​នាយក​អង្គការ​​កម្មវិធី​​អភិវឌ្ឍន៍​​សហប្រជាជាតិ (UNDP) ប្រចាំ​កម្ពុជា ចង់ឃើញ​​រដ្ឋាភិបាល​​ដាក់​ចេញ​​ប្រព័ន្ធ​សោធន​និវត្តន៍ និង​​គាំពារ​សង្គម​​សម្រាប់​​​មនុស្ស​​ចាស់​

នាយក​​អង្គការ​​កម្មវិធី​អភិវឌ្ឍន៍​​សហប្រជាជាតិ (UNDP) ប្រចាំ​កម្ពុជា លោក នីក បេរេសហ្វ័ដ (Nick Beresford) ចង់ឃើញ​​រដ្ឋាភិបាល​​ដាក់​ចេញ​​ប្រព័ន្ធ​សោធន​និវត្តន៍ និង​​ប្រព័ន្ធ​គាំពារ​​សង្គម​​សម្រាប់​​​មនុស្ស​​ចាស់ ក្នុងពេល​​ដែល​​ចំនួន​​ប្រជាជន​​វ័យ​​ចំណាស់​​នៅ​​កម្ពុជាអាយុ​ចាប់ពី ៦០ ឆ្នាំ​ឡើងទៅ ​កំពុង​កើនឡើង។ លោកព្រមាន​​ថា បើទោះបី​ជា​​ពេល​នេះ​កម្ពុជា ​គឺ​ជា​​ប្រទេស​ដែល​មាន​​ប្រជាជន​​វ័យ​ក្មេង​​ក៏ដោយ ប៉ុន្តែ​ស្ថានភាព​​ដូច្នេះ​នឹង​មិន​នៅ​​បែប​នេះ​​រហូត​នោះ​ឡើយ។

លោកគូសបញ្ជាក់​ថា នៅ​ពាក់​កណ្តាល​​ទសវត្សរ៍ ២០២០ កម្ពុជា​នឹង​ឈាន​ដល់​ចំណុច​របត់​មួយ ដែល​ចំនួន​អ្នកក្នុងបន្ទុក​ដែល​មាន​វ័យចាស់ នឹង​កើនឡើង​ក្នុងល្បឿន​លឿន​​ជាង​​ចំនួន​​មនុស្ស​ដែល​ឋិត​ក្នុង​វ័យ​កម្លាំង​​ពលកម្ម។ ដូច្នេះ លោក​​ស្នើ​ឲ្យ​រដ្ឋាភិបាល​​ចាំបាច់​​ត្រូវ​​ធ្វើ​សកម្មភាព​​ចាប់ពី​ពេល​​នេះ​​ត​ទៅ ដើម្បី​ដាក់​​ឲ្យ​អនុវត្ត​នូវ​​ប្រព័ន្ធ​សោធន​និវត្តន៍ និង​​ប្រព័ន្ធ​គាំពារ​​សង្គម​​សម្រាប់​​មនុស្ស​ចាស់ ដើម្បី​ឲ្យ​ពួកគេ​​ទទួល​​បាន​​នូវ​​ការ​ឧបត្ថម្ភ​គាំទ្រ​​ពី​​រដ្ឋ និង​​សេចក្តីថ្លៃថ្នូរ​​ដែល​​ពួកគេ​សម​​នឹង​​ទទួល​បាន។

ការលើក​ឡើង​​នេះ ធ្វើឡើង​​នៅ​ក្នុ​ង​​សេចក្តីប្រកាសព័ត៌មាន​​របស់​​អង្គការ UNDP ផ្សាយ​​នៅ​ថ្ងៃទី៣១ ខែឧសភា ជុំវិញ​​ការ​ចុះ​កិច្ចព្រមព្រៀង​ដើម្បី​​បង្កើន​​សមត្ថភាព​​ស្ថាប័ន និង​​ដើម្បី​អនុវត្ត​គោលនយោបាយ​​ជាតិ​​ ស្តីពី ​មនុស្ស​វ័យ​ចាស់​​នៅ​​កម្ពុជា រវាង​​អង្គការ UNDP និង​​ក្រសួង​​សង្គមកិច្ច អតីតយុទ្ធជន និង​​យុវនីតិសម្បទា។ កិច្ចព្រមព្រៀង​​រយៈពេល​​ពីរ​ឆ្នាំ​នេះ ផ្តោត​លើ​កិច្ច​សហប្រតិបត្តិការ​​ជាច្រើន ដើម្បី​ផ្តល់​ការគាំទ្រ​​ដល់​​មនុស្ស​វ័យ​ចាស់​​នៅ​​កម្ពុជា ក្នុង​នោះ​​ក៏​មាន​​ការ​សិក្សា​ស្រាវជ្រាវ​​​ពី​​ផលប៉ះពាល់​មក​លើ​​សង្គម​សេដ្ឋកិច្ច​ប​ណ្តាល​មក​ពី​ការពង្រីក​​ការ​អនុវត្ត​វិធានការ​​គាំពារ​សង្គម​​នានា​​របស់​​រដ្ឋ ព្រមទាំង​ការ​ពិនិត្យ​លើ​​លទ្ធភាព​​ពង្រីក​សេវា​​ថែទាំ​​សុខភាព​ដោយ​មិន​គិតថ្លៃ​ដល់​​ពលរដ្ឋ​មាន​​វ័យ​​ជរា​​ផងដែរ។

បើតាម​អង្គការ UNDP បច្ចុប្បន្ន​កម្ពុជា ​គឺ​​ជាប្រទេស​​ដែល​មាន​​ប្រជាជន​វ័យក្មេង​ជាងគេ​​នៅ​អាស៊ីអាគ្នេយ៍ ក៏ប៉ុន្តែ​ទន្ទឹម​នឹង​​នេះ ប្រទេសនេះ​​ក៏​កាន់​តែ​​មាន​ប្រជាជន​​វ័យ​​ចំណាស់​​កើនឡើង​​ផងដែរ។ ក្នុងឆ្នាំ២០១៩ កម្ពុជា​​មាន​​ប្រជាជន​វ័យ​ចាស់​​អាយុ​ចាប់ពី ៦០ ឆ្នាំឡើងទៅ ចំនួន​ជិត ៩% នៃ​​ប្រជាជន​​សរុប ពោល​គឺ​​កើនឡើង​ជាង​ ៥% ធៀប​នឹង​​ពីរ​ទសវត្សរ៍​កន្លងទៅ។ ចំនួន​នេះ​នឹងកើនឡើង​​ដល់ទៅ ២១% ក្នុង​ឆ្នាំ២០៥០ ខាងមុខ។ នេះ​មានន័យ​ថា ប្រសិន​បើ​គ្មាន​​ជំនួយ ឬ​គោលនយោបាយ​​គាំពារ​សង្គម​ច្បាស់លាស់​​ពី​រដ្ឋ​នោះ​ទេ នោះ​​ប្រជាជន​​ក្នុង​វ័យ​កម្លាំង​​ពលកម្ម នឹង​ក្លាយ​​ជា​​អ្នក​​ទទួល​បន្ទុក​រ៉ាប់រង​​ជួយ​​ឧបត្ថម្ភ​គាំទ្រ​​ដល់​​ក្រុម​​មនុស្ស​វ័យ​ចាស់​​ទាំង​នោះ​​ដែល​មាន​​ចំនួន​កាន់​តែ​​ច្រើនឡើង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។