សហជីពសំណង់ គ្រោងដាក់លិខិតទៅមេធាវីស្ម័គ្រចិត្តរបស់រដ្ឋាភិបាល ដើម្បីជំរុញឲ្យការកាត់ក្ដីសំណុំរឿងបាក់អគារ នៅខេត្តកែប ទទួលបានយុត្តិធម៌ពេញលេញ។ សាច់ញាតិជនរងគ្រោះខកចិត្ត ចំពោះតុលាការ ដែលមិនបានកោះហៅពួកគាត់ចូលសវនាការ។
អគ្គលេខាធិការសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា លោក យ៉ាន់ ធី ឲ្យដឹងថា ខាងសហព័ន្ធ បានបញ្ចប់យុទ្ធនាការតាមហ្វេសប៊ុក (facebook) រយៈពេល ១សប្ដាហ៍ នៃការទាមទារយុត្តិធម៌ សម្រាប់កម្មកររងគ្រោះបាក់រលំនៅខេត្តកែប ត្រឹមថ្ងៃទី១០ មករា។ លោកវាយតម្លៃថា យុទ្ធនាការនេះទទួលបានការចូលរួមខ្លាំងក្លាពីកម្មករសំណង់ទូទាំងប្រទេស។
លោក យ៉ាន់ ធី បន្តថា ក្រោយបញ្ចប់យុទ្ធនាការនេះ ខាងសហព័ន្ធមានបំណងសុំជួបក្រុមមេធាវីស្ម័គ្រចិត្តរបស់រដ្ឋាភិបាល ដើម្បីជជែកអំពីការទាមទារយុត្តិធម៌សម្រាប់ជនរងគ្រោះ។ លោកបន្តទៀតថា ការសុំជួបមេធាវីរដ្ឋាភិបាល ដោយសារតែពួកគាត់ជាអ្នកកាន់សំណុំរឿងនេះ និងជាតំណាងរបស់ជនរងគ្រោះ ក្នុងផ្លូវតុលាការ៖ « យើងបានប្រជុំ ហើយខាងសហព័ន្ធអន្តរជាតិ គាត់បានផ្ដល់យោបល់ ឲ្យយើងដាក់លិខិតស្នើសុំជួបជាមួយមេធាវីស្ម័គ្រចិត្តរបស់រដ្ឋាភិបាល ដោយសារថា រឿងហ្នឹង ខាងមេធាវីស្ម័គ្រចិត្តរបស់រដ្ឋាភិបាល គាត់ជាអ្នកកាន់រឿងអ៊ីចឹង ហើយយើងក៏អត់អាចទៅសួរនាំពីតុលាការបាន។ អ៊ីចឹងយើងមានតែសួរនាំតាមរយៈមេធាវីរដ្ឋាភិបាល»។
ហេតុការណ៍បាក់អគារកម្ពស់ ៧ជាន់ នៅក្រុងកែប កាលពីថ្ងៃទី៣ មករា ឆ្នាំ២០២០ បណ្ដាលឲ្យកម្មករសំណង់ចំនួន ៣៦នាក់ស្លាប់ ក្នុងនោះ មានក្មេងចំនួន ៦នាក់ និងរងរបួសចំនួន ២៣នាក់។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា មូលហេតុនៃការបាក់រលំអគារនេះ ដោយសារកំហុសរបស់មេការសំណង់ ដែលស្លាប់ជាមួយកូនស្រីម្នាក់ ក្នុងហេតុការណ៍នោះ។
អាស៊ីសេរីមិនអាចសុំការបំភ្លឺពីអ្នកនាំតំណាងអយ្យការលោក ខាន់ សុផល និងអ្នកនាំពាក្យសាលាដំបូងខេត្តកំពត លោក ម៉ាន់ បូរ៉េត បានទេ នៅថ្ងៃទី១០ មករា ដោយសារមិនលើកទូរស័ព្ទ។ ប៉ុន្តែ មេធាវីស្ម័គ្រចិត្តរបស់រដ្ឋាភិបាលទទួលបន្ទុកខេត្តកំពត និងខេត្តកែប អ្នកស្រី មួង ធនលាភី ប្រាប់សារព័ត៌មានក្នុងស្រុក (Thmey Thmey) ថា សំណុំរឿងនេះ បានជំនុំជម្រះរួចហើយ ដោយរង់ចាំតែថ្ងៃប្រកាសសាលក្រម នៅថ្ងៃទី១៣ មករាខាងមុខប៉ុណ្ណោះ។ អាស៊ីសេរី ក៏មិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកស្រី មួង ធនលាភី បានដែរ នៅថ្ងៃទី១០ មករាដដែល។
សាច់ញាតិរបស់ជនរងគ្រោះខ្លះអះអាងថា ពួកគាត់មិនបានដឹងពីសវនាការសំណុំរឿងនេះទេ។ ម្ដាយរបស់កម្មកររងគ្រោះឈ្មោះ ហាស់ សុគន្ធ ដែលស្លាប់មួយគ្រួសារ មានគ្នា ៤នាក់ គឺលោកស្រី ចាន់ នាង ប្រាប់ថា ជាងមួយឆ្នាំមកនេះ ខាងគ្រួសារជនរងគ្រោះមិនទទួលបានដំណឹងពីការវិវត្តន៍ នៃសំណុំរឿងនេះទេ។ លោកស្រីសោកស្ដាយ ចំពោះភាពស្ងប់ស្ងាត់នេះ៖ « មិនទាន់លឺគេជូនដំណឹងទេ ហ្នឹងហើយ។ យើងនិយាយតែតាមត្រង់អ៊ីចឹងណា។ ខ្ញុំអត់ដែលតេសួរ ( មេធាវី ) អ្វី ទេពៅអើយ ប្រាប់តាមត្រង់ហ្មង។ រង់ចាំតែគេដោះស្រាយឲ្យ ព្រោះខាងមេធាវីថា ចាំគាត់ជួយ ស្រេចតែលើគាត់អ៊ីចឹងណា។ អត់ដែលលឺដំណឹងអ្វីទេ ប្រាប់ត្រង់»។
រយៈពេល ៧ខែ ពីពាក់កណ្ដាលឆ្នាំ២០១៩ ដល់ដើមឆ្នាំ២០២០ មានករណីបាក់រលំអគារចំនួន ៣កន្លែង គឺនៅខេត្តព្រះសីហនុ ខេត្តសៀមរាប និងខេត្តកែប ដែលបណ្ដាលឲ្យកម្មករ និងសាច់ញាតិសរុបចំនួន ៦៧នាក់ស្លាប់ និងរបួសសរុប ៥៩នាក់។ សហជីពសំណង់សង្កេតឃើញថា កម្មកររងគ្រោះពីការបាក់រលំអគារសង្កត់ស្លាប់ទាំង ៣ករណីនេះ ទទួលបានតែជំនួយសប្បុរសជនប៉ុណ្ណោះ តែមិនទាន់ទទួលបានយុត្តិធម៌តាមផ្លូវច្បាប់ពេញលេញនោះទេ៕




កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។