ទំនាយ​ហោរាសាស្ត្រ​​ប្រចាំ​ឆ្នាំ​សម្រាប់ ឆ្នាំ​ឆ្លូវ

0:00 / 0:00

ប្រជាពលរដ្ឋ ដែល​មាន​ជំនឿ លើ​ការ​ទស្សន៍​ទាយ​លើ​រាសី​ប្រចាំ​ឆ្នាំ លើ​បុគ្គល​មួយ​ណា​នោះ គេ​តែ​នាំ​គ្នា​តាម​មើល​តម្រា​មហាសង្ក្រាន្ត តាម​ឆ្នាំ​នីមួយៗ និង​តម្រា​ហោរាសាស្ត្រ​ពី​បុរាណ ឬ​លោក​គ្រូ​អាចារ្យ ដែល​មាន​ចំណេះ​ជំនាញ​ខាង​វិជ្ជា​ហោរា​នេះ។

ការ​ទស្សន៍ទាយ​នោះ ជួន​ជា​ចៃដន្យ​ក៏​ត្រូវ ជួន​ក៏​ខុស តែ​ទោះ​យ៉ាង​ណា ការ​ទស្សន៍ទាយ​នេះ វា​បាន​ក្លាយ​ជា​ទម្លាប់ ជា​ប្រពៃណី​របស់​ពលរដ្ឋ​មួយ​ចំនួន​តាំង​ពី​បុរាណ ហើយ​រហូត​មក​ដល់​ពេល​នេះ ជា​សម័យ​បច្ចេកវិទ្យា​ទំនើប​ទៅ​ហើយ ក៏​នៅ​តែ​មាន​ពលរដ្ឋ​ខ្លះ​នៅ​មាន​ជំនឿ​លើ​ការ​ទស្សន៍ទាយ​នេះ​នៅ​ឡើយ។

សៀវភៅ​មហាសង្ក្រាន្ត​ឆ្នាំ​ថ្មី​ដែល​រៀបរៀង​ដោយ​លោក អ៊ីម បូរិន្ទ នាយក នៃ​គណៈកម្មការ​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ និង​ប្រពៃណី ទំនៀម​ទម្លាប់​ខ្មែរ ក្រៅ​ពី​បាន​បង្ហាញ​ពី​ចរិត​លក្ខណៈ​របស់​ទេវតា​ឆ្នាំ​ថ្មី​នោះ សៀវភៅ​នេះ ក៏​បាន​ទស្សន៍ទាយ​តាម​ចរិត​លក្ខណៈ មនុស្ស​ដែល​មាន​ឆ្នាំ​កំណើត​ត្រូវ​នឹង​ទេវតា​ឆ្នាំ​ថ្មី ទំនាយ​តាម​ថ្ងៃ​សង្ក្រាន្ត​ទាំង ៣ថ្ងៃ ទំនាយ​ប្រចាំ​ឆ្នាំ​ទាក់ទង​នឹង​អាកាសធាតុ ព្រម​ទាំង​ស្ថានភាព​ផល​ដំណាំ​របស់​កសិករ​ផង​ដែរ។

ទំនាយ​ថ្ងៃ​សង្ក្រាន្ត​ទាំង ៣ថ្ងៃ​នោះ បង្ហាញ​ថា៖ មហា​សង្ក្រាន្ត​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី ត្រូវ​នឹង​ពុធ ទំនាយ​ថា ព្រះមហាក្សត្រ នឹង​បាន​ភស្តុភារ​បណ្ដាការ​មក​ពី​ប្រទេស​ផ្សេងៗ ប៉ុន្តែ​នឹង​ត្រូវ​ចាញ់​កូន​ខ្ចី​តូច។ មនុស្ស​នឹង​ស្លាប់​ព្រោះ​ជំងឺ​ច្រើន ឲ្យ​ក្រែង​សត្វ​ពាហណៈ គោ ក្របី និង​បាវ​បម្រើ​ជា​ដើម។

ទំនាយ ថ្ងៃ​វ័នបត (ជា​ថ្ងៃ​កណ្ដាល) ត្រូវ​នឹង​ថ្ងៃ​ព្រហស្បតិ៍ ទំនាយ​ថា កូន​ឈើ​នឹង​ថ្លៃ រាល់​ត្រកូល​ទាំង​ឡាយ នឹង​ក្ដៅ​ក្រហាយ​ចិត្ត​ច្រើន​អនេក។

