សហជីព ជំរុញឲ្យកម្មករ ដែលបានឈប់សម្រាក កាលពីថ្ងៃបុណ្យចូលឆ្នាំខ្មែរ ទៅពិនិត្យសុខភាព រកជំងឺកូវីដ១៩ (Covid-19) នៅតាមរោងចក្រ ឬសាលារៀន តាមវិធានការរបស់ក្រសួងការងារ ដើម្បីបញ្ចៀសការបាត់បង់ប្រយោជន៍របស់កម្មករ។
មន្ត្រីសហភាពការងារកម្ពុជា សង្កេតឃើញថា ក្រុមកម្មករមួយចំនួន បានសម្រេចបោះបង់ចោលការងារតែម្ដង នៅក្រោយចូលឆ្នាំខ្មែរ ព្រោះមិនចង់រងវិធានការ ពិនិត្យសុខភាព និងការដាក់ឲ្យនៅដាច់ដោយឡែក ១៤ថ្ងៃ ដោយគ្មានប្រាក់ឈ្នួល។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ឲ្យដឹងថា មានកម្មករតិចតួច ដែលបានទៅធ្វើតេស្តសុខភាពតាមការណែនាំរបស់ក្រសួងការងារ ក្នុងចំណោមកម្មករប្រមាណ ៣ម៉ឺន នាក់ ដែលបានឈប់សម្រាកពេលចូលឆ្នាំ នៅទូទាំងប្រទេស។ លោក អំពាវនាវឲ្យកម្មករ ដែលឈប់សម្រាកពេលចូលឆ្នាំទាំងអស់ ទៅទទួលធ្វើតេស្តតាមការណែនាំរបស់ក្រសួងការងារ។
លោក អាត់ ធន់ បន្ថែមទៀតថា ការទៅពិនិត្យសុខភាពតាមវិធានការក្រសួង ជាការបញ្ចៀសកុំឲ្យថៅកែមានលេសបញ្ឈប់កម្មករដោយគ្មានសំណង ព្រោះខាងក្រសួងការងារ បានបើកដៃឲ្យថៅកែរោងចក្រ បញ្ឈប់កម្មករណា ដែលមិនព្រមធ្វើតេស្តសុខភាព និងមិនព្រមធ្វើចត្តាឡឺស័ក៖ « នៅពេលដែលគេពិនិត្យហ្នឹង មិនមានបញ្ហាអ្វី គេឲ្យទៅផ្ទះជួល ឬក៏ផ្ទះធម្មតា បានទេ។ លើកលែងតែគេសង្ស័យ ឬក៏មានបញ្ហាមួយ ក្នុងចំណោមការសង្ស័យទាំងអស់ហ្នឹង បានគេឲ្យនៅ ១៤ថ្ងៃ។ បើយើងអត់អ្វីទេ មានន័យថា យើងទៅផ្ទះបានហ្នឹង។ អ៊ីចឹង យើងមើលកន្លងមក ប៉ុន្មានថ្ងៃ ជាង១ពាន់នាក់ គេរកឃើញមិនដល់១រយនាក់ផងហ្នឹង នៅស្នាក់នៅ ហើយក្រៅពីហ្នឹង គឺទៅផ្ទះវិញហើយ។ អ៊ីចឹង កម្មករមិនគួរនៅផ្ទះទេ គួរតែមកពិនិត្យហើយ បើអត់មានបញ្ហាអ្វី គាត់ស្នាក់នៅផ្ទះ ដល់ ១៤ថ្ងៃក្រោយមក គាត់មកពិនិត្យសុខភាពចុងក្រោយ យករបាយការណ៍ហ្នឹងទៅៗ បានធ្វើការវិញ។ ដល់ពេលគាត់អត់មក គេបញ្ឈប់ចោល អតីតភាពការងារគាត់ លុយគាត់ម្នាក់ៗ បួនដប់មួយរយ មួយពាន់ ពីរពាន់ ( ដុល្លារ ) ហ្នឹង មានបានមកពីណា។ បើគេបញ្ឈប់ចោលរាប់ម៉ឺននាក់ មិនមែនតិចឯណា កម្មករខាតបង់ច្រើនណាស់ » ។
