និស្សិត​កូន​ភ្លោះ​ជា​សកម្មជន​អារ៉ែង​ស្នើ​សាកលវិទ្យាល័យ CUS អនុញ្ញាត​ឲ្យ​បន្ត​ការ​សិក្សា

0:00 / 0:00

និស្សិត​ពីរ​នាក់​បង​ប្អូន​ភ្លោះ​មក​ពី​ខេត្ត​បាត់ដំបង ដែល​ជា​សកម្មជន​ការពារ​បរិស្ថាន​នៅ​តំបន់​អារ៉ែង និង​តំបន់​វារីអគ្គិសនី​ដនសាហុង ស្នើ​ដល់​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា (CUS) អនុញ្ញាត​ឲ្យ​ខ្លួន​មាន​ឈ្មោះ​ប្រឡង​បញ្ចប់​ឆ្នាំ​ទី​២ និង​អាច​មាន​សិទ្ធិ​រៀន​នៅ​សាកលវិទ្យាល័យ​នេះ​បន្ត​ទៀត​រហូត​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ បន្ទាប់​ពី​សាលា​បាន​បញ្ឈប់​ពួក​គាត់។

ចំណែក​គ្រូ​ដែល​បង្រៀន​នៅ​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា បាន​គាំទ្រ​និស្សិត​ដែល​ជា​សកម្មជន​បរិស្ថាន​នេះ ដោយ​គាត់​ថា និស្សិត​ទាំង​ពីរ​នាក់​បង​ប្អូន​នេះ មាន​អត្តចរិត​ល្អ និង​ស្រឡាញ់​ការ​សិក្សា។

និស្សិត​ក្រីក្រ​ពីរ​នាក់​បង​ប្អូន​ដែល​ជា​សកម្មជន​ការពារ​បរិស្ថាន​តំបន់​អារ៉ែង និង​វារីអគ្គិសនី​ដនសាហុង លោក ជុំ ហួត និង​លោក ជុំ ហួរ អះអាង​ថា សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា បាន​លុប​ឈ្មោះ​គាត់​ចេញ​ពី​បញ្ជី​វត្តមាន ជា​ហេតុ​បណ្ដាល​ឲ្យ​ពួក​គាត់​គ្មាន​សិទ្ធិ​ប្រឡង​បញ្ចប់​ឆ្នាំ​ទី​២ ផ្នែក​អក្សរ​សាស្ត្រ​អង់គ្លេស និង​តម្រូវ​ឲ្យ​លោក​បង់​លុយ​ជាង ២០០​ដុល្លារ ដើម្បី​អាច​មាន​សិទ្ធិ​រៀន​បន្ត។

លោក​បន្ត​ថា នៅ​ពេល​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា សាខា​ទួលទំពូង​ត្រូវ​បិទ​ទ្វារ សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា ប្ដូរ​ឲ្យ​លោក​ទៅ​សិក្សា​សាខា​ស្ទឹងមានជ័យ។ លោក​បញ្ជាក់​ថា សកលវិទ្យាធិការ​រង​នៃ​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា សាខា​ស្ទឹងមានជ័យ ជា​អ្នក​សម្រេច​បញ្ឈប់​ការ​សិក្សា​របស់​ពួក​គាត់។

