អង្គការតម្លាភាពអន្តរជាតិ (Transparency International) នៅថ្ងៃទី៣១ មករា ចេញផ្សាយលទ្ធផលសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០២២ ដោយរកឃើញថា កម្ពុជានៅតែជាប់ផុងក្នុងចំណោមប្រទេសដែលមានអំពើពុករលួយខ្ពស់ដដែល។ ទោះយ៉ាងណា មន្ត្រីបក្សកាន់អំណាចថា ការវាយតម្លៃនេះគ្រាន់តែជាការសន្និដ្ឋានរបស់ស្ថាប័នអង្គការមួយប៉ុណ្ណោះ ដោយមិនបានឆ្លុះបង្ហាញពីស្ថានភាព និងការវិវឌ្ឍនៃប្រព័ន្ធយុត្តិធម៌នៅកម្ពុជាឡើយ។
លទ្ធផលសន្ទស្សន៍របស់អង្គការតម្លាភាពអន្តរជាតិ សម្រាប់ឆ្នាំ២០២២ បង្ហាញថា កម្ពុជាទទួលបានពិន្ទុ២៤ លើពិន្ទុអតិបរមា១០០ពិន្ទុ ធៀបនឹងឆ្នាំចាស់កម្ពុជាកើនតែ ១ពិន្ទុប៉ុណ្ណោះ។ ពិន្ទុទាបបែបនេះ ធ្វើឱ្យកម្ពុជាត្រូវស្ថិតនៅចំណាត់ថ្នាក់ទី១៥០ ក្នុងឆ្នាំ២០២២ ដែលធ្លាក់ចុះពីចំណាត់ថ្នាក់១៥៧ កាលពីឆ្នាំ២០២១ ក្នុងចំណោមប្រទេស និងដែនដីសរុប១៨០ ដែលត្រូវបានដាក់បញ្ចូលក្នុងការវាយតម្លៃ។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី លើកឡើងក្នុងវេទិកាថា ចំណាត់ថ្នាក់ទី១៥០ នេះ បានបញ្ជាក់ពីស្ថានភាពអំពើពុករលួយរបស់កម្ពុជានៅតែធ្ងន់ធ្ងរនៅ ឡើយ ព្រោះពិន្ទុ២៤ ដែលកម្ពុជាទទួលបាន គឺនៅក្រោម៥០ នៅឡើយ។ លោកយល់ឃើញថា រដ្ឋាភិបាលគួរតែខិតខំកាត់បន្ថយអំពើពុករលួយតាមរយៈការផ្ដន្ទាទោស ឬដាក់ទណ្ឌកម្មលើជនល្មើសឱ្យធ្ងន់ធ្ងរតាមច្បាប់ លើកកម្ពស់សិទ្ធិសេរីភាពបញ្ចេញមតិ ផ្ដល់ភាពឯករាជ្យដល់ប្រព័ន្ធតុលាការ អនុម័តច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានឯករាជ្យ និងបើកឱ្យមានការប្រកួតប្រជែងដោយស្មើភាពគ្នាលើក្រុមហ៊ុនឯកជនជាដើម។

លោក ប៉ិច ពិសី៖ «អ្វីដែលយើងកត់សម្គាល់ឃើញ គឺអំពើពុករលួយខ្នាតធំនៅត្រូវបានដោះស្រាយជាប្រព័ន្ធនៅឡើយទេ ដែលធ្វើឱ្យកម្ពុជានៅតែមានបញ្ហាជាប្រព័ន្ធនៅឡើយ។ ប៉ុន្តែយើងគិតថា បើសិនជាមានការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយ មានប្រសិទ្ធភាពជាងមុន យើងអាចកាត់បន្ថយបញ្ហានេះបានច្រើន ជាពិសេសនៅក្នុងកម្រិតនៃអំពើពុករលួយខ្នាតធំ»។
