រោងចក្រ​នៅ​កំពង់ចាម​មិន​ទាន់​ឲ្យ​តំណាង​សហជីព​ចូល​ធ្វើ​ការ​តាម​សេចក្ដី​បង្គាប់

ដោយ សូត សុខប្រាថ្នា
2015.01.01
កម្មករ​រោងចក្រ​មេនហាតធេន កំពង់ចាម ៦២០ តំណាង​សម្ព័ន្ធ​សហជីព​កម្ពុជា ឈរ​កាន់​បដា​ទាមទារ​ឲ្យ​តំណាង​ពួក​គាត់​អាច​ចូល​ធ្វើ​ការ​នៅ​ក្នុង​រោងចក្រ​មេនហាតធេន ឬ​មេតថេក (Medtec) នៅ​ខេត្ត​កំពង់ចាម ស្រប​តាម​សេចក្តី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៤។
RFA/Saut Sokprathna

តំណាង​សហជីព​នៅ​រោងចក្រ​មេនហាតធេន ឬ​មេតថេក (Medtec) ព្រម​ទាំង​សកម្មជន​សហជីព​ផង មិន​ទាន់​អាច​ចូល​ធ្វើ​ការ​នៅ​ក្នុង​រោងចក្រ​បាន និង​មិន​ទាន់​ទទួល​សំណង​តាម​សេចក្តី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល​នៅ​ឡើយ។ សហជីព​យល់​ថា ភាគី​រោងចក្រ​កំពុង​រំលោភ​ច្បាប់​ការងារ​ទាំង​ស្រុង។

យ៉ាង​ណា ភាគី​រោងចក្រ​បញ្ជាក់​ថា ដោយសារ​សហជីព​ទាំង​នោះ​ជាប់​ពាក្យ​បណ្ដឹង​នៅ​តុលាការ​នៅ​ឡើយ ទើប​ក្រុមហ៊ុន​មិន​ទាន់​អនុញ្ញាត​ឲ្យ​ចូល​ធ្វើ​ការ។

សេចក្តី​សម្រេច ឬ​សេចក្តី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល ដែល​ចេញ​កាល​ពី​ខែ​ឧសភា គឺ​តម្រូវ​ឲ្យ​ភាគី​រោងចក្រ​ទទួល​យក​តំណាង​សហជីព​មួយ​ចំនួន​ឲ្យ​ចូល​ធ្វើ​ការ​ដូច​ធម្មតា​វិញ និង​តម្រូវ​សង​ជា​សំណង​សម្រាប់​ការ​បញ្ឈប់​កម្មករ​ពី​ការងារ​កាល​ពី​ពេល​កន្លង​ទៅ។ ក៏ប៉ុន្តែ​មក​ដល់​ពេល​នេះ សហជីព និង​កម្មករ​ទាំង​នោះ នៅ​មិន​ទាន់​អាច​ចូល​ធ្វើ​ការ និង​មិន​ទាន់​ទទួល​បាន​សំណង​តាម​សេចក្តី​បង្គាប់​នោះ​ឡើយ។ តំណាង​សហជីព​យល់​ថា ភាគី​រោងចក្រ​មិន​បាន​អនុវត្ត​តាម​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល ពីព្រោះ​តែ​ខ្លាច​ខូច​ប្រយោជន៍​របស់​ខ្លួន និង​ងាយ​ស្រួល​គាប​សង្កត់​កម្មករ​នៅ​ពេល​ពួក​គាត់​បំពេញ​ការងារ ជាដើម។

ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា ប្រចាំ​រោងចក្រ​មេនហាតធេន លោក ចន ធាង ឲ្យ​ដឹង​ថា រយៈពេល​មួយ​ឆ្នាំ​មក​ហើយ​ដែល​ភាគី​រោងចក្រ​មិន​អនុញ្ញាត​ឲ្យ​ខាង​សហជីព​លោក​អាច​ចូល​ធ្វើ​ការ ដើម្បី​មាន​ឱកាស​ការពារ​ផល​ប្រយោជន៍​ជូន​កម្មករ​ដែល​កំពុង​ធ្វើ​ការ។ លោក​បន្ត​ថា ត្បិត​តែ​មាន​សហជីព​ខ្លះ​នៅ​ក្នុង​រោងចក្រ​ក៏ដោយ ប៉ុន្តែ​បញ្ហា​របស់​កម្មករ​ជាច្រើន​បាន​កើត​ឡើង។ ជាង​នេះ​ទៀត កម្មករ​ភាគ​ច្រើន​លើសលប់ គឺ​ជា​សមាជិក​របស់​សម្ព័ន្ធ​សហជីព​កម្ពុជា ហើយ​ពួក​គាត់​យល់​ថា វត្តមាន​របស់​តំណាង​សហជីព​មួយ​នេះ គឺ​អាច​ការពារ​ផល​ប្រយោជន៍​ពួក​គាត់​បាន៖ «ខ្ញុំ​ទាមទារ​សិទ្ធិ​ចូល​ធ្វើ​ការ​ហ្នឹង គឺ​ដើម្បី​ការពារ​សិទ្ធិ​បង​ប្អូន​កម្មករ​យើង ដោយសារ​គាត់​មាន​បញ្ហា​ជាច្រើន​លើក​ជាច្រើន​សា»

