មន្រ្តី​​សហជីព​​នៅតែ​​បារម្ភ​អំពី​​មធ្យោបាយ​​ធ្វើដំណើរ​​របស់​​កម្មករ​ ​ព្រោះ​​មាន​​ហា​និ​ភ័យ​​ខ្ពស់​​ក្នុង​​ការ​​ឆ្លង​​ជំងឺ​កូ​វី​ដ១​៩​

ដោយ មួង ណារ៉េត
2021-05-17
Share
មន្រ្តី​​សហជីព​​នៅតែ​​បារម្ភ​អំពី​​មធ្យោបាយ​​ធ្វើដំណើរ​​របស់​​កម្មករ​ ​ព្រោះ​​មាន​​ហា​និ​ភ័យ​​ខ្ពស់​​ក្នុង​​ការ​​ឆ្លង​​ជំងឺ​កូ​វី​ដ១​៩​ កម្មករ-កម្មការិនី នៅតែប្រឈមនឹងហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ១៩ នៅពេលរោងចក្របើកដំណើរការឡើងវិញ។
រូប៖ ហ្វេសប៊ុក

មន្រ្តី​សហជីព​​នៅតែ​បារម្ភ​អំពី​​មធ្យោបាយ​​ធ្វើដំណើរ​​របស់​កម្មករ​ ​ព្រោះ​មាន​ហា​និ​ភ័យ​ខ្ពស់​ក្នុង​​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-​១​៩​។​ ​ក្តី​បារម្ភ​នេះ​កើតមានឡើង​ ​ក្រោយ​​ក្រសួង​​ប្រកាស​​ឲ្យ​​រោងចក្រ​បើក​ដំណើរការ​ឡើង​វិញ​ ​ប៉ុន្តែ​ភាគី​​ពាក់ព័ន្ធ​ ​មិនបាន​រក​​ដំណោះស្រាយ​បញ្ហា​​មធ្យោបាយ​​ធ្វើដំណើរ​​របស់​​កម្មករ​​នោះ​​ឡើយ​។​​

ប្រធាន​សហជីព​​ប្រជាធិបតេយ្យ​កម្មករ​​កាត់​ដេរ​​កម្ពុជា​ (C-CAWDU) ​លោក​ ​ឡុង​ ​សក្ក​ដា​ ​លើកយក​ករណី​កម្ម​ក​រោងចក្រ​ ​ឌី​ន​ហាន​ (​Din​ ​H​an​) ​ដែល​​ដោយសារតែ​កម្មករ​​ត្រូវ​ធ្វើ​ការ​​ឆ្លាស់​​វេន​​គ្នា​ ​ទើប​ពួកគាត់​​ត្រូវ​​បង្ខំចិត្ត​​រក​ម៉ូតូឌុប​ជិះ​ ​ដែល​​មិន​ដឹង​ថា​ អ្នក​រត់​ម៉ូតូ​ណា​មាន​ ​ឬ​គ្មាន​ជំងឺ​នេះ​។​ ​ជាង​នេះ​ទៅទៀត​ ​ដោយសារតែ​ការ​ផ្លាស់​វេន​ ​ចំ​វេន​​ព្រឹក​​ខ្លាំង​ ​គ្មាន​រថយន្ត​ដឹក​កម្មករ​ ​ពួកគាត់​ត្រូវ​ចំណាយ​សោហ៊ុយ​ច្រើន​ថ្លៃ​ម៉ូតូឌុប​ ​ដែល​នឹង​ធ្វើ​ឲ្យប្រាក់​ខែ​ដែល​ស្តួចស្តើង​ស្រាប់​ ​កាន់​តែ​​ខើច​​បន្ថែម​​ទៀត​៖ «ហើយ​គាត់​ប្រឈម​​ជាង​​ជិះឡាន​​ជាមួយគ្នា​​គាត់​​ហ្នឹ​ង​​ទៅ​ទៀត​ ​ព្រោះ​ម៉ូតូ​​ឌុប​ ​យើង​មិន​ដឹង​ថា ​គាត់​មាន​ឬក៏​មិន​មាន​ (កូ​វី​ដ​) ​ហៅ​ព្រាវ​ ​ម្ដង​​ជិះ​ម៉ូតូ​នេះ​ ​ម្តង​ជិះ​ម៉ូតូ​នោះ​ ​ជិះ​គ្រប់តែ​ម៉ូតូ​បែប​នេះ​ ​មក​ធ្វើការ​រាល់តែថ្ងៃ​ ​ទៅវិញទៅមក​រហូត​។​ ​បើ​សម្រាប់​អ្នកតា​ខ្មៅ​ ​គាត់​ឆ្ងាយ​រឹត​តែ​លំបាក​ទៀត​ ​ហើយ​បើ​វេន​ល្ងាច​គាត់​​ចេញ​​ម៉ោង​​​៧​កន្លះ​ ​គេ​បិទ​បម្រាម​គោចរ​ម៉ោង​ ​៨​ ​គឺ​លំបាក​មែនទែន​! ​កន្លែង​ហ្នឹង​ក្រុមហ៊ុន​ដោះស្រាយ​អត់​ទាន់​ចេញ​»។​

អ្វី​ដែល​ក្រុមហ៊ុន​ដោះស្រាយ​​អត់​ទាន់​ចេញ​មួយទៀត​ ​គឺ​ការកំណត់​​ចំនួន​​មនុស្ស​ ​ដែល​​ត្រូវ​ជិះរថយន្ត​រួមគ្នា​ ​និង​ការ​តម្រូវ​ឲ្យ​ម្ចាស់​រថយន្ត​ឈ្នួល​ដឹក​​កម្មករ​ ​បាញ់​អាល់​កុល​​សំអាត​​រថយន្ត​​រាល់​ពេល​​ដឹក​កម្មករ​។​ ​ជាង​នេះ​ទៅទៀត​​លោក​ ​ឡុង​ ​សក្ក​ដា​ ​ថា​​កម្មករ​​នៅ​មានការ​ភ័យខ្លាច​នៅ​កន្លែងធ្វើការ​ ​ព្រោះ​មានកម្ម​ករ​មួយ​​ចំនួន​​បាន​​ឆ្លង​​ជំងឺ​នេះ​ ​ប៉ុន្តែ​ដោយ​សារ​​ខាង​មន្ទីរពេទ្យ​​មិន​ដឹក​​ទៅ​​ព្យាបាល​ ​ពួកគាត់​​ត្រូវ​សម្រា​ក​​ព្យាបាល​​តាម​ផ្ទះ​ ​និង​អាច​មិន​បាន​​ធ្វើ​តេ​ស្ត​ឡើង​វិញ​​ត្រឹមត្រូវ​ ​មុន​នឹង​វិល​ត្រឡប់​​ចូល​​ធ្វើការ​​វិញ​។​

រោងចក្រ​ ​ឌី​ន​ហាន​ ​មានកម្ម​ករ​ជាង​ ​២​.៥០០​ ​នាក់​ ​ជា​រោងចក្រ​ធំ​ដំបូង​គេ​ ​ដែល​ផ្ទុះ​ករណី​ចម្លង​ជំងឺ​កូ​វី​ដ​-​១​៩​ ​កាលពីដើម​ខែ​មេសា​។​ ​ភ្លាម​ៗ​មាន​កម្ម​ករ​​ប្រមាណ​​ ​៧០០​ ​នាក់ ​ត្រូវ​​ក្រសួងសុខាភិបាល​រក​ឃើញ​ថា ​មាន​ផ្ទុក​ជំងឺ​នេះ​។​ ​ក្រោយៗ​មក​ទៀត​ ​កម្មករ​នៅ​រោងចក្រ​រាប់​រយ​ទៀត​ ​បាន​ឆ្លង​ជំងឺ​នេះ​ដែរ​។​ ​បើ​តាម​សេចក្តីជូនដំណឹង​​របស់​រដ្ឋបាល​​រាជធានី​ភ្នំពេញ​ ​គិត​ត្រឹម​ថ្ងៃ​ទី​​១៦​ ​ខែ​​ឧសភា​ ​មាន​រោងចក្រ​ ​៤២០​ ​ដែល​មានកម្ម​ករ​ឆ្លង​ជំងឺ​កូ​វី​ដ​-​១​៩​។​ ​ចំនួន​នេះ​ ​នៅ​មិនទាន់​រាប់បញ្ចូល​រោងចក្រ​ជាង​ ​៥០​ ​ទៀត​នៅ​ខេត្ត​តាកែវ​ ​ព្រះ​សី​ហ​នុ ​ស្វាយរៀង​ ​កំពង់ចាម​ ​និង​កំពង់ឆ្នាំង​នៅឡើយ​។​

