ចំនួន​អ្នក​ស្លាប់​ក្នុង​ហេតុការណ៍​ឆេះ​អគារ​កាស៊ីណូ កើនឡើង​ដល់​២៥នាក់ ខណៈ​ប្រតិបត្តិ​ការ​រុករក​កំពុង​បន្ត

ដោយ ម៉ៅ សុធានី
2022.12.30
ចំនួន​អ្នក​ស្លាប់​ក្នុង​ហេតុការណ៍​ឆេះ​អគារ​កាស៊ីណូ កើនឡើង​ដល់​២៥នាក់ ខណៈ​ប្រតិបត្តិ​ការ​រុករក​កំពុង​បន្ត ទិដ្ឋភាព​អគារកាស៊ីណូ ហ្គ្រេន ដាយមិន ស៊ីធី (Grand Diamond City) នៅ​ទីក្រុង​ប៉ោយប៉ែត ដែល​រង​ការ​ឆេះ កាលពីយប់ថ្ងៃទី២៨ ខែ​ធ្នូ ឆ្នាំ​២០២២។
រូប៖ ហ្វេសប៊ុក​ស្នងការ​ខេត្ត​បន្ទាយមានជ័យ

ចំនួន​អ្នក​ស្លាប់​នៅក្នុង​ហេតុការណ៍​ឆេះ​អគារ​កាស៊ីណូ ហ្គ្រេន ដាយមិន ស៊ីធី (Grand Diamond City) នៅ​ទីក្រុង​ប៉ោយប៉ែត បន្ត​កើន​ឡើង​ដល់​ចំនួន​២៥​នាក់ និង​ជនរងគ្រោះ​ជិត​១​រយ​(១០០)​នាក់ គិត​ត្រឹម​រសៀល​ថ្ងៃទី​៣០ ខែធ្នូ ខណៈ​ក្រុម​ជួយសង្គ្រោះ​កម្ពុជា​-​ថៃ កំពុង​បន្ត​រុករក​ជនរងគ្រោះ​។ ទន្ទឹមគ្នា​នេះ ពលរដ្ឋ​ជាច្រើន​នាក់ កំពុង​ស្រែក​ទ្រហោយំ និង​កាន់​រូបថត​សាច់​ញាតិ​ដែល​បាត់​ខ្លួន​។ បុគ្គលិក​កាស៊ីណូ​ដែល​រួច​ជីវិត​ពី​ភ្នក់ភ្លើង អះអាង​ថា មូល​ហេតុ​ដែល​បណ្ដាល​ឱ្យ​អគ្គីភ័យ​ឆេះ​លឿន បណ្ដាល​មកពី​កង្វះខាត​ឧបករណ៍​សង្គ្រោះ​បឋម​នៅក្នុង​អគារ និង​ការ​ជួយ​សង្គ្រោះ​មាន​ភាព​យឺតយ៉ាវ។

សាកសព​ជនរងគ្រោះ ដែល​ស្លាប់​ដោយសារ​ឆេះ​អគារ​កាស៊ីណូ ហ្គ្រេន ដាយមិន ស៊ីធី នៅ​ទីក្រុង​ប៉ោយប៉ែត ត្រូវ​បាន​ក្រុម​ប្រតិបត្តិ​ការរុករក និង​សង្គ្រោះ​របស់​កម្ពុជា និង​ថៃ បន្ត​រក​ឃើញ​ជា​បន្ត​តាំងពី​ម៉ោង​៦​ព្រឹក​ថ្ងៃទី​៣០ ខែធ្នូ នេះ។

អភិបាលខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​៣០ ធ្នូ ថា ក្រុមការងារ​រុករក​កម្ពុជា ថៃ បាន​រក​ឃើញ​សាកសព​៦​នាក់​បន្ថែម​ទៀត​។ លោក​បញ្ជាក់​ថា គិត​ត្រឹម​រសៀល​ថ្ងៃទី​៣០ ខែធ្នូ ចំនួន​អ្នក​ដែល​បាន​ស្លាប់​កើនឡើង​ដល់​២៥​នាក់​ហើយ ខណៈ​អ្នក​របួស​ធ្ងន់​ស្រាល​មាន​ជាង​៧០​នាក់ ក្នុង​នោះ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ខេត្ត​ស្រះកែវ​(Sra Kaeo)​ប្រទេស​ថៃ ចំនួន​៤០​នាក់ និង​មាន​ជនជាតិ​ថៃ​ម្នាក់​ស្លាប់​នៅ​តាម​ផ្លូវ។

