គណៈកម្មការ​បុណ្យ​១០០​ថ្ងៃ​សព​បណ្ឌិត កែម ឡី នៅ​មិន​ទាន់​រក​ទីតាំង​ប្រារព្ធ​ពិធី​បុណ្យ​បាន

ដោយ ឡេង ម៉ាលី
2016.09.25
គោរព​វិញ្ញាណក្ខន្ធ កែម ឡី តាកែវ ២០១៦ ៨៥៥ ពលរដ្ឋ​នាំ​គ្នា​បន្ត​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី នៅ​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Yang Chandara
RFA/Yang Chandara

គណៈកម្មការ​រៀបចំ​ពិធី​បុណ្យ ១០០​ថ្ងៃ សព​លោក​បណ្ឌិត កែម ឡី នៅ​តែ​មិន​ទាន់​មាន​ព័ត៌មាន​ពី​ទីតាំង​រៀបចំ​បុណ្យ​ច្បាស់លាស់​នៅ​ឡើយ​ទេ រហូត​ដល់​ល្ងាច​ថ្ងៃ​អាទិត្យ ទី​២៥ ខែ​កញ្ញា។ សមាជិក​គណៈកម្មការ​រៀបចំ​ពិធី​បុណ្យ​នេះ ឱ្យ​ដឹង​ថា ការ​កំណត់​អំពី​ទីតាំង​ធ្វើ​បុណ្យ​នេះ នឹង​អាច​ដឹង​នៅ​ក្នុង​រយៈ​ពេល ២ ឬ ៣​ថ្ងៃ​ទៀត។

អ្នក​នាំ​ពាក្យ និង​ជា​សមាជិក​គណៈកម្មការ​រៀបចំ​ពិធី​បុណ្យ ១០០​ថ្ងៃ នៃ​សព​បណ្ឌិត កែម ឡី គឺ​លោក សៅ កុសល មាន​ប្រសាសន៍​ថា គណៈកម្មការ​នៅ​មិន​ទាន់​រក​ទីតាំង​សម្រាប់​កំណត់​រៀបចំ​ពិធី​បុណ្យ​បាន​នៅ​ឡើយ​ទេ។

លោក សៅ កុសល ថ្លែង​ទៀត​ថា បើ​ទោះ​ជា​គណៈកម្មការ​ស្វែង​រក​នៅ​ទីតាំង​មួយ​ចំនួន ហើយ​អំពាវនាវ​ដល់​សាធារណជន​ឲ្យ​ជួយ​រក​ទីតាំង​អស់​រយៈ​ពេល ៣​ថ្ងៃ​មក​ហើយ​ក្ដី«ខ្ញុំ​ក៏​ទៅ​ទាក់ទង​វត្ត​ផ្សេងៗ​ទៀត​ជាមួយ​បង ប៉ា ងួនទៀង ហើយ​ជា​លទ្ធផល ក៏​យើង​អត់​បាន​ផ្លែផ្កា​អី​ដែរ​ទីកន្លែង​សុំ​ធ្វើ​បុណ្យ ១០០​ថ្ងៃ​របស់​លោក​បណ្ឌិត។ ដូច្នេះ​គណៈកម្មការ​ក៏​បាន​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រ។ មក​ដល់​ពេល​នេះ មិន​ទាន់​មាន​បង​ប្អូន​ផ្ដល់​ព័ត៌មាន​ថា​ឲ្យ​ជួល ឬ​ផ្ដល់​ទីកន្លែង​នៅ​ឡើយ​ទេ គឺ​នៅ​ស្ងាត់​នៅ​ឡើយ​ទេ។ ប៉ុន្តែ​យើង​នឹង​ធ្វើ​ការងារ​នៅ​ក្នុង​អាទិត្យ​ក្រោយ​នេះ ដើម្បី​រក​ទីកន្លែង​ហ្នឹង។ ទី​មួយ បើ​សិន​ជា​គាត់​មិន​មក​ទេ យើង​នឹង​ដើរ​ទាក់ទង​មើល​ដី​ជួល ឬ​កន្លែង​ណា​ដែល​សមស្រប»