ទិន្នន័យអង្គការតម្លាភាពអន្តរជាតិ ឱ្យដឹងថា ពិន្ទុ២៤ ដែលកម្ពុជាទទួលបាននេះ បើធៀបនឹងប្រទេសក្នុងតំបន់អាស៊ាន កម្ពុជាគ្រាន់បើជាងប្រទេសភូមា ឬមីយ៉ាន់ម៉ា(Myanmar) តែមួយប៉ុណ្ណោះ ដោយសារប្រទេសនេះ កំពុងមានសង្គ្រាមផ្ទៃក្នុងដែលគ្រប់គ្រងដោយរបបយោធា។ ទិន្នន័យបញ្ជាក់ថា កត្តាដែលកម្ពុជាកើនឡើង១ពិន្ទុនេះ គឺបានមកពីធនាគារពីភពលោក ដែលបានដំឡើងពិន្ទុឱ្យកម្ពុជាពី១០ពិន្ទុ កាលពីឆ្នាំ២០២១ មក១៨ពិន្ទុ នៅឆ្នាំ២០២២ ដោយសារគោលនយោបាយគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបានល្អ ក្នុងពេលវិបត្តិជំងឺកូវីដ១៩។ ប៉ុន្តែ ការស្ទង់មតិរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) បានដកពិន្ទុកម្ពុជា១ពិន្ទុនៅសល់៤១ពិន្ទុ។ ដូចគ្នាដែរ ស្ថាប័នស្រាវជ្រាវអំពីគុណភាពរដ្ឋាភិបាល ឈ្មោះ VDEM ក៏បានដក១ពិន្ទុ នៅសល់១៤ពិន្ទុ។ ចំណែក អង្គការគម្រោងយុត្តិធម៌ពិភពលោក (World Justice Project) បានដកពិន្ទុកម្ពុជា១ពិន្ទុនៅសល់ ១២ពិន្ទុ ដោយបានវាយតម្លៃថា នីតិរដ្ឋនៅកម្ពុជាកំពុងដើរថយក្រោយ។
ជុំវិញរឿងនេះ ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ច្រានចោលលទ្ធផលនៃការវាយតម្លៃរបស់អង្គការតម្លាភាពអន្តរជាតិ និងចាត់ទុកថាលទ្ធផលនៃសន្ទស្សន៍នេះ គ្រាន់តែជាការយល់ឃើញរបស់ស្ថាប័ន និងអង្គការមួយប៉ុណ្ណោះ។ លោកថា របាយការណ៍នេះបង្ហាញតែបរិមាណលទ្ធផល តែមិនបានបង្ហាញពីវិធីសាស្ត្រនៃការស្រាវជ្រាវរបស់ខ្លួន ដែលគួរឱ្យជឿទុកចិត្តបាននោះឡើយ។ លោកអះអាងថា រដ្ឋាភិបាលកំពុងកាត់បន្ថយអំពើពុករលួយ ដោយធ្វើទៅតាមលទ្ធភាពថវិកាដែលរដ្ឋាភិបាលមាន និងការកែទម្រង់តាមប្រព័ន្ធផ្សេងៗ ដូចជាការបើកប្រាក់បៀវត្សតាមរយៈធនាគារជាដើម។

លោក ផៃ ស៊ីផាន៖ «បើតាមខ្ញុំមើល គ្រាន់តែជាព័ត៌មានមួយសម្រាប់ឱ្យយើងចាប់អារម្មណ៍ទេ ក៏ប៉ុន្តែយើងអត់មានជំនឿទេ ដោយសារយើងអត់ដឹងអំពីរបៀបរបបនៃការរៀបចំណាត់ថ្នាក់ហ្នឹង មិនដឹងគេធ្វើរបៀបម៉េច ក៏យើងអត់យល់។ អាហ្នឹងគឺយើងមិនដឹងឱ្យគុណភាពនៃរបាយការណ៍ហ្នឹងរបៀបម៉េច ដោយសារយើងអត់យល់»។
តាមការធ្វើបទបង្ហាញដោយប្រធានអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពីសី បានឱ្យដឹងថា ទិន្នន័យដែលអង្គការតម្លាភាពអន្តរជាតិយកប្រើប្រាស់សម្រាប់វាស់វែងរកសន្ទស្សន៍អំពើពុករលួយមានប្រភពចេញពីស្ថាប័ន ឬអង្គការអន្តរជាតិឯករាជ្យចំនួន៨ សម្រាប់ការគណនា ដែលមានទទួលស្គាល់ទូទាំងពិភពលោក និងជាទិន្នន័យដែលមានភាពត្រឹមត្រូវ ច្បាស់លាស់។ ប្រភពទិន្នន័យទាំងនោះត្រូវបានយកចេញពី ធនាគារពិភពលោក (Word Bank) អង្គការ Freedom House និងអង្គការគម្រោងយុត្តិធម៌ពិភពលោក (WJP) ជាដើម។
