ព្រះភិក្ខុ បូរ បេត និងព្រះព្រះតេជព្រះគុណ ស៊ឹម សុវណ្ណឌី ដែលជាព្រះសង្ឃតែងឈឺឆ្អាលកិច្ចការសង្គម បន្តភៀសព្រះកាយទៅរកកន្លែងមានសុវត្ថិភាពនៅក្រៅប្រទេស ដើម្បីគេចចេញពីការតាមចាប់ព្រះកាយពីសំណាក់មន្ត្រីសង្ឃ និងអាជ្ញាធររបបក្រុងភ្នំពេញ។ ព្រះសង្ឃទាំង២អង្គនេះ បានលាក់ព្រះកាយនៅក្នុងស្រុកអស់ជាច្រើនខែមកហើយ បន្ទាប់ពីបានចូលរួមតវ៉ាសុំឱ្យតុលាការដោះលែងលោក រ៉ុង ឈុន កាលពីដើមខែសីហា។
ព្រះតេជព្រះគុណ បូរ បេត មានថេរដីកាប្រាប់អាស៊ីសេរីនៅព្រឹកថ្ងៃទី១៨ វិច្ឆិកាថា ព្រះអង្គបានចេញផុតពីកម្ពុជាហើយកាល ពីយប់ថ្ងៃទី១៧ វិច្ឆិកា ដោយធ្វើដំណើរតាមរយៈមេខ្យល់ជនជាតិខ្មែរនាំនិមន្តឆ្លងកាត់អូរព្រំដែនកម្ពុជា និងថៃជាប់ទឹកដីខេត្តបាត់ដំបង។ ព្រះភិក្ខុ បូរ បេត មានថេរដីកាថា ព្រះអង្គនិមន្តដោយដើរថ្មើរជើងក្នុងព្រៃស្ងាត់ នៅខេត្តចាន់បូរី ប្រទេសថៃ ហើយបានសឹងនៅក្នុងព្រៃប្រមាណ ២យប់ រួចធ្វើដំណើរតាមរថយន្តរបស់ជនជាតិថៃ ឆ្ពោះទៅតំបន់ភាគកណ្ដាលនៃប្រទេសថៃ។ ព្រះភិក្ខុ បូរ បេត បន្ថែមថា ការភៀសព្រះកាយនេះ បន្ទាប់ពីព្រះអង្គទទួលដំណឹងថា មន្ត្រីសង្ឃនិងអាជ្ញាធររបបក្រុងភ្នំពេញបន្តតាមចាប់ព្រះអង្គផ្សឹក ដោយសារអាជ្ញាធរមិនពេញចិត្តព្រះអង្គ ដែលមិនព្រមចុះចូលជាមួយគណបក្សកាន់អំណាច៖ «ការធ្វើដំណើរគឺមានរត់កាត់អូរឆ្លងពោងធ្វើពីកង់ឡានទាញខ្សែឆ្លងលំបាក ហើយរត់កាត់បន្លាលួសដែក ដែលទាហានថៃដាក់ពីរបីជាន់ ហើយអ្នកឌុបវាយកទៅដាក់ក្នុងព្រៃដេកក្នុងព្រៃមូសខាំផង។ និយាយទៅវាអត់ចង្ហាន់ពេលថ្ងៃមានបានឆាន់ណា តាំងពីព្រឹករហូតដល់ហ្នឹងបានតែទឹកឆាន់។ រួចនៅរត់ក្នុងព្រៃដេកក្នុងព្រៃមូសខាំ គឺវេទនាមែនទែន។បើគិតទៅការឆ្លងដែននេះជារឿងមួយ ដែលអាត្មាតាំងពីកើតមកអត់ដែល ជួបហើយ។ ពិតជាកម្សត់ ហើយថ្ងៃម៉េចទៀតរត់មួយថ្ងៃហ្នឹងរហូតមកដល់ពេលនេះហើយ អាត្មាអត់ទាន់បានឆាន់បាយទេ » ។
ព្រះភិក្ខុ ស៊ឹម សុវណ្ណឌី ព្រះជន្ម ៥៤ព្រះវស្សា និងព្រះអង្គ បូរ បេត ព្រះជន្ម ៣៤ព្រះវស្សា គង់នៅវត្តប្រយូរវង្ស រាជធានីភ្នំពេញ។ ព្រះសង្ឃទាំង ២អង្គនេះបានចាកចេញពីវត្ត កាលពីយប់ថ្ងៃទី៤ ខែសីហា ហើយបានទៅលាក់ព្រះកាយក្នុងព្រៃនៅតំបន់ព្រំដែនកម្ពុជា និងថៃអស់ជាង ២ខែ ដើម្បីគេចចេញកុំឱ្យអាជ្ញាធរចាប់ផ្សឹកព្រះអង្គ។ ចាប់តាំងពីថ្ងៃទី៤ ខែសីហាមក មន្ត្រីសង្ឃ និងអាជ្ញាធររបបក្រុងភ្នំពេញជាច្រើននាក់ តាមសួររកព្រះអង្គនៅវត្តប្រយូរវង្ស ខណ្ឌចំការមន និងនៅស្រុកកំណើតរបស់ព្រះអង្គម្ដងហើយម្ដងទៀត។
ព្រះសង្ឃទាំង ២អង្គនេះបានចូលរួមតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ ទាមទារឱ្យតុលាការដោះលែងមេដឹកនាំសហជីព និងតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន កាលពីដើមខែសីហាកន្លងទៅ។ ព្រះភិក្ខុទាំង ២អង្គនេះយល់ថា ការចាប់នេះជាអំពើអយុត្តិធម៌ និងជាការធ្វើបាបពលរដ្ឋស្លូតត្រង់ ដែលឈឺឆ្អាលបញ្ហាប្រទេសជាតិ។
ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យស្នងការដ្ឋានរាជធានីភ្នំពេញ លោក សាន សុខសីហា ប្រាប់អាស៊ីសេរីថា អាជ្ញាធរមិនបានតាមចាប់ព្រះសង្ឃទាំង ២អង្គនេះផ្សឹកដូចការចោទប្រកាន់ឡើយ គឺព្រះអង្គភ័យខ្លាចរត់ភៀសព្រះកាយដោយព្រះអង្គឯង៖ «អាហ្នឹងពេលខ្លះជាបុគ្គលគាត់ផង ដល់ពេលអ៊ីចឹងការលើកឡើងហ្នឹង ពេលខ្លះយើងអត់ដឹងថានិយាយម៉េចទេ។ ប៉ុន្តែគ្រាន់តែថា ជាក់ស្ដែងវាអត់មានករណីអ៊ីចឹង ព្រោះធម្មតាជាទូទៅ ទាំងព្រះសង្ឃទាំងប្រជាពលរដ្ឋនៅស្រុកខ្មែរយើង គាត់មានសិទ្ធិពេញលេញ។ ប្រសិនបើគាត់មិនបានប្រព្រឹត្តអីខុសទេ គាត់គ្មានអីត្រូវខ្លាចទេ។ រាល់ថ្ងៃទាល់តែអ្នកមានកំហុសបានខ្លាច ហើយបើសិនដូចគាត់ ដូចជាមិនត្រូវខ្លាចអីទេ » ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា បញ្ជាក់ថា ព្រះសង្ឃទាំង ២អង្គនេះ មិនមានសុវត្ថិភាពនោះទេ ហើយប្រសិនបើព្រះអង្គវិលចូលស្រុកវិញអំឡុងពេលនេះ អាចនឹងត្រូវអាជ្ញាធរចាប់ព្រះកាយ។ មន្ត្រីសង្គមស៊ីវិលរូបនេះឱ្យដឹងថា ខាងសមាគមរបស់លោកបានទទួលដំណឹងថា អាជ្ញាធរនៅតែបន្តតាមរកព្រះអង្គនៅស្រុកកំណើតនៅឡើយ។ លោកស៊ឹង សែនករុណា យល់ថា រឿងនេះជាការធ្វើទុក្ខបុកម្នេញព្រះសង្ឃដោយខុសច្បាប់ ពីព្រោះសកម្មភាពរបស់ព្រះអង្គកន្លងមកជាការសម្ដែងមតិដោយសន្តិវិធី ដែលជាសិទ្ធិសេរីភាពរបស់ពលរដ្ឋស្របតាមរដ្ឋធម្មនុញ្ញ៖ «អីចឹងបើសិនជាលោកនៅ គឺមានហានិភ័យខ្ពស់ជាង។ ប្រសិនបើជាគិតថា លោកចង់បន្តឆន្ទៈរបស់ព្រះអង្គទៅនៅប្រទេសណាមួយ ដែលលោកគិតថាអាចបន្តគោលបំណងនិងឆន្ទៈក្នុងការជួយសង្គមជាតិទៅបាន។ អាហ្នឹងជាសេរីភាពរបស់ព្រះអង្គ មិនអាចអ្នកណាមកហាមឃាត់សិទ្ធិស្វែងរកការជ្រកកោនរបស់ព្រះអង្គបានឡើយ ពីព្រោះអាហ្នឹងជាសិទ្ធិមួយ ដែលសហគមន៍អន្តរជាតិគេផ្ដល់សិទ្ធិឱ្យ បើមិនអីចឹងយើងមិនមានអង្គការសហប្រជាជាតិផ្នែកជនភៀសខ្លួនហ្នឹងទេ » ។
ព្រះសង្ឃទាំង ២អង្គនេះតែងចូលរួមការងារសង្គមជាច្រើន ដូចជា ចុះល្បាតតំបន់ព្រំដែនកម្ពុជានិងវៀតណាម ចូលរួមតស៊ូមតិឱ្យមានយុត្តិធម៌សង្គម និងតែងចុះល្បាតការពារព្រៃឈើ នៅតំបន់ព្រៃ ឡង់ និងព្រៃមួយចំនួនទៀតនៅជាប់ព្រំដែនថៃជាដើម។
ព្រះភិក្ខុ បូរ បេត និងព្រះអង្គ ស៊ឹម សុវណ្ណឌី ឱ្យដឹងថា នៅពេលដែលព្រះអង្គមានសុវត្ថិភាពពេញលេញ ព្រះអង្គនឹងចូលរួមតស៊ូមតិតាមបណ្ដាញសង្គម និងធ្វើគ្រប់រូបភាពដែលអាចធ្វើទៅបាន ដើម្បីទាមទារឱ្យរបបក្រុងភ្នំពេញដោះលែងសកម្មជននយោបាយ សកម្មជនសង្គម ព្រះសង្ឃខ្មែរថាវរៈ គឺព្រះភិក្ខុ កើត សារាយ និងក្រុមយុវជនសរុបជាង ៤០នាក់ ដែលចាប់ដាក់ឃុំនៅពន្ធនាគារព្រៃស ឱ្យមានសេរីភាពវិញ។ តុលាការ បានចោទប្រកាន់អ្នកទាំងនោះពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរនៅក្នុងសង្គម និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ ព្រះអង្គចាត់ទុករឿងនេះថា ជាការបំបាក់ស្មារតីពលរដ្ឋដែលហ៊ានងើបតវ៉ាប្រឆាំងនឹងការរំលោភសិទ្ធិមនុស្ស និងការបំផ្លាញធនធានធម្មជាតិរបស់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។