អង្គការ​យូនីសេហ្វ (Unicef) ថា​​ការបើក​​សាលារៀន​​ឡើង​​វិញ មិន​អាច​​ពន្យា​​ពេល​​បន្ត​ទៀត​ទេ

អង្គការ​យូនីសេហ្វ (Unicef) ថា​​ការបើក​​សាលារៀន​​ឡើង​​វិញ មិន​អាច​​ពន្យា​ពេល​​បន្តទៀត​​នោះ​​ទេ​ ព្រោះ​ចាប់​​តាំង​​​ពី​​ជំងឺ​កូវីដ-១៩​ រាតត្បាត​​ជាង​​មួយ​​ឆ្នាំ​មក​​នេះ​ ភស្តុតាង​បាន​​បង្ហាញ​​ថា ជំងឺនេះ​ មិន​​បាន​​បង្កគ្រោះ​ថ្នាក់​ខ្ពស់​ដល់​កុមារ​​នោះ​ឡើយ ហើយ​​សាលារៀន មិន​មែន​​ជា​​កត្តា​នាំ​ឲ្យមាន​​ការ​​ចម្លង​​ក្នុង​​សហគមន៍​​ជុំវិញ​​នោះ​​ដែរ។

ផ្ទុយទៅវិញ អង្គការនេះរក​ឃើញ​ថាការបិទទ្វារ​សាលារៀន​យូរបង្កផល​ប៉ះពាល់​ច្រើន​ដល់​កុមារដូចជា​កុមារ​មិន​ទទួល​បាន​ជំនាញ បាត់បង់​សក្តានុពល​ក្នុងការ​រក​ចំណូល បញ្ហា​សុខភាព​ផ្លូវ​កាយ​និង​ផ្លូវចិត្ត​ជា​ដើម។

មិន​តែ​ប៉ុណ្ណោះពេលដែល​កុមារមិនបាន​ទៅរៀន​ក្នុងថ្នាក់​ផ្ទាល់ពួកគេ​ជួបប្រទះ​នឹង​ភាព​ឯកាកាន់តែ​ច្រើន​ជាង​មុន។ ពួកគេ​ពិបាកផ្ចង់​អារម្មណ៍និង​មាន​អារម្មណ៍​ថប់បារម្ភពាក់ព័ន្ធ​នឹង​ការ​រៀន​សូត្រ​ក្នុង​កម្រិត​ខ្ពស់​ផង​ដែរ។ បញ្ហាទំាងនេះ​នឹងរឹតតែ​ធ្ងន់ធ្ងរ​ទៅៗ​នៅពេល​សាលារៀន​ត្រូវ​បន្ត​បិទ​ទ្វារ​កាន់​តែ​យូរ។

ក្រោយផ្ទុះ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ-១៩ កាលពី​ដើម​ឆ្នាំ២០២០ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​បិទ​សាលារៀន​ទាំងអស់​នៅទូទាំង​ប្រទេស​មួយរយៈ​ដោយ​ឲ្យសិស្ស​ទាំងអស់​រៀនតាម​ប្រព័ន្ធ​អនឡាញ (Online) ពី​ផ្ទះ​ជំនួស​វិញ។

ប៉ុន្តែអង្គការ​ យូនីសេហ្វរកឃើញ​ថាការរៀនពី​ផ្ទះបែប​នេះ​មិនអាច​ជំនួស​ឲ្យការ​រៀន​ផ្ទាល់​បាន​ឡើយ ព្រោះ​លទ្ធភាព​រៀន​តាម​ប្រព័ន្ធអនឡាញនៅ​ពុំទាន់​មាន​សម្រាប់​​គ្រប់គ្នា​ដោយ​កុមារ​ជួបការ​លំបាករួមទាំង​កុមារ​ពិការ​ ​ កុមាររង​ផលប៉ះពាល់​ពីការ​ធ្វើចំណាក​ស្រុក​និង​ក្រុម​កុមារ​ក្នុង​គ្រួសារ​ក្រីក្រដែល​ពុំសូវ​ទទួល​បាន​ការ​គាំទ្រ។ កុមារ​ទាំង​នេះខាត​បង់​ការ​សិក្សា​ព្រោះ​ពួកគេ​ពុំមាន​លទ្ធភាព​ទទួល​បាន​ការ​អប់រំតាម​ប្រព័ន្ធឌីជីថល​នេះ។

អង្គការយូនីសេហ្វ ថា​សាលា​ដែលគួរ​បើកវិញ​មុន​គេគឺ​សាលា​បឋមសិក្សាសាលាមត្តេយ្យ​សិក្សា​និង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កុមារ​តូចៗប៉ុន្តែ​គួរបើក​ដោយ​អនុវត្ត​តាម​វិធានការ​​សុវត្ថិភាព​ឲ្យ​បាន​សមស្រប។

ទោះជាយ៉ាងនេះក្ដី មន្រ្តីក្រសួង​អប់រំ ប្រកាសប្រាប់​អ្នកសារព័ត៌មាន​ថា រដ្ឋាភិបាលនឹង​នៅតែបន្ត​បិទ​សាលារៀន​ទាំងរដ្ឋ និង​ឯកជនតទៅ​​ទៀត ដោយសារ​តែការ​ចម្លង​ជំងឺកូវីដ-១៩ ក្នុង​សហគមន៍មិន​ទាន់​ចប់​នៅឡើយ។ អ្នកនាំ​ពាក្យក្រសួង​នេះ គឺលោក រស់ សុវាចា ថា​ក្រសួង​អបរំនៅបន្តតាម​ដាននិង​វាយតម្លៃស្ថានភាព​​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈសិន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។