មន្ត្រីសហជីព គាំទ្រសំណើសុំឱ្យអ្នកបញ្ជាទិញ កុំដាក់ទណ្ឌកម្ម នៅអំឡុងពេលបិទខ្ទប់ ក្នុងពេលដែលកម្មករក្នុងវិស័យកាត់ដេរនៅតាមរោងចក្រកាន់តែច្រើនបានឆ្លងជំងឺកូវីដ១៩ (Covid-19)។ ជាមួយគ្នានេះ មន្ត្រីសហជីព និងកម្មករសំណូមពរ ឱ្យក្រសួងការងារ បន្ថែមវិធានការ ជួយកម្មករ ដែលកំពុងប្រឈមខ្លាំងពីវិបត្តិនេះ។
ក្នុងពេលកម្មករ ច្រើនម៉ឺននាក់ កំពុងប្រឈមការអត់ឃ្លាន នៅក្នុងបន្ទប់ជួលរៀងៗខ្លួននោះ សង្វាក់ផលិតកម្ម ក្នុងវិស័យកាត់ដេរវិញ ក៏កំពុងប្រឈម ការកកស្ទះ មិនអាចផលិតទាន់ តាមការបញ្ជាទិញដែរ។ ចំណែក ខាងរោងចក្រ ក៏ប្រឈមនឹងការពិបាកដឹកជញ្ជូនវត្ថុធាតុដើម និងពិបាកដឹកផលិតផលសម្រេចចេញទៅលក់បន្តដែរ។
មន្ត្រីសហជីព និងកម្មករបារម្ភថា បញ្ហាស្ទះសង្វាក់ផលិតកម្ម ក្នុងវិស័យកាត់ដេរ នឹងប៉ះពាល់ ដល់ជីវភាពរបស់កម្មករបន្ថែមទៀត។ ប្រធានសហព័ន្ធសហជីពឯករាជ្យ លោក រី សិទ្ធីណែត ជំរុញឱ្យក្រុមអ្នកបញ្ជាទិញ ទទួលយកសំណើរបស់សមាគមថៅកែ (GMAC) និងកុំដាក់ទណ្ឌកម្ម ឬកាត់បន្ថយការបញ្ជាទិញឱ្យសោះ ព្រោះពេលនេះ កម្មករកំពុងស្ថិតក្នុងស្ថានភាពលំបាកធ្ងន់ធ្ងរស្រាប់។
បន្ថែមពីនេះ លោកចង់ឃើញក្រសួងការងារ រកដំណោះស្រាយបន្ថែមទៀត ជួយឧបត្ថម្ភដល់កម្មករ ដែលកំពុងប្រឈមការខ្វះខាតស្បៀងអាហារ នៅតាមបន្ទប់ជួល និងជួយដល់កម្មករដែលកំពុងធ្វើការទាំងស្ថានភាពប្រឈមការឆ្លងជំងឺកូវីដ១៩ ថែមទៀត។ មន្ត្រីសហជីពរូបនេះ ជំរុញឱ្យក្រសួង ប្រើប្រាស់យន្តការចាស់ គឺការជួយឧបត្ថម្ភ ថវិកាឱ្យកម្មករបន្ថែម ក្នុងរយៈពេលដែលគ្មានប្រាក់ឈ្នួល ក្នុងម្នាក់ ៤០ដុល្លារ ឯខាងថៅកែ ជួយឧបត្ថម្ភ៣០ដុល្លារ៖ «ទី២ កម្មករជាច្រើន ជំពាក់បំណុលធនាគារ។ ចំណែកឯខាងធនាគារវិញ មិនបានផ្អាកការយកការប្រាក់ទេ។ មួយចំនួន តាមការសិក្សាទៅគឺថា បើយើងអាចបង់ប្រាក់ដើមបាន តែបង់ប្រាក់ការ។ អ៊ីចឹង មានន័យថា គាត់ត្រូវតែបង់ប្រាក់ការដដែល។ អ៊ីចឹង បើសិនកម្មករ មិនត្រូវបានថៅកែបើកប្រាក់ឈ្នួលឱ្យ ហើយរដ្ឋាភិបាល អត់បានឧបត្ថម្ភឱ្យគ្នាទេ គឺថា កម្មករនឹងប្រឈមមុខកាន់តែច្រើនទាក់ទងនឹងកង្វះជីវភាព និងការកង្វះការបង់ធនាគារហ្នឹងដែរ»។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានអំពាវនាវ ទៅសមាគមអ្នកបញ្ជាទិញ កាលពីថ្ងៃទី១៩ មេសា ឱ្យមានការយោគយល់ និងជួយសម្របសម្រួលសម្រាប់ស្ថានភាពអំឡុងពេលបិទខ្ទប់នេះ គឺមិនត្រូវដាក់ទោសទណ្ឌ លើសមាជិករបស់សមាគមណា ដែលមិនអាចបញ្ចេញផលិតផល គ្រប់ចំនួនតាមការបញ្ជាទិញ។