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី១៧ មេសា បានព្រមានថា កម្មករ និងនិយោជិតណា មិនសហការ អនុវត្តវិធានដាក់ខ្លួនឯង នៅដាច់ដោយឡែក (ចត្តាឡីស័ក) ឬបំពានវិធានការចត្តាឡឺស័ក ហើយបង្កជាការភ័យខ្លាចដល់កម្មករ និយោជិកដទៃទៀត ក្រោយពីបានត្រលប់មកពីពិធីបុណ្យចូលឆ្នាំខ្មែរ អាចត្រូវបង្ខំឲ្យឈប់ពីការងារ ដោយមិនទទួលបានការទូទាត់អត្ថប្រយោជន៍អ្វីទាំងអស់ពីនិយោជក។
ក្រសួងការងារឲ្យដឹងថា កម្មករកាត់ដេរ និងផលិតស្បែកជើង នៅទូទាំងប្រទេស ប្រមាណ ៣ម៉ឺន (៣០.០០០) នាក់ ស្មើ ២% បានឈប់សម្រាកទាំងមានច្បាប់ និងគ្មានច្បាប់អនុញ្ញាត ក្នុងកំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ។ ក្នុងនោះនៅរាជធានីភ្នំពេញមានប្រមាណជាង ១ម៉ឺន ៥ពាន់ (១៥.០០០) នាក់។ អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បន្ទោសកម្មករថា ពួកគេជម្នះចង់ឈប់សម្រាកនាឱកាសបុណ្យចូលឆ្នាំថ្មី។
សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការងារ ចេញផ្សាយថ្ងៃទី២៤ មេសា បង្ហាញថា គិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ មេសា មានកម្មករ មកធ្វើតេស្តសុខភាព សរុបចំនួន ៣.៧៣៨នាក់។ ក្នុងនោះ កម្មករដែលត្រូវដាក់ខ្លួនឯងនៅដាច់ដោយឡែកតាមបន្ទប់ជួល ឬផ្ទះវិញ មានចំនួន ៣.១៣២នាក់។ ឯកម្មករត្រូវយកសំណាកទៅពិសោធន៍ មាន ១០៣នាក់។ លទ្ធផល នៃសំណាក មិនទាន់ចេញផ្សាយទេ។
កម្មការិនីរោងចក្រ ប៊ូវឃ័រ (Bowker) ម្នាក់ លោកស្រី ឃុំ វ៉ាន់ ដែលបានឈប់សម្រាកពីការងារនៅថ្ងៃបុណ្យចូលឆ្នាំ ប្រាប់ថា ខាងរោងចក្រមិនបានតម្រូវឲ្យលោកស្រីពិនិត្យសុខភាពទេ។ តែ បានតម្រូវឲ្យ លោកស្រី ឃុំខ្លួនឯង ១៤ថ្ងៃ ក្នុងបន្ទប់ជួល ដោយគ្មានប្រាក់ឈ្នួលទើបព្រមអនុញ្ញាតឲ្យចូលធ្វើការវិញ នៅដើមខែក្រោយ៖ « អត់ ( ពិនិត្យសុខភាព ) ផងហ្នឹង គេប្រាប់យើងឲ្យនៅផ្ទះធម្មតា គ្រាន់តែប្រាប់ថា កុំឲ្យដើរ ... តែមិនអ្វីទេ បើខ្ញុំនៅផ្ទះរហូតហ្នឹង អត់ចេញក្រៅផង » ។
អ្នកឃ្លាំមើលសិទ្ធិការងារ ចង់ឲ្យក្រុមហ៊ុន និងរដ្ឋាភិបាល ជួយសម្រួលដល់កម្មករ កំពុងអនុវត្តវិធានការដាក់ខ្លួនឯងនៅដាច់ដោយឡែក ១៤ថ្ងៃ ឬព្យួរកិច្ចសន្យាការងារ ១៤ថ្ងៃ ដើម្បីឲ្យកម្មករទទួលបានប្រាក់គោលនយោបាយ ៧០ដុល្លារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។