ក្រុមមេដឹកនាំសហជីពឯករាជ្យ បន្តទាមទារយុត្តិធម៌សម្រាប់លោក ជា វិជ្ជា ដែលត្រូវបានឃាតកបាញ់សម្លាប់ទាំងកណ្ដាលថ្ងៃ កាលពី១៦ឆ្នាំមុន។ ការបន្តទាមទារយុត្តិធម៌នេះ ធ្វើឡើងក្នុងពេលពួកគេ ជួបជុំគ្នាប្រារព្ធខួប ១៦ឆ្នាំនៃឃាតកម្មលើមេដឹកនាំសហជីពដ៏ល្បីល្បាញ គឺលោក ជា វិជ្ជា នៅថ្ងៃទី២២ ខែមករា នៅមុខរូបសំណាករបស់នៅក្បែរវិមានឯករាជ្យ។
ក្រុមមេដឹកនាំសហជីពឯករាជ្យ និងកម្មករ លើកឡើងថា ប្រសិនបើរដ្ឋាភិបាលលោក ហ៊ុន សែន មានឆន្ទៈពិតប្រាកដ និងមិនមានមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលជាប់ពាក់ព័ន្ធក្នុងសំណុំរឿងឃាតកម្ម លោក ជា វិជ្ជា នេះទេ គឺប្រាកដជាអាចរកឃើញឃាតក និងអ្នកនៅពីក្រោយខ្នងរឿងនេះ មកផ្ដន្ទាទោសតាមច្បាប់ជាធរមានមិនខាន។
អនុប្រធានសហព័ន្ធសហជីពសេរីកម្មករ លោក ម៉ាន់ សេងហាក់ ថ្លែងថា ចាប់តាំងពីរដ្ឋាភិបាល បង្កើតគណៈកម្មការអន្តរក្រសួងស៊ើបអង្កេតពិសេសលើឃាតកម្មសម្លាប់លោក ជា វិជ្ជា និងមេសហជីពពីររូបផ្សេងទៀត គឺលោក ហ៊ី វុទ្ធី និងលោក រស់ សុវណ្ណារ៉េត និងចាប់តាំងពីរដ្ឋាភិបាល បានបង្កើតគណៈកម្មការជាតិត្រួតពិនិត្យការអនុវត្តអនុសញ្ញាអន្តរជាតិខាងការងារ គឺគណៈកម្មការទាំងនេះ មិនដែលបានអញ្ជើញសាច់ញាតិ ឬក្រុមគ្រួសារលោក ជា វិជ្ជា ដើម្បីសួរនាំ និងប្រាប់អំពីលទ្ធផល ស្រាវជ្រាវបន្តិចនោះទេ។ លោក ម៉ាន់ សេង ហាក់ បន្តថា ពួកលោកជាថ្នាក់ដឹកនាំសហជីព និងក្រុមគ្រួសាររបស់លោក ជា វិជ្ជា នៅតែទទូចឲ្យអាជ្ញាធររដ្ឋាភិបាល ស្វែងរកចាប់ខ្លួនឃាតកពិតមកផ្ដន្ទាទោសតាមច្បាប់ ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។ លោកចាត់ទុកលោក ជា វិជ្ជា ថា ជាវីរជនកម្មករ ហើយគំរូវីរភាពក្លាហានរបស់លោក គឺនៅតែស្ថិតនៅជាអមតៈជាមួយកម្មករ កម្មការិនី និងចលនាសហជីពនៅកម្ពុជា៖ «សំណូមពរដល់សមត្ថកិច្ច និងនគរបាលយុត្តិធម៌ ជាពិសេសស្ថាប័នរាជរដ្ឋាភិបាល ត្រូវចាត់ការស៊ើបអង្កេត តាមនីតិវិធីច្បាប់ដើម្បីស្វែងរកមុខឃាតករពិតប្រាកដ និងអ្នកបញ្ជានៅពីក្រោយខ្នងរឿងឃាតកម្មនេះ យកមកផ្តន្ទាទោស ដើម្បីលុបបំបាត់វប្បធម៌និទណ្ឌភាព និងពង្រឹងយុត្តិធម៌ក្នុងសង្គមកម្ពុជា » ។
ជារៀងរាល់ឆ្នាំឲ្យតែដល់ថ្ងៃទី២២ ខែមករា ថ្នាក់ដឹកនាំ និងសមាជិកសម្ព័ន្ធសហជីពសេរីកម្មករ ព្រមទាំងក្រុមគ្រួសារ សាច់ញាតិ និងមិត្តភ័ក្ដិ តែងជួបជុំគ្នាមុខរូបសំណាករបស់លោក ជា វិជ្ជា ស្ថិត នៅមុខវត្តលង្កា លើសួនច្បារខាងលិចវិមានឯករាជ្យ ដើម្បីដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធរបស់លោក។ ការប្រារព្ធខួបនៅឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតឲ្យអ្នកចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ជា វិជ្ជា ត្រឹមតែ ១៥០នាក់ និងមិនអនុញ្ញាតឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ចំនួន ១១៨នាក់ ដែលត្រូវបានតុលាការហាមឃាត់ធ្វើនយោបាយនោះ ចូលរួមឡើយក្រោមហេតុផលថា ដើម្បីរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ដែលជាមនុស្សជិតស្និទ្ធជាមួយលោក ជា វិជ្ជា មានប្រសាសន៍ក្នុងពិធីរំលឹកខួប១៦ឆ្នាំថា យុត្តិធម៌សម្រាប់ លោក ជា វិជ្ជា នៅតែងងឹតសូន្យឈឹង ហើយលោកថា មូលហេតុដែលមិនអាចវែកមុខឃាតកឃើញ គឺដោយសារតែករណីឃាតកម្មនេះ មានការ ជាប់ពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល។ លោកអះអាងថា នៅក្នុងខែកក្កដា ឆ្នាំ២០០៣ លោក ជា វិជ្ជា ត្រូវបានគេគំរាមសម្លាប់តាមទូរស័ព្ទ បន្ទាប់មក លោក បានជូនលោក ជា វិជ្ជា ទៅជួបប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ដើម្បីយកលេខទូរស័ព្ទឲ្យជួយស្រាវជ្រាវ ប៉ុន្តែប៉ូលិស ឆ្លើយថា មិនហ៊ានប៉ះពាល់ទេ ព្រោះអ្នកគំរាមនោះជាមន្ត្រីមានឋានៈធំណាស់។ មន្ត្រីប៉ូលិសក្រុងភ្នំពេញរូបនោះ បានផ្ដល់យោបល់ឱ្យលោក ជា វិជ្ជា រកកន្លែងមានសុវត្ថិភាព ប៉ុន្តែទោះបីមានសារគំរាមសម្លាប់ក្តី លោក ជា វិជ្ជា មិនព្រមចាកចេញពីប្រទេសកម្ពុជាឡើយ ព្រោះលោកចង់តស៊ូដើម្បីផលប្រយោជន៍កម្មករ សិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៖ «យុត្តិធម៌ និងប្រជាធិបតេយ្យ គឺគេមិនដឹកដាក់ល្អីមកជូនយើងទេ មានតែពលរដ្ឋខ្មែរម្នាក់ៗ ត្រូវតែទៅចាប់ដណ្តើមយកយុត្តិធម៌ និងលទ្ធិប្រជាធិបតេយ្យ ជូនលោក ជា វិជ្ជា និងប្រជាពលរដ្ឋទាំងអស់គ្នា។ យើងប្តេជ្ញានឹងបន្តវីរភាពរបស់លោក ជា វិជ្ជា ដើម្បីធ្វើម៉េចឲ្យកម្មករទទួលបានលក្ខខណ្ឌការងារល្អប្រសើរ និងធ្វើម៉េចឲ្យសង្គមយើង ទទួលបានលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស»។
