ឧកញ៉ា​​លោក​ ឌួង ងៀប ដែលធ្លាប់​ចោទ​ប្រកាន់​តុលាការ​ថា ពុករលួយ​បង្ខំ​ឱ្យ​លោក​សូកប៉ាន់​នោះ ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ឆបោក

0:00 / 0:00

ឧកញ៉ា​​លោក​ ឌួង ងៀប ដែលធ្លាប់​ចោទ​ប្រកាន់​តុលាការ​ថា ពុករលួយ​បង្ខំឱ្យ​លោក​សូកប៉ាន់​នោះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ហើយ។

នគរបាល​​​​​បាន​ចាប់​​​ខ្លួន​​លោក​ ឌួង ងៀប ​ដែល​មាន​តំណែង​ជា​ឧត្តមសេនីយ៍​នៃក្រសួង​មហាផ្ទៃ​​ពាក់​​ផ្កាយ​៣ផង​នោះ​ ​នៅ​ថ្ងៃ​ទី១៤ ខែកុម្ភៈនេះ ដោយ​ចោទ​ប្រកាន់​ ពី​«បទឆបោក»​និង​«បទមិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញ​ដូរ​បានករណី​ចេញ​សែក​ស្អុយ» ឲ្យ​ទៅ​ជន​ជាតិ​តៃវ៉ាន់​២នាក់ ក្នុងការ​​រក​ស៊ី​បណ្ដាក់​ទុន​ជាមួយ​គ្នា។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​​ជា​ច្រើន​​​ (Fresh news, Thmeythmey, Kampuche thmey)​ ​បាន​ចុះ​ផ្សាយ​​ព្រមៗ​គ្នា​​ដោយ​ស្រង់សម្តីមន្ត្រី​ជាន់​ខ្ពស់​នៃ​ស្នងការដ្ឋាន​នគរ​បាល​​រាជធានី​ភ្នំពេញ ដោយ​បញ្ជាក់​ថា ​​លោក​ ឌួង ងៀប ត្រូវ​ចាប់​ខ្លួន​នៅ​មុខ​សណ្ឋាគារ​មួយ​កន្លែង ​ក្នុង​សង្កាត់​អូរបែកក្អម ​ខណ្ឌ​សែន​សុខ ហើយ​បាន​បញ្ជូន​ទៅ​តុលាការ​ភ្លាមៗ​ តាម​​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន។ ប្រភព​ដដែល​បញ្ជាក់​ថា ក្រោយ​បញ្ជូន​ដល់​តុលាការ ចៅ​ក្រម​ស៊ើបសួរ​លោក អ៊ឹម វណ្ណៈ ​បាន​សម្រេច​ឃុំ​លោក ឌួង ងៀប ​ដាក់​ពន្ធនាគារ​រាជធានី​ភ្នំពេញ​ (PJ)​ បណ្តោះអាសន្ន។

ការ​ចាប់​ឃុំ​​ខ្លួន​នេះ ធ្វើ​ឡើង​​​១​ថ្ងៃ ក្រោយ​​ពេលលោក ឌួង ងៀប បាន​ចេញ​មក​សុំ​ទោស​​​​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញលោក តាំង ស៊ុនឡាយ ចំពោះ​ការ​​ប្រកាស​​ក្នុង​ន័យ​ថា​ លោក​អស់​លុយ​​​ពី​ខ្លួន​សម្រាប់​​សូកប៉ាន់​ចៅក្រម​ទៀត​ហើយ ​ព្រោះ​ចៅក្រម​​២នាក់​កន្លង​មក ​បាន​ធ្វើ​ឲ្យ​សំណុំរឿង​របស់​លោក​ប្រែ​ពី​ស​ទៅ​​ជា​ខ្មៅ ​ហើយ​​ពួកគេ​​តែង​តែ​ជំរិត​យក​លុយ​ពី​លោក​​​​រាល់​ពេល​ មាន​ការ​កោះ​ហៅ​ឲ្យ​ចូល​តុលាការ​​ម្ដងៗ។

ជុំវិញ​​រឿង​នេះ​​ វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បញ្ជាក់​​ពី​អ្នក​នាំ​ពាក្យ​ស្នងការដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញលោក សាន សុខ​សីហា និង​អ្នក​នាំ​ពាក្យ​តំណាង​អយ្យការ​​អម​សាលា​រាជធានី​ភ្នំពេញលោក ប្លង់ សុផល បាន​ទេ នៅ​ថ្ងៃ​ទី​១៤ ខែកុម្ភៈ​។