លោក​អះអាង​ថា ស្ថិត​ក្នុង​ទឹក​មុខ​ក្រៀមក្រំ​ដោយ​មាន​ក្តី​បារម្ភ​ពី​ការ​សិក្សា​របស់​ខ្លួន អម​នឹង​អាវ​យឺត​ពណ៌​បៃតង​មាន​រូប​សត្វ​ផ្សោត ដែល​មាន​អក្សរ​បញ្ឈប់​គម្រោង​ទំនប់​វារីអគ្គិសនី​ដនសាហុង និស្សិត​កូន​ភ្លោះ​ពីរ​នាក់​បង​ប្អូន​លើក​ឡើង​បន្ត​ថា ពួក​គាត់​ជា​សកម្មជន​ការពារ​ព្រៃ​ឈើ​នៅ​តំបន់​អារ៉ែង និង​ជា​សកម្មជន​ការពារ​ទំនប់​វារីអគ្គិសនី​ដនសាហុង សម្រាប់​ប្រជាជន​កម្ពុជា ទាំង​មូល។ ចុះ​ហេតុ​អ្វី​បាន​ជា​សាលា​មិន​លើក​ទឹក​ចិត្ត​ចំពោះ​ពួក​គាត់​ផង?៖ «គាត់​បញ្ជូន​ខ្ញុំ​ទៅ​នាយក​រង​ក្បែរ​តុ​ហ្នឹង។ នាយក​រង​គាត់​អត់​ដោះស្រាយ​ទេ ហើយ​បែរ​ជា​និយាយ​ឆ្លើយ​វិញ។ គាត់​និយាយ​ថា អូន​ឯង​ការពារ​ព្រៃ​ឈើ​ហ្នឹង​បាន​អី​បាន​មក​វិញ? គាត់​និយាយ​ច្រើន​ទៀត​ថា អូន​ឯង​ប្រឡូក​សង្គម​មិន​ដូច​បង​ទេ។ ខ្ញុំ​អត់​ឈ្លោះ​ជាមួយ​នឹង​គាត់​ទេ ហើយ​សុំ​គាត់​ថា បង! ខ្ញុំ​សុំ​មាន​ឈ្មោះ​ប្រឡង​បាន​អត់?»

លោក​និយាយ​ថា លោក​មាន​លុយ​សិក្សា​អាស្រ័យ​ដោយ​មាន​ការ​ជួយ​ឧបត្ថម្ភ​ពី​ជន​បរទេស​ម្នាក់​ដែល​រស់នៅ​ប្រទេស​ស្វីស (Switzerland)។ លោក​បន្ត​ថា ការ​សិក្សា​ជា​អ្វី​ដែល​លោក​មិន​អាច​លះបង់​បាន។ មិន​អាច​លះបង់​បាន ព្រោះ​ការ​សិក្សា​អាច​ផ្លាស់ប្ដូរ​ជីវិត​របស់​គាត់​បាន​នា​ពេល​អនាគត។

សាស្ត្រាចារ្យ​មួយ​រូប​ដែល​បង្រៀន​នៅ​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា និស្សិត​កូន​ភ្លោះ​ទាំង​ពីរ​នាក់​បង​ប្អូន​នោះ​ចូល​ចិត្ត​ការ​សិក្សា ជា​និស្សិត​សុភាពរាបសារ ចូល​ចិត្ត​ការ​ចែក​រំលែក និង​ជាពិសេស​តែង​តែ​ធ្វើ​កិច្ចការ​សង្គម​ជាច្រើន។ លោក​និយាយ​ទៀត​ថា សាលា​គួរ​មាន​ការ​អធ្យាស្រ័យ​ចំពោះ​និស្សិត​ទាំង​ពីរ​នាក់​បង​ប្អូន ដែល​បាន​ចូលរួម​ជួយ​ដល់​កិច្ចការ​សង្គម​នេះ៖ «មាន​ព័ត៌មាន​អ្វី​ប្លែកៗ​គាត់​ចែក​រំលែក មាន​អ្វី​ចង់​ចែក​រំលែក គាត់​ចែក​រំលែក​ទៅ​កាន់​និស្សិត​មិត្ត​រួម​ថ្នាក់ និង​គាត់​បាន​ចូលរួម​ការពារ​ព្រៃ​តំបន់​អារ៉ែង​ដែល​ជា​ព្រៃ​ចុង​ក្រោយ»

សកលវិទ្យាធិការ​រង​ទទួល​បន្ទុក​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា លោក​បណ្ឌិត មាស បូរ៉ា បញ្ជាក់​ថា និស្សិត​ទាំងអស់​មាន​សិទ្ធិ​ប្រឡង​បាន លុះត្រា​ណា​តែ​មិន​មាន​អវត្តមាន​លើស​ពី​គោលការណ៍​ដែល​សាលា​បាន​កំណត់៖ «មិន​បញ្ហា​អី​ទេ គ្រាន់​តែ​បញ្ហា​វិន័យ​តិចតួច​ហ្នឹង​ណា! គាត់​អវត្តមាន​ច្រើន​ហ្នឹង​ណា»