គណៈកម្មការ​រៀបចំ​ពិធី​បុណ្យ ១០០​ថ្ងៃ​នៃ​សព​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​សុក្រ ទី​២៣ ខែ​កញ្ញា បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ដល់​សាធារណជន​អំពី​កម្មវិធី​​រយៈ​ពេល ៤​ថ្ងៃ នៃ​ការ​រៀបចំ​ពិធី​បុណ្យ​នេះ ចាប់​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៧ ខែ​តុលា។ កម្មវិធី​ថ្ងៃ​ទី​១៤ ដល់ ១៥ តុលា នៅ​រាជធានី​ភ្នំពេញ។ ថ្ងៃ​ទី​១៦ តុលា ហែ​រូប​សំណាក​របស់​លោក​បណ្ឌិត​ទៅ​ខេត្ត​តាកែវ ហើយ​កិច្ច​បង្ហើយ​បុណ្យ​នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា នៅ​ផ្ទះ​សព​ឯ​ខេត្ត​តាកែវ នោះ។ ប៉ុន្តែ​ទីតាំង​នៅ​ភ្នំពេញ មិន​ទាន់​មាន ដោយសារ​តែ​ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ចាស់ ស្ថិត​នៅ​សង្កាត់​ជ្រោយចង្វារ មិន​ផ្ដល់​ទីតាំង​ឱ្យ​ធ្វើ​បុណ្យ​ដូច​មុន​ឡើយ។

ព្រះគ្រូចៅអធិការ​វត្ត​ចាស់ គឺ​ព្រះតេជព្រះគុណ មាស សុខន មិន​អាច​បញ្ជាក់​ហេតុផល​បាន​ទេ នៅ​ល្ងាច​ថ្ងៃ​អាទិត្យ ទី​២៥ ខែ​កញ្ញា ដោយសារ​តែ​ព្រះអង្គ​ជាប់​គង់​នៅ​ក្នុង​ពិធី​បុណ្យ​ដែល​មាន​សំឡេង​អ៊ូអរ។

លោក សៅ កុសល មាន​ប្រសាសន៍​បន្ថែម​ថា គណៈកម្មការ​រៀបចំ​ពិធី​បុណ្យ​ ១០០​ថ្ងៃ​សព​បណ្ឌិត កែម ឡី នឹង​ប្រជុំ​គ្នា​សម្រេច​អំពី​បញ្ហា​ទីតាំង​នេះ នៅ​ថ្ងៃ​អង្គារ ទី​២៧ ខែ​កញ្ញា ប្រសិន​បើ​មិន​មាន​សប្បុរសជន​ណា​ផ្ដល់​ទីកន្លែង​នោះ​ទេ«គណៈកម្មការ​ប្រជុំ​ម្ដង​ទៀត យើង​នឹង​សម្រេច​ហើយ​ថា ឥឡូវ​បី​បួន​ថ្ងៃ​អត់​មាន​ហើយ អ៊ីចឹង​យើង​ចាប់​ផ្ដើម​ដើរ​សួរ​រក​កន្លែង​ជួល​ហើយ ព្រោះ​យើង​មិន​ប្រាកដ​ថា ការ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​យើង​អាច​ជ្រាប​ទៅ​ដល់​បង​ប្អូន​ដែល​មាន​ទីតាំង​ចង់​ជួល ឬ​ឲ្យ​ហ្នឹង។ អ៊ីចឹង​យើង​នឹង​ដើរ​មើល​កន្លែង​ណា​ដែល​សមរម្យ។ យើង​នឹង​រៀបចំ​ពិភាក្សា​គ្នា ហើយ​ជួល​គាត់​តែ​ម្ដង»

លោក​ឱ្យ​ដឹង​បន្ថែម​ថា មាន​មន្ត្រី​គណបក្ស​នយោបាយ​ចង់​ផ្ដល់​ទីតាំង​សម្រាប់​រៀបចំ​សព​បណ្ឌិត កែម ឡី ប៉ុន្តែ​គណៈកម្មការ​បុណ្យ​មិន​ទទួល​យក ព្រោះ​មិន​ចង់​ឱ្យ​ពិធី​បុណ្យ​នេះ​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ។

លោក សៅ កុសល ក៏​ជា​ប្រធាន​អនុ​គណៈកម្មការ​កសាង​ចេតិយ​លោក​បណ្ឌិត កែម ឡី ធ្លាប់​បញ្ជាក់​កាល​ពី​ពីរ​សប្ដាហ៍​មុន​ថា ការ​ត្រៀម​នេះ ​សម្រេច​បាន​ជាង ៥០​ភាគរយ​ហើយ សម្រាប់​ពិធី​បុណ្យ ១០០​ថ្ងៃ នៅ​ពាក់​កណ្ដាល ខែ​តុលា ខាង​មុខ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។