សង្គម​ស៊ីវិល ​នៅ​តែ​ជំរុញ​​​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​ស៊ើប​អង្កេត​ និង​លាត​ត្រដាង​ករណី​ចៅក្រម​បង្ខំ​លោក ឌួង ងៀប ឲ្យ​សូកប៉ាន់​។ នាយិកា​​​អង្គការ​​គណៈកម្មាធិការ​​ប្រឆាំង​​អំពើ​​ពុករលួយអ្នកស្រី ម៉ម ស៊ីថា មិន​ជំទាស់​នឹង​ការ​ចាប់​ខ្លួនលោក ឌួង ងៀប ទេ​ ក្នុង​ករណី​​​ឧកញ៉ា​រូប​នេះ​​​បាន​ប្រព្រឹត្តកំហុស ឬ​ឆបោក​ពិត​ប្រាកដ​មែន​។ ប៉ុន្តែ​អាជ្ញាធរ​រដ្ឋ​ ក៏​ត្រូវ​បើក​ការ​ស៊ើប​អង្កេត​​លើ​ករណី​ចៅក្រម​បង្ខំ​ឲ្យ​ភាគី​បណ្ដឹង​សូកប៉ាន់​​ខ្លួន​ដែរ​ ដើម្បី​​ធានា​ឲ្យ​បាន​ថា ​ពលរដ្ឋ​​​មាន​សិទ្ធិ​​ស្មើ​​គ្នា​ចំពោះ​មុខ​ច្បាប់​។

កាល​ពី​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ លោក ឌួង ងៀប បាន​ទៅ​​​​ឈរ​នៅ​មុខ​ក្លោង​ទ្វារ​ពន្ធនាគារ​ព្រៃ​ស ​​រួច​បង្ហោះ​វីដេអូ​មួយ​​ក្នុង​ហ្វេសប៊ុក ​(facebook​​​​​​)​​ ដោយ​បញ្ជាក់​ថា លោក​ត្រៀម​​ដើរ​​ចូល​ពន្ធនាគារ ក្រោយ​ពេល​ចៅក្រម​នៃ​​​​សាលា​រាជធានី​ភ្នំពេញ​​​​ចំនួន​២​នាក់ ស្រាក់​ដៃ​​គ្នា​ជា​ប្រព័ន្ធ​​​គាប​សង្កត់​យក​លុយ​​​​​ពី​លោក​អស់​ពី​ខ្លួន​​រលីង​ ​​ពាក់ព័ន្ធ​នឹង​បទ​ចោទប្រកាន់​ឆបោក​​លុយ​ក្នុង​សំណុំ​រឿង​​កិច្ច​ព្រមព្រៀម​​ពាណិជ្ជកម្ម​ ក្នុង​ទំហំ​ទឹក​ប្រាក់​​ច្រើន​លាន​ដុល្លារ​​ ជាមួយ​ជនជាតិ​​តៃវ៉ាន់​។

លោក ឌួង ងៀប​ ​​អះអាង​ថា ចៅ​ក្រម​​​​បាន​ធ្វើ​ឲ្យ​សំណុំរឿង​របស់​លោក​ប្រែ​ពី​ស​ទៅ​​ជា​ខ្មៅ ពោល​គឺ​ពួកគេ​មាន​ចេតនា​ជំរិត​យក​លុយ​ពី​លោក​​​ដោយ​ឥត​ឈប់​ឈរ។

ក្នុង​វីដេអូ​ដដែល​នោះ​ លោក ឌួង ងៀប មិន​បាន​បង្ហាញ​ថា ​លោក​ត្រូវ​​ប្រគល់​លុយ​ចំនួន​ប៉ុន្មាន និង​​ត្រូវ​ប្រើ​​វិធី​ណា ​ដើម្បី​​ប្រគល់​លុយ​​​​​ទៅ​ឲ្យ​ចៅក្រម​​ណា​ខ្លះនោះ​ទេ។ ប៉ុន្តែ​លោក ឌួង ងៀប ​​អះអាង​​ថា ក្រោយ​រង​ការ​ជំរិត​ទារ​ប្រាក់​នេះ​ លោក​ធ្លាប់​​​ទៅ​សុំ​ជំនួយ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​កំពូលៗ​ជាច្រើន​ទៀត ប៉ុន្តែ​ពុំ​បាន​ប្រយោជន៍ឡើយ ដោយ​ពួកគេ​បាន​រុញ​ដាក់​គ្នា​ពី​មួយ​ទៅ​មួយ។ ក្រៅ​ពី​នេះលោក​ឧកញ៉ា ឌួង ងៀប ក៏​បង្ហាញ​ការ​សោកស្តាយ​ដែរ ដែល​លោក ខិតខំ​ជួយ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា ប៉ុន្តែ​ចុង​ក្រោយ​លោក​បែរ​ជា​ជួប​រឿង​អយុត្តិធម៌​ទៅ​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។