លោក អ៊ុំ រាត្រី«ក្នុង​ការ​រុករក​ជួយ​អន្តរាគមន៍​ពី​ម្សិលមិញ យើង​បាន​ជួយសង្គ្រោះ​អ្នក​ដែល​គេច​ពី​អគ្គីភ័យ នៅ​លើ​ដំបូល​ខាងលើ​នៃ​អគារ​កាស៊ីណូ​ហ្នឹង យើង​ជួយសង្គ្រោះ​តាម​ឧទ្ធម្ភាគចក្រ​ហ្នឹង យើង​បាន​ជួយ​ជាង​៥០​នាក់​ទៀត»

ទោះជា​យ៉ាងណា​កាសែត​ក្នុងស្រុក និង​កាសែត​បាងកក​ប៉ុស្តិ៍ (Bangkok Post ) របស់​ថៃ បាន​ចុះផ្សាយ​ថា ចំនួន​អ្នក​ស្លាប់​កើន​ដល់​ចំនួន​២៧​នាក់ ហើយ​អាជ្ញាធរ​ថៃ និង​កម្ពុជា ជឿ​ថា នឹង​បន្ត​រក​ឃើញ​សាកសព​បន្ថែម​ទៀត​នៅក្នុង​គំនរ​អគារ​បាក់បែក ព្រោះ​នៅ​មាន​មនុស្ស​ជាច្រើន​នាក់​ទៀត បាន​បាត់​ខ្លួន។

នៅ​ខាង​បរិវេណ​អាគារ​ដែល​ឆាបឆេះ​វិញ ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ដែល​មាន​សមាជិកគ្រួសារ​ធ្វើការ​ក្នុង​កាស៊ីណូ​នោះ បាន​ឈរ​ស្រែក​ទ្រហោយំ និង​កាន់​រូបថត​សាច់ញាតិ​ដែល​កំពុង​បាត់​ខ្លួន​ក្នុង​គ្រោះថ្នាក់​អគ្គីភ័យ​នេះ​។ មក​ទល់​ពេល​នេះ ក្រុម​ជួយ​សង្គ្រោះ​កម្ពុជា​-​ថៃ នៅតែ​បន្ត​រុករក​ជនរងគ្រោះ​នៅក្នុង​អគារ​កាស៊ីណូ ហ្គ្រេន ដាយមិន ស៊ីធី។

ភ្នាក់ងារ​ជួយសង្គ្រោះ​មូលនិធិ ប៉តឹកតឹង ប្រទេស​ថៃ (POH TECK TUNG FOUNDATION) លោក ចានីន សាអាត (Chanin Sa At) ឱ្យ​វិទ្យុ​អាស៊ីសេរី​ដឹង នៅ​ថ្ងៃទី​៣០ ធ្នូ ថា អាជ្ញាធរ​ថៃ បាន​បញ្ជូន​ក្រុម​ការងារ​ជួយសង្គ្រោះ​ប្រមាណ​ជាង ២​រយ​នាក់​ដើម្បី​ស្វែងរក​ជនរងគ្រោះ​។ លោក​បន្ត​ថា បេសកកម្ម​រុករក​ក្នុង​អគារ​កាស៊ីណូ​នេះ ត្រូវ​ការ​ភាព​ប្រុងប្រយ័ត្ន​ខ្ពស់​ដោយសារ​សំណល់​អគារ​ដែល​ឆាប​ឆេះ​ហើយ អាច​នឹង​បាក់​រលំ។

ជនរងគ្រោះ​ដែល​នៅ​មាន​ជីវិត ខ្លះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ប្រទេស​ថៃ និង​ខ្លះទៀត បញ្ជូន​ទៅ​មន្ទីរពេទ្យ​ក្បែរ​កន្លែង​កើត​ហេតុ នៅក្នុង​ប្រទេស​កម្ពុជា។

ជនរងគ្រោះ​ម្នាក់​ជា​បុគ្គលិក​កាស៊ីណូ ហ្គ្រេន ដាយមិន ស៊ីធី លោក ទូច រស្មី ឱ្យដឹង​ថា កត្តា​ដែល​បណ្ដាល​ឱ្យ​អគ្គីភ័យ​ឆាបឆេះ​ខ្លាំង​បែបនេះ ដោយសារ​ការសាងសង់ និង​ការ​តុបតែង​លម្អ​ក្នុង​អគារ មិនបាន​ផ្ដោត​ទៅ​លើ​ប្រព័ន្ធ​បង្ការ​ហានិភ័យ​ឡើយ​។ លោក​បញ្ជាក់​ថា នៅក្នុង​អគារ​កាស៊ីណូ មិន​បាន​បំពាក់​សារ៉ែន​ប្រកាស​អាសន្ន បំពង់​ពន្លត់អគ្គីភ័យ​មាន​ចំនួន​តិច ជាពិសេស​ច្រកចេញ​ពេល​មាន​អាសន្ន​គ្មាន​សុវត្ថិភាព ជាហេតុ​បណ្ដាល​ឱ្យ​ជនរងគ្រោះ​ដែល​ជាប់​នៅក្នុង​អគារ​ពិបាក​រំដោះខ្លួន​រួច​។ ទោះជា​យ៉ាងណា លោក​មើល​ឃើញ​ថា អាជ្ញាធរ​ខាង​កម្ពុជា​ដែល​មាន​កាតព្វកិច្ច​ជួយសង្គ្រោះ ហាក់​នៅ​ខ្វះ​បច្ចេកទេស ឧបករណ៍​ជួយសង្គ្រោះ និង​មិន​សូវ​មាន​ភាព​រហ័សរហួន នៅ​ពេល​អគ្គីភ័យ​ចាប់ផ្ដើម​ឆេះ។