ទំនាយ​ថ្ងៃ​ឡើងស័ក៖ ថ្ងៃ​នេះ​ចូល​មក​ត្រូវ​នឹង​ថ្ងៃ​សុក្រ ទំនាយ​ថា៖ ឆ្នាំនេះ អ្នកជំនួញ និង​ពាណិជ្ជករ​ទាំង​ឡាយ ដែល​តែង​ធ្វើ​ជំនួញ ជួញដូរ ក្នុង​ប្រទេស ក្រៅ​ប្រទេស ​នឹង​ប្រកប​ទៅ​ដោយ មាស ប្រាក់ សេចក្ដី​ចម្រើន និង​មាន​សេចក្ដី​សុខ​ជា​អនេក។

ដោយ​ឡែក លោក​គ្រូ​ទាយ​ល្បី​ឈ្មោះ​មួយ​រូប នៅ​ខេត្ត​ស្ទឹងត្រែង ឈ្មោះ ហាណាហ្វី ក៏​បាន​ប្រមើល​ឃើញ​ដែរ​ថា ឆ្នាំ​ថ្មី​នេះ កម្ពុជា​អាច​មាន​គ្រោះ​ធំ២ សំខាន់ ក្នុង​នោះ មាន​វិបត្តិ នយោបាយ និង​បញ្ហា​សេដ្ឋកិច្ច នឹង​អាច​ធ្លាក់​ចុះ​ខ្លាំង ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ និង​មន្ត្រី​មួយ​ចំនួន​មាន​ការ​ភ័យ​បារម្ភ​ខ្លាំង៖« រឿង​សេដ្ឋកិច្ច​នេះ​ពិបាក​ខ្លាំង​ណាស់ រឿង​នេះ​ហើយ​ដែល​អាច​នឹង​ផ្ទុះ​ឡើង​នៅ​ដើម​ខែ៥ ខាង​មុខ​នេះ គំនាប​ទៅ​លើ​ប្រជាពលរដ្ឋ និង​មន្ត្រី​រាជការ​បែប​នេះ ប្រហែល​ជា​នឹង​អាច​ផ្ទុះ​រឿង​ធំ​ឡើង​លើ​បញ្ហា​អ្វី​មួយ នេះ​ជា​ការ​មើល​ឃើញ​របស់​ខ្ញុំ​ទេ​ណា។ បើ​យើង​ស្ថានភាព​សង្គម​ជាក់​ស្ដែង គឺ​អាច​អ៊ីចឹង​មែន»

ទស្សនៈ​របស់​ប្រិយមិត្ត ដែល​ប្រើប្រាស់​តាម​បណ្ដាញ​សង្គម​មួយ​ចំនួន​ក៏​បាន​បញ្ចេញ​ទស្សនៈ​យល់​ឃើញ​ជុំវិញ​ទេវតា​ឆ្នាំ មណ្ឌាទេវី ទ្រង់​កាន់​មក​ជាមួយ​នូវ​គ្រឿង​សស្ត្រាវុធ​ដូច​ជា​ម្ជុល​ជា​ដើម​នោះ​ថា ជា​ម្ជុល​ចាក់​វ៉ាក់សាំង​កូវីដ១៩។

