អង្គការ​តម្លាភាព​អន្តរជាតិ​ថា កម្ពុជា​ក្នុង​ឆ្នាំ២០២២​នេះ នៅតែ​មាន​អំពើ​ពុករលួយ​ខ្ពស់

ដោយ មាន ឫទ្ធិ
2023.02.01
Share on WhatsApp
Share on WhatsApp
អង្គការ​តម្លាភាព​អន្តរជាតិ​ថា កម្ពុជា​ក្នុង​ឆ្នាំ២០២២​នេះ នៅតែ​មាន​អំពើ​ពុករលួយ​ខ្ពស់ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​កាលពីថ្ងៃទី៧ ខែ​មករា ឆ្នាំ​២០២៣។
រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

អង្គការ​តម្លាភាព​អន្តរជាតិ​ (Transparency International) ​នៅ​ថ្ងៃទី៣១ ​មករា ​ចេញផ្សាយ​លទ្ធផល​សន្ទស្សន៍​នៃ​ការយល់​ឃើញ​ពី​អំពើពុករលួយ​ឆ្នាំ២០២២ ​ដោយ​រក​ឃើញ​ថា កម្ពុជា​នៅតែ​ជាប់​ផុង​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​អំពើពុករលួយ​ខ្ពស់​ដដែល។ ទោះ​យ៉ាងណា មន្ត្រី​បក្ស​កាន់អំណាច​ថា ការ​វាយ​តម្លៃ​នេះ​គ្រាន់តែ​ជា​ការ​សន្និដ្ឋាន​របស់​ស្ថាប័ន​អង្គការ​មួយ​ប៉ុណ្ណោះ ដោយ​មិន​បាន​ឆ្លុះ​បង្ហាញ​ពី​ស្ថានភាព និង​ការ​វិវឌ្ឍ​នៃ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​ឡើយ។

លទ្ធផល​សន្ទស្សន៍​របស់​អង្គការ​តម្លាភាព​អន្តរជាតិ សម្រាប់​ឆ្នាំ២០២២ ​បង្ហាញ​ថា កម្ពុជា​ទទួល​បាន​ពិន្ទុ​២៤ លើ​ពិន្ទុ​អតិបរមា​១០០ពិន្ទុ ​ធៀប​នឹង​ឆ្នាំ​ចាស់​កម្ពុជា​កើន​តែ ១ពិន្ទុ​ប៉ុណ្ណោះ។ ពិន្ទុ​ទាប​បែប​នេះ ធ្វើ​ឱ្យ​កម្ពុជា​ត្រូវ​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​១៥០ ក្នុង​ឆ្នាំ២០២២ ​ដែល​ធ្លាក់​ចុះ​ពី​ចំណាត់ថ្នាក់​១៥៧ ​កាល​ពី​ឆ្នាំ២០២១ ​ក្នុងចំណោម​ប្រទេស និង​ដែនដី​សរុប​១៨០ ដែល​ត្រូវ​បាន​ដាក់បញ្ចូល​ក្នុង​ការ​វាយ​តម្លៃ។

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី ​លើកឡើង​ក្នុង​វេទិកា​ថា ចំណាត់ថ្នាក់​ទី១៥០ ​នេះ បាន​បញ្ជាក់​ពី​ស្ថានភាព​អំពើពុករលួយ​របស់​កម្ពុជា​នៅតែ​ធ្ងន់ធ្ងរ​នៅ ឡើយ ព្រោះ​ពិន្ទុ​២៤ ​ដែល​កម្ពុជា​ទទួល​បាន គឺ​នៅ​ក្រោម​៥០ នៅ​ឡើយ។ លោក​យល់​ឃើញ​ថា រដ្ឋាភិបាល​គួរតែ​ខិតខំ​កាត់​បន្ថយ​អំពើពុករលួយ​តាមរយៈ​ការ​ផ្ដន្ទាទោស ឬ​ដាក់​ទណ្ឌកម្ម​លើ​ជនល្មើស​ឱ្យ​ធ្ងន់ធ្ងរ​តាមច្បាប់ លើក​កម្ពស់​សិទ្ធិ​សេរីភាព​បញ្ចេញមតិ ផ្ដល់​ភាព​ឯករាជ្យ​ដល់​ប្រព័ន្ធ​តុលាការ អនុម័ត​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ឯករាជ្យ និង​បើក​ឱ្យ​មាន​ការប្រកួតប្រជែង​ដោយ​ស្មើភាព​គ្នា​លើ​ក្រុមហ៊ុន​ឯកជន​ជាដើម។