លោក ទូច រស្មី«ក្នុង​ហ្នឹង​ភាគច្រើន​សុទ្ធតែ​ជា កុងផ្លាកកេ ដែល​គេ​ដេគ័រ។ ពេល​ដែល​ឆាបឆេះ​ទៅ គឺ​ឆេះ​លឿន ប្រភេទ​ដែល​ងាយ​នឹង​ឆេះ ហើយ​និង​មាន​អេ​ប៉ុង និង​អ្វី​ផ្សេងៗ​ទៀត​ដែល​ងាយ​នឹង​ឆាបឆេះ​។ អត់​ដឹង​ថា ហេតុអ្វី​បានជា​ពន្លត់​មិនទាន់ ពេល​ដែល​វា​ឆេះ​ដំបូង​។ កាស៊ីណូ​ហ្នឹង ក្នុង​ពេល​ដែល​បិទ​កូវីដ​នេះ ពេល​ប៉ុន្មាន​ខែ​នេះ​ហ្នឹង គេ​ចាប់ផ្ដើម​រៀបចំ​សាងសង់ ដេគ័រ កែប្រែ​ថ្មី​ច្រើន»

កាលពី​យប់​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២២ អគ្គិភ័យ បាន​ឆេះ​កាស៊ីណូ​ ហ្គ្រេន ដាយមិន ស៊ីធី ស្ថិតក្នុង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែល​ផ្ដើមដំបូង​ចេញពី​អគារ ហ្គ្រេន ដាយមិន និង​បាន​រីក​រាលដាល​ទៅកាន់​សណ្ឋាគារ ហ្គ្រេន ដាយមិន ស៊ីធី និង​អគារ​ប៉ោយប៉ែត រីសត​។ អាជ្ញាធរ​បាន​រាយការណ៍​ជំហាន​ដំបូង ចំពោះ​មូលហេតុ​បណ្ដាល​ឱ្យ​ឆេះ​អគារ​កាស៊ីណូ​នេះ​ថា ដោយសារ​ឆ្លង​ចរន្ដ​អគ្គិសនី​នៅ​ទីតាំង​ជាន់​ក្រោម និង​បាន​រីក​រាលដាល​ទៅ​អគារ​ដែល​នៅ​ក្បែរ​នោះ។

កាស៊ីណូ ហ្គ្រេន ដាយមិន ស៊ីធី មាន​បុគ្គលិក​បម្រើការ​ប្រុស​ស្រី​ប្រមាណ​ជាង​៤០០​នាក់​។ ក្នុង​ចំណោម​ជនរងគ្រោះ​ដែល​ស្លាប់ និង​របួស មាន​ទាំង​បុគ្គលិក​ជនជាតិ​ខ្មែរ ថៃ និង​ភូមា (Myanmar)​។ ជនរងគ្រោះ​មួយ​ចំនួន​ទៀត នៅ​មិនទាន់​កំណត់​អត្តសញ្ញាណ​ឡើយ​។ ក្នុង​នោះ​ជនរងគ្រោះ​ខ្លះ​ស្លាប់​នៅ​ក្នុង​បន្ទប់ ខ្លះទៀត​ស្លាប់​នៅ​ផ្លូវ​ដើរ កាំជណ្ដើរ និង​ខ្លះទៀត​លោត​ទម្លាក់​ពីលើ​អគារ​។ តាម​ការ​សន្និដ្ឋាន​របស់​ប៉ូលិស ឱ្យដឹង​ថា ជនរងគ្រោះ​ទាំងនោះ ហាក់​ព្យាយាម​រក​ច្រក​ចេញពី​អគ្គិភ័យ តែ​រត់​មិន​រួច​ដោយសារ​ភ្លើង​ឆេះ​ខ្លាំង និង​មាន​ផ្សែង​អាប់អួ។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(ADHOC) លោក នី សុខា លោក​សង្កេតឃើញ​ថា ករណី​គ្រោះថ្នាក់​ដោយសារ​អគារ​សាងសង់​ដែល​ធ្វេសប្រហែស​លើ​ប្រព័ន្ធ​សុវត្ថិភាព​នេះ កើតមាន​ជាច្រើន​រួចមក​ហើយ ដូច្នេះ​អាជ្ញាធរ គួរ​យក​ករណី​ទាំងនេះ​ធ្វើជា​មេរៀន ដើម្បី​កុំឱ្យ​កំហុស​នេះ នៅតែ​កើតឡើង​ដដែលៗ​។ លោក​បន្ត​ថា ក្រុម​ជួយសង្គ្រោះ ក៏​គួរតែ​ហ្វឹកហ្វឺន ទាំង​សមត្ថភាព និង​បច្ចេកទេស​បន្ថែម​ទៀត ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​ជួយសង្គ្រោះ​នេះ ឱ្យ​កាន់តែ​ល្អ និង​កាន់តែ​ឆាប់រហ័ស​បន្ថែម​ទៀត។

