ពលរដ្ឋរស់នៅរាជធានី និងបណ្តាខេត្តមួយចំនួន មានការយល់ឃើញខុសៗគ្នាចំពោះបម្រាម ធ្វើដំណើររបស់រដ្ឋាភិបាល។
ពលរដ្ឋមួយចំនួនបានស្វាគមន៍បម្រាមរដ្ឋាភិបាលព្រោះយល់ថា បម្រាមនេះ អាចចូលរួមទប់ស្កាត់ការរីករាលដាល់ជំងឺកូវីដ-១៩ ប៉ុន្តែក៏មានពលរដ្ឋផ្សេងទៀតមិនពេញចិត្តនិងរិះគន់ថា បទបញ្ជានេះគឺជាការធ្វើតេស្តសាកល្បងដែលឈានទៅដាក់ប្រទេសក្នុងគ្រាអាសន្ននាពេលខាងមុខដ៏ខ្លី។
ពលរដ្ឋរស់នៅក្រុងភ្នំពេញម្នាក់កញ្ញា ឡេង ចិន្តា ប្រាប់ថា កញ្ញាយល់ស្របនិងបម្រាមរបស់រដ្ឋាភិបាលនេះដោយកញ្ញាបញ្ជាក់ថា ទោះរដ្ឋាភិបាលមិនបានហាមមិនឱ្យចេញពីភ្នំពេញក៏កញ្ញានៅតែបំពេញការងារជាធម្មតាដែរ។ កញ្ញាបន្តថា វិធានការរបស់រដ្ឋាភិបាលក៏អាចទប់ស្កាត់ជំងឺកូវីដ-១៩ មិនឱ្យរីករាលដាលខ្លាំងនិងជួយរកចំណូលដល់ក្រុមហ៊ុនដែលកំពុងជួបវិបត្តិ៖ «គិតថា ធ្វើអញ្ចឹងល្អព្រោះអីថាកាត់បន្ថយការជួបជុំធម្មតាមនុស្សឱ្យតែទំនេរជុំគ្នា អ៊ីចឹងបើឱ្យធ្វើការយើងផ្ដោតសំខាន់តែការងារអត់មានការជួបជុំលក្ខណៈស៊ីផឹកឬក៏អីផ្សេងៗលើសនឹង»។
រដ្ឋាភិបាល លោក ហ៊ុន សែន បានចេញបទបញ្ជាបិទការធ្វើដំណើរនៅផ្ទៃក្នុងប្រទេស រាល់ការធ្វើដំណើរចេញចូលរាជធានីភ្នំពេញ ការធ្វើដំណើរឆ្លងកាត់ពីស្រុកមួយទៅស្រុកមួយនិងពីខេត្ត មួយទៅខេត្តមួយទៀតត្រូវបានហាមឃាត់ទាំងអស់លើកលែងតែក្នុងករណីចាំបាច់មួយចំនួនប៉ុណ្ណោះ។ បម្រាបនេះបានចូលជាធរមាន កាលពីយប់ម៉ោង១២ ថ្ងៃទី៩ ដល់ យប់ថ្ងៃទី១៦ ខែមេសា ។ ប៉ុន្តែក្រោយមកនៅថ្ងៃទី១០ ខែមេសា លោក ហ៊ុន សែន បានចេញបទបញ្ជាថ្មីមួយទៀតដោយអនុញ្ញាតឱ្យមានការឆ្លងទៅមកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយចាត់ទុកថាទីតាំងពីកន្លែងនេះជាតំបន់តែមួយ។
ពលរដ្ឋម្នាក់ទៀត លោក យឹម ភារម្យ ប្រាប់ថា លោកសព្វថ្ងៃស្ទើរមិនហ៊ានចេញពីផ្ទះទេ បើគ្មានការចាំបាច់នោះ។ លោក យឹម ភារម្យ យល់ថា ប្រសិនរដ្ឋាភិបាលអនុញ្ញាតឱ្យពលរដ្ឋធ្វើដំណើរដោយសេរីក្នុងរដូវចូលឆ្នាំថ្មីខាងមុខនេះគឺអាចនឹងធ្វើឱ្យរាលដាលជំងឺកូវីដ-១៩ ដល់សហគមន៍៖ «គិតថាជារឿងល្អដែរដើម្បីបង្ការការឆ្លងរាលដាលកាន់តែច្រើន បើសិនយើងបណ្ដោយឱ្យពួកគាត់ធ្វើដំណើរដោយសេរីហើយទៅជួបជុំដោយសេរីអ៊ីចឹងទៅអាចរីករាលដាលជាលក្ខណៈសហគមន៍អ៊ីចឹងទៅ អាចធ្វើឱ្យមានបញ្ហាខ្លាំងនៅពេលក្រោយ»។