សមាគមនេះ អះអាងថា ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល បណ្ដាលឱ្យមានការរាំងស្ទះ ដល់វិស័យភស្តុភារ ហើយខាងរោងចក្រ មិនអាចដឹកជញ្ជូនវត្ថុធាតុដើម និងផលិតផលសម្រេចចេញដោយសេរីបានទេ។ ចំណែករោងចក្រដែលមិនស្ថិត នៅក្នុងតំបន់បិទខ្ទប់ ក៏រងប៉ះពាល់ដែរ ព្រោះបុគ្គលិកជាច្រើន រស់នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរទៅធ្វើការ។
សមាគមបន្តថា រោងចក្រខ្លះទៀត មិនអាចប្រតិបត្តិការទាំងស្រុងតែម្ដង។ បញ្ហានេះ បណ្តាលឱ្យមានការពន្យារពេលផលិតកម្ម ព្រមទាំងការខកខានមិនអាចបំពេញបានតាមកាលវិភាគ ដឹកជញ្ជូនទំនិញ ដែលបានព្រមព្រៀងគ្នារួចហើយ។
ពាក់ព័ន្ធករណីនេះ អាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមពីតំណាងសមាគមរោងចក្រ កាត់ដេរនៅកម្ពុជា (GMAC) លោក ខេន លូ និងលោក កាំង ម៉ូនីកា បានទេ នៅថ្ងៃទី២១ មេសា។ អាស៊ីសេរី ក៏មិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានដែរ នៅថ្ងៃដដែល។
ទោះជាយ៉ាងណា មន្ត្រីសហជីព និងកម្មករ អះអាងថា ពួកគេពិតជាពិបាកធ្វើដំណើរទៅធ្វើការនៅរោងចក្រមែន បើទោះជារោងចក្រនោះ ស្ថិតនៅក្រៅតំបន់ក្រហម ឬស្ថិតនៅក្រៅតំបន់បិទខ្ទប់ ក៏ដោយ។ កម្មករ និងប្រធានសហជីពរោងចក្រស៊ីកផ្លាស (Six Plus) នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល លោក សាយ ប៊ុននី ឱ្យដឹងថា កម្មករ អាចធ្វើដំណើរមករោងចក្របាន តាមមធ្យោបាយតែមួយគត់ គឺឈរលើឡានប្រជ្រៀតគ្នា។
លោកបន្តថា បញ្ហាប្រឈមរបស់កម្មករ ពេលនេះ គឺការធ្វើដំណើរឈរលើប្រជ្រៀតគ្នា និងការផ្ដុំគ្នា នៅច្រកចេញចូលរោងចក្រ។ ចំណែកស្ថានភាពការងារ ក្នុងរោងចក្រវិញ មិនសូវប្រឈមទេ ព្រោះកម្មករ អាចអង្គុយធ្វើការ នៅគម្លាតឆ្ងាយពីគ្នាបាន។ តែយ៉ាងណា កម្មកររូបនេះ ឱ្យដឹងថា ម្នាក់ៗ កំពុងធ្វើការទាំងប្រឈម និងភ័យ។
