សមត្ថកិច្ចគ្រោងបណ្ដេញជនជាតិចិនពីរនាក់ចេញពីកម្ពុជា ដោយសារពួកគេបានបញ្ជាឱ្យទិញថ្នាំញៀនចែកចាយដល់អ្នកកំពុងធ្វើចត្តាឡីស័ក
2021.03.17
ជនជាតិចិន ២នាក់ ក្នុងនោះមានស្ត្រីម្នាក់ ត្រូវអគ្គនាយកដ្ឋានអន្តោប្រវេសន៍ គ្រោងបណ្ដេញចេញពីកម្ពុជា ប៉ុន្តែនៅរង់ចាំការឯកភាពពីក្រសួងមហាផ្ទៃជាមុនសិន។
អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍លោក កែវ វណ្ណថន មានប្រសាសន៍ថា សមត្ថកិច្ចខេត្តព្រះសីហនុ ទើបបញ្ជូនជនជាតិចិនទាំង ២នាក់នេះ ទៅដល់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីរសៀលថ្ងៃទី១៧ មីនា។
លោកបន្តថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍កំពុងរៀបចំបែបបទ ដើម្បីធ្វើប្រកាស បណ្ដេញចេញក្នុងពេលឆាប់ៗ ខាងមុខនេះ ហើយនៅពេលដែលថ្នាក់ដឹកនាំក្រសួងមហាផ្ទៃចុះហត្ថលេខា លើសេចក្តីប្រកាស នោះសមត្ថកិច្ចនឹងបណ្ដេញចេញពីកម្ពុជាភ្លាម៖«ប្រជាពលរដ្ឋចិនមកកម្ពុជា មានច្រើនប្រភេទ។ អ្នកខ្លះមកទេសចរណ៍ អ្នកខ្លះមកវិនិយោគ ប៉ុន្តែភាគច្រើនចិន ដែលមកកម្ពុជាល្អទេ តែភាគរយតិចទេ ដែលបានប្រព្រឹត្តបទល្មើសដូចខ្ញុំបានរៀបរាប់អម្បាញ់មិញ»។
សមត្ថកិច្ចខេត្តព្រះសីហនុកាលពីថ្ងៃទី១៦ មីនា កន្លងទៅនេះ បានចាប់ខ្លួនជនជាតិចិនពីរនាក់ក្រោយពីរកឃើញថា ពួកគេបានបញ្ជាឱ្យដើរទិញថ្នាំញៀន ដើម្បីយកទៅចែកចាយឱ្យជនជាតិចិនដូចគ្នា ដែលកំពុងធ្វើចត្តាឡីស័កក្នុងខេត្តព្រះសីហនុ។
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុលោក ឃាង ភារម្យ មានប្រសាសន៍ថា សមត្ថកិច្ចកំពុងសាកសួរបន្ថែមទៀតទៅ ដើម្បីរកឱ្យឃើញអ្នកជាប់ពាក់ព័ន្ធក្នុងករណីគ្រឿងញៀននេះ។ លោកថា សមត្ថកិច្ចជឿជាក់ថា សំណុំរឿងនេះនៅមានជនជាតិចិនផ្សេងទៀតជាប់ពាក់ព័ន្ធ៖«កាលណាពាក់ព័ន្ធរឿងបទល្មើស ឬក៏យើងមើលស្ថានភាពនៃការប្រព្រឹត្តហ្នឹង វាមិនមែនតែមួយរឿងទេ វាមានច្រើនរឿង។ កន្លងមកយើងបានរៀបចំនីតិវិធីនៃការស្នើសុំ ការបណ្ដេញចេញជនបរទេស មានច្រើនករណី។ យើងទុកករណីហ្នឹងឱ្យសមត្ថកិច្ចទៅដែលលោកអាចមានបែបផែន និងលក្ខខណ្ឌបែបម៉េចដែលត្រូវបណ្តេញចេញ»។
គិតរយៈពេល ៣ខែ ដើមឆ្នាំ២០២១ នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបានបណ្ដេញចេញជនជាតិចិនសរុបចំនួន ៧៥នាក់ ក្នុងនោះមានស្ត្រីចំនួន ៨នាក់។
អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ជនជាតិចិនដែលត្រូវបានបណ្ដេញចេញពីកម្ពុជា ជាប់ពាក់ព័ន្ធនឹងបទល្មើសជាច្រើនប្រភេទ ដែលរួមមាន គ្មានលិខិតឆ្លងដែន ស្នាក់នៅផុតទិដ្ឋាការកំណត់ បង្ខាំងមនុស្សខុសច្បាប់ ជួញដូរ និងប្រើប្រាស់គ្រឿងញៀន ចាប់ជម្រិត ផ្សព្វផ្សាយព័ត៌មានមិនពិត ឆ្លងដែនខុសច្បាប់ និងអំពើចោរកម្មជាដើម។
ការបណ្ដេញចេញជនជាតិចិនទាំងពីរនាក់នេះកើតមានឡើងក្រោយពេលដែលប្រទេសកម្ពុជាទើបតែអនុម័តច្បាប់ស្តីពីវិធានការទប់ស្កាត់ជំងឺកូវីដ១៩ និងជំងឺឆ្លងដ៏កាចសាហាវផ្សេងទៀត។ ក៏ប៉ុន្តែ សមត្ថកិច្ចពុំបានអនុវត្តច្បាប់នេះ ចំពោះជនជាតិចិននេះនៅឡើយទេ។
ច្បាប់ស្តីពីវិធានការទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងមាត្រាទី១៨ ត្រង់ជំពូក ៦ ចែងអំពីការដាក់ពិន័យ និងទោសទណ្ឌកម្រិតធ្ងន់ធ្ងរទៅលើជនណាដែលគេចវេសពីការធ្វើចត្តាឡីស័ក ឬគេចចេញពីកន្លែងចត្តាឡីស័ក។ ជនណាគេចវេះពីការព្យាបាល ឬគេចចេញពីកន្លែងព្យាបាល ឬចម្លងកូវីដ១៩ ដោយចេតនាដល់អ្នកដ៏ទៃ ត្រូវផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ពី ១០ឆ្នាំ ទៅ ២០ឆ្នាំ កាលបើអំពើខាងលើត្រូវបានធ្វើឡើងដោយមានរៀបចំជាក្រុម ឬមានអង្គការចាត់តាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។