សមាជិក​អចិន្ត្រៃយ៍ ​នៃ​គណៈកម្មការ​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ និង​ប្រពៃណី​ទំនៀម​ទម្លាប់​ខ្មែរ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ និង​អន្តរជាតិ គឺ លោកគ្រូ​ហោរាចារ្យ ប៊ុន វាស្នារ​ មាន​ប្រសាសន៍​បក​ស្រាយ​ថា ម្ជុល​ដែល​ទេវតា​ទ្រង់​មក​ជាមួយ​នោះ គឺ​ជា​ប្រផ្នូល​មួយ​ឲ្យ​ដឹង​ថា ឆ្នាំ​នេះ​ក្រោយ​ដោះ​ស្រាយ​វិបត្តិ​កូវីដ១៩ ចប់​សព្វ​គ្រប់ គ្រឿង​សំលៀក​បំពាក់ នឹង​សម្បូរណ៍​ឡើង​វិញ និង​មាន​តម្លៃ និង​អាច​ជា​ប្រផ្នូល​ប្រាប់​ថា នឹង​មាន​ឱសថ​ស័ក្ដិសិទ្ធិ​សម្រាប់​ព្យាបាល​រោគ​ផ្សេងៗ នៅ​ក្នុង​ឆ្នាំ​នេះ៖ « បើ​និយាយ​ទៅ​វា​ជាប់​ទាក់ទង​នឹង​ការ​កែ​រោគ។ មួយ​វិញ​ទៀត មនុស្ស​ចាស់ បើ​គាត់​ដើរ​ទៅ​ណា មក​ណា គឺ​ពឹង​បាន​នឹង​ឈើ​ច្រត់ អ៊ីចឹង​បើ​មាន​ជំងឺ​អី​កើត​ឡើង គឺ​មាន​ឱសថ​សម្រាប់​ព្យាបាល នេះ​បើ​និយាយ​ពី​ប្រផ្នូល​តាម​បែប​បុរាណ​យើង »

លោកគ្រូ​ហោរាចារ្យ ប៊ុន វាស្នារ បន្ត​ថា ចំពោះ​ទេវតា​យាង​ចុះ​មក ដោយ​ផ្ទំ​បិទ​ព្រះនេត្រ វិញ​នោះ អាច​ជា​ប្រផ្នូល​ប្រាប់​ថា នៅ​ឆ្នាំ​ថ្មី​នេះ ពលរដ្ឋ​នឹង​អស់​កង្វល់​ពី​ឆ្នាំ​ចាស់​កន្លង​មក៖ « បើ​និយាយ​ទៅ​វា​ដូច​ជា​ផ្ទុយ​ពី​កាលៈទេសៈ​បច្ចុប្បន្ន​ហ្នឹង អ៊ីចឹង​តាម​ទំនាយ​ដែល​ខ្ញុំ​ហ៊ាន​ទស្សន៍ទាយ​តែ​ម្ដង នៅ​ពេល​ចូល​ឆ្នាំ​ហើយ​រោគ​កូវីដ​នឹង​មាន​ការ​ស្រាកស្រាន្ត​ពី​រោគា​ហ្នឹង​ហើយ នេះ​បើ​យោង​តាម​ឥរិយាបថ​ទេវតា ដែល​យាង​ចុះ​មក​ឆ្នាំ​នេះ »

ចំពោះ​បញ្ហា​បង្កបង្កើន​ផល និង​ស្បៀង​អាហារ​វិញ លោកគ្រូ​ហោរាចារ្យ​រូប​នេះ ក៏​បាន​ឲ្យ​ដឹង​តាម​ការ​ទស្សន៍ទាយ ដោយ​យោង​ទៅ​លើ​ថ្ងៃ​សង្ក្រាន្ត និង​ថ្ងៃ​ឡើង​ស័ក រួម​ជា​មួយ​ចំណុច​កេណ្ឌធារាទិគុណអាច​ទស្សន៍ទាយ​ឲ្យ​ឃើញ​ពី​វិបត្តិ​ប្រចាំ​ឆ្នាំ​ឆ្លូវ​ថា ប្រជានុរាស្ត្រ​អាច​នឹង​ជួប​គ្រោះ​ទុរ្ភិក្ស​ដោយ​អត់​បាយ​ដោយ​អន្លើ៖ « បើ​យោង​លើ​ពាក្យ​ថា អត់​បាយ បាន​ន័យ​ថា ផល​ដំណាំ​ខូច​ពាក់​កណ្ដាល បាន​ពាក់​កណ្ដាល នេះ​បើ​តាម​ទំនាយ​កេណ្ឌទិរាធិគុណ »

ចំណែក​សៀវភៅ​មហា​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ដែល​រៀបរៀង​ដោយ​លោក អ៊ីម បូរិន្ទ នាយក នៃ​គណៈកម្មការ​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ និង​ប្រពៃណី ទំនៀម​ទម្លាប់​ខ្មែរ ក៏​បាន​បង្ហាញ​ពី​ទំនាយ ប្រចាំ​ឆ្នាំ ឆ្លូវ ត្រីស័ក ពាក់ព័ន្ធ​នឹង​អាកាសធាតុ និង​ផល​ដំណាំ​ដែរ។