លោក​អះអាង​ថា សាកលវិទ្យាល័យ​អនុញ្ញាត​ឲ្យ​និស្សិត​ទាំង​ពីរ​នាក់​បង​ប្អូន​ចូល​រៀន​ហើយ ប៉ុន្តែ​ត្រូវ​ផាក​ពិន័យ​ជាង ២០០​ដុល្លារ គឺ​ផាក​លើ​មុខវិជ្ជា​ចំនួន​ប្រាំ​មុខ ដែល​និស្សិត​ទាំង​ពីរ​រូប​មិន​បាន​ចូល​រៀន​មួយ​ឆមាស។ លោក​បន្ថែម​ថា បើ​និស្សិត​ទាំង​ពីរ​នាក់​បង​ប្អូន​ពិត​ជា​ក្រីក្រ​មែន និស្សិត​ទាំង​ពីរ​នាក់​អាច​ដាក់​ពាក្យ​ស្នើសុំ​អាហារូបករណ៍​ពី​សាកលវិទ្យាល័យ​បាន ហើយ​សាកលវិទ្យាល័យ​នឹង​ពិចារណា​ជុំវិញ​រឿង​នេះ។

ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក រស់ សាលីន ឲ្យ​ដឹង​ថា ក្រសួង​អប់រំ ជា​អ្នក​ត្រួត​ពិនិត្យ​គុណភាព​ចំពោះ​សាកលវិទ្យាល័យ​នីមួយៗ តាម​រយៈ​ការ​ប្រឡង​បញ្ចប់​ថ្នាក់​មហាវិទ្យាល័យ។ ប៉ុន្តែ​បើ​និស្សិត​អវត្តមាន​ច្រើន គឺ​អាច​ប្រឈម​នឹង​ការ​បាត់​សិទ្ធិ​ប្រឡង។ លោក​បន្ត​ថា ការ​សិក្សា គឺ​ទាមទារ​គុណភាព និង​ការ​ខិតខំ​ប្រឹងប្រែង។ និស្សិត​ត្រូវ​រៀន​ឲ្យ​បាន​ទៀងទាត់ និង​យក​ចិត្ត​ទុក​ដាក់៖ «ក្នុង​បទបញ្ជា​ក្នុង​គ្រឹះស្ថាន​សិក្សា​នោះ ចឹង​សាលា​អនុវត្ត​តាម​គោលការណ៍​របស់​សាលា»

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ និស្សិត​ពីរ​នាក់​បង​ប្អូន​ទទូច​ស្នើ​ដល់​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា សុំ​ឲ្យ​ពួក​គាត់​មាន​ឈ្មោះ​ប្រឡង និង​មិន​ត្រូវ​បង់​លុយ​ជាង ២០០​ដុល្លារ​នោះ​ទេ។ លោក​បន្ត​ថា លោក​ជា​អ្នក​ការពារ​ប្រយោជន៍​សម្រាប់​សង្គម​កម្ពុជា សាលា និង​រដ្ឋាភិបាល​គួរ​តែ​មាន​ការ​យោគយល់​ចំពោះ​រូប​លោក។ និស្សិត​កូន​ភ្លោះ​ទាំង​ពីរ​នាក់​នេះ មាន​ស្រុក​កំណើត​នៅ​ខេត្ត​បាត់ដំបង មាន​បង​ប្អូន ៧​នាក់ មាន​ម្តាយ​ជា​ស្ត្រី​មេម៉ាយ និង​ប្រកប​មុខ​របរ​ជា​អ្នក​សម្អាត។ និស្សិត​ទាំង​ពីរ​នាក់​បង​ប្អូន​នេះ មាន​ក្តី​ប្រាថ្នា​ចង់​ស្គាល់​រសជាតិ​រៀន​ចប់​ថ្នាក់​បរិញ្ញាបត្រ​នឹង​គេ មុន​លាចាក​លោកិយ​ដោយ​មិន​មាន​ចេតនា​អ្វី​ផ្សេង​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។