"តុលាការ​អាមេរិក​កំពុង​ដំណើរ​ការ​លើ​បណ្ដឹង​សុំ​បញ្ចេញ​វីដេអូ​​ទាក់ទិន​ឃាតកម្ម​​លោក កែម ឡី"

ដោយ ម៉ម មុនីរតន៍
2017.01.13
សម រង្ស៊ី ៨៥៥ ២០១៦ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នា​ការិយាល័យ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៦។
Photo: RFA

មេដឹកនាំ​បក្ស​ប្រឆាំង​ឲ្យ​ដឹង​ថា មេធាវី​របស់​ខ្លួន​ដែល​ជា​ជនជាតិ​អាមេរិកាំង ប្រាប់​ថា តុលាការ​សហរដ្ឋ​អាមេរិក នៅ​រដ្ឋ​កាលីហ្វ័រញ៉ា (California) កំពុង​តែ​ដំណើរ​ការ​ក្នុង​សំណុំរឿង​លោក​បណ្ឌិត កែម ឡី ហើយ​ពេល​នេះ។ លោក សម រង្ស៊ី បាន​ដាក់​បណ្ដឹង​កាល​ពី​​ខែ​ធ្នូ ឆ្នាំ​២០១៦ ដោយ​ស្នើ​សុំ​ឲ្យ​តុលាការ​អាមេរិក បង្គាប់​ទៅ​ក្រុមហ៊ុន ឆេវរ៉ុន (Chevron) ដែល​មាន​ក្រុមហ៊ុន​ប្រេងសាំង​កាល់តិច (Caltex) ជា​ប្រតិបត្តិករ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ឲ្យ​បញ្ចេញ​វីដេអូ​ឃ្លិប ដែល​ថត​បាន​ពី​សកម្មភាព​បាញ់​ប្រហារ​លោក​បណ្ឌិត កែម ឡី នៅ​ក្នុង​ហាង​ស្តារម៉ាត។

ប្រមុខ​ដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ អះអាង​ថា ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​នេះ តុលាការ​អាមេរិក ប្រាកដ​ណាស់​នឹង​ចេញ​ដីកា​ដំណោះស្រាយ​ក្នុង​ពេល​ខាង​មុខ​នេះ​ហើយ ខណៈ​ពេល​ដែល​លោក សម រង្ស៊ី អះអាង​ថា មេធាវី​របស់​ខ្លួន​កំពុង​តែ​ធ្វើ​កិច្ចការ​នេះ​ជា​មួយ​នឹង​តុលាការ ក្រោយ​ពាក្យ​បណ្ដឹង​របស់​លោក​បាន​ចូល​ដល់​ដៃ​តុលាការ កាល​ពី​ខែ​ធ្នូ កន្លង​ទៅ​នេះ។

ថ្លែង​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​ពី​ប្រទេស​បារាំង នៅ​ថ្ងៃ​ទី​១៣ មករា លោក សម រង្ស៊ី ឲ្យ​ដឹង​ថា មេធាវី​របស់​លោក​ដែល​ជា​ជនជាតិ​អាមេរិកាំង បាន​បញ្ជាក់​ប្រាប់​មុន​នេះ​ថា តុលាការ​អាមេរិក កំពុង​តែ​ចាត់​វិធានការ​លើ​នីតិវិធី​ជុំវិញ​បណ្ដឹង​របស់​លោក​ហើយ។ ឆ្លើយ​តប​នឹង​សំណួរ​ថា តើ​លោក​ជឿជាក់​បែប​ណា​ចំពោះ​សេចក្ដី​សម្រេច​ពី​តុលាការ​នេះ? មេដឹកនាំ​បក្ស​ប្រឆាំង​មាន​សុទិដ្ឋិនិយម​ថា តុលាការ​អាមេរិក គឺ​ខុស​ពី​តុលាការ​នៅ​កម្ពុជា។

លោក សម រង្ស៊ី មាន​ជំនឿ​ថា តុលាការ​នៅ​សហរដ្ឋ​អាមេរិក មាន​ភាព​ឯករាជ្យ និង​ធ្វើ​កិច្ចការ​ដោយ​យុត្តិធម៌ គឺ​ប្រាកដ​ណាស់​គ្រប់​សំណុំរឿង​ដែល​តុលាការ​ទទួល​យក​ទៅ​ចាត់ការ​វិធានការ​ហើយ គឺ​កម្រ​ឃើញ​តុលាការ​អាមេរិក ផ្អឹប​ទុក ឬ​បិទ​រឿង​ក្ដី​ចោល​ម្ដង​ណា​នោះ​ទេ៖ «តុលាការ​ស្រុក​គេ​ឯករាជ្យ គេ​ធ្វើ​សេចក្ដី​សម្រេច​អី​ទាល់​តែ​ឈរ​លើ​មូលដ្ឋាន​ច្បាស់លាស់ ហើយ​នេះ​គឺ​ជា​ច្បាប់​នៅ​សហរដ្ឋអាមេរិក ត្រូវ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​អាមេរិកាំង​ណា​ក៏​ដោយ ពេល​ណា​មាន​ភស្តុតាង​អ្វី​មួយ​ទាក់ទង​ទៅ​នឹង​ឃាតកម្ម​អ្វី​មួយ ត្រូវ​តែ​បង្ហាញ ហើយ​បញ្ចេញ​ភស្តុតាង​នោះ»

បើ​ទោះ​ជា​លោក សម រង្ស៊ី បង្ហាញ​ពី​សុទិដ្ឋិនិយម​ថា តុលាការ​អាមេរិក អាច​នឹង​ចេញ​ដីកា​បង្គាប់​ឲ្យ​ក្រុមហ៊ុន ឆេវរ៉ុន បញ្ចេញ​វីដេអូ ដែល​ថត​បាន​ពី​សកម្មភាព​ធ្វើ​ឃាត​លោក​បណ្ឌិត កែម ឡី ក៏​ដោយ​ចុះ ក៏​មេដឹកនាំ​រូប​នេះ នៅ​មិន​ទាន់​អាច​ដឹង​ពី​ពេលវេលា​ជាក់លាក់​ដែល​តុលាការ​នឹង​ឈាន​ទៅ​បើក​ការ​ជំនុំជម្រះ​នៅ​ឡើយ​នោះ​ដែរ។

ទាក់ទិន​រឿង​នេះ​មេ​បក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​បិទ​ផ្លូវ​មិន​ឲ្យ​វិល​ចូល​ស្រុក​វិញ បាន​ដាក់​បណ្ដឹង​ទៅ​តុលាការ​អាមេរិក កាល​ពី​ថ្ងៃ​​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៦។ ក្នុង​សំណុំរឿង​នេះ លោក សម រង្ស៊ី ស្នើ​សុំ​ឲ្យ​តុលាការ​អាមេរិក បង្គាប់​ឲ្យ​ក្រុមហ៊ុន ឆេវរ៉ុននេះ​បញ្ចេញ​​វីដេអូ​ឃ្លិប​ដែល​ថត​បាន​ពី​សកម្មភាព​បាញ់​ប្រហារ​លោក​បណ្ឌិត កែម ឡី កាលពី​ខែ​កក្កដា ឆ្នាំ​២០១៦ ដែល​ហ៊ុមព័ទ្ធ​ទៅ​ដោយ​កាមេរ៉ា​សុវត្ថិភាព​ស្ទើរ​គ្រប់​ជ្រុង និង​នៅ​ចំ​កណ្ដាល​ទី​ប្រជុំជន។

លោក សម រង្ស៊ី រិះគន់​តុលាការ​ទី​ក្រុង​ភ្នំពេញ​ថា ជា​តុលាការ​មិន​ឯករាជ្យ ដែល​ជា​ហេតុ​នាំ​ឲ្យ​សំណុំរឿង​នៃ​បទឧក្រិដ្ឋ​នេះ ត្រូវ​បន្ត​អូស​បន្លាយ​ពេល​ជាង ៦​ខែ​មក​ហើយ។

