យូនីសេហ្វ៖ កុមារ​កម្ពុជា​ប្រឈម​ហានិភ័យ​ខ្ពស់​ពី​ផលប៉ះពាល់​នៃ​វិបត្តិ​អាកាសធាតុ

0:00 / 0:00

កុមារ​កម្ពុជា​​កំពុង​​ប្រឈម​​នឹង​​ហានិភ័យ​​ខ្ពស់​​ពី​​ផលប៉ះពាល់​​នៃ​​វិបត្តិ​អាកាសធាតុ ដែល​អាច​​បង្ក​ការគំរាមកំហែង​​ដល់​​សុខភាព ការអប់រំ និង​ការទទួល​បាន​ការការពារ​របស់​ពួកគេ។ នេះ​បើ​យោងតាម​របាយការណ៍​ស្តីពី «វិបត្តិ​អាកាសធាតុ គឺជា​វិបត្តិ​នៃ​សិទ្ធិកុមារ៖ សន្ទស្សន៍​ហានិភ័យ​អាកាសធាតុ​របស់​កុមារ» ចេញ​ផ្សាយ​ដោយ​អង្គការ​យូនីសេហ្វេ (UNICEF) កាលពី​ថ្ងៃទី២០ ខែសីហា។

អង្គការ​យូនីសេហ្វេ ដាក់​ចំណាត់​ថ្នាក់​កម្ពុជា​ឱ្យ​ជាប់លេខ ៤៦ ក្នុង​ចំណោម ១៦៣ ប្រទេស​នៅ​ទូទាំង​ពិភពលោក ស្ថិត​ក្នុង​ចំណោម​ក្រុមប្រទេស​ដែល​ប្រឈម​ហានិភ័យ​​ខ្ពស់​​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ។ អង្គការ​នេះ​រកឃើញថា កុមារ​នៅ​កម្ពុជា​ប្រឈម​មុខ​ខ្ពស់​នឹង​បញ្ហា​ខ្វះទឹក គ្រោះទឹកជំនន់​តាមដងទន្លេ និង​ជំងឺឆ្លង។

នាយិកា​អង្គការ​យូនីសេហ្វ​ប្រចាំ​កម្ពុជាអ្នកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ (Foroogh Foyouzat) ថ្លែង​ក្នុង​សេចក្តីថ្លែងការណ៍​ថា វិបត្តិ​អាកាសធាតុ គឺជា​វិបត្តិ​សិទ្ធិកុមារ ព្រោះ​ថា​​វិបត្តិ​នេះ​បង្ក​ការគំរាមកំហែង​ដល់​គ្រប់ទិដ្ឋភាព​ទាំងអស់​នៃ​សុខភាព និង​សុខមាលភាព​របស់​កុមារ​ក្នុងកម្រិត​ដែល​មនុស្សជាតិ​ពុំធ្លាប់​ជួបប្រទះ​កន្លងមក។ អ្នក​ស្រី​បន្តថា វិបត្តិ​នៃ​ការប្រែប្រួល​អាកាសធាតុ ធ្វើឱ្យ​ពិភពលោក​ក្លាយជា​កន្លែង​កាន់តែ​មាន​ហានិភ័យ​សម្រាប់​ការរស់នៅ និង​ការលូតលាស់​ធំធាត់​របស់​កុមារ។

អង្គការ​យូនីសេហ្វ ព្រមាន​ថា ប្រសិនបើ​ពុំមាន​ការចាត់​វិធានការ​បន្ទាន់​ដែល​ចាំបាច់​ដើម្បី​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​នោះទេ នោះ​កុមារ​នឹង​បន្ត​ទទួលរងគ្រោះ​​ធ្ងន់ធ្ងរ​ជាងគេ។ អង្គការ​នេះពន្យល់​ថា បើធៀបនឹង​មនុស្ស​ពេញវ័យ កុមារ​ត្រូវការ​ស្បៀង និង​ទឹក​ច្រើន​ជាង​មនុស្ស​ពេញវ័យ ហើយ​មាន​លទ្ធភាព​តិចជាង​គេ​ក្នុង​ការរស់រាន​ពេលដែល​មាន​ព្រឹត្តិការណ៍​អាកាសធាតុ​ធ្ងន់ធ្ងរ។

អង្គការយូនីសេហ្វេ អំពាវនាវ​ដល់​រដ្ឋាភិបាល ក្រុមហ៊ុន និង​តួអង្គ​ពាក់ព័ន្ធនានា​ឱ្យ​បង្កើន​ការវិនិយោគ​លើ​ការផ្តល់​សេវា​នានា​ដូចជា​ប្រព័ន្ធ​ទឹកស្អាត អនាម័យ សេវាសុខភាព និងសេវា​អប់រំ ជាដើម សម្រាប់​កុមារ​ដើម្បី​ឱ្យ​ពួកគេ​​កាន់តែ​បន្សាំ​ និង​ធន់​ទៅនឹង​អាកាសធាតុ។ ក្រៅពីនោះ ត្រូវ​កាត់បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់ និង​ផ្តល់ឱ្យ​កុមារ​នូវ​ការអប់រំ​អំពី​អាកាសធាតុ និង​ជំនាញ​បៃតង ជាដើម។

នៅទូទាំង​ពិភពលោក កុមារ​ប្រមាណ ១ពាន់​លាននាក់ បច្ចុប្បន្ន​កំពុង​រស់នៅ​ក្នុង​ចំណោម​ប្រទេស ៣៣ ដែល​ជាប់​ចំណាត់ថ្នាក់​ជា​ក្រុមប្រទេស «មាន​ហានិភ័យ​ខ្ពស់​បំផុត» ពី​ផលប៉ះពាល់​នៃ​វិបត្តិ​អាកាសធាតុ។ កម្ពុជា​មាន​ចំនួន​កុមារ​អាយុ​ចន្លោះ​ពី ១ឆ្នាំ ដល់ ១៧ឆ្នាំ សរុប​ជិត ៦លាន​នាក់ (៥,៩ លាននាក់) ស្មើនឹង ៣៧% នៃ​ចំនួន​ប្រជាពលរដ្ឋ​សរុប​ជាង ១៦​លាន​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។