និស្សិត​ខ្មែរ​ម្នាក់​ខិតខំ​រៀន​រហូត​បាន​មេដាយ​វិស្វករ​បច្ចេកវិទ្យា នៅ​មហាវិទ្យាល័យ​ប្រទេស​ថៃ

ដោយ សុជីវី
2022.09.20
Share on WhatsApp
Share on WhatsApp
និស្សិត​ខ្មែរ​ម្នាក់​ខិតខំ​រៀន​រហូត​បាន​មេដាយ​វិស្វករ​បច្ចេកវិទ្យា នៅ​មហាវិទ្យាល័យ​ប្រទេស​ថៃ លោក សារ៉ាត់ សារេន ជា​និស្សិត​អាហារូបករណ៍មក​ពី​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ. ដែល​បាន​ប្រឡង​ជាប់​នៅ​សាលា​តិចណូ និង​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​រ័ងស៊ីត ( Rangsit ) នៅ​ខេត្ត​ប៉ាថុមថានី ( Pathum Thani ) ប្រទេស​ថៃ។
រូប៖ ហ្វេសប៊ុក​លោក សារ៉ាត់ សារេន

និស្សិត​ខ្មែរ​ម្នាក់​មកពី​គ្រួសារ​មធ្យម​មួយ​នៅ​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ ខិតខំ​រៀន​រហូត​ទទួល​បាន​មេដាយ​វិស្វករ​បច្ចេកវិទ្យា នៅ​មហាវិទ្យាល័យ​ប្រទេស​ថៃ។ លោក​ប្រាប់​ថា សម្រាប់​សិស្ស​ដែល​ចង់បាន​អាហារូបករណ៍​មក​សិក្សា​នៅ​ក្រៅ​ប្រទេស ត្រូវ​មាន​ការ​តាំង​ចិត្ត​ខ្ពស់ រួច​ផ្ដោតអារម្មណ៍​តែ​លើ​ការ​សិក្សា​មួយ​មុខ។

និស្សិត​ខ្មែរ​ម្នាក់ ដែល​តស៊ូ​រៀន​តាំងពី​នៅ​ថ្នាក់​មធ្យមសិក្សា ហើយ​បាន​ជាប់​អាហារូបករណ៍​មក​សិក្សា​បន្ត​នៅ​មហាវិទ្យាល័យ​មួយ​នៅ​ប្រទេស​ថៃ ហើយ​ឥឡូវ​លោក​ថែមទាំង​បាន​ប្រឡង​ជាប់​ជា​និស្សិត​ឆ្នើម ទទួល​បាន​មេដាយ​ផ្នែក​វិស្វករ​បច្ចេកវិទ្យា​ប្រចាំ​សាលា។

មកពី​គ្រួសារ​មួយ ដែល​មាន​ឪពុក​ជា​មន្ត្រីរាជការ និង​ម្ដាយ​ជា​អ្នក​ប្រកប​អាជីវកម្ម​បន្តិចបន្តួច មាន​បងប្អូន​៣​នាក់ លោក សារ៉ាត់ សារេន ជា​កូនពៅ​នៅក្នុង​គ្រួសារ។