ទោះយ៉ាងណា លោក សាយ ប៊ុននី ឱ្យដឹងថា ចាប់តាំងពីរោងចក្រនៅភ្នំពេញផ្អាកខ្លះមក កម្មករនៅរោងចក្រស៊ីកផ្លាស់ សម្បូរការងារច្រើនជាងមុន ហើយថៅកែ បានឱ្យកម្មករថែមម៉ោង ដល់ម៉ោង៦ល្ងាចរាល់ថ្ងៃ។ លោក ចង់ឱ្យខាងក្រសួងការងារ រកដំណោះស្រាយ លើបញ្ហាប្រឈមរបស់កម្មករ គឺការប្រជ្រៀតគ្នា ធ្វើដំណើរមកធ្វើការ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ដល់កម្មករតាមរោងចក្រ បន្ថែមទៀត៖ «មកធ្វើការទាំងភ័យខ្លាច។ វាជៀសអត់រួច មិនដឹងធ្វើយ៉ាងម្ដេច មានតែជិះឡានជុំគ្នា។ ជាពិសេស នៅពេលដែលយើងដើរចូលធ្វើការ ចូលក្នុងអគារកន្លែងធ្វើការហ្នឹង គឺប្រជ្រៀតគ្នាចូល ប្រជ្រៀតគ្នាចេញ។ មិនដឹងទប់ស្កាត់របៀបម្ដេច កន្លែងហ្នឹង។ គាត់ ( កម្មករ ) ធ្វើការទាំងភ័យខ្លាច។ សូម្បីតែខ្ញុំ ក៏បារម្ភដែរ ធ្វើការទាំងអារម្មណ៍បង្ខំ។ ធ្វើការទាំងមិនសប្បាយចិត្ត»។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បង្ហាញថា ចាប់ពីថ្ងៃទី២១មីនា ដល់ថ្ងៃទី២០មេសា មានកម្មករជាងមួយពាន់ (១.០៨១)នាក់ ឆ្លងជំងឺកូវីដ១៩។ តែអាជ្ញាធរ មិនបានបង្ហាញបន្ថែមថា ចំនួនរោងចក្រ រងផលប៉ះពាល់ទេ ក្រៅពីរោងចក្រចំនួន៣៦ ដែលបានបង្ហាញកាលពីថ្ងៃទី១៨ មេសា។ ទោះជាយ៉ាងណា អាជ្ញាធររាជធានីភ្នំពេញ ធ្លាប់បង្ហាញថា មានរោងចក្រក្នុងក្រុង យ៉ាងហោចណាស់ ជិត ១២០រោងចក្រ ផ្អាកដំណើរការដោយសារវិបត្តិការឆ្លងជំងឺកូវីដ-១៩ ក្នុងរោងចក្រ។
ជាមួយគ្នានេះ ករណីឆ្លងជំងឺកូវីដ១៩ តាមរោងចក្រ បានឆ្លងទៅដល់រោងចក្រនៅម្ដុំខេត្តកណ្ដាល និងខេត្តព្រៃវែងហើយ។ អាជ្ញាធរស្រុកខ្សាច់កណ្ដាល បញ្ជាក់ថា នៅថ្ងៃទី២១ មេសា មានកម្មការិនីម្នាក់ ធ្វើការនៅរោងចក្រ ស្តារឡៃថ៍ (Starlight Appearl Manufaturing Co.Ltd) ក្នុងតំបន់សេដ្ឋកិច្ចពិសេស សេវេន.អែន.ជី (7NG) នៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល មានជំងឺកូវីដ១៩។
កម្មការិនីរូបនេះ រស់នៅឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ហើយបានជិះឡានរួមគ្នា ទៅធ្វើការនៅរោងចក្រ។ ករណីនេះ អាជ្ញាធររកឃើញថា មានកម្មករពាក់ព័ន្ធផ្ទាល់ និងប្រយោល ជិតហុកសិប(៦០)នាក់ ហើយត្រូវបានយកសំណាក និងដាក់ឱ្យធ្វើចត្តាឡីស័កតាមផ្ទះរៀងៗខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។