តាមលទ្ធផលសន្ទស្សន៍របស់អង្គការតម្លាភាពអន្តរជាតិ ប្រទេសដែលមានចំណាត់ថ្នាក់អំពើពុករលួយខ្ពស់ជាងគេគឺប្រទេសសូម៉ាលី (Somalia) ដែលមាន១២ពិន្ទុ ហើយប្រទេសដែលមានអំពើពុករលួយទាបជាងគេបំផុតគឺប្រទេសដាណឺម៉ាក(Denmark) ដែលមាន៩០ពិន្ទុ។
ទាក់ទិនរឿងនេះ អ្នកសិក្សាផ្នែកច្បាប់កម្ពុជា លោក វ៉ន ចាន់ឡូត មើលឃើញថា ការថយចុះនៃអំពើពុករលួយ មួយពិន្ទុរបស់កម្ពុជានៅឆ្នាំនេះ គឺកើតចេញពីការរៀបចំផ្ដល់សេវាសាធារណៈ និងការសម្រួលផ្នែកច្រកចេញចូលតែមួយ តែទិដ្ឋភាពជារួមគឺនៅមានភាពអវិជ្ជមានដដែល។ លោកយល់ឃើញថា អំពើពុករលួយនៅកម្ពុជាអាចលុបបំបាត់ទៅបានទាំងស្រុង និងប្រកបដោយប្រសិទ្ធភាព គឺត្រូវផ្អែកលើឆន្ទៈអ្នកនយោបាយ និងការដាក់ចេញនូវផែនការគោលនយោបាយពីបណ្ដាគណបក្សនយោបាយ ជាពិសេសគឺបក្សកាន់អំណាច ខណៈស្ថាប័នដែលមានសមត្ថកិច្ចលើផ្នែកនេះត្រូវរក្សាគោលជំហរឯករាជ្យ និងអព្យាក្រឹត្យភាពរបស់ខ្លួន។

លោក វ៉ន ចាន់ឡូត៖ «ប្រព័ន្ធនីតិរដ្ឋដែលវាអាចដំណើរការទៅបាន លុះត្រាតែវាមានតុល្យភាពនៃអំណាច។ កន្លែងហ្នឹងគឺ(ជា)ការបែងចែកអំណាចឱ្យដាច់ ឱ្យឯករាជ្យចេញពីគ្នា អាហ្នឹងទើបអាចធានាបាន។ ហើយប្រសិនបើជាគ្មានតុល្យភាពអំណាចដូចកម្ពុជាយើងនេះទេ យើងនិយាយពីនីតិរដ្ឋវាពិបាកនឹងឆ្ពោះទៅកាន់ភាពល្អប្រសើរ»។
សន្ទស្សន៍នៃអំពើពុករលួយនៅកម្ពុជារយៈពេល ១០ឆ្នាំចុងក្រោយនេះ ហាក់គ្មានការប្រែប្រួលច្រើនឡើយ ដោយកម្ពុជាទទួលបានពិន្ទុបន្ថែមត្រឹម២ពិន្ទុប៉ុណ្ណោះ។ អ្នកតាមដានសង្គមមើលឃើញថា រដ្ឋាភិបាលដែលដឹកនាំកម្ពុជាជាង៣០ឆ្នាំនេះ ខ្វះឆន្ទៈដើម្បីប្រឆាំងអំពើពុករលួយ ដោយសារក្បាលម៉ាស៊ីនក្នុងជួររដ្ឋាភិបាល ក៏ជាប់ពាក់ព័ន្ធនិងទទួលបានប្រយោជន៍ពីការប្រព្រឹត្តិអំពើពុករលួយនេះដែរ។
ទន្ទឹមនឹងការធ្លាក់ចុះនីតិរដ្ឋ និងមានកម្រិតខ្ពស់នៃអំពើពុករលួយ កម្ពុជាបានធ្លាក់ក្នុងបញ្ជីប្រផេះនៃក្រុមប្រទេសលាងលុយកខ្វក់ ដោយជាប់ឈ្មោះថាជា «ឋានសួគ៌»នៃកន្លែងលាងលុយកខ្វក់នៅលើពិភពលោក ដែលក្រុមអ្នកមានលុយមានអំណាចឃុបឃិតគ្នាប្រមូលលុយដែលបានមកពីអំពើពុករលួយ និងអំពើឧក្រិដ្ឋនានាបង្វិលយកទៅលាក់ទុកនៅក្រៅប្រទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។