និស្សិត​ខ្មែរ កំពុង​សិក្សា​ឆ្នាំ​ទី៤ នៅ​សាកលវិទ្យាល័យ​រ័ងស៊ីត ( Rangsit University ) ដែល​បាន​មេដាយ​វិស្វករ​បច្ចេកវិទ្យា លោក សារ៉ាត់ សារេន អាយុ​២២​ឆ្នាំ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​រសៀល​ថ្ងៃទី​១៩ ខែ​កញ្ញា ថា មុនដំបូង​លោក​គ្រាន់តែ​ប្រឡង​យក​អាហារូបករណ៍ ដើម្បី​បាន​ទទួល​បទពិសោធន៍​ពី​ការ​ប្រឡង តែ​លោក​មិន​នឹក​ស្មាន​ថា បាន​ជាប់​អាហារូបករណ៍​មក​សិក្សា​នៅ​ប្រទេស​ថៃ​។ លោក​បន្ថែម​ថា ពេល​បាន​មក​រៀន​នៅ​ប្រទេស​ថៃ លោក​ជួប​ការ​លំបាក​ផ្នែក​ភាសា​ថៃ ព្រោះ​កម្មវិធីសិក្សា​ក្នុង​សាកលវិទ្យាល័យ​ពីរ​ឆ្នាំ​ដំបូង​ត្រូវ​រៀន​តាម​កម្មវិធីសិក្សា​ភាសា​ថៃ ហើយ​លោក​ត្រូវ​ព្យាយាម​ហ្វឹកហាត់​ខ្លួនឯង​បន្ថែម​ទៀត​លើ​ការ​រៀន​ភាសា​ថៃ។ លោក​បន្ត​ថា លោកគ្រូ​អ្នកគ្រូ និង​មិត្ត​រួម​ថ្នាក់​របស់​លោក​សុទ្ធ​តែ​ជា​ជនជាតិ​ថៃ តែ​ពួកគេ​បាន​ជួយ​ពន្យល់​លោក​បន្ថែម​ទៀត ត្រង់​ចំណុច​ដែល​លោក​មិន​ទាន់​ដឹង​ច្បាស់៖ «មាន​បាទ​ដោយសារតែ​មិត្ត​ភ័ក្ដិ​គាត់​ដឹង​ថា យើង​ជា​និស្សិត​មកពី​បរទេស​អ៊ីចឹង ពេលខ្លះ​ការ​និយាយ ឬអ្វី​គេ​ក៏​ជួយ​កែ​លម្អ​។ យើង​ជា​និស្សិត​មកពី​ប្រទេស​កម្ពុជា​ពេលខ្លះ​យើង​ក៏​ចង់​និយាយ​ភាសា​ថៃ គឺ​ចង់​និយាយ​សួរ​គ្រូ​អ៊ីចឹង​ទៅ ពេលខ្លះ​យើង​និយាយ​ខុស​គេ​ក៏​ជួយ​ណែនាំ ឬក៏​ជួយ​កែ​លម្អ​យើង ពេល​មុខវិជ្ជា​ខ្លះ​យើង​អត់​ចេះ​ទៅ​គេ​ក៏​ជួយ​បង្រៀន​ណែនាំ​យើង ដូច​ថា​មិត្ត​ភ័ក្ដិ​គេ​ក៏​មាន​ភាព​រាក់ទាក់​ជាមួយ​យើង​ដែរ»

លោក​ឱ្យដឹង​ថា នៅ​ក្នុង​សាកលវិទ្យាល័យ ដែល​លោក​កំពុង​សិក្សា គឺ​មាន​ច្រើន​មុខជំនាញ​ផ្សេងៗ​ពី​គ្នា សម្រាប់​ថ្នាក់រៀន​របស់​លោក​មាន​សិស្ស​ជាង ២០​នាក់ ហើយ​លោក​ជា​អ្នក​ទទួល​បាន​ពានរង្វាន់​មេដាយ សម្រាប់​សិស្ស​ពូកែ​ប្រចាំ​ថ្នាក់ ផ្នែក​វិស្វករ​បច្ចេកវិទ្យា។

លោក សារ៉ាត់ សារេន ប្រាប់​ពី​គន្លឹះ​ដើម្បី​រៀន​បាន​អាហារូបករណ៍ ដោយ​សិស្ស​និស្សិត​ត្រូវ​កំណត់សម្គាល់​មុខវិជ្ជា​នីមួយៗ​ឲ្យ​បាន​ច្បាស់ ជាពិសេស​ត្រូវ​ផ្ដោត​ទៅ​លើ​ការយល់​ពី​មេរៀន ប្រសើរ​ជាង​ការដែល​ខំ​ទន្ទេញ​ចាំមាត់​។ លោក​ឲ្យ​ដឹង​ថា មិន​មាន​មុខវិជ្ជា​ណា​ដែល​លំបាក​ហួស​ពី​ការ​គិត​ទេ បើ​មិន​ច្បាស់​ត្រូវ​សួរ​បញ្ជាក់ ហើយ​ពេល​រៀន​ត្រូវ​មាន​ស្មារតី​នឹងន មិន​ត្រូវ​បែក​អារម្មណ៍​នោះ​ទេ​។ លោក​បន្ត​ថា វិធី​ដែល​រៀន​ឲ្យ​ពូកែ​មួយទៀត គឺ​ត្រូវ​សាកល្បង​ធ្វើ​លំ​ហាត់​ឲ្យ​បាន​ច្រើនដង និង​ត្រូវ​ស្រាវជ្រាវ​ឲ្យ​បាន​គ្រប់​មុខវិជ្ជា​៖ «សម្រាប់​អ្នក​ដែល​ចង់បាន​អាហារូបករណ៍​នេះ ក៏​ឲ្យ​ខិតខំ​ប្រឹងប្រែង​! ប្រឹងប្រែង​រៀនសូត្រ ព្រោះ​អាហារូបករណ៍​ខ្លះ​ក៏​វា​អាច​បាន​ដោយ​សមត្ថភាព​របស់​យើង​។ យើង​ទៅ​ប្រឡង ហើយ​វា​គឺជា​ឱកាស​របស់​យើង»

