រូបភាពពីខាងក្នុងរោងចក្រ ឌីនហាន (Din Han) ដែលបង្ហាញឲ្យឃើញភាពចង្អៀតណែនណាន់តាន់តាប់ នៅម្តុំច្រកទ្វារចេញពីរោងចក្រ ដែលកម្មករប្រជ្រៀតគ្នាចេញពីធ្វើការវេនពីរ នៅម៉ោង ៧:៣០ យប់ ថ្ងៃទី១៧ ខែឧសភា ដើម្បីប្រញាប់ចេញឲ្យទាន់មុនម៉ោងបម្រាមគោចរនោះ ត្រូវបានចែកផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុក។
រោងចក្រ ឌីនហាន (Din Han) ដែលមានកម្មករជាង ២.៥០០ នាក់ និងដែលផ្អាកដំណើរការជាងមួយខែមកហើយ ក្រោយកម្មករប្រមាណ ១.០០០នាក់ បានឆ្លងជំងឺកូវីដ-១៩ ឥឡូវចាប់បើកដំណើរការឡើងវិញហើយ។ ពេលចូលធ្វើការវិញនេះ កម្មករត្រូវធ្វើការឆ្លាស់វេនគ្នា ដោយវេនព្រឹកចូលធ្វើការពីម៉ោង ៦និង៣០នាទី ចេញម៉ោង ១និង៣០នាទី ពេលល្ងាចពីម៉ោង ១និង៣០ានាទី ដល់ម៉ោង ៧ និង៣០នាទី។
មន្រ្តីសហជីពនៅរោងចក្រនេះឲ្យអាស៊ីសេរីដឹងថា ក្នុងវេននីមួយៗ មានកម្មករប្រមាណ ៨០០ នាក់។ ចំនួននេះនឹងកើនឡើងបន្ថែមទៀត នៅពេលកម្មករដែលកំពុងជាប់គាំងនៅតំបន់ក្រហម និងតំបន់លឿងទុំ អាចវិលចូលធ្វើការវិញដែរ។ ទោះជាកម្មករមិនទាន់ចូលធ្វើការវិញបានគ្រប់គ្នានៅឡើយក្ដី ក៏ប្រធានសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C-CAWDU) លោក ឡុង សក្កដា ថាចំនួននេះនៅតែច្រើន ដោយសារតែថៅកែរោងចក្រ មិនព្រមបើកច្រកចេញពីរផ្សេងទៀត ដើម្បីសម្រួលភាពប្រជ្រៀតគ្នា និងចង្អៀតណែននេះ។ លោក ឡុង សក្កដា ថាលោកបានព្យាយាមគ្រប់បែបយ៉ាងអស់ហើយ ដើម្បីឲ្យថៅកែរោងចក្រ បើកច្រកមួយបន្ថែមទៀត ដើម្បីរម្លែកចំនួនកម្មករផ្តុំគ្នានេះ ប៉ុន្តែ លោកថា គ្មាននរណាយកចិត្តទុកដាក់ស្ដាប់កង្វល់ និងសំណូមនេះឡើយ៖ «អត់បើក ! ខ្ញុំប្រាប់តាំងពីមុនហ្នឹងថាឲ្យបើកទៅ ច្រកមួយទៀតហ្នឹងឲ្យបានពីរទៅ ឲ្យរក្សាគម្លាតបានងាយស្រួល ព្រោះកម្មករច្រើនហើយបើចេញតែមួយច្រកបែបនេះ ពួកគាត់ប្រញាប់ ណាមួយហេវបាយផង ហើយផ្ទះឆ្ងាយផង ពួកគាត់ចេះតែប្រជ្រៀតហើយ យើងមិនអាចទប់ស្កាត់ពួកគាត់បានទេ ! គេ ( ថៅកែរោងចក្រ ) អត់ស្ដាប់យើង»។
ការមិនពង្រីក ឬបន្ថែមច្រកចេញចូល ដើម្បីសម្រួលភាពប្រជ្រៀតគ្នារបស់កម្មករនេះ ក៏ផ្ទុយទៅនឹងសេចក្តីណែនាំរបស់ក្រសួងការងារ ក្នុងការកែសម្រួលស្ថានភាពនៅកន្លែងធ្វើការ ក្រោយការផ្ទុះជំងឺកូវីដ-១៩ ចូលដល់រោងចក្រនេះដែរ។ ប៉ុន្តែលោក ឡុង សក្កដា ថាមិនឃើញក្រុមអធិការកិច្ចរបស់ក្រសួងការងារ ចុះមកពិនិត្យរឿងនេះនៅឡើយទេ។ ការណ៍ដែលថៅកែរោងចក្របំពានវិធានការសុវត្ថិភាព និងមិនស្តាប់សហជីពនេះ លោក ឡុង សក្កដា ថាលោកចាប់ផ្តើមទាល់តម្រិះ និងគ្មានជម្រើសអ្វីក្រៅពីដង្ហោយរកអន្តរាគមន៍តាមប្រព័ន្ធផ្សព្វផ្សាយតែប៉ុណ្ណោះ ដើម្បីជួយយកចិត្តទុកដាក់ដល់សុវត្ថិភាព និងសុខុមាលភាពរបស់កម្មករទាំងអស់។
អាស៊ីសេរី មិនអាចសុំការបំភ្លឺរឿងនេះពីរដ្ឋបាលរោងចក្រ ឌីនហាន (Din Han) និងអ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ បាននៅឡើយទេ។ ប៉ុន្តែ សេចក្តីសម្រេចរបស់គណៈកម្មការប្រឹក្សាការងារ កាលពីដើមខែឧសភា ថារាល់រោងចក្រដែលបើកដំណើរការឡើងវិញ ត្រូវអនុវត្តគោលការណ៍ ១៤ ចំណុច ដើម្បីបង្ការជំងឺកូវីដ-១៩។ ចំណុចទី ៦ ចែងអំពីការរៀបចំឲ្យមានច្រកចេញចូលបន្ថែម ដើម្បីកុំឲ្យកម្មករប្រជ្រៀតគ្នា។
បន្ថែមលើចំណុចទាំង ១៤ នេះ ក្រសួងការងារ តែងតែរម្លឹកឲ្យថៅកែរោងចក្រ និងកម្មករ អនុវត្តវិធានការ ៣កុំ និង៣ការពារ ឲ្យបានម៉ឺងម៉ាត់បំផុត។ ក្នុងវិធានការទាំងនេះ មានចែងអំពីការរក្សាគម្លាតពីគ្នា ឲ្យបានយ៉ាងតិច ១ម៉ែត្រកន្លះ។
ទោះជាយ៉ាងនេះក្ដី ក្រសួងការងារ និងថៅកែរោងចក្រ មិនបានរកដំណោះស្រាយ ក្នុងការបញ្ចេញរថយន្តបន្ថែម ដើម្បីរម្លែកចំនួនកម្មករ កុំឲ្យជិះរថយន្តប្រជ្រៀតគ្នាដូចម្រាមដៃនោះឡើយ។ ជាងនេះទៅទៀត ថៅកែរោងចក្រ ឌីនហាន មិនបានបញ្ចេញរថយន្ត ដែលក្រុមហ៊ុនជួលមួយខែ ៣០០ ដុល្លារ ដើម្បីដឹកកម្មករទេ ដោយទុកឲ្យកម្មកររកមធ្យោបាយធ្វើដំណើរដោយខ្លួនឯងទៅវិញ។ មិនតែប៉ុណ្ណោះ ថៅកែរោងចក្រ មិនចេញថវិកាឧបត្ថម្ភដល់កម្មករពេលផ្តាច់មធ្យោបាយធ្វើដំណើររបស់ពួកគាត់នោះទេ។ ប្រការនេះ លោក ឡុង សក្កដា ថាវាធ្វើឱ្យកម្មករកាន់តែលំបាកផ្នែកជីវភាព