Pech_Pisey_TIC_FB.JPG
​ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពីសី។ រូបពីហ្វេសប៊ុក


លោក ប៉ិច ពិសី៖ «អ្វី​ដែល​យើង​កត់​សម្គាល់​ឃើញ គឺ​អំពើពុករលួយ​ខ្នាត​ធំ​នៅ​ត្រូវ​បាន​ដោះស្រាយ​ជា​ប្រព័ន្ធ​នៅឡើយ​ទេ ដែល​ធ្វើ​ឱ្យ​កម្ពុជា​នៅតែ​មាន​បញ្ហា​ជា​ប្រព័ន្ធ​នៅឡើយ។ ប៉ុន្តែ​យើង​គិត​ថា បើសិនជា​មានការ​អនុវត្ត​ច្បាប់​ប្រឆាំង​អំពើពុករលួយ មាន​ប្រសិទ្ធភាព​ជាង​មុន យើង​អាច​កាត់បន្ថយ​បញ្ហា​នេះ​បាន​ច្រើន ជាពិសេស​នៅ​ក្នុង​កម្រិត​នៃ​អំពើពុករលួយ​ខ្នាត​ធំ»

ទិន្នន័យ​អង្គការ​តម្លាភាព​អន្តរជាតិ​ ឱ្យ​ដឹង​ថា ពិន្ទុ២៤ ​ដែល​កម្ពុជា​ទទួល​បាន​នេះ បើ​ធៀប​នឹង​ប្រទេស​ក្នុង​តំបន់​អាស៊ាន កម្ពុជា​គ្រាន់បើ​ជាង​ប្រទេស​ភូមា ឬ​មីយ៉ាន់ម៉ា​(Myanmar) តែមួយ​ប៉ុណ្ណោះ ​ដោយសារ​ប្រទេស​នេះ កំពុង​មាន​សង្គ្រាម​ផ្ទៃក្នុង​ដែល​គ្រប់គ្រង​ដោយ​របប​យោធា។ ទិន្នន័យ​បញ្ជាក់​ថា កត្តា​ដែល​កម្ពុជា​កើន​ឡើង​១ពិន្ទុ​នេះ គឺ​បាន​មកពី​ធនាគារ​ពី​ភព​លោក ដែល​បាន​ដំឡើង​ពិន្ទុ​ឱ្យ​កម្ពុជា​ពី​១០ពិន្ទុ កាល​ពី​ឆ្នាំ២០២១ ​មក​១៨ពិន្ទុ នៅ​ឆ្នាំ២០២២ ​ដោយសារ​គោល​នយោបាយ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​បាន​ល្អ ក្នុង​ពេល​វិបត្តិ​ជំងឺ​កូវីដ១៩។ ប៉ុន្តែ ​ការស្ទង់មតិ​របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ (World Economic Forum) ​បាន​ដក​ពិន្ទុ​កម្ពុជា​១ពិន្ទុ​នៅសល់​៤១ពិន្ទុ។ ដូចគ្នា​ដែរ ​ស្ថាប័ន​ស្រាវជ្រាវ​អំពី​គុណភាព​រដ្ឋាភិបាល ឈ្មោះ ​VDEM ​ក៏បាន​ដក​១ពិន្ទុ នៅសល់​១៤ពិន្ទុ។ ចំណែក ​អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក​ (World Justice Project) បាន​ដក​ពិន្ទុ​កម្ពុជា​១ពិន្ទុ​នៅសល់ ១២ពិន្ទុ ​ដោយ​បាន​វាយ​តម្លៃ​ថា ​នីតិ​រដ្ឋ​នៅ​កម្ពុជា​កំពុង​ដើរ​ថយ​ក្រោយ។