ទោះបីជា​ក្រសួងការងារ​ ​និង​ក្រសួងសុខាភិបាល​ ​មិនបាន​បញ្ជាក់​ថា ​តើ​កម្មករ​នៅ​តាម​រោងចក្រ​ទាំងនេះ​ ​ឆ្លង​ជំងឺ​នេះ​យ៉ាងដូចម្តេច​ក៏ដោយ​ ​ក៏​ម​ន្រ្តី​សង្គម​ស៊ីវិល​​អ្នក​វេជ្ជ​សា​ស្រ្ត ​និង​ម​ន្រ្តី​សហជីព​ ​ថា​ការ​ជិះរថយន្ត​ប្រជ្រៀតគ្នា​ដូច​ម្រាមដៃ​ ​ការរស់នៅ​បន្ទប់​ជួល​ផ្តុំ​គ្នា​ច្រើន​ ​និង​ការ​មិន​អាច​​​រក្សា​គ​ម្លា​ត​បាន​នៅ​តាម​រោងចក្រ​ ​គឺជា​កត្តា​ ​ដែល​ធ្វើឲ្យ​កម្មករ​ឆ្លង​ជំងឺ​នេះ​ ​យ៉ាង​រាលដាល​បែប​នេះ​។​

ចាប់ពី​ថ្ងៃ​ទី​​៨​ ​ខែ​​ឧសភា​ ​ក្រោយ​ក្រសួងការងារ​ ​ប្រកាស​​ឲ្យ​រោងចក្រ​បើក​ដំណើរការ​​ឡើងវិញ​ ​មាន​រោងចក្រ​ជាច្រើន​នៅ​ភ្នំពេញ​ ​បាន​បើក​ដំណើរ​កា​ឡើងវិញ​។​ ​នៅ​ឯ​​ខេត្ត​តាកែវ​​ឯណោះ​ ​កាលពី​ថ្ងៃ​ទី​​១​៦​ ​ខែ​​ឧសភា​ ​រដ្ឋបាល​ខេត្ត​នេះ​ ​បានឲ្យ​រោងចក្រ​បួន​ ​បើក​ដំណើរការ​ឡើងវិញ​ដែរ​ ​ប៉ុន្តែ​មិន​មាន​វិធានការ​ជួយ​សម្រួលការ​ជិះ​ប្រជ្រៀតគ្នា​របស់​កម្មករ​នោះ​ទេ​ ​គ្រាន់តែ​ស្នើ​ឲ្យ​កម្មករ​ ​និង​ថៅកែ​រោងចក្រ​អនុវត្ត​វិធានការ​ ​៣​កុំ​ ​និង​៣​ការពារ ​ឲ្យបាន​ម៉ឺងម៉ាត់​។​ ​ក្នុង​វិធានការ​ទាំងនេះ​ ​មាន​ប្រការ​មួយ​និយាយ​អំពី​ការ​រក្សា​គ​ម្លា​ត​នេះឯង​។​

ប៉ុន្តែ​ ​ក្នុង​ស្ថានភាព​ ​ដែល​នៅតែ​គ្មាន​ការ​យកចិត្តទុកដាក់​ពី​ភាគី​ដែល​ពាក់ព័ន្ធ​អំពី​មធ្យោបាយ​ធ្វើដំណើរ​របស់​កម្មករ​នេះ​ ​ម​ន្រ្តី​សហជីព​ថា​ ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​​ជំងឺ​កូ​វី​ដ​-​១​៩​ ​នឹង​មិន​ទទួល​បាន​ជោគជ័យ​នោះ​ទេ​។​ ​ជាង​នេះ​ទៅទៀត​ ​កម្មករ​នឹង​នៅតែ​ប្រឈម​គ្រោះថ្នាក់​ខ្ពស់​ដដែល​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល