ក្រុមកម្មករណាហ្គាវើលដ៍ បន្តធ្វើកូដកម្មនៅក្បែរស្ថានទូតអូស្ត្រាលី អស់រយៈពេល៤៧ថ្ងៃហើយ។ ពួកគាត់នាំគ្នាវាយស្គរ និងស្រែកទាមទារឲ្យអាជ្ញាធរដោះលែងតំណាងសហជីព ៨ នាក់ ឲ្យមានសេរីភាពវិញ ហើយក្រុមហ៊ុនត្រូវទទួលយកកម្មករជាង៣រយនាក់ចូលធ្វើការវិញ ដើម្បីបញ្ចប់វិវាទការងារដ៏រ៉ាំរ៉ៃមួយនេះ ឲ្យបានឆាប់។
កម្មករម្នាក់ដែលត្រូវក្រុមហ៊ុនបញ្ឈប់ពីការងារ គឺលោកស្រី ណុប ទិត្យបូរ៉ាវី ឲ្យដឹងថា បើទោះបីជាក្រុមហ៊ុនមិនហ៊ានចេញមុខជាសាធារណៈដោះស្រាយវិវាទការងារក៏ដោយ ប៉ុន្តែភ្នាក់ងារខាងក្រុមហ៊ុន តែងតែហៅទូរស័ព្ទមកក្រុមកូដករដែលគ្មានឈ្មោះកាត់ចេញពីក្រុមហ៊ុនឲ្យចូលធ្វើការវិញ ហើយហៅបុគ្គលិកដែលមានឈ្មោះកាត់ចេញពីក្រុមហ៊ុន ទៅយកសំណងពេញលេញត្រឹមត្រូវតាមច្បាប់ នៅក្រសួងការងារ។
លោកស្រីបន្តទៀតថា ខាងក្រុមហ៊ុន គឺជាអ្នកបង្កបញ្ហាដែលនាំឲ្យកម្មករធ្វើកូដកម្មជាង១ខែមកនេះ ហើយចាប់តំណាងសហជីព៨នាក់ដាក់ពន្ធនាគារថែមទៀត ដើម្បីបំបាត់សហជីពចេញក្រុមហ៊ុន។
លោកស្រីបញ្ជាក់ថា ដំណោះស្រាយដំបូងដែលកម្មករចង់បាននៅពេលនេះ គឺដោះលែងតំណាងកម្មករឲ្យមានសេរីភាពវិញ ដើម្បីវិលចូលតុចរចាបញ្ចប់វិវាទការងារ មិនមែនការទូទាត់ប្រាក់សំណងនៅក្រសួងការងារនោះទេ។
ក្នុងឱកាសចូលឆ្នាំចិននេះ ក្រុមកូដករនាំគ្នាពាក់អាវពណ៌ខៀវ ដែលមានអក្សរកាត់ជាភាសាអង់គ្លេស LRUS ដែលតំណាងឲ្យឈ្មោះសហជីពទ្រទ្រង់សិទ្ធិកម្មករនៃក្រុមហ៊ុនណហ្គាវើលដ៍។ ពួកគាត់ក៏បានលើកអក្សរកាត់បួនតួនេះ នៅកន្លែងធ្វើកូដកម្ម ដើម្បីផ្ញើសារទៅក្រុមហ៊ុនថា ពួកគាត់ត្រូវការវត្តមានសហជីពនៅកន្លែងការងារ។
គិតត្រឹមថ្ងៃទី១ ខែកុម្ភៈ ថ្នាក់ដឹកនាំនិងសមាជិកសហជីពនៃកម្មករណាហ្គាវើលដ៍៨នាក់ កំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃសអស់រយៈពេល៣៣ថ្ងៃហើយ។
ក្រុមអង្គការសង្គមស៊ីវិល និងសហជីពមួយចំនួន ស្នើឲ្យតុលាការទម្លាក់ចោលបទចោទ ហើយដោះលែងថ្នាក់ដឹកនាំសហជីព និងសកម្មជនសហជីពទាំង៨នាក់ឱ្យមានសេរីភាពវិញ។ ជាមួយគ្នានេះ ក្រសួងការងារនិងក្រុមហ៊ុនបន្តដោះស្រាយបញ្ចប់វិវាទការងារនេះ ដោយបើកលំហសិទ្ធិការងារ និងទទួលស្គាល់វត្តមានសហជីពនៅកន្លែងធ្វើការឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។