ថ្នាក់​ដឹក​នាំ និង​សកម្មជន​សម្ព័ន្ធ​សហជីព​កម្ពុជា ព្រម​ទាំង​កម្មករ​ជាច្រើន ត្រូវ​ក្រុមហ៊ុន​សម្រេច​បញ្ឈប់​ពី​ការងារ បន្ទាប់​ពី​ពួក​គាត់​ចេញ​មុខ​ដឹក​នាំ​កម្មករ​ធ្វើ​បាតុកម្ម​ទាមទារ​ប្រាក់​ខែ​គោល ១៦០​ដុល្លារ កាល​ពី​ឆ្នាំ​២០១៣។ តំណាង​សហជីព​កម្ពុជា នៅ​ក្នុង​រោងចក្រ​មេតហាតធេន ដែល​ក្រុមប្រឹក្សា​អាជ្ញាធរ​បង្គាប់​ឲ្យ​ភាគី​និយោជក​ទទួល​យក​ចូល​ធ្វើ​ការ​វិញ​នោះ រួម​មាន លោក ចន ធាង លោក ផាន់ ចន្នី លោក ប៉េង ផល្លា។ ចំណែក​កម្មករ និង​សកម្មជន​សហជីព​មួយ​ចំនួន​ទៀត គឺ​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល​បង្គាប់​ឲ្យ​ក្រុមហ៊ុន​ចេញ​ជា​សំណង​ស្រប​ទៅ​តាម​ច្បាប់​ការងារ ប៉ុន្តែ​សេចក្តី​សម្រេច​នោះ ភាគី​ក្រុមហ៊ុន​ពុំ​បាន​អនុវត្ត​តាម​ឡើយ ក្រោម​ហេតុផល​ថា​រង់ចាំ​សេចក្តី​សម្រេច​ចេញ​ពី​តុលាការ​ជា​មុន​សិន ជុំវិញ​ពាក្យ​បណ្ដឹង​របស់​ក្រុមហ៊ុន​ដែល​បាន​ប្ដឹង​តំណាង​សហជីព​ទាំង​នោះ​កាល​ពី​ឆ្នាំ​ទៅ។

ប្រធាន​ផ្នែក​រដ្ឋបាល​រោងចក្រ​មេនហាតធេន លោក តុង ចំរើន មាន​ប្រសាសន៍​យ៉ាង​ខ្លី​នៅ​ថ្ងៃ​ទី​៣១ ធ្នូ ថា ខាង​ក្រុមហ៊ុន​កំពុង​រង់ចាំ​សេចក្តី​សម្រេច​ចេញ​ពី​តុលាការ ចំណែក​បញ្ហា​ផ្សេង​លោក​មិន​អាច​និយាយ​បាន​ទេ៖ «និយាយ​រួម​ទៅ គឺ​យើង​រង់ចាំ​តុលាការ​ចេញ​សេចក្តី​សម្រេច​ណា​បង! ខ្ញុំ​អាច​ផ្តល់​ព័ត៌មាន​បង​ប៉ុណ្ណឹង»

ចំណែក​ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​កំពង់ចាម លោក ចេង ហ៊ាង មាន​ប្រសាសន៍​ថា មិន​មែន​ភាគី​ក្រុមហ៊ុន​មិន​ព្រម​គោរព​តាម​សេចក្តី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល​នោះ​ទេ ក៏ប៉ុន្តែ​ភាគី​ក្រុមហ៊ុន​ផ្អែក​ទៅ​លើ​ហេតុផល​ថា ថ្នាក់​ដឹក​នាំ​សហជីព​ទាំង​នោះ គឺ​ជាប់​ពាក្យ​បណ្ដឹង​នៅ​តុលាការ​មិន​ទាន់​ដោះស្រាយ​បាន។ ចំណែក​ភាគី​សហជីព​បញ្ជាក់​ថា រឿង​តុលាការ​ផ្សេង ហើយ​សេចក្តី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល​ផ្សេង ទើប​ធ្វើ​ឲ្យ​ការ​ដោះស្រាយ​មិន​អាច​រក​ចំណុច​រួម​បាន។ យ៉ាង​ណា លោក​បន្ត​ថា ខាង​អាជ្ញាធរ គឺ​មាន​សិទ្ធិ​ត្រឹម​តែ​សម្រប​សម្រួល មិន​អាច​ចាប់​បង្ខំ​ភាគី​ណា​មួយ​ឲ្យ​ទទួល​យក​អ្វី​ដែល​ខ្លួន​មិន​ព្រម​បាន​ទេ៖ «ប៉ុន្តែ​បើ​ភាគី​ណា​មិន​យល់​ព្រម​ក៏​យើង​គ្មាន​សិទ្ធិ​បង្ខំ​គេ​ដែរ។ ទី​មួយ ខាង​ក្រុមហ៊ុន​ថា​អ្នក​ដឹក​នាំ​សហជីព​តាម​មូលដ្ឋាន គេ​កំពុង​ជាប់​បណ្ដឹង»