លោក​យល់ថា ប្រទេស​ជាតិ​មួយ ដែល​រីកចម្រើន​ទៅ​បាន គឺ​អាស្រ័យ​លើ​ការ​ខិតខំ​សិក្សា​រៀនសូត្រ​របស់​យុវជន​ជំនាន់​ក្រោយ ដើម្បី​យក​ចំណេះ​ទៅ​ចូលរួម​ក្នុង​ការ​កសាង​ជាតិ និង​អភិវឌ្ឍ​ជាតិ។

វិទ្យុ​អាស៊ីសេរី មិនអាច​ទាក់ទង​សុំ​ការ​ស្រាយ​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ ពី​ស្ថានទូត​ខ្មែរ ប្រចាំ​ប្រទេស​ថៃ និង​អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង កីឡា លោក រស់ សុវាចា បានទេ នៅ​ថ្ងៃទី​១៩ ខែកញ្ញា ដោយ​ទូរស័ព្ទ​ហៅ​ចូល​តែ​ពុំ​មាន​អ្នក​ទទួល។

ប្រធាន​សមាគម​បុគ្គលិក​សិក្សា​ខ្មែរ លោក យស អ៊ាង មានប្រសាសន៍​ថា និស្សិត​កម្ពុជា​បាន​ទទួល​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​ច្រើន គឺជា​រឿង​ដែល​កម្ពុជា​គួរ​មាន​មោទនភាព​។ លោក​លើកទឹកចិត្ត​ដល់​យុវជន​ខ្មែរ​ត្រូវ​យកចិត្តទុកដាក់​លើ​ការសិក្សា ដើម្បី​យកចំណេះ​ជំនាញ​មក​ជួយ​ប្រទេសជាតិ ហើយ​រដ្ឋាភិបាល​គួរតែ​វិនិយោគ លើ​វិស័យ​អប់រំ​ឲ្យ​បាន​ច្រើន ព្រោះ​កម្លាំង​ចំណេះដឹង​របស់​យុវជន ជា​គ្រឹះ​ដ៏​មាំ​មួយ​សម្រាប់​កសាង​ជាតិ៖ «ខ្មែរ​យើង​បាន​ចេញ​ទៅ​ក្រៅ ទៅ​សិក្សា​នៅ​បរទេស​ឲ្យ​បាន​ច្រើន ដើម្បី​យក​មក​បម្រើ​ប្រទេស​ជាតិ​វិញ អាហ្នឹង​មិន​ជា​បញ្ហា​អី​ទេ តាំង​ពី​ថ្នាក់​លើ​មក​ដល់​ក្រសួង​ហ្នឹង អបអរសាទរ​ហើយនឹង​ខំ​សុំ​អាហារូបករណ៍​គេ គ្រប់​ប្រទេស​ទាំងអស់​ដែល​ថា​ឲ្យ យើង​អបអរសាទរ និង​បញ្ជូន​និស្សិត​ទៅ»

លោក សារ៉ាត់ សារេន ជា​និស្សិត​អាហារូបករណ៍ ដែល​បាន​ប្រឡង​ជាប់​នៅ​សាលា​តិចណូ ហើយ​លោក​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​រ័ងស៊ីត ( Rangsit ) នៅ​ខេត្ត​ប៉ាថុមថានី ( Pathum Thani ) ជា​និស្សិត​ឆ្នាំ​ទី​៤ មក​ពី​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ ហើយ​លោក​នឹង​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ នៅ​ខែធ្នូ ឆ្នាំ​២០២២ ខាងមុខ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
ប្ដី​ស្ត្រី​រងគ្រោះ​ដោយ​គ្រូ​ពេទ្យវះកាត់​ដាច់​ពោះវៀន​សម្រេច​ប្ដឹង​មន្ទីរ​សំរាក​ព្យាបាល​បង្ក​បញ្ហា​នោះ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។