ឆ្លើយ​តប​រឿង​នេះ អ្នក​នាំ​ពាក្យ​តុលាការ​ក្រុង​ភ្នំពេញ លោក លី សុផាណា អះអាង​កាល​ពី​ថ្ងៃ​ទី​១០ ខែ​មករា ថា តុលាការ​កំពុង​តែ​បន្ត​នីតិវិធី​ទៀត ក្នុង​ដំណាក់​កាល​នៃ​ការ​បិទ​បញ្ចប់​ការ​ស៊ើបសួរ​នេះ។ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក សេង លាង បាន​ប្រកាស​ជូន​ដំណឹង​ដល់​លោក​ស្រី ប៊ូ រចនា ពី​ការ​បិទ​បញ្ចប់​នៃ​ការ​សាកសួរ​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​មួយ​នេះ។

យ៉ាង​នេះ​ក្ដី មេធាវី​ជនជាតិ​អង់គ្លេស លោក រីឆាត រ៉ូជើរ (Richard Rogers) នៃ​ក្រុមហ៊ុន​មេធាវី គ្លបល ឌីលីជិនស៍ (Global Diligence) ដែល​តំណាង​ពលរដ្ឋ​រងគ្រោះ​ក្រោម​របប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់​បណ្ដឹង​របស់​លោក​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ជុំវិញ​ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី និង​ឯកសារ​ថ្មីៗ​បន្ថែម​ទៀត​ស្ដីពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។

ចំណែក​លោក អំ សំអាត ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​អង្គការ​លីកាដូ (Licadho) យល់​ឃើញ​ថា នេះ​ជា​ជម្រើស​ល្អ ហើយ​ដែល​តុលាការ​នៅ​សហរដ្ឋអាមេរិក ចាប់​ផ្ដើម​លើក​យក​សំណើ​នេះ​ទៅ​ពិចារណា។ លោក​មាន​ជំនឿ​ថា តាម​រយៈ​ការ​បំពេញ​កិច្ចការ​ដ៏​ឯករាជ្យ តុលាការ​អាមេរិក អាច​នឹង​បង្គាប់​ឲ្យ​ក្រុមហ៊ុន ឆេវរ៉ុន បញ្ចេញ​វីដេអូឃ្លិប ហើយ​នឹង​ដឹង​ថា តើ​នរណា​ខ្លះ​ដែល​ពាក់ព័ន្ធ​ក្នុង​រឿង​ក្ដី​ដ៏​សំខាន់​មួយ​នេះ៖ «ខ្ញុំ​ជឿ​ជាក់​ថា នៅ​សហរដ្ឋអាមេរិក តុលាការ​គេ គេ​នឹង​ស្វែង​រក ហើយ​នឹង​ស្នើ​សុំ​ឲ្យ ឆេវរ៉ុន បង្ហាញ​នូវ​កាមេរ៉ា​ទាំង​អស់​ហ្នឹង ដើម្បី​ដាក់​ចូល​ទៅ​តុលាការ ហើយ​បង្ហាញ​ពី​ភាព​ពិត​នៅ​ក្នុង​កាមេរ៉ា​ហ្នឹង»

លោក សម រង្ស៊ី ដែល​ចាប់​ផ្ដើម​គាស់​កកាយ​រឿង​ក្ដី​ដ៏​ចម្រូងចម្រាស​នេះ មក​លាត​ត្រដាង​ឡើង ព្រោះ​តែ​មេ​បក្ស​ប្រឆាំង​រូប​នេះ យល់​ឃើញ​ថា អ្នក​នៅ​ពីក្រោយ​នៃ​អំពើ​បាញ់​ប្រហារ​នេះ គឺ​ជា​មនុស្ស​ដែល​មាន​អំណាច និង​ឥទ្ធិពល​នៅ​កម្ពុជា។ ស្ថិត​ក្រោម​ហេតុផល​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​តុលាការ​នៅ​កម្ពុជា មិន​ហ៊ាន​ចេញ​មុខ​រក​អ្នក​បញ្ជា​ពី​ខាង​ក្រោយ​ខ្នង និង​ឃាតក​ពិត​មក​ផ្ដន្ទាទោស​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។