លោក ជា វិជ្ជា ត្រូវបានឃាតកបាញ់សម្លាប់នៅតូបលក់កាសែតជិតវត្តលង្កា ក្រុងភ្នំពេញ កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ ក្នុងពេលដែលប្រទេសកម្ពុជា កំពុងជួបវិបត្តិនយោបាយរវាងគណបក្សចំនួន៣ ក្រោយពេលបោះឆ្នោត ឆ្នាំ២០០៣ គឺគណបក្សហ៊្វុនស៊ិនប៉ិច គណបក្សប្រជាជនកម្ពុជា និងគណបក្សសម រង្ស៊ី។លោក ជា វិជ្ជា ក្រៅពីជាមេដឹកនាំសហជីពនោះ លោកក៏ជាសកម្ម ជនគណបក្ស សម រង្ស៊ី ដែរ។លោកតែងតែដឹកនាំកម្មករធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ដើម្បីទាមទារលក្ខខណ្ឌការងារល្អប្រសើរ ប្រាក់ឈ្នួលសមរម្យ និងផលប្រយោជន៍ផ្សេងៗ ជូនកម្មករ។
អតីតសហការីរបស់លោក ជា វិជ្ជា និងជាប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា លោក ជា វិជ្ជា គឺជាមេសហជីពដំបូងគេ ដែលមានគំនិត និងបានតស៊ូទាមទារលើកកម្ពស់សិទ្ធិកម្មករនៅតាមរោងចក្រ ឲ្យគេចផុតពីការជិះជាន់របស់ថៅកែ ហើយជាអ្នកធ្វើឲ្យមានចលនា សហជីពឯករាជ្យ ដើម្បីការពារកម្មករ ជាពិសេសលោកជាអ្នកទាមទារដំបូងគេឲ្យប្រាក់ខែកម្មករចាប់ពី ២០ដុល្លារក្នុងមួយខែ ឡើងមកដល់ ៤០ដុល្លារ។ លោកថា ដោយសារតែការតស៊ូទាមទារនេះ ប្រាក់ខែកម្មករបានឡើងជាបន្តបន្ទាប់ ទោះជាលោក ជា វិជ្ជា បានស្លាប់អស់រយៈពេល ១៦ឆ្នាំក្ដី។ លោក អាត់ ធន់ លើកឡើងថា ការជួបជុំគ្នាប្រារព្ធខួប ១៦ឆ្នាំនេះ គឺជាក្រើនរម្លឹកឡើងវិញឲ្យអាជ្ញាធររដ្ឋាភិបាល បង្កើនល្បឿនស្វែងរកយុត្តិធម៌ពិតជូនលោក ជា វិជ្ជា ហើយលោកចាត់ទុកអំពើឃាតកម្ម និងអំពើហិង្សាលើមេដឹកនាំសហជីព គឺជាអំពើថោកទាប និងព្រៃផ្សៃបំផុត៖ «រដ្ឋាភិបាល ត្រូវធានាកុំឲ្យមានករណីសម្លាប់ ករណីហិង្សា និងករណីយាយី និងរើសអើងផ្សេងៗ ប្រឆាំងនឹងសហជីពតទៅតហើយករណីនេះ យើងចង់ឃើញសង្គមកម្ពុជាមានការគោរពសិទ្ធិមនុស្ស គោរពសិទ្ធិ បុគ្គលិកគោរពសិទ្ធិអង្គការវិជ្ជាជីវៈគោរពសិទ្ធិកម្មករ និងគោរពដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ និងកតិកាសញ្ញាទាំងឡាយ។ បើអ្នកមានលុយមានអំណាច ក្រុមហ៊ុន ថៅកែ ជនខិលខូច អាចរួចខ្លួន។ ដូច្នេះអំពើអយុត្តិធម៌ វានឹងកើតឡើងច្រើន»។
