មន្ត្រីសង្គមស៊ីវិលព្រួយបារម្ភអ្នកធ្វើដំណើរតាមដងផ្លូវអ្នកជិះកង់អ្នកថ្មើរជើង អាចធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងសុខុមាលភាពសង្គមដោយសារគ្រោះថ្នាក់ចរាចរណ៍។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍ និងសន្តិភាព លោក យង់ គិមអេង បានប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២ ខែមករា ថា ការលើកកម្ពស់ផលិតផលគ្រឿងស្រវឹងយ៉ាងគគ្រឹកគគ្រេងសូម្បីតែសាលាខេត្តមួយចំនួនបានទទួលយកគ្រឿងស្រវឹងរូបភាពនេះហើយដែលជំរុញឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើនឡើង។ លោកបន្តថា ម្យ៉ាងវិញទៀតការត្រួតពិនិត្យជាតិអាកុលនៅតាមដងផ្លូវក៏មិនទាន់ឃើញត្រួតពិនិត្យជាប្រចាំ និងមិនមានផែនការច្បាស់លាស់នៅឡើយទេ។ លោកស្នើឱ្យមន្ត្រីអាជ្ញាធរត្រួតពិនិត្យជាតិអាកុលនៅតាមដងផ្លូវឱ្យបានច្បាស់លាស់ដើម្បីជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងធ្វើឱ្យពលរដ្ឋមិនមានការភ័យខ្លាចនៅពេលធ្វើដំណើរ។
លោក យង់ គិមអេង៖ «យើងឃើញមានអ្នកបង្កគ្រោះថ្នាក់ដោយសារគ្រឿងស្រវឹងច្រើនប៉ុន្តែយើងមិនបានត្រួតពិនិត្យជាតិអាកុល នេះជាគ្រោះថ្នាក់ ប៉ុន្តែយើងបែរជាឃើញមានការត្រួតពិនិត្យទៅលើគ្រឿងញៀនទៅវិញ ចុះហេតុអ្វីបានជាជៀសមិនត្រួតពិនិត្យគ្រឿងស្រវឹងទៅវិញ»។
ក្នុងទិវាអន្តរជាតិរំលឹកជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៧ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង មានប្រសាសន៍ថា ឆ្នាំ២០២២ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មានកំណើនឡើងដែលជាមធ្យមក្នុងមួយថ្ងៃមានអ្នកស្លាប់ចំនួន៥នាក់ និងរបួសចំនួន ១៣នាក់ បើធៀបនឹងឆ្នាំ២០២១ ជាមធ្យមក្នុងមួយថ្ងៃមានអ្នកស្លាប់ចំនួន ៤នាក់ និងរបួស១០នាក់។
ហ្វេសប៊ុកផេក គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសមួយ បង្ហាញថាក្នុងរយៈពេល៦ខែ ឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍កើនឡើង ស្លាប់៩៤២នាក់របួស២.២០០នាក់ ធៀបនឹងឆ្នាំ២០១៩ ស្លាប់ ១៦៦៤នាក់ និងរបួស១១១៣នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។