថា ពុំមានបទល្មើសចោរឆក់ប្លន់ និងបទល្មើសព្រហ្មទណ្ឌផ្សេងៗនៅក្នុងរយៈពេល ៣ថ្ងៃ នៃពិធីអបអរឆ្លងឆ្នាំសកល ២០១៥-២០១៦ នាខេត្តជាប់សមុទ្រនេះទេ។ លោកថា កម្លាំងចម្រុះមកពីគ្រប់ស្ថាប័ន បានសហការពង្រឹងសន្តិសុខបានល្អនៅគ្រប់ច្រកល្ហកទាំងយប់ថ្ងៃ ជុំវិញបរិវេណក្រុងព្រះសីហនុ៖ «ឆ្នាំ២០១៥ នេះ ខេត្តព្រះសីហនុ បានទទួលភ្ញៀវទេសចរចូលមកកម្សាន្តសរុបចំនួនជាង ១លាន ៥សែននាក់ គឺកើនឡើងជាង ១៤ភាគរយ បើប្រៀបធៀបឆ្នាំ២០១៤ ហើយភ្ញៀវទេសចរអន្តរជាតិទាំងនោះមកពី ១៤៣សញ្ជាតិ ហើយឆ្នាំនេះ គឺកើនចំនួន ៣សញ្ជាតិ»។
ទន្ទឹមនឹងសុវត្ថិភាពនេះ គ្រោះថ្នាក់ចរាចរណ៍បានកើតមាន ៤ករណី និងស្លាប់មនុស្សចំនួន ៣នាក់ ក្នុងពិធីអបអរឆ្លងឆ្នាំសកលឆ្នាំនេះ។
ស្នងការរងនគរបាលខេត្តព្រះសីហនុ ទទួលបន្ទុកចរាចរណ៍ លោក អ៊ី សុខា បានប្រាប់វិទ្យុអាស៊ីសេរី ថា គ្រោះថ្នាក់ទាំង ៤ករណីនេះ កើតឡើងរវាងរថយន្ត និងម៉ូតូ។ ក្នុងនោះអ្នកប្រើប្រាស់ម៉ូតូ មិនមានពាក់មួយការពារសុវត្ថិភាពឲ្យបានត្រឹមត្រូវទេ។ លោកអំពាវនាវដល់ប្រជាពលរដ្ឋទាំងក្មេងចាស់ដែលធ្វើដំណើរតាមមធ្យោបាយម៉ូតូ ទោះចម្ងាយផ្លូវជិត ឬឆ្ងាយក្តី ត្រូវពាក់មួយការពារសុវត្ថិភាពឲ្យបានទាំងអស់គ្នា ទាំងអ្នកបើកបរ និងអ្នករួមដំណើរ។
លោក អ៊ី សុខា បញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ តទៅ នគរបាលចរាចរណ៍ដែលដាក់ពង្រាយនៅតាមផ្លូវសាធារណៈ នឹងចាប់ផាកពិន័យចំនួន ១៥.០០០រៀល ក្នុងមនុស្សម្នាក់ ដែលមិនពាក់មួកការពារសុវត្ថិភាព៖ «សម្រាប់ការអនុវត្តច្បាប់របស់យើង គឺថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ តទៅ រាល់ការពាក់មួកសុវត្ថិភាពនឹងមានការកើនឡើងឈានដល់កាត់បន្ថយបង្ក គ្រោះថ្នាក់ចរាចរណ៍»។
ទោះជាបែបនេះក្តី លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងថា ពិធីឆ្លងឆ្នាំសកលឆ្នាំនេះ មានក្រុមប្រតិបត្តិករទេសចរណ៍មួយចំនួន បានឆក់ឱកាសដំឡើងតម្លៃបម្រើសេវាទេសចរណ៍ពីភ្ញៀវមានតម្លៃកើនខ្ពស់គួរឲ្យកត់សម្គាល់ ដែលក្នុងមានដូចជា តម្លៃសេវាផ្ទះសំណាក់ សណ្ឋាគារ និងទីកន្លែងអង្គុយលំហែនៅតាមឆ្នេរអូរឈើទាល ជាដើម។
ត្រង់ចំណុចនេះ លោករដ្ឋមន្ត្រី ថោង ខុន សំណូមពរដល់ប្រតិបត្តិករទេសចរណ៍ទាំងអស់ត្រូវចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីធ្វើយ៉ាងកុំដំឡើងតម្លៃសេវាទេសចរណ៍ខ្ពស់ហួសហេតុពេក ដែលនាំឲ្យភ្ញៀវទេសចរមិនសប្បាយចិត្ត និងឈប់មកកម្សាន្តតំបន់នេះនៅថ្ងៃខាងមុខ៖ «តូបលក់ដូរនៅឆ្នេរអូរឈើទាល និងតាមឆ្នេរមួយចំនួនសង្កេតឃើញថា ត្រូវម្ចាស់តូប ឬម្ចាស់ទីតាំងបានដំឡើងតម្លៃខ្ពស់ហួសហេតុដែរ។ ដូច្នេះ ដើម្បីឲ្យតំបន់ឆ្នេរខេត្តព្រះសីហនុ របស់យើងក្លាយជាទីកន្លែងចាប់អារម្មណ៍ និងទាក់ទាញភ្ញៀវទេសចរ សំខាន់ណាស់ប្រតិបត្តិករទេសចរណ៍ទាំងអស់ត្រូវកំណត់តម្លៃសេវា ទេសចរណ៍ឲ្យបានត្រឹមត្រូវ ឬច្បាស់លាស់ ព្រមទាំងឲ្យមានគុណភាព។ ចំពោះតម្លៃសេវាបម្រើទេសចរណ៍ មិនត្រូវឲ្យកើនខ្ពស់ហួសហេតុពេកទេ»។
ចំពោះការដំឡើងតម្លៃសេវាទេសចរណ៍កើនខ្ពស់ មានដូចជា បន្ទប់ជួលស្នាក់នៅ តម្លៃម្ហូបអាហារ និងតុអង្គុយជាដើម នៅពេលមានពិធីបុណ្យធំៗ ចូលមកដល់ម្តងៗ។ ភ្ញៀវទេសចរខេត្តព្រះសីហនុ តែងរអ៊ូរទាំថា ប្រតិបត្តិករទេសចរណ៍នៅមូលដ្ឋានជាប់សមុទ្រមួយនេះ បានដំឡើងតម្លៃសេវាតាមចិត្តពួកគេចង់បាន ហើយអាជ្ញាធរមូលដ្ឋាននេះ គ្រប់គ្រងមិនទាន់បានល្អទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។