លោក នី សុខា«មិនមែន​តែ​កាស៊ីណូ​មួយ​ទេ គឺថា​អាជ្ញាធរ​រដ្ឋ​គួរតែ​ទទួលខុសត្រូវ​នៅក្នុង​រឿង​នឹង​ដែរ​។ ពិសេស​គឺ​កិច្ចការ​អាជ្ញាធរ​រដ្ឋ ដែល​មាន​សមត្ថកិច្ច​ទ​ទួល​ខុសត្រូវ​រឿង​ហ្នឹង ដែល​មិនបាន​យកចិត្តទុកដាក់​ក្នុង​ការ​ត្រួតពិនិត្យ​តាំងពី​ការសាងសង់ តាំងពី​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុង​កាស៊ីណូ​ហ្នឹង គឺថា​ត្រូវតែ​មាន​ទំនួល​ខុសត្រូវ​ដែរ​។ បើ​នៅ​វិញ អាជ្ញាធរ​រដ្ឋ​នៅក្នុង​តំបន់ ដែល​មាន​បញ្ហា​នឹង ហើយ​ខ្វះ​ការទទួលខុសត្រូវ​បែប​នឹង គឺថា​គេ​លាលែង​ចេញពី​តំណែង​។ ប៉ុន្តែ​ដោយឡែក​នៅ​ស្រុក​យើង​វា​ហាក់ដូច​ជាវ​ការ​ទួល​ខុសត្រូវ​នឹង នៅ​មាន​កម្រិត​ខ្សោយ​ណាស់»

គ្រោះថ្នាក់​ដែល​បង្កឡើង​ដោយសារ​ខ្វះ​បច្ចេកទេស និង​រៀបចំ​ប្រព័ន្ធ​សុវត្ថិ​ភាព​មិន​បាន​ល្អ បាន​កើត​ឡើងជា​ច្រើន​ករណី​មក​ហើយ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ​។ ចំណែក​បច្ចេកទេស​ជួយសង្គ្រោះ​ជនរងគ្រោះ ក៏​នៅ​មាន​កម្រិត​នៅ​ឡើយ។

ជនរងគ្រោះ​មួយចំនួន អះអាង​ថា នៅពេល​អគ្គីភ័យ​ចាប់ផ្ដើម​ឆាបឆេះ​នោះ មនុស្ស​មួយចំនួន​ក្នុង​កាស៊ីណូ នាំគ្នា​ផ្អើល​រត់​ទៅ​ជាន់​ខាងលើ​ដោយ​សង្ឃឹមថា អាជ្ញាធរ នឹង​បញ្ជូន យន្តហោះ ឬ​រថយន្ត​ស្ទូច​ពួកគេ ប៉ុន្តែ​ភ្លើង​បន្ត​ឆាប់​រាលដាល​កាន់តែ​ខ្លាំង​ដល់​ជាន់​ខាងលើ​ដោយសារ​កម្លាំង​ខ្យល់​បោកបក់​ខ្លាំង ហើយ​មិនឃើញ​មាន​អាជ្ញាធរ​ជួយ​ទាន់ពេល​ឡើយ​។ លើស​ពី​នេះ ក្នុង​អគារ​ទាំងមូល បាន​ដាច់​ភ្លើងអគ្គិសនី ដែល​ធ្វើ​ឱ្យ​ជនរងគ្រោះ ងងឹត​រក​ផ្លូវ​រត់​ចេញ​មិន​បាន​។ ជនរងគ្រោះ និង​គ្រួសារ​របស់​អ្នក​ដែល​បាត់​ខ្លួន ជឿ​ថា ប្រសិនបើ​អាជ្ញាធរ ពន្លឿន​ការ​ជួយ​សង្គ្រោះ និង​មាន​ឧបករណ៍​គ្រប់គ្រាន់ គឺ​នឹង​មិន​បណ្តាល​ឱ្យ​មាន​មនុស្ស​ជាច្រើន​បាន​ស្លាប់ និង​រង​របួស​បែបនេះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។