ក្រៅពីរម្លឹកអំពីវីរភាព និងទាមទារយុត្តិធម៌សម្រាប់លោក ជា វិជ្ជា នោះ ក្រុមមេដឹកនាំសហជីព ក៏ប្រកាសធ្វើយុទ្ធនាការរួមគ្នា ដើម្បីទាមទារឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហាប្រឈមចំនួនពីរ គឺទីមួយ ត្រូវធានារក្សាឲ្យបានប្រព័ន្ធអនុគ្រោះពន្ធ EBA សហភាពអឺរ៉ុប និងទីពីរ ត្រូវបញ្ឈប់ធ្វើវិសោធនកម្ម ច្បាប់ការងារកាត់បន្ថយប្រាក់ឈ្នួលកម្មករ ដែលធ្វើការងារវេនយប់។
អាស៊ីសេរី បានព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ និងអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ជាច្រើនលើក ប៉ុន្តែពុំមានអ្នកទទួល។ទោះជាយ៉ាងណា លោក ជិន ម៉ាលីន អះអាងកាលពីថ្ងៃទី១៨ ខែមករាថា តុលាការនៅតែបើកចំហសំណុំរឿងនេះដដែល និងបានបង្វិលឱ្យគណៈកម្មការចម្រុះដឹកនាំដោយក្រសួងមហាផ្ទៃ ដែលរដ្ឋាភិបាលបង្កើតឡើង បន្តស៊ើប អង្កេតបន្ថែមទៀត ប៉ុន្តែមកទល់ពេលនេះ លោកក៏មិនដឹងថា មានលទ្ធផលបែបណានោះ។
មិនមែនមានតែសំណុំរឿងលោក ជា វិជ្ជា មួយទេ ដែលអាជ្ញាធររបបលោក ហ៊ុន សែន បានបរាជ័យក្នុងការស្វែងរកយុត្តិធម៌ពិតប្រាកដជូនជនគ្រោះនោះ។ សំណុំរឿងឃាតកម្មជាច្រើនទៀតលើប្រធានសហជីព អ្នកកាសែត តារាចម្រៀង អ្នកនយោបាយ និងចុងក្រោយ គឺអ្នកវិភាគសង្គមដ៏ល្បីឈ្មោះគឺបណ្ឌិត កែម ឡី ក៏មិនត្រូវបានរបបនេះវែកមុខរកជនល្មើសឃើញនោះឡើយ។ ក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្សជាតិ និងអន្តរជាតិរិះគន់ថា របបនេះ អាចមានជាប់ពាក់ព័ន្ធដោយផ្ទាល់ទៅនឹងករណីធ្វើឲ្យមានវប្បធម៌និទណ្ឌភាពនៅក្នុងសង្គមកម្ពុជារហូតមកទល់សព្វថ្ងៃនេះ៕
(ក្រុមមេដឹកនាំសហជីពឯករាជ្យ ព្រះសង្ឃ និងកម្មករ រំឭកខួប ១៦ឆ្នាំនៃឃាតកម្មលើមេដឹកនាំសហជីពដ៏ល្បីល្បាញ គឺលោក ជា វិជ្ជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ នៅមុខរូបសំណាករបស់លោក នៅក្បែរវិមានឯករាជ្យ។ រូប៖ RFA)
(ក្រុមមេដឹកនាំសហជីពឯករាជ្យ ព្រះសង្ឃ និងកម្មករ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ នាំគ្នារំឭកខួប ១៦ឆ្នាំនៃឃាតកម្មលើលោក ជា វិជ្ជា មេដឹកនាំសហជីពដ៏ល្បីល្បាញ នៅមុខរូបសំណាករបស់លោក នៅក្បែរវិមានឯករាជ្យ ដែលចូលរួមឃ្លាំមើលដោយមន្ត្រីការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលសិទ្ធិមនុស្សប្រចាំកម្ពុជា។ រូប៖ RFA)
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។