រីឯពលរដ្ឋម្នាក់ទៀតមានស្រុកកំណើតនៅខេត្តតាកែវ និងកំពុងធ្វើការងារនៅក្រុងភ្នំពេញ លោក ថោ ស៊ីណា ប្រាប់ថា ឆ្នាំនេះគម្រោងទៅស្រុកកំណើតរបស់លោកត្រូវលុបចោលដោយសារបម្រាមរដ្ឋាភិបាល។ ពលរដ្ឋរូបនេះយល់ថា រដ្ឋាភិបាលហាក់មិនបានខ្វល់ខ្វាយពីការរីករាលដាលនៃជំងឺកូវីដ-១៩ របស់កម្មកររោងចក្រទេ ដូច្នេះលោកយល់ថា រដ្ឋាភិបាលគួរធ្វើតេស្តពិនិត្យរកមេរោគកូរ៉ូណានៅតាមរោងចក្រ ព្រោះលោកសង្កេតឃើញថា រោងចក្រជាកន្លែងដែលមានមនុស្សប្រជ្រៀតគ្នាធ្វើការរាប់ពាន់នាក់គឺមិនបានពិនិត្យឌិតដល់ក្នុងការរកជំងឺកូវីដ-១៩ នោះទេ៖ «ឥឡូវនៅរោងចក្រមានម៉ាស៊ីនត្រជាក់ហើយមានគ្នារាប់ពាន់នាក់ បងគិតមើលមានឆ្លងមួយអាចរីករាលដាលលឿនហើយខ្លាំងម៉ង តាំងពីកើតកូវីដហ្នឹងមក ដូចរដ្ឋយើងអត់ផ្ដោតសំខាន់លើរោងចក្រអីប៉ុន្មានទេ»។
ទោះបីជាយ៉ាងណា កម្មកររោងចក្រម្នាក់ថ្លែងសុំមិនបញ្ចេញឈ្មោះឱ្យអាស៊ីសេរីដឹងថា កម្មករមួយចំនួនមិនចេញចិត្តចំពោះការតម្រូវឱ្យកម្មករធ្វើថ្ងៃចូលឆ្នា និងបម្រាមមិនកម្មករអាចទៅស្រុកកំណើត។ ប៉ុន្តែកម្មករមិនហ៊ានតវ៉ាព្រោះខ្លាចថៅកែបញ្ឈប់ពីការងារ។ កម្មកររូបនេះប្រាប់ថា ឆ្នាំនេះមានតែត្រូវបង្ខំចិត្តធ្វើការងារទាំងនឹកស្រុកកំណើត៖ «ធ្វើឱ្យទឹកចិត្តកម្មករមួយចំនួនធំបាក់ទឹកចិត្ត សូម្បីតែប្អូនក៏បាក់ទឹកចិត្តដែរ ប៉ុន្តែប្អូនគិតថា នេះជាការបង្ការមួយហើយ តែបង្ការមិនមែនហាមឃាត់បងប្អូនបានជួបមុខគ្នាដែរ ហើយមិនដឹងថា ថ្ងៃណាផុតជំងឺហ្នឹង ( ជំងឺកូវីដ - ១៩ ) ទេ»។
ខណៈរដ្ឋាភិបាលបានចេញបទបញ្ជាបិទការធ្វើដំណើរ សមត្ថកិច្ចបានដាក់កម្លាំងគ្រប់ច្រកផ្លូវចេញពីរាជធានីភ្នំពេញទៅបណ្តាខេត្តនានាយ៉ាងតឹងរ៉ឹង។ លោក ហ៊ុន សែន លើកឡើងថា លោកគ្មានជម្រើសអ្វីឱ្យល្អជាងការចេញបទបញ្ជាហាមឃាត់ការធ្វើដំណើររបស់ពលរដ្ឋនេះឡើយ នៅក្នុងគោលដៅបង្ការនិងទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ-១៩ នៅអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។
ប៉ុន្តែពលរដ្ឋម្នាក់ លោក សុខ ភារម្យ យល់ថា បម្រាមរបស់លោក ហ៊ុន សែន ពេលនេះ នឹងធ្វើឱ្យអ្នកវិនិយោគទុនមួយចំនួននឹងចាកចេញពីប្រទេសកម្ពុជា៖ «បារម្ភថា បើជំហានទី១គាត់ ( លោក ហ៊ុន សែន ) គាត់ដាក់ទៅជោគជ័យគាត់គ្រប់គ្រងបាន គេចេញច្បាប់រដ្ឋាភិបាលចេញច្បាប់មកមែនទែនដល់ច្បាប់មកមែនទែនគឺគ្រប់គ្រងទាំងសកម្មភាពអ្នកតស៊ូមតិ អ្នកការពារសិទ្ធិមនុស្ស អ្នកការពារបរិស្ថាន ។ល។»។
លោកបន្តថា ពេលនេះ លោក ហ៊ុន សែន ចេញបម្រាមនេះ ជាការធ្វើតេស្តចង់ដឹង ពីប្រតិកម្មរបស់ពលរដ្ឋ។ លោកថា ប្រសិនបើពលរដ្ឋមិនប្រឆាំងនឹងបម្រាមនេះទេ គឺលោក ហ៊ុន សែន នឹងឈានទៅមួយជំហានទៀតគឺដាក់ប្រទេសក្នុងគ្រាអាសន្នដែលច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសក្នុងភាពអាសន្ននឹងចូលជាធរមាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។