អភិបាលខេត្តព្រះសីហនុដើររើសសំរាមតាមឆ្នេរក្រោយពលរដ្ឋរិះគន់
2018.10.10

ក្រោយពេលពលរដ្ឋរិះគន់បញ្ហាសំរាមពាសពេញឆ្នេរនៅតាមមាត់សមុទ្រខេត្តព្រះសីហនុ អភិបាលខេត្តនេះ បានដឹកនាំក្រុមការងាររបស់ខ្លួនដើរប្រមូលសំរាមនៅតាមឆ្នេរទាំងនោះ។ ប៉ុន្តែពលរដ្ឋចង់ឃើញអាជ្ញាធរត្រូវមានផែនការជាក់លាក់ក្នុងការរៀបចំទុកដាក់សំរាមមិនមែនគ្រាន់តែនាំគ្នាដើររើសសំរាមដោយខ្លួនឯងមួយប្រាវនោះទេ។
ក្រុមពលរដ្ឋដែលបានទៅលេងកម្សាន្តនៅខេត្តព្រះសីហនុនាំគ្នាផុស និងចែកចាយក្នុងបណ្ដាញសង្គមហ្វេសប៊ុកនូវរូបថតសំរាមយ៉ាងច្រើន អណ្តែតស្អេកស្កះពាសពេញឆ្នេរសមុទ្រ។
ពលរដ្ឋរស់នៅក្រុងភ្នំពេញម្នាក់ដែលបានទៅលេងកម្សាន្តនៅខេត្តក្នុងព្រះសីហនុលោក សេន ពិសិដ្ឋ ឲ្យអាស៊ីសេរីដឹងថា លោកមិនហ៊ានងូតទឹកសមុទ្រទេពេលឃើញសំរាមច្រើនបែបនេះ។ លោកបន្តថា បញ្ហាសំរាមនេះ គឺជាការឆ្លុះបញ្ចាំងថា អាជ្ញាធរខេត្តនេះខ្វះការគ្រប់គ្រង ដែលបញ្ហានេះធ្វើឲ្យភ្ញៀវទេសចរណ៍លែងចង់ទៅលេងកម្សាន្តនៅខេត្តនេះបន្តទៀត៖ «សំរាមរញ៉េរញាំឆ្លុះបញ្ចាំងពីការគ្រប់គ្រងខេត្តព្រះសីហនុគ្មានការគ្រប់គ្រងរដ្ឋបាលត្រឹមត្រូវ»។
បញ្ហាសំរាមនៅតាមឆ្នេរសមុទ្របានក្លាយជាប្រធានបទសំខាន់សម្រាប់អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកលើកយកមកជជែក និងបង្ហោះរូបភាពនៃសំរាមទាំងនោះស្ទើរគ្រប់ៗ គ្នា។
អ្នកប្រើហ្វេសប៊ុកម្នាក់ឈ្មោះ កាង អរុណ បានសរសេរថា អ្នកកាសែតខ្មែរបានផ្តិតរូបភាពមកបង្ហាញថា ឆ្នេរសមុទ្រខ្មែរស្អាតជាងគេ មានអីទឹកថ្លាខៀវតែសំរាមលើឆ្នេរដូចជាគ្មានការយកចិត្តទុកដាក់ពីអាជ្ញាធរខេត្តព្រះសីហនុទេមើលទៅ។
ក្រោយមានការរិះគន់បែបនេះពីសំណាក់ក្រុមពលរដ្ឋ អភិបាលខេត្តព្រះសីហនុ លោក យន្ត ម៉ីន បានដឹកនាំមន្រ្តីរបស់លោក និងពលរដ្ឋប្រមាណ ១០០នាក់ដើរប្រមូលសំរាមទាំងនោះ ដែលភាគច្រើនជាកាកសំណល់កំប្លោក ដបទឹកសុទ្ធ និងថង់ប្លាស្ទិក។
លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បញ្ជាក់ថា កាកសំណល់ដែលអណ្តែតនៅលើលំហសមុទ្រ មកទើរនៅលើឆ្នេរខ្សាច់ ឬឆ្នេរសមុទ្រមួយចំនួន នាខេត្តព្រះសីហនុ ជាប្រភេទរុក្ខជាតិមិនមែនជាកាកសំណល់ចេញពីផ្ទះបាយទេ៖ «សំរាមដែលអណ្តែតមកទើរនៅលើឆ្នេរសមុទ្រមួយចំនួន នៅខេត្តព្រះសីហនុពេលនេះ គឺមិនមែនជាប្រភេទសំរាម ដែលកើតចេញពីផ្ទះបាយនោះទេ ប៉ុន្តែវាជាប្រភេទកាកសំណល់ ដែលកើតចេញពីរុក្ខជាតិ គឺជាដើមកំប្លោក ដែលបានហូរតាមទឹកចេញពីតំបន់ផ្សេងៗ នៅប្រទេសវៀតណាម រួចក៏បានអណ្តែតតាមទឹកសមុទ្រចុះឡើងៗ ហើយចុងក្រោយបានមកទើរនៅតាមឆ្នេរសមុទ្រខេត្តព្រះសីហនុយើង កាលពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែតលា ឆ្នាំ២០១៨នេះ។ ហើយថា កាកសំណល់កប្លោកខាងលើនេះ គឺបានទើរនៅតាមឆ្នេរសមុទ្ររាម ឆ្នេរអូរត្រេះ ឆ្នេរអូរឈើទាល និងឆ្នេរមួយចំនួនទៀត នៅលើកោះរ៉ុងជាដើម»។
យ៉ាងណាក៏ដោយចុះ ពលរដ្ឋរស់នៅខេត្តព្រះសីហនុម្នាក់លោក គឹម ម៉ារីណា បានឲ្យអាស៊ីសេរី ដឹងថា បញ្ហាសំរាមនេះមិនមែនមានតែនៅឆ្នេរសមុទ្រនោះទេ។ លោកឲ្យដឹងទៀតថា ចាប់តាំងពីមានជនជាតិចិនមករស់នៅ និងរកស៊ីនៅក្នុងខេត្តព្រះសីហនុមក ខេត្តនេះសម្បូរទៅដោយ សំរាមស្ទើរគ្រប់ទីកន្លែង ដែលបញ្ហានេះកំពុងធ្វើឲ្យពលរដ្ឋមិនសប្បាយចិត្ត និងធុញថប់ជាខ្លាំង៖ «អ្វីដែលខ្ញុំឃើញរាល់ថ្ងៃមិនមែនត្រឹមតែឆ្នេរទេ។ ខ្ញុំស្នើទៅអាជ្ញាធរដែនដីមេត្តា គាត់ជួយគិតគូររឿងសំរាមហ្នឹង ចាប់ពីពីរថ្ងៃឡើងទៅសំរាមមែនទែន»។
ករណីនេះដែរលោក យន្ត មីន អំពាវនាវឲ្យពលរដ្ឋ និងអជីវករក្នុងខេត្តនេះចូលរួមសំអាតបរិស្ថានខេត្តនេះ ដោយទុកដាក់សំរាមឲ្យបានត្រឹមត្រូវ៖ «បើសិនមិនមានការចូលរួមទេ ហើយពឹងផ្អែកតែទៅលើបុគ្គលិកអនាម័យ ឬពឹងតែទៅលើមន្ត្រីមន្ទីរបរិស្ថាន ពឹងតែទៅលើរដ្ឋបាលក្រុង ពឹងតែទៅលើចៅសង្កាត់ និងក្រុមហ៊ុនប្រមូលសំរាម គឺអនាម័យបរិស្ថានក្នុងក្រុងព្រះសីហនុយើង មិនស្អាតនោះទេ។ បញ្ហានេះ វាទាល់តែមានការចូលរួមទាំងអស់គ្នាពីប្រជាពលរដ្ឋ និងផ្នែកពាក់ព័ន្ធ ពោលគឺក្នុងនាមយើងជាម្ចាស់ផ្ទះ ម្ចាស់ទីតាំង ម្ចាស់ទឹកម្ចាស់ដីទាំងអស់ហ្នឹង គឺត្រូវរួមគ្នាសំអាតនៅមុខផ្ទះ ឬក្នុងផ្ទះរៀងៗ ខ្លួន ឲ្យបានជាប្រចាំ ដោយនៅមុខផ្ទះ ឬទីតាំងអ្នកណាអ្នកហ្នឹងសំអាត ឲ្យបានស្អាតជាប្រចាំ ហើយត្រូវវេចខ្ចប់កាកសំណល់សំរាមឲ្យបានល្អ និងនាំយកទៅទុកដាក់ឲ្យបានត្រឹមត្រូវតាមក្បួនតាមខ្នាតជាដើម ទើបយើងអាចសម្អាតអនាម័យបរិស្ថានយើងបានល្អយូរអង្វែង។ ករណីនេះ គឺទាមទារឲ្យប្រជាពលរដ្ឋគ្រប់ៗ រូប មិនត្រូវបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់នៅតាមទីសាធារណៈទៀតទេ។ ដូចកន្លងមកនេះ សង្កេតឃើញមានបងប្អូនប្រជាពលរដ្ឋខ្លះ ដែលកំពុងជិះឡានសុខៗ ក៏ស្រាប់តែបានបើកទ្វារបង្ហូចរថយន្តបោះចោលសំរាម នៅតាមទីសាធារណៈគ្មានសណ្តាប់ធ្នាប់ ពង្រាយសំរាមពេលផ្លូវអនាធិបតេយ្យ ដែលខុសប្លែកពីឥរិយាបទប្រជាពលរដ្ឋប្រទេសជិតខាងយើងមានប្រទេសថៃជាដើម គឺពលរដ្ឋគេៗ មានការយល់ដឹងខ្ពស់អំពីការងារទុកដាក់កាកសំណល់សំរាមគ្រប់ៗ គ្នា ហើយបើមានករណីបើចោលសំរាមគ្មានសណ្តាប់ធ្នាប់តាមទីសាធារណៈ នឹងត្រូវទទួលរងការពិន័យពីកម្លាំងនគរបាល ដែលចាប់ថតសកម្មភាពនេះ តាមរយៈម៉ាស៊ីតថតជាដើម»។
អ្នកសិក្សាការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី សង្កេតឃើញថា បញ្ហាសំរាមនៅខេត្តព្រះសីហនុកើនឡើងដោយសារកំណើននៃការវិនិយោគ និងកំណើនមនុស្សទៅរស់នៅខេត្តនេះយ៉ាងគំហុក។ លោកបន្តថា បញ្ហាសំរាមនេះកំពុងបង្កបញ្ហានៅក្នុងខេត្តព្រះសីហនុលើសពីសមត្ថភាព ដែលសាលាក្រុងអាចគ្រប់គ្រង និងដឹកជញ្ជូនបាន៖ «មិនមែនត្រឹមតែគ្រប់គ្រងមនុស្ស គ្រប់គ្រងអ្នកវិនិយោគទុនទេ ការគ្រប់គ្រងសំរាមនេះ ក៏ជារឿងសំខាន់ដែរ។ ខ្ញុំមើលឃើញនៅកំពង់សោមហ្នឹងបញ្ហាធំអាជ្ញាធរមូលដ្ឋានមិនបានត្រៀមលក្ខណៈទាន់ពេល»។
អ្នកសិក្សាការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី យល់ថា បញ្ហាសំរាមនេះទាមទារឲ្យមាន ការសហការណ៍គ្នារវាងពលរដ្ឋ អាជ្ញាធរមូលដ្ឋាន អាជ្ញាធរខេត្ត និងក្រុមហ៊ុនប្រមូលសំរាម ហើយក៏ត្រូវមានការអប់រំពលរដ្ឋឲ្យចេះបែងចែកសំរាម និងទុកសំរាមឲ្យបានត្រឹមត្រូវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។