ព្រោះត្រូវរកម៉ូតូឌុបជិះមកធ្វើការ និងប្រឈមមុខនឹងការឆ្លងជំងឺទៀតផង ដោយសារត្រូវប្តូរអ្នករត់ម៉ូតូឌុបញឹកញាប់៖ «ចង់ដកឡានពួកគាត់ អយុត្តិធម៌កាន់តែធ្ងន់ទៅទៀតហើយ ! ដំណាក់កាលនេះ គឺកំពុងតែលំបាករឿងសេដ្ឋកិច្ចផង ហើយត្រូវចំណាយលើមធ្យោបាយខ្លួនឯងផង ហើយតៃកុងឡានក៏សេដ្ឋកិច្ចគ្នារឹតតែយ៉ាប់ទៅទៀត ព្រោះគ្នាអត់អីដឹក» ។
រោងចក្រ ឌីនហាន ជារោងចក្រធំដំបូងគេ ដែលផ្ទុះករណីចម្លងជំងឺកូវីដ-១៩ កាលពីដើមខែមេសា។ ភ្លាមៗមានកម្មករប្រមាណ ៧០០ នាក់ ត្រូវក្រសួងសុខាភិបាលរកឃើញថា មានផ្ទុកជំងឺនេះ។ ក្រោយៗមកទៀត កម្មករនៅរោងចក្ររាប់រយផ្សេងទៀត បានឆ្លងជំងឺនេះដែរ។ បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ គិតត្រឹមថ្ងៃទី១៧ ខែឧសភា មាន ៤៣១ រោងចក្រ ដែលមានកម្មករឆ្លងជំងឺកូវីដ-១៩។ ចំនួននេះ នៅមិនទាន់រាប់បញ្ចូលរោងចក្រជាង ៥០ ទៀតនៅខេត្តតាកែវ ខេត្តព្រះសីហនុ ស្វាយរៀង កំពង់ចាម និងខេត្តកំពង់ឆ្នាំងនៅឡើយ។
មន្រ្តីក្រសួងការងារលោក ហេង ហួរ ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីចុងខែមេសា ថាគិតត្រឹមថ្ងៃទី២៨ ខែមេសា មានកម្មករជាង ១.៦០០ (១.៦៧៣) នាក់ ឆ្លងជំងឺនេះ។ ប៉ុន្តែលោកមិនបានបញ្ជាក់ថា កម្មករឆ្លងជំងឺកូវីដ-១៩ ដោយរបៀបណានោះឡើយ។
ទោះជាយ៉ាងនេះក្ដី មន្រ្តីសង្គមស៊ីវិល អ្នកវេជ្ជសាស្រ្ត និងមន្រ្តីសហជីព ថាការជិះរថយន្តប្រជ្រៀតគ្នាដូចម្រាមដៃ ការរស់នៅបន្ទប់ជួលផ្តុំគ្នាច្រើន និងការមិនអាចរក្សាគម្លាតបាននៅតាមរោងចក្រ គឺជាកត្តាដែលធ្វើឲ្យកម្មករឆ្លងជំងឺនេះ យ៉ាងរាលដាលបែបនេះ។
ក្នុងស្ថានភាព ដែលនៅតែគ្មានការយកចិត្តទុកដាក់ពីភាគីថៅកែរោងចក្រ អំពីមធ្យោបាយធ្វើដំណើររបស់កម្មករ និងការមិនយកចិត្តទុកដាក់លើស្ថានភាពក្នុងកន្លែងរោងចក្រ មន្រ្តីសហជីព ព្រមានថា ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នឹងមិនទទួលបានជោគជ័យនោះទេ។ ជាងនេះទៅទៀត អ្នកដែលងាយប្រឈមគ្រោះថ្នាក់ជាងគេ គឺកម្មកររោងចក្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។