ជុំវិញ​រឿង​នេះ ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក​ ផៃ ស៊ីផាន ច្រានចោល​លទ្ធផល​នៃ​ការ​វាយ​តម្លៃ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ និង​ចាត់ទុកថា​លទ្ធផល​នៃ​សន្ទស្សន៍​នេះ គ្រាន់តែ​ជា​ការយល់​ឃើញ​របស់​ស្ថាប័ន និង​អង្គការ​មួយ​ប៉ុណ្ណោះ។ លោក​ថា របាយការណ៍​នេះ​បង្ហាញ​តែ​បរិមាណ​លទ្ធផល តែ​មិនបាន​បង្ហាញ​ពី​វិធីសាស្ត្រ​នៃ​ការស្រាវជ្រាវ​របស់​ខ្លួន ដែល​គួរ​ឱ្យ​ជឿ​ទុកចិត្ត​បាន​នោះ​ឡើយ។ លោក​អះអាង​ថា រដ្ឋាភិបាល​កំពុង​កាត់បន្ថយ​អំពើពុករលួយ ដោយធ្វើ​ទៅតាម​លទ្ធភាព​ថវិកា​ដែល​រដ្ឋាភិបាល​មាន និង​ការ​កែ​ទម្រង់​តាម​ប្រព័ន្ធ​ផ្សេងៗ ដូចជា​ការ​បើកប្រាក់​បៀវត្ស​តាមរយៈ​ធនាគារ​ជាដើម។

PhaySiphan_RFAShow.jpeg
លោក ផៃ ស៊ីផាន ប្រធានក្រុមអ្នកនាំពាក្យ​រដ្ឋាភិបាល។ RFA File

លោក​ ផៃ ស៊ីផាន៖ «បើ​តាមខ្ញុំ​មើល គ្រាន់តែ​ជា​ព័ត៌មាន​មួយ​សម្រាប់​ឱ្យ​យើង​ចាប់អារម្មណ៍​ទេ ក៏ប៉ុន្តែ​យើង​អត់មាន​ជំនឿ​ទេ ដោយសារ​យើង​អត់​ដឹង​អំពី​របៀបរបប​នៃ​ការ​រៀប​ចំណាត់ថ្នាក់​ហ្នឹង មិន​ដឹង​គេ​ធ្វើ​របៀប​ម៉េច ក៏​យើង​អត់​យល់។ អា​ហ្នឹង​គឺ​យើង​មិន​ដឹង​ឱ្យ​គុណភាព​នៃ​របាយការណ៍​ហ្នឹង​របៀប​ម៉េច ដោយសារ​យើង​អត់​យល់»

តាម​ការ​ធ្វើ​បទ​បង្ហាញ​ដោយ​ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពីសី បាន​ឱ្យ​ដឹង​ថា ទិន្នន័យ​ដែល​អង្គការ​តម្លា​ភាព​អន្តរជាតិ​យក​ប្រើប្រាស់​សម្រាប់​វាស់វែង​រក​សន្ទស្សន៍​អំពើពុករលួយ​មាន​ប្រភព​ចេញ​ពី​ស្ថាប័ន ឬ​អង្គការ​អន្តរជាតិ​ឯករាជ្យ​ចំនួន៨ សម្រាប់​ការ​គណនា ​ដែល​មាន​ទទួលស្គាល់​ទូទាំង​ពិភពលោក ​និង​ជា​ទិន្នន័យ​ដែល​មាន​ភាព​ត្រឹមត្រូវ ច្បាស់​លាស់។ ប្រភព​ទិន្នន័យ​ទាំងនោះ​ត្រូវ​បាន​យក​ចេញ​ពី ធនាគារ​ពិភពលោក​ (Word Bank) អង្គការ​ Freedom House ​និង​អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក​ (WJP) ​ជាដើម។

តាម​លទ្ធផល​សន្ទស្សន៍​របស់​អង្គការ​តម្លាភាព​អន្តរជាតិ ប្រទេស​ដែល​មាន​ចំណាត់ថ្នាក់​អំពើពុករលួយ​ខ្ពស់​ជាងគេ​គឺ​ប្រទេស​សូម៉ាលី (Somalia) ​ដែល​មាន​១២ពិន្ទុ ​ហើយ​ប្រទេស​ដែល​មាន​អំពើពុករលួយ​ទាប​ជាងគេ​បំផុត​គឺ​ប្រទេស​ដាណឺម៉ាក​(Denmark) ​ដែល​មាន​៩០ពិន្ទុ។

ទាក់ទិន​រឿង​នេះ អ្នក​សិក្សា​ផ្នែក​ច្បាប់​កម្ពុជា លោក វ៉ន ចាន់ឡូត ​មើល​ឃើញ​ថា ការ​ថយ​ចុះ​នៃ​អំពើពុករលួយ ​មួយ​ពិន្ទុ​របស់​កម្ពុជា​នៅ​ឆ្នាំនេះ ​គឺ​កើត​ចេញពី​ការរៀបចំ​ផ្ដល់​សេវា​សាធារណៈ ​និង​ការ​សម្រួល​ផ្នែក​ច្រកចេញ​ចូល​តែមួយ ​តែ​ទិដ្ឋភាព​ជា​រួម​គឺ​នៅ​មាន​ភាព​អវិជ្ជមាន​ដដែល។ លោក​យល់​ឃើញ​ថា អំពើពុករលួយ​នៅ​កម្ពុជា​អាច​លុបបំបាត់​ទៅ​បាន​ទាំងស្រុង និង​ប្រកប​ដោយ​ប្រសិទ្ធភាព គឺ​ត្រូវ​ផ្អែកលើ​ឆន្ទៈ​អ្នកនយោបាយ និង​កា​រដាក់​ចេញ​នូវ​ផែនការ​គោល​នយោបាយ​ពី​បណ្ដា​គណបក្ស​នយោបាយ ជាពិសេស​គឺ​បក្ស​កាន់អំណាច ខណៈ​ស្ថាប័ន​ដែល​មានសមត្ថកិច្ច​លើ​ផ្នែក​នេះ​ត្រូវ​រក្សា​គោលជំហរ​ឯករាជ្យ និង​អព្យាក្រឹត្យ​ភាព​របស់​ខ្លួន។

Vorn_Chanlout_FB.JPG
អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត។ រូបពីហ្វេសប៊ុក

លោក វ៉ន ចាន់ឡូត៖ «ប្រព័ន្ធ​នីតិរដ្ឋ​ដែល​វា​អាច​ដំណើរការ​ទៅ​បាន លុះត្រាតែ​វា​មាន​តុល្យភាព​នៃ​អំណាច។ កន្លែង​ហ្នឹង​គឺ​(ជា)ការបែងចែក​អំណាច​ឱ្យ​ដាច់​ ឱ្យ​ឯករាជ្យ​ចេញពី​គ្នា អា​ហ្នឹង​ទើប​អាច​ធានា​បាន។ ហើយ​ប្រសិនបើ​ជា​គ្មាន​តុល្យភាព​អំណាច​ដូច​កម្ពុជា​យើង​នេះ​ទេ យើង​និយាយ​ពី​នីតិរដ្ឋ​វា​ពិបាក​នឹង​ឆ្ពោះ​ទៅ​កាន់​ភាព​ល្អ​ប្រសើរ»

សន្ទស្សន៍​នៃ​អំពើពុករលួយ​នៅ​កម្ពុជា​រយៈពេល ១០ឆ្នាំ​ចុងក្រោយ​នេះ ហាក់​គ្មាន​ការ​ប្រែប្រួល​ច្រើន​ឡើយ ដោយ​កម្ពុជា​ទទួល​បាន​ពិន្ទុ​បន្ថែម​ត្រឹម​២ពិន្ទុ​ប៉ុណ្ណោះ។ អ្នក​តាម​ដាន​សង្គម​មើល​ឃើញ​ថា រដ្ឋាភិបាល​ដែល​ដឹកនាំ​កម្ពុជា​ជាង​៣០ឆ្នាំនេះ ខ្វះ​ឆន្ទៈ​ដើម្បី​ប្រឆាំង​អំពើពុករលួយ ដោយសារ​ក្បាលម៉ាស៊ីន​ក្នុង​ជួរ​រដ្ឋាភិបាល ក៏​ជាប់​ពាក់ព័ន្ធ​និង​ទទួល​បាន​ប្រយោជន៍​ពី​ការប្រព្រឹត្តិ​អំពើ​ពុករលួយ​នេះ​ដែរ។

ទន្ទឹម​នឹង​ការ​ធ្លាក់​ចុះ​នីតិរដ្ឋ និង​មាន​កម្រិត​ខ្ពស់​នៃ​អំពើពុករលួយ កម្ពុជា​បាន​ធ្លាក់​ក្នុង​បញ្ជី​ប្រផេះ​នៃ​ក្រុម​ប្រទេស​លាង​លុយ​កខ្វក់ ដោយ​ជាប់​ឈ្មោះថា​ជា​ «ឋានសួគ៌»​នៃ​កន្លែង​លាង​លុយ​កខ្វក់​នៅ​លើ​ពិភពលោក ដែល​ក្រុម​អ្នកមាន​លុយ​មានអំណាច​ឃុបឃិត​គ្នា​ប្រមូល​លុយ​ដែល​បាន​មក​ពី​អំពើពុករលួយ និង​អំពើឧក្រិដ្ឋ​នានា​បង្វិល​យក​ទៅ​លាក់​ទុក​នៅ​ក្រៅ​ប្រទេស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។