លោក​បន្ថែម​ថា កម្មករ​ដែល​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល​តម្រូវ​ឲ្យ​ទូទាត់​សំណង​នោះ គឺ​ខាង​ក្រុមហ៊ុន​បាន​ទូទាត់​ម្តង​រួច​ហើយ ប៉ុន្តែ​លោក​ថា ជា​សំណង​មួយ​ដែល​មិន​ស្រប​តាម​ច្បាប់​ការងារ។ លោក​បញ្ជាក់​ថា ប្រសិន​បើ​ភាគី​ទាំង​ពីរ​នៅ​តែ​មិន​អាច​ចុះ​សម្រុង​គ្នា​នោះ ខាង​អាជ្ញាធរ​ក៏​មិន​ដឹង​សម្រប​សម្រួល​យ៉ាង​ណា​ដែរ។ ហើយ​លោក​បាន​បដិសេធ​ចំពោះ​ការ​លើក​ឡើង​ថា មាន​ការ​រំលោភ​សិទ្ធិ​សេរីភាព​កម្មករ​នៅ​ក្នុង​រោងចក្រ បើ​ទោះ​បី​ជា​កម្មករ​ជាច្រើន​ឲ្យ​ដឹង​ថា ពួក​គាត់​មិន​មាន​សិទ្ធិ​តវ៉ា​អ្វី​ឡើយ បន្ទាប់​តំណាង​ខ្លួន​គ្មាន​វត្តមាន​ក្នុង​រោងចក្រ​នោះ។

ទោះ​បី​យ៉ាង​ណា​ក៏ដោយ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ មាន​ប្រសាសន៍​ថា ខាង​អាជ្ញាធរ គឺ​មាន​តួនាទី​ជំរុញ​ឲ្យ​ភាគី​ក្រុមហ៊ុន​គោរព​ច្បាប់ ប៉ុន្តែ​មិន​ដូច្នេះ​ទេ ពីព្រោះ​តួនាទី​របស់​អាជ្ញាធរ គឺ​ប្រើ​សម្រាប់​គាប​សង្កត់​កម្មករ ឬ​សហជីព​ប៉ុណ្ណោះ ហើយ​បែរ​ជា​កាន់​ជើង ឬ​នៅ​ក្រោយ​ខ្នង​ភាគី​ក្រុមហ៊ុន​ទៀត​ផង៖ «យើង​ឆ្លង​កាត់​នីតិវិធី​ហើយ​អស់​ហើយ! ក្រុមប្រឹក្សា​អាជ្ញាធរ​កាត់​សេចក្តី​ឲ្យ​គាត់​ចូល​ធ្វើ​ការ​វិញ ហើយ​សេចក្តី​បង្គាប់​ដែល​ចេញ​ហ្នឹង​ជា​សេចក្តី​បង្គាប់​សិទ្ធិ​ទៀត។ ពេល​ចេញ​មក និយោជក​មិន​អាច​មាន​សិទ្ធិ​ជំទាស់​ទេ ត្រូវ​តែ​មាន​ទទួល​គាត់»

អ្នកស្រី​បន្ត​ថា ករណី​នេះ​អ្នកស្រី​នឹង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​បន្ត​ទៀត ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ភាគី​ក្រុមហ៊ុន​អនុវត្ត​តាម​សេចក្តី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល។ លើស​ពី​នេះ​ទៀត អ្នកស្រី​ថា ក្រុមហ៊ុន​មេនហាតធេន នឹង​ត្រូវ​ខូច​កិត្តិយស​នៅ​លើ​ឆាក​អន្តរជាតិ​កាន់​តែ​ខ្លាំង ពីព្រោះ​ជា​ក្រុមហ៊ុន​ដែល​មិន​បាន​គោរព​ច្បាប់​ការងារ ប៉ុន្តែ​ជា​ក្រុមហ៊ុន​ដែល​រំលោភ​សិទ្ធិ​កម្មករ​ទៅ​វិញ។ អ្នកស្រី​យល់​ថា រាជ​រដ្ឋាភិបាល ឬ​មន្ត្រី​ពាក់ព័ន្ធ ធ្វើ​យ៉ាង​ណា​យក​តួនាទី​របស់​ខ្លួន​ទៅ​បម្រើ​ការងារ​ឲ្យ​បាន​ពិត​ប្រាកដ ហើយ​គប្បី​ជំរុញ​ឲ្យ​និយោជក​ទាំងអស់ គោរព​តាម​ច្បាប់​ការងារ​នៅ​ប្រទេស​កម្ពុជា។ អ្នកស្រី​ថា ប្រសិន​បើ​មាន​ការ​គោរព​ច្បាប់​ត្រឹមត្រូវ​នោះ ប្រទេស​ជាតិ​ក៏​មាន​ភាព​រីក​ចម្រើន​ដូច​គ្នា​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។