នៅ​ក្នុង​សៀវភៅ​មហា​សង្ក្រាន្ត​ឆ្នាំ​ថ្មី នៅ​ដែន​ជម្ពូទ្វីប​យើង​នេះ នឹង​មាន​ភ្លៀង ៤០មេ បណ្ដាល​ឲ្យ​មាន​ទឹក ភ្លៀង​នៅ​ដើម​ឆ្នាំ​តិច កណ្ដាល​ឆ្នាំ​ភ្លៀង​ល្អ និង​ចុង​ឆ្នាំ​ភ្លៀង​ច្រើន។

អំពី​កេណ្ឌធារាទិគុណ៖ ឆ្នាំ​នេះ មាន​កេណ្ឌ៣ ត្រូវ​ត្រង់​យោធាតុ​ចុះ ទំនាយ​ថា មិន​ក្ដៅ​ស្អុះ​ស្អាប់ មាន​ខ្យល់​ព្យុះ​ច្រើន។

អំពី​ទឹក​ទន្លេ៖ ទំនាយ​ថា ឆ្នាំ​នេះ ទឹក​ទន្លេ បឹងបួ ធំ​ជាង​ឆ្នាំ​ណា​ទាំង​អស់។

កេណ្ឌ​ធញ្ញាហារ៖ ឆ្នាំ​នេះ​មាន​កេណ្ឌ(២) ឈ្មោះថា វិបត្តិ ទំនាយ​ថា ស្រូវ​ក្នុង​ស្រែ ចម្ការ នឹង​កើត​កិមិជាតិ( ដង្កូវ ក្រា ដង្កូវ​ដួង មេអំបៅ សត្វ​ល្អិត) ស៊ីប​បំផ្លាញ​ផលានុផល។ ផលដំណាំ បាន​តែ​ពាក់​កណ្ដាល ខូច​អស់​ពាក់​កណ្ដាល។

ទំនាយ​ការ​ធ្វើស្រែ៖ ទំនាយ​កេណ្ឌ​ធ្វើ​ស្រែ​មាន​សេស(៧) ទំនាយ​ថា ស្រែ​ទំនាប និង​ស្រែ​ដី​ទួល​គ្រប់​កន្លែង​បាន​ផល​ល្អ​ដូច​គ្នា​ទាំង​ពីរ​យ៉ាង។

កេណ្ឌ ប្រឹក្សា៖ ឆ្នាំ​នេះ​ត្រូវ​ចំ​សេស(១) ត្រូវ​ត្រង់ ដើម​ឫស្សី​ជា​ស្ដេច មាន​ទំនាយ​ថា មនុស្ស សត្វ ផង​ទាំង​ឡាយ នឹង​មាន​រោគាព្យាធិ មាន​កើត​ជំងឺតម្កាត់ ស្លាប់​បាត់​បង់​ជីវិត​ជា​ច្រើន។

តែ​ទោះ​យ៉ាង​ណា​ក្តី ព្រះសង្ឃ និង​ចាស់​ព្រឹទ្ធាចារ្យ មួយ​ចំនួន បាន​ឲ្យ​ដឹង​ថា ការ​ទស្សន៍ទាយ​នេះ គឺ​គ្រាន់​តែ​ជា​ការ​គុណគូរ​ទុក​ជា​មុន​តាម​ការ​និយម តាម​ប្រពៃណី ទំនៀម​ទម្លាប់​ពី​បុរាណ ដែល​ធ្លាប់​កត់​ចំណាំ​ត​គ្នា​មក ដែល​មិន​អាច​ក្លាយ​ជា​ការ​ពិត​ទាំង​ស្រុង​នោះ​ទេ។ លោក​ថា អ្វី​ដែល​ជា​ពិត​ជាក់​ស្ដែង គឺ​អាស្រ័យ​ទៅ​ទង្វើ​របស់​មនុស្ស​ជា​អ្នក​អនុវត្ត​ផ្ទាល់​ និង​ភាព​ឆ្លាតវៃ ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ របស់​ថ្នាក់​ដឹក​នាំ​ប្រទេស នៅ​ពេល​កើត​មាន​បញ្ហា​ប្រឈម​ចំពោះ​ជាតិ មាតុភូមិ ក្នុង​កាលៈទេសៈ​